មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ព្រះសយម្ភូញាណ​ជាម្ចាស់​ទ្រង់​ត្រាស់​ប្រដៅឲ្យលះ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និង​កុំ​ឲ្យ​ប្រមាទ​ក្នុង​ការ​លះ​ទុច្ចរិត​ទាំង​នោះ ឲ្យ​ធ្វើកាយ​សុចរិត វចីសុចរិត មនោសុចរិត ឲ្យ​កើត​មាន​ឡើង និង​កុំ​ឲ្យ​ប្រមាទ​ក្នុង​ការ​ចម្រើន​សុចរិត​ទាំង​នោះ។ ក៏​ឯ​សេចក្ដី​មិន​ប្រមាទនេះ បើ​នឹងពោល​តាម​សេចក្ដី ក៏​គឺ​សតិ សតិនិងសេចក្ដី​មិន​ប្រមាទ​មាន​សេចក្ដី​ជា​មួយ​គ្នា ដ្បិត​ព្រះ​ដ៏មានព្រះភាគជាម្ចាស់​បាន​ត្រាស់​ថា៖
ចតូសុ ភិក្ខវេ ឋានេសុ អត្តរូបេន អប្បមាទោ សតិ ចេតសោ អរក្ខោ ករណីយោ។
ម្នាលភិក្ខុ​ទាំង​ឡាយ! សេចក្ដី​មិន​ប្រមាទ គឺ​សតិ ជាធម៌​រក្សា​ទុក​នូវ​ចិត្ត ជាធម្មជាតិ​ដែល​អ្នក​ទាំង​ឡាយ​ត្រូវ​ធ្វើ​ក្នុងទី ៤ ស្ថាន​តាម​សមគួរ​ដល់ខ្លួន សេចក្ដី​មិន​ប្រមាទ​ដែល​អ្នក​ទាំង​ឡាយ​ត្រូវ​ធ្វើ​ក្នុង​ទី ៤ ស្ថាន​នោះ គឺ​តាំង​ចិត្ត​ថា៖
១- ចិត្តរបស់​អាត្មាអញ​កុំត្រេកត្រអាល ក្នុង​ធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដីត្រេកត្រអាល
២- ចិត្តរបស់​អាត្មាអញ​កុំ​ប្រទូស្ដ ក្នុង​ធម៌​ដេលជាហេតុ​ឲ្យ​កើត​សេចក្ដី​ប្រទូស្ដ
៣- ចិត្តរបស់​អាត្មាអញ​កុំ​វង្វេង ក្នុងធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​វង្វេង
៤- ចិត្ត​របស់​អាត្មាអញ​កុំ​ស្រវឹង ក្នុងធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ស្រវឹង។
*ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
……………………………….……………………….
🍃សេចក្ដីមិនប្រមាទ
សេចក្ដីមិនប្រមាទ ជាឈ្មោះនៃការមានសតិ។ សតិថ្នាក់សតិប្បដ្ឋាន ជាការសាងព្រហ្មយាននាំសត្វចេញចាកលោកពោលគឺលះបង់នូវអត្តសញ្ញា សេចក្ដីសម្គាល់ថាជាតួខ្លួនក្នុងលោក ៦ មានលោកភ្នែកជាដើម។ ធម្មតានៃការមិនមានសតិថ្នាក់សតិប្បដ្ឋាន រមែងប្រកាន់ខ្លួនថាជាអ្នកទទួលអារម្មណ៍។ ការជ្រប់ងប់ក្នុងអារម្មណ៍បែបនេះដោយច្រើនគឺប្រព្រឹត្តទៅដោយអភិជ្ឈា និង ទោមនស្សបានជាភ្លេចធម៌ពិតក្នុងខណៈនោះឯង។ ធម៌ពិតគ្រប់យ៉ាង ធ្វើកិច្ចធ្វើនាទីរបស់ខ្លួន តាមដែលធម៌ពិតនោះៗជាបរមត្ថធម៌។ ការដែលមានសតិសិក្សានូវធម៌ពិតសេចក្ដីអស្ចារ្យមួយក៏បានកើតឡើង គឺធម៌ពិតធ្វើកិច្ចធ្វើនាទីជំនួយយើងក្នុងលោក ៦ នេះ ដោយមិនចាំបាច់ឱ្យយើងរវល់ក្នុងលោកឡើយ។
តើយើងចាំបាច់ត្រូវទាមទារអ្វីទៀតទេ ដែលការទាមនេះឯងហើយ នាំឱ្យយើងមានការទាស់ចិត្តរករឿងគេឯងផ្សេងៗនោះ បើរង្វាន់ឬអានិសង្សរបស់អ្នកចម្រើនសតិប្បដ្ឋាន ត្រូវបានសម្រេច នូវការអស់ភារកិច្ចក្នុងលោក ៦ ដូច្នេះ។
តាមពិតគឺមិនមានទាមទារអ្វីក្នុងលោកទាំងអស់ ព្រោះថាសតិប្បដ្ឋានគឺជាការរូតរះជម្រះក្នុងដំណើរចេញចាកអំពីលោកនៃមច្ចុរាជ។ វាមិនមានការបានអ្វីពីក្នុងលោកនេះ ឱ្យប្រសើរ ឱ្យបាននូវទីពឹង ដូចជាការរលឹកដឹងធម៌ពិតដែលកំពុងប្រាកដនោះទេ។ ធម៌ពិតធ្វើកិច្ចធ្វើនាទីជំនួសយើង ដោយមិនចាំបាច់យើងនេះខ្វល់រវល់នៅក្នុងលោក រង្វាន់ធំពិសេសប៉ុណ្ណឹងហើយ នៅមិនសុខចិត្តទៀតឬ? សតិប្បដ្ឋានប្បដិបត្តិ រស់នៅជាមួយនឹងធម៌ពិត ក្រេបយករសជាតិនៃធម៌ពិត ដូចជាឃ្មុំក្រេបផ្កា ឯក្បាលទឹកឃ្មុំដ៏ផ្អែមជាឈ្មោះនៃអរិយមគ្គ។
រស់នៅរាល់ថ្ងៃ មានពេលណាដែលមិនមានធម៌ពិត វាគ្រាន់តែធម៌ពិតនោះមានជម្រៅ ដោយសេចក្ដីថា ដឹងបានដោយក្រ។ ធម៌ពិត មានរសជាតិធ្វើឱ្យស្ងប់ចិត្ត នៅពេលដែលអត្ថរសនៃសេចក្ដីពិតប្រាកដដល់បញ្ញា ពិតជាសែនមនោរម្យណាស់ សុខចិត្ត ទទួលការពិត មិនប្រទូស្ដ មិនចាប់ប្រកាន់ ដឹងច្បាស់នូវធម៌ពិត ស្ងប់ចិត្ត។
ព្រះពុទ្ធបរមគ្រូ ទ្រង់ត្រាស់ទូន្មាននាងបដាចារ ឱ្យនាងយល់ច្បាស់ថា ទីពឹងក្នុងដែនមច្ចុរាជ មិនមានឡើយ ប៉ុន្តែ ទីពឹងដទៃពិតជាមាន គឺព្រះនិព្វាន។ នាងបដាចារបានសម្រេចសោតាបត្តិផល ដោយសតិប្បដ្ឋានប្បដិបត្តិក្នុងពេលស្ដាប់ព្រះធម៌ទេសនានោះឯង។ មិនមានបុគ្គលណាមួយ ដែលបានសម្រេចមគ្គផល ក្រៅពីការចម្រើនសតិប្បដ្ឋានឡើយ សូម្បីតែនៅពេលកំពុងស្ដាប់ព្រះធម៌។ បុគ្គលខ្លះទៀតសម្រេចមគ្គផលពេលដែលនៅក្នុងមាត់ខ្លា ខ្លះទៀតកំពុងឈឺខ្លាំង និង ខ្លះទៀតបានសម្រេចនៅពេលជិតស្លាប់។
ដូចដែលបានបញ្ជាក់ក្នុងបមាទធម៌ហើយ ការដែលមិនមានការចាប់អារម្មណ៍ចំពោះធម៌ពិត ធម្មតាៗ ក្នុងជីវិត មិនរលឹកសិក្សានេះជាសេចក្ដីប្រមាទ។ វាដូចជាគ្រាប់ពេជ្រឬដុំមាសជាមួយនឹងសត្វមាន់ដូច្នោះឯង គឺមាសពេជ្រនោះ វាមិនជាប្រយោជន៍ចំពោះសត្វ មាន់ឡើយ ប៉ុន្តែវាមានតម្លៃសម្រាប់មនុស្សណាស់ យ៉ាងណាមិញ ជីវិតជាប្រក្រតីសុទ្ធតែជាធម៌ពិត ត្រូវបានបោះបង់ ចោលទៅទទេៗ ព្រោះបមាទធម៌ គឺមិនមានសតិថ្នាក់សតិប្បដ្ឋាន។ ជីវិតជាប្រក្រតី មានធម៌អ្វីដែលមិនមែនជាធម៌ក្នុងសតិប្បដ្ឋាន ៤បើធម៌ទាំងអស់នេះ ប្រាកដជាធម៌ពិត ធ្វើកិច្ចក្នុងលោកជំនួសយើងយើងនោះ តើយើងនៅរេរាបង្អែបង្អង់ចង់បានអ្វីទៀត គប្បីជាបណ្ឌិត រូតរះជម្រះផ្លូវចេញអំពីលោកនេះ ទាន់មានឱកាសល្អមិនមែនទេឬ?
*ទីនេះស្ងប់ពិត
មិនមានសេចក្ដីស្ងប់ណា ឱ្យដូចជាសេចក្ដីស្ងប់ ព្រោះការរលត់ទៅនៃតណ្ហា មានះ និង ទិដ្ឋិនេះទេ។ ស្ងប់ក្នុងវិបស្សនា គឺស្ងប់កំពុងតែឃើញ កំពុងតែឮ ជាប្រក្រតី ព្រមតាមអ្វីៗដែលប្រាកដក្នុងទ្វារ ៦ ទ្វារភ្នែកសម្រាប់រូបារម្មណ៍ទ្វារត្រចៀកសម្រាប់សទ្ទារម្មណ៍ ទ្វារច្រមុះសម្រាប់គន្ធារម្មណ៍ ទ្វារអណ្ដាតសម្រាប់រសារម្មណ៍ ទ្វារកាយសម្រាប់ផោដ្ឋព្វារម្មណ៍ និង ទ្វារចិត្តសម្រាប់ធម្មារម្មណ៍។
អត្ថបទជំនួយសតិ ភាគទី១៦ លេាកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ