១. ឯកសារមហាបុរសខ្មែរ
ផែនដីព្រះស្រីសុគន្ធបទ ពីគ.ស១៥០៤ ដល់គ.ស១៥១២
ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវរបិតាពីឆ្នាំជូត ឆស័កព.ស២០៤៨ គ.ស១៥០៤ ម.ស១៥២៦ ច.ស៨៦៦ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ព្រះអង្គ ទ្រង់ព្រះនាមថា ព្រះបាទសម្ដេចព្រះ រាជឱង្កា ព្រះស្រីសុគន្ធបទចក្រពត្ដិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោ រិទ្ធីពិធ្យាស្រ័យមហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជាសិរីយសោធរបវរឥន្ទបត្ដ កុរុរដ្ឋរាជធានីបុរីរម្យឧត្ដមមហាស្ថាន ។ ស្ដេចបានតែងព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះវរបិតា ស្រេច ស្ដេចគង់នៅចតុមុខ ស្រុកភ្នំពេញ ។
ក្នុងឆ្នាំឆ្លូវ សប្ដស័ក ព.ស២០៤៩ គ.ស១៥០៥ ម.ស១៤២៧ ច.ស៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិសម្ដេចព្រះវរបិតាទៅសាងព្រះចេតិយនៅខាងព្រះធាតុ ខេត្ដអាសន្ទុក ប្របព្រះពុទ្ធចេតិយធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមាបញ្ចុះព្រះ បរមអដ្ឋិសម្ដេចព្រះបិតាស្រេចស្ដេចត្រឡប់មកចតុមុខមង្គលវិញ ។ ព្រះអង្គសោយរាជ្យជាសុខមកបាន៤ឆ្នាំ ។
ក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស១៥០៨ ម.ស១៤៣០ ច.ស៨៧០ ព្រះបរមបពិត្រទ្រង់ព្រះចិន្ដាថា ទីទួលបាសាន (ស្រុកស្រីសន្ធរ) ដែលសម្ដេចព្រះបរមរាជាពញាយ៉ាត ជាសម្ដេចព្រះអយ្យកោសាងមុនម្ដងនោះស្រួលណាស់ ។ បើយើងមានសឹកទ័ព នឹងទប់ទល់សង្គ្រាមបានដ្បិតមានបឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍ មានព្រៃធំខណ្ឌខាងទិសទក្សិណ ។ ទ្រង់ព្រះចិន្ដាហើយស្ដេចទ្រង់ចេញត្រាស់ប្រឹក្សានឹងអស់ព្រះរាជ វង្សានុវង្ស អគ្គសេវកាមាត្យ ។ ព្រះរាជវង្សានុវង្ស អង្គអគ្គសេវកាមាត្យក៏យល់ព្រមតាមព្រះរាជតម្រិះ ។ ព្រះបាទបរមនាថបរមបពិត្រកាលបើទ្រង់យល់ថា អង្គអគ្គសេវកាមាត្យ ព្រមព្រៀងដូច្នេះហើយ ស្ដេចត្រាស់បង្គាប់ឲ្យមុខងារត្រៀមព្រះទីនាំងនាវា និងទូកជំនិះខ្លះឲ្យទៅកាប់ឆ្ការធ្វើព្រះរាជវាំងព្រះដំណាក់ដោយ ខ្ជីខ្ជាចាំមុនសិន ។ លុះដល់បានពិជយឫក្ស (ឫក្ស=វេលាមានជោគមានមង្គល) ហើយព្រះអង្គទ្រង់នាំរាជសេវកាមាត្យ ទាំងខាងក្នុងទាំងខាងក្រៅចុះព្រះទីនាំងនាវាជលឫទ្ធីទៅគង់នៅទួល បាសាន ព្រមដោយមុខមន្ដ្រីគិតតបន្ទាយកំផែងតែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ជីខ្ជាសិន ។ ព្រះបាទអ្នកអម្ចាស់អង្គនេះ ទ្រង់សព្វព្រះទ័យប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ ។
នេះនឹងនិយាយអំពីព្រះពិជ័យនាគ ជាមន្ត្រីធំក្នុងខេត្ដបាសាន អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពលគឺពួកជនពូជ សូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្ដអារាម) ធ្វើជាភរិយា ។ កាលក្នុងផែនដីព្រះបាទសម្ដេចព្រះធម្មរាជានៅឡើយ នាងមានកូនស្រីមួយឈ្មោះ ស ។ គ្រានោះនាងបានមានគភ៌គ្រប់ខែទៀត រៀបនឹងប្រសូតទារកហើយ ។ ថ្ងៃមួយនាងចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកបាត់ ។ ពេលនោះមានហេតុដ៏អស្ចារ្យនាំឲ្យឃើញថា ទារកនោះមានបុណ្យមែន គឺថាវេលានោះស្រាប់តែត្រីពោធំមួយមកទទួលលេបទារកនោះទៅក្នុងពោះ បាត់ទៅ បន្ទាប់ពីនោះមកព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ ក៏ត្រូវជាប់ត្រីពោនោះបានមក ។ ជាកុសល ទារកមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យស្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កល់ទៅយល់សប្ដិឃើញថា ៖ ដូចជាមានទេវតាមកទូលថា ព្រឹកនេះឲ្យស្ដេចយាងទៅកំពង់ទឹកដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ ជាអ្នកមានបុណ្យ មានវាសនាផង ។ លុះតើនឡើង សម្ដេចក៏ទ្រង់នៅត្រ័យចីវរចុះគង់ក្នុងទូកឲ្យសិស្សានុសិស្សអុំ ចេញទៅ ។ ទ្រង់បិណ្ឌបាតដូចសព្វដង តែព្រះនេត្រតែងគន់រំពៃក្រែងមានហេតុអ្វីចម្លែក ដ្បិតមាននិម្មិតពីយប់មិញនោះដូចជាច្បាស់ពេកណាស់ ។ លុះសិស្សអុំបានបន្ដិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ ។ សម្ដេចព្រះសង្ឃរាជស្ដេចឃើញត្រីពោក្នុងទូកព្រាន ប្រមង់នោះធំប្លែក ស្ដេចប្រឹងសង្កេតទតឲ្យច្បាស់ ។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះ ក៏បង្កើតឲ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ ពេលទ្រង់ទទួលហើយក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត ។ លុះបិណ្ឌបាតអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្សត្រឡប់មកអារាមវិញ ។ ខណៈនោះសម្ដេចព្រះសង្ឃរាជស្ដេចមានព្រះថេរវាចាថា ត្រីពោនេះធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ ។ អស់ពួកសិស្សានុសិស្សឮពុទ្ធដីកាហើយក៏នាំគ្នាយកកាំបិតទៅវះត្រី នោះ វះទៅឃើញទារកមួយនៅរស់ ។ ទើបស្ដេចឲ្យកូននោះទៅអាបានមេទា គឺប្រុសឈ្មោះ បាន និងស្រីឈ្មោះនាង ទា នេះជាប្ដីប្រពន្ធនឹងគ្នា សម័យពីដើមមនុស្សដែលឥតមានបណ្ដាស័ក្ដិ ឥតបានបួសរៀន (បើប្រុសគេហៅអា បើស្រីគេហៅមេ ជាខ្ញុំរបស់ស្ដេចសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា ។ ព្រះពិជ័យនាគ និងភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឲ្យនៅនឹងស្ដេចព្រះសង្ឃរាជចុះ ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះអាកៅ តែឪពុកម្ដាយ ហៅអាកនរៀងមក ។
នេះនឹងនិយាយក្នុងផែនដីព្រះបាទសម្ដេចព្រះសុគន្ធបទវិញ ។ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រស្ដេចទៅថ្វាយបង្គំព្រះនៅវត្ដ ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្ដ្រីស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយាមានរូបរាងល្អប្រពៃ ។ ស្ដេចទតម្ដងហើយម្ដងទៀត ។ ខណៈនោះព្រះពិជ័យនាគស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅក្រាបថ្វាយបង្គំព្រះបរមបពិត្រថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ ។ ព្រះបរមបពិត្រទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា នាងនេះកូនឯងឬ ? ព្រះពិជ័យនាគក្រាបទូលថា ៖ នាងនេះហើយដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលទៀតថា ៖ ស្រីនេះមកពីណា កូនចៅអ្នកណាដែលឈរនៅខឿនព្រះវិហារនោះ គឺនាងសនេះឯង ។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាងស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ។ ទ្រង់ព្រះចិន្ដាថា នាងនេះរូបក៏ល្អសមសួន ចរិតឫកពារ ឥរិយាក៏ថ្លៃថ្លា លើសស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះតាងនាមព្រះនគរកុំឲ្យបាត់ឈ្មោះ តទៅ ។ តាំងពីថ្ងៃនោះរៀងមកទ្រង់ព្រះបញ្ញត្ដឲ្យលើកលែងហៅស្រុកបាសានឲ្យ ហៅថា ស្រុកស្រីសឈរ ឬ ខេត្ដស្រីសឈរវិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុកស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ បិតាមាតាព្រះនាងកេសរបុប្ផានោះ ក៏លើកឲ្យខ្ពស់ឡើង ។ បិតាឲ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតាឲ្យហៅថា អ្នកព្រះមាតាមេបាន ឯឈ្មោះកនដែលជាកូនអ្នកព្រះពិជ័យនាគនោះ លុះចម្រើនធំឡើងមានចំណេះប្រាជ្ញាឆ្លៀវឆ្លាតបម្រើគ្រូ គ្រូក៏ពេញព្រះទ័យ និងរៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់ ។ សម្ដេច (ព្រះមហាសង្ឃរាជសត្ថា) ទ្រង់ប្រិតប្រៀងទាំងអក្សរសាស្ដ្រា ទាំងសិល្ប៍សាស្ដ្រ មន្ដវិជ្ជាការគាថា កោទណ្ឌក្បួនតម្រាផងទាំងឡាយគ្រប់សព្វសារពើឥតចន្លោះឡើយ ។ កនក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង ។ គ្រូបានទំនាយឲ្យថា ៖ កននេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន ។ អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុសមានរូបរាងល្អ មានចំណេះវិជ្ជាប្រាជ្ញាក៏ពូកែ អាយុ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅទូលព្រះបរមបពិត្រ ។ ព្រះបរមបពិត្រទ្រង់ជ្រាបថា កនជាប្អូនព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណឲ្យហៅនាយកននៅក្នុងតំណែងមហាតលិក ។ លុះយូរបន្ដិចមក ព្រះបរមបពិត្រទ្រង់ប្រោសតាងនាយកនជាឧកញ៉ាម៉ឺនស្នេហាចមចិត្ដ ។ អស់រាស្ដ្រប្រជាកោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ដ ចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្ដ ជាច្រើន ។
មានថ្ងៃមួយនោះ ព្រះបរមបពិត្រទ្រង់ចង់ទតព្រះនេត្រសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ឧកញ៉ាម៉ឺនស្នេហាចមចិត្ដកន ទើបទ្រង់ត្រាស់ឲ្យសម្ដែងពីចំណេះទាំងឡាយនោះថ្វាយ ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ដតម្លើងធ្នូចាប់ព្រួញម្ដងប្រាំបាញ់ទៅ ម្ដង ព្រួញចេញទៅត្រូវដើមឈើផ្លែឈើទាំងប្រាំទិស ។ ឧកញ៉ាម៉ឺនសូត្រគាថាបាលី និងក្បួនតម្រាអ្វីៗក៏ឃើញថា ស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូណាមក ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ដក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជកាលនៅជាព្រះសង្ឃសត្ថា» ។ ខណៈនោះព្រះបរមបពិត្រស្ដេចត្រាស់ឲ្យនិមន្ដព្រះសង្ឃរាជ «សង្ឃសត្ថា» នោះមក ទ្រង់តាំងជាសម្ដេចព្រះសុគន្ធាធិបតីសិរីសង្ឃនាយក លើព្រះសង្ឃទាំងអស់ ។ ឯអស់សេនាបតី មន្ដ្រីធំតូចយល់ថា ព្រះនគរបានក្សេមក្សាន្ដហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្ដូប ព្រះចេតិយតាមធនធានតែរៀងរាល់ខ្លួន ។ ព្រះបាទបរមបពិត្រទ្រង់យល់ថា ៖ អស់នាហ្មឺនសព្វមន្ដ្រីកសាងព្រះវិហារ សីមាទុកជាកេរនោះក៏ជាការគួរសមហើយ ឯការនេះពុំបានចម្រើនទេនឹងរលាយបាត់បង់ទៅវិញ ។ ដូច្នេះគួរអញសាងរូបអញ និងប្រាសាទមួយទុកក្នុងព្រះនគរបាជ័យបានការ បើអត់ពីខ្លួនអញទៅគង់រូបអញនៅឲ្យអ្នកផងធ្វើសក្ការបូជានោះឃើញ ថា នឹងស្ថិតស្ថេរជាជាងការទាំងពួង ។ ទ្រង់ព្រះតម្រិះតែដូច្នេះហើយ ក៏ចាត់ជាង និងកូនជាងឲ្យទៅកសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំផែងនគរបាជ័យបានការ ។ អាស្រ័យហេតុនេះហើយបានជាមានរូបព្រះបាទសម្ដេចព្រះស្រីសុគន្ធបទនៅទីនោះ តែយូរៗមកអ្នកស្រុកហៅថា អ្នកតាសុគន្ធបទ រហូតដល់សព្វថ្ងៃនេះ ។ លុះសាងព្រះរូបនោះរួចស្រេចហើយ ស្ដេចឲ្យធ្វើបុណ្យឆ្លងយ៉ាងធំសង្គាយនា៧ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ ។
នៅឆ្នាំថោះ នព្វស័ក ព.ស២០៥១ គ.ស១៥០៧ ម.ស១៤២៨ ច.ស៨៦៨ ព្រះបរមបពិត្រស្ដេចទ្រង់ព្រះតម្រិះអំពីកិច្ចការរាជការផងទាំងពួង ទ្រង់យល់ឃើញថាប្រទេសកម្ពុជាត្រើយខាងលិចនោះ ឆ្ងាយណាស់ឆ្ងាយអំពីកិច្ចការត្រួតត្រាគួរជាទីរងាអស់ អាណាប្រជានុរាស្ដ្រ ។ ទ្រង់ព្រះពិចារណាឃើញថា ព្រះពញាចន្ទរាជា ជាព្រះអនុជនោះមានតម្រិះប្រាជ្ញាល្មមជាទីកក់ក្ដៅរបស់រាស្ដ្រ ត្រើយខាងលិចបាន ទើបទ្រង់តាំងឲ្យចៅពញាចន្ទរាជា ឡើងយសជាសម្ដេចព្រះបរមរាជាមហាឧបរាជរាជាធិរាជ ហើយព្រះបរមបពិត្រជាអម្ចាស់ស្ដេចឲ្យចេញទៅគង់នៅក្នុងក្រុងចតុមុខមង្គលស្រុកភ្នំពេញ ឲ្យបានជាទីកោតក្រែងអ្នកត្រើយខាងលិច ។ សម្ដេចព្រះអនុជចន្ទរាជាធិរាជថ្វាយបង្គំទទួលព្រះរាជឱង្ការ ហើយក៏លាចេញមកនាំបណ្ដារាស្ដ្រជាខ្ញុំព្រះអង្គចេញទៅគង់ចតុមុខ មង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុកបម្រុងអ្នកស្រុកត្រើយខាងលិចឲ្យបានក្សេមក្សាន្ដឥតមាន កលិយុគរៀងមក ។ សម្ដេចព្រះស្រីសុគន្ធបទរាជាជាអម្ចាស់ជីវិតលើត្បូង កាលសម្ដេចព្រះអនុជថ្វាយបង្គំលាចេញទៅ កាលនោះទ្រង់ព្រះតម្រិះយល់ឃើញថា ព្រះរូបរបស់អញ អញក៏បានសាងទុកជាព្រះកេរជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នកត្រួតត្រារក្សាមាំមួនហើយ ត្រើយខាងលិច អញក៏បានចាត់សម្ដេចព្រះអនុជចន្ទរាជាធិរាជឲ្យទៅត្រួតត្រាមាំមួន ជ្រះស្រឡះហើយដែរ ។ នៅឡើយតែវង្សអ្នកព្រះស្នំឯកដែលជាប់ក្នុងពលព្រះស្រីរតនត្រ័យ មិនទាន់បានគិតនឹងលោះដោះសាដូចម្ដេចឲ្យបានស្រឡះទាំងមាតាបិតា ទាំងអ្នកព្រះស្នំឯកផងនោះសោះ ។ លុះទ្រង់ព្រះចិន្ដាតែម្ល៉ោះហើយព្រះបរមបពិត្រស្ដេចចេញគង់ចុងព្រះ រាជរោងមេរុជួបជុំព្រះរាជវង្សានុវង្ស ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ដ្រីតូចធំ ខ្ញុំរាជការទាំងអស់ ទើបទ្រង់ត្រាស់ប្រឹក្សាដូចទ្រង់គិតគ្រប់ប្រការនោះ ។ ព្រះរាជវង្ស សេនាបតី មន្ដ្រីទាំងប៉ុន្មាន ព្រមគ្នាក្រាបទូលថា ពលទាំងនេះព្រះមហាក្សត្រអំពីបុរាណទ្រង់បានឧទ្ទិសថ្វាយទៅព្រះស្រី រតនត្រ័យ ទ្រង់សច្ចាថាឲ្យគ្រប់៥០០០ព្រះវស្សាទើបមនុស្សអាចដោះសាចេញឲ្យ រួចបាន ។ ប្រសិនបើទ្រង់ដោះសាក្នុងពេលឥឡូវនេះទៅ រឿងនេះគឺហាក់ដូចជាពុំឈឺឆ្អាលនឹងព្រះស្រីរតត្រ័យនោះ ក៏ពុំបានដែរ ដ្បិតព្រះស្រីរតនត្រ័យនេះ ព្រះអង្គពុំប្រាថ្នាចំពោះយសស័ក្ដិតម្លៃនោះសោះឡើយ ។ ព្រះបាទបរមនាថបរមបពិត្រ ទ្រង់ព្រះសណ្ដាប់មន្ដ្រីក្រាបទូលគ្រប់ប្រការហើយ ទ្រង់ចូលព្រះទ័យគ្រប់ទាំងអស់ ហើយស្ដេចចូលទៅខាងក្នុងវិញ ។ លុះក្រោយមក ព្រះម៉ែនាងកេសរបុប្ផា ព្រះស្នំឯកកើតរោគាជាទម្ងន់ ។ ពេទ្យហ្ម ច្រកថ្នាំប៉ុន្មាន ក៏មិន បានស្រាកស្រាន្ដនោះឡើយ ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសឋានថា សូមឲ្យតែ ព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ជាសះស្បើយចុះព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គ នឹងឲ្យ ខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក ទៅជម្រះស្មៅព្រះអារាមរាល់ថ្ងៃសីល ។ ទ្រង់បួងសួងតមក៧ថ្ងៃ ជំងឺនោះបានជាសះស្បើយជាដូចព្រះហឫទ័យ ។ ព្រះអង្គស្ដេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឲ្យសាងព្រះវិហារមួយជាព្រះអារាមហ្លួង ។ អ្នកព្រះមាតាបិតាក៏ធ្វើបុណ្យឆ្លងតាមព្រះពុទ្ធានុញ្ញាតរួចស្រេច ស្ដេចត្រាស់បង្គាប់ភ្នាក់ងារព្រះសន្ធិយា (មកពីពាក្យសាណី ក្លាយមកជា សាណីយ ហើយក្លាយមកទៀត ជាសន្ធិយា ប្រែថា វាំងនន) ឲ្យយកវាំងននទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពីព្រះរាជវាំងរៀងទៅដល់វត្ដនោះ ។ ទ្រង់ត្រាស់បញ្ញត្ដិលើចាស់ទុំអករ៍យាយថា ៖ បើដល់ថ្ងៃឧបោសថកាលណា ឲ្យនាំអ្នកព្រះស្នំឯកទៅជម្រះស្មៅព្រះវិហារនោះរៀងរាល់ថ្ងៃសីល កុំឲ្យខានឡើយ ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែងវាំងននក៏ចេះតែដាច់ដោចទៅ ជារឿយៗ និងតាំងដេរធ្វើសាជាថ្មីឡើងវិញ ក៏គ្មានប្រយោជន៍ប៉ុន្មាន ។ ខណៈនោះព្រះបរមបពិត្រទ្រង់ត្រាស់បង្គាប់ឲ្យមន្ដ្រីក្រុមវាំងរកកូន ឈើឫស្សីព្រេចមកដាំជារបងជាកំផែង ទ័ពរាយរៀបដាក់ឲ្យជិតគ្នាជារបាំងវាំងនន ជាស្នួមិនឲ្យមនុស្សមើលពីក្រៅទៅឃើញអស់អ្នក អស់នាង នោះឡើយ ។ អាស្រ័យហេតុនេះហើយបានជាកាលអនាគតរៀងមកខ្លះហៅវត្ដម៉ែបាន ខ្លះហៅវត្ដព្រៃបាំង ព្រោះចូលចិត្ដតាមហេតុដែលដឹងខ្លួនទីទៃៗគ្នា ។ ក្រោយពីនោះមកអ្នកព្រះស្នំឯកមានព្រះរាជបុត្រាមួយព្រះអង្គព្រះ នាមចៅពញាយសរាជា ជាព្រះរាជឧរសាធិរាជនៃព្រះបរមបពិត្រអ្នកជាម្ចាស់ជីវិតលើត្បូង ។
ចំណែកអ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ដ ដែលត្រូវជាប្អូនអ្នកស្នំឯកនេះ ព្រះបរមបពិត្រចង់តាំងឲ្យជាមន្ត្រីធំស្ដីរាជការថ្វាយ ប៉ុន្ដែព្រះអង្គទើសទាល់នឹងមាតានៃឧកញ៉ាម៉ឺនស្នេហាចមចិត្ដនោះ ជាប់ជាពលព្រះ ក្រែងខ្ញុំរាជការផងទាំងពួងគេនិន្ទាព្រះអង្គ ព្រះអង្គនឹងខូចកិត្ដិយសជាមិនខាន ។ ដូច្នេះព្រះបរមបពិត្រស្ដេចទ្រង់ប្រទានងារដល់អ្នកឧកញ៉ាម៉ឺនស្នេហា ចមចិត្ដ ជាឃុនហ្លួងព្រះស្ដេចសមុហសេនាបតីវិញ ។ ក្នុងមុខងារនេះ ឃុនហ្លួងព្រះស្ដេចត្រូវមានជំទប់៤នាក់ដែលមានងារឃុននរេន្ទ្ររាជបញ្ញោ១ ឃុនមនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ ១ ។ ឃុនហ្លួងព្រះស្ដេចក្នុងមុខងារថ្មីនេះ មានអំណាចឲ្យស្រដីត្រួតត្រាមើលពលបម្រើព្រះស្រីរតនត្រ័យទាំងអស់ តែព្រះបរមបពិត្រស្ដេចពុំទាន់បានប្រទានស័ក្ដិដូចមន្ដ្រីទាំងពួង ឡើយ ។ ឃុនហ្លួងព្រះស្ដេចមានព្រះរាជអាជ្ញាឲ្យផ្ដន្ទាយកទោសមនុស្សពាលា ពាលោមោហ៍បិទចិត្ដ អក្កតញ្ញូ និងបង្ខូចបង្ខុសព្រះស្រីរតនត្រ័យ ល្មើសបុរាណរាជប្រវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង ។
កាលនោះ ព្រះរាជសីមាអាណាចក្រនៅជាសុខក្សេមក្សាន្ដឥតមានភ័យអន្ដរាយអ្វីមក បៀតបៀនឡើយ ។ អស់មន្ដ្រីសេដ្ឋីពាណិជ្ជករប្រកបមុខរបររៀងមកជាសុខគ្រប់ៗ គ្នា ។ ឃុនហ្លួងព្រះស្ដេចក៏មានកេរ្ដិ៍ឈ្មោះ អស់ខ្ញុំរាជការក៏កោតក្រែងណាស់ ម្ល៉ោះហើយឃុនហ្លួងព្រះស្ដេចក៏កម្រើកចិត្ដ ព្រហើនអាងខ្លួនជាប្អូនព្រះស្នំឯក ជាមារបស់ព្រះរាជឱរសាថិរាជផង ពុំកោតក្រែងមន្ដ្រីចាស់ទុំឡើយ ។
លុះមកដល់ឆ្នាំរោង សំរឹទ្ធិស័ក ព.ស២០៥២ គ.ស១៥០៨ ម.ស១៤៣០ ច.ស៨៧០ ក្នុងខែចេត្រ ចូលមហាសង្ក្រាន្ដ នៅថ្ងៃនក្ខត្ដឫក្សនោះ អស់មហាជនសឹងជួបជុំធ្វើបុណ្យសក្ការបូជាទាំងទេពនិករ អមមេឃ សូមមង្គលសួស្ដីចូលឆ្នាំថ្មីតទៅ ។ ខណៈនោះទ្រង់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការបូជាថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិសទសស្រេចហើយ ស្ដេចចូលក្រឡាព្រះបន្ទំ បរមសេយ្យាសន៍ (សេយ្យាសន៍ប្រែជាទីដេក ឬទីងងុយ) ជាសុខស្កល់ ។ កាលដែលនឹងកើតជាហេតុធំក្នុងព្រះនគរនោះ ទ្រង់ព្រះសុបិននិម្មិតឃើញថា មាននាគមួយធំ មានឫទ្ធិមហិមា មកដេញខាំព្រះអង្គ និងមនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះរាលដាលពេញទាំងព្រះមហានគរ ។ អំណាចភ្លើងនោះក្ដៅពន់ប្រមាណណាស់ ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំញំស្វេតច្ឆត្រទៅកាន់ទិសបូព៌ា ។ លុះល្មមព្រឹកឡើងព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យនឹងព្រះសុបិនប្លែកនោះពន់ប្រមាណណាស់ ។ លុះស្ដេចស្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរមគង់លើព្រះសុវណ្ណទែនទិព្វអាសនា ។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ និងសម្ដេចឱរសាធិរាជ ព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតីមន្ដ្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូប មាលា ជាទីតបស្នងឆ្លងព្រះតេជៈគុណតាមព្រះរាជប្រវេណី ។ ក្នុងវេលានោះគ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុងទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូប មាលា ពុំមានសេសសល់ម្នាក់ឡើយ ។ ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជបន្ទូលសួរ សីហនាថ ព្រះរាជទានព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅអស់ព្រះបរមវង្សា និងខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្ដេចធិបតី ។ ខណៈនោះស្ដេចទតឃើញតួនាគពីរព័ទ្ធព័ន្ធលើឃុនហ្លួងព្រះស្ដេច ហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនហ្លួងព្រះស្ដេចកន ។ រូបនាគនោះដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិន្ដនិម្មិត ។ កិរិយានាគនោះហាក់ដូចជាចង់ស្ទុះទៅខាំព្រះអង្គទ្រង់ភ្ញាក់ព្រះ ទ័យត្រាស់ឲ្យមន្ដ្រីមើល តែមើលពុំឃើញតាមព្រះរាជបញ្ជាសោះ ។ ដូច្នោះហើយព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ។ ក្នុងពេលជាមួយគ្នានោះ ចៅពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបងបានបកសំបុត្រប្ដឹងមកថា ព្រះទឹកសម្រាប់ព្រះមហាក្សត្រដែលនៅក្នុងគុហារភ្នំបាណន់ នោះចេញជាឈាមដាលក្រហមដូចទឹកល័ក្ដ ។ ព្រះចៅអធិការវត្ដព្រះវិហារសួគ៌ក៏មានសង្ឃដីកាបកចូលមកថា ព្រះជ្រៃប្រផ្នូលនោះបាក់មែកចេញជាឈាម ថាព្រះឥសូរ ព្រះនារាយណ៍ ប្រេះព្រះឧរាចេញជាឈាមដែរ ។ ព្រះរាជគ្រូបុរោហិតក៏ថ្វាយសេចក្ដីថា ព្រះខ័នជ័យមង្គលនោះមានស្នឹមច្រាលឈាមក្រហមពីលើស្រោចដល់ គល់ ។ ចៅហ្វាយស្រុកពោធិ៍សាត់បកសំបុត្រប្ដឹងមកថា ព្រះកាំបិតស្ដាំរង្គោះផ្លែពីដងថា មានផេះនៅក្នុងស្រោមកាំបិតនោះ ។ ចៅហ្វាយស្រុកបាភ្នំបកសំបុត្រចូលមកថា ព្រះពុទ្ធរូបនៅក្នុងទីបាភ្នំហូរទឹកព្រះនេត្រមកជាឈាមក្រហមដូច ល័ក្ដ ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ព្រួយព្រះទ័យ ណាស់ ។
លុះផុតវេលាក្រាបបង្គំ គាល់ហើយ ព្រះអនុជអង្គចន្ទរាមាធិបតីស្ដេចយាងត្រឡប់ទៅភ្នំពេញវិញ ។ ខ្ញុំរាជការទាំងពួងក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗរៀងខ្លួន ។ ឯព្រះបរមបពិត្រព្រះអង្គចូលទៅដល់រតនបល្ល័ង្ក តាំងប្រថាប់នៅមុខស្វេតច្ឆត្រ ទើបត្រាស់ព្រះឥសីភ័ទ្ទមហារាជគ្រូ និងព្រះរាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងជាទីស្ងាត់ ។ ខណៈនោះទ្រង់ប្រឹក្សាការងារថា កាលផែនដីពេលនេះមានហេតុគ្រប់ប្រការដូច្នេះអស់អ្នកយល់ថាដូច ម្ដេច ?
សម្ដេចព្រះឥសីភ័ទ្ទយកសេចក្ដីក្រាបបង្គំទូលថា តាមហេតុនេះផែនដីកើតកោលាហលដល់អស្ចារ្យ ហើយផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់ ។ លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា «រាជសត្រូវនោះមកពីខាងក្នុង ឬក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល ?» ហោរាតាំងលេខតម្រាគន់គូរបូកហាត់ទៅទៀត ដឹងច្បាស់ក្នុងតម្រាហើយក្រាបទូលថា «រាជសត្រូវនោះនៅក្នុងព្រះនគរ» ។ វាកើតឆ្នាំរោងពង្សនាគ ។ ទំនាយនោះឃើញចំពោះត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់ ។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួងព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំរោងនាគរាជ ។ នាគដើមឆ្នាំនេះកំពុងខ្លាំងក្លាណាស់ សូមទ្រង់ជ្រាបហើយសូមព្រះអង្គស្ដេចកុំប្រហែសព្រះអង្គឡើយ ។
ព្រះ បរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិម្មិតដែលព្រះអង្គ យល់ឃើញគ្រប់ប្រការហើយទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា អញក៏ឃើញពិតដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ ។ ការធ្វើយ៉ាងនេះមុខជានឹងមានពាក្យគេនិន្ទាជាមិនខានឡើយ ។ មួយវិញទៀតបង វាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង ។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឲ្យចេញជាសត្រូវនឹងអញ ។ អញនឹងកើតសត្រូវចម្បាំងព្រោះកូនឯងនាំឲ្យលំបាករាស្ដ្រ ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់ រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្រប់ឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងមកក៏មិនរួចហែលក៏មិនបាន ។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅសេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មាន ដែរ ។ តើអ្នករាល់គ្នាយល់ដូចម្ដេច ? ព្រះឥសីភ័ទ្ទ និងរាជហោរាឆ្លើយថា យល់តាមព្រះរាជបរិហារគ្រប់គ្នា ។
ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ដ្រីប្រឹក្សាការងារផែនដីនោះ លបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំសូវច្បាស់ ។ អ្នកព្រះម្នាងឮតែចុងពាក្យថា ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង ។ លុះលបស្ដាប់បានប៉ុណ្ណោះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ ។ ឯមុខមន្ដ្រីដែលចូលជំនុំរោងការនោះ លុះទៅដល់មុខព្រលានក្រៅហើយ ក៏បង្គាប់ឲ្យត្រៀមព្រះរាជយាន និងព្រះទីនាំងនាវាសម្រាប់គង់ប្រពាតមច្ឆា ។ អស់ខ្ញុំរាជការទាំងពួងតម្រូវឲ្យមានសំណាញ់មួយទូកមួយ ។ សំណាញ់មួយម្នាក់ប្រចាំហែស្ដេចទៅប្រពាតមច្ឆាក្នុងបឹងថ្ងៃព្រឹក ស្អែកនោះ ។ មន្ដ្រីគ្រប់ក្រុមខ្ញុំព្រះរាជការក៏ទទួលតាមបង្គាប់ព្រៀងព្រម ស្រេចរង់ចាំនៅតាមតំណែងព្រះរាជការ ។
លុះព្រឹកស្វាងស្រេច ស្ដេចគង់ព្រះរាជយាននាំអស់រាជការខាងក្នុងខាងក្រៅ ហែចុះព្រះទីនាំងតូចសម្រាប់ទ្រង់សំណាញ់នោះ ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅដល់ទំនាបមានម្លប់ព្រឹក្សាទើបស្ដេចត្រាស់ឲ្យឈប់តាំងគ្រឿង សោយ ហើយឲ្យរៀបលាងភោជនាហារ អស់ខ្ញុំព្រះរាជការទាំងក្នុងទាំងក្រៅពុំរើសមុខជាសុខសប្បាយ រាល់គ្នា ។ តែព្រះស្នំឯកដែលបានដឹងសេចក្ដីនៃការប្រជុំប្រឹក្សារាជការនោះ មានចិត្ដថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្ដសោះ ។ កាលព្រះបរមបពិត្រស្ដេចឲ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះ ព្រះស្នំឯកបង្គាប់ថាឲ្យថយទូកទៅទីស្ងាត់ រួចសឹមបរិភោគគ្រប់គ្នា ។
លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯកក៏តាំងសរសេរជាអក្សររាយសេចក្ដីតាមហេតុស្រេចដាក់ ក្នុងកញ្ចប់បាយ ហើយឲ្យទាសីម្នាក់យកទៅឲ្យឃុនហ្លួងព្រះស្ដេចជាប្អូន ។ ឃុនហ្លួងព្រះស្ដេចធិបតីកាលឃើញកញ្ចប់បាយនោះហើយក៏គិតថា បងអញពុំដែលឲ្យបាយកញ្ចប់ដូច្នេះសោះ ។ បងធ្លាប់ឲ្យតែនឹងតុនឹងថាស ។ ម្ដងនេះបងឲ្យយ៉ាងដូច្នេះគួរឲ្យសង្ស័យណាស់ ។ លុះគិតដូច្នេះក៏កាន់បាយកញ្ចប់នោះ ទៅជ្រកក្នុងព្រៃទ្រុបទ្រុល ។ ពេលយល់ថាស្ងាត់ហើយ ហ្លួងព្រះស្ដេចក៏លាកញ្ចប់បាយនោះមើល ឃើញកំណត់មួយច្បាប់មានសេចក្ដីថា «ឲ្យប្អូន ប្រយ័ត្នមែនទែនគេនឹងសម្លាប់ហើយ ។ បើហ្លួងប្រើឲ្យមុជទឹក ឲ្យប្អូនចេញរត់ទៅឲ្យឆ្ងាយកុំត្រឡប់មកវិញឡើយ» ។ ឃុនហ្លួងព្រះស្ដេចធិបតីដឹងជាក់សេចក្ដីហើយធ្លាក់ថ្លើមក្ដុក ភ័យណាស់ ចាប់ដៃដាក់លើក្បាលប្រណម្យដៃទាំងពីរហើយតាំងសច្ចាថា ខ្លួនខ្ញុំនេះសុចរិតពិតត្រង់ណាស់ ឥតមាននឹងទាស់ខុសនឹងអ្នកណាសោះឡើយ ។ ដូច្នេះសូមគុណបុណ្យលោកជួយខ្ញុំឲ្យបានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងពីថ្ងៃនេះតទៅប្រាកដជាអស់ទីពឹងហើយ ។ លុះសច្ចាចប់ហើយក៏ត្រឡប់ទៅទីប្រជុំមន្ដ្រីវិញ ។ ខណៈនោះព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេចហើយ ស្ដេចគង់ចុះព្រះទីនាំងសម្រាប់បង់សំណាញ់ អស់ខ្ញុំរាជការក៏ចាប់បង់សំណាញ់ លយតាមជលធីហែលទៅ ។ ចំណែកឃុនហ្លួងព្រះស្ដេចធិបតី ក៏ចុះទូកតូចតាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និងជំទាវនាងឃុនណាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និងអស់ខ្ញុំរាជការធំតូចបង់សំណាញ់ ។ អ្នកទាំងអស់ទំនងល្អអាក្រក់ផ្សេងគ្នា ខ្លះបានត្រីធំ ខ្លះបានត្រីតូច ខ្លះបានមែកឈើ ខ្លះបានទៅលើត្រឹបចឿនចក អស់អ្នកអស់នាងជំទាវឃុនណាងដែលនៅលើគោកនោះ ក៏ស្ដីចំអន់ចំអកសើចឡើងតែសព្វខ្លួន ។
ចំណែកឯព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងព្រះអង្គទ្រង់បង់សំណាញ់ពាក់ ត្រូវមច្ឆាតរៀងទៅ ។ លុះដល់អន្លង់មួយអន្លើជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ច្រើន ទើបមន្ដ្រីម្នាក់បង់សំណាញ់ចុះទៅក្នុងទីនោះ ហើយក្លែងថាជាប់សំណាញ់ហើយ ។ ដោយក្រាបទូលថា ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញលើកឡើងពុំរួចសោះ ។ ខណៈនោះព្រះបរមបពិត្រទ្រង់ព្រះសណ្ដាប់ទ្រង់ជ្រាបឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ឲ្យប្រមូលទូកសំណាញ់មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សម្រាប់ព្រះហស្ដចុះទៅក្នុងព្រះគង្គាជាមួយ នឹងមន្ដ្រីដែលបង់មុននោះ ។ ខណៈនោះទ្រង់បង្គាប់ថា អាកនឯងលោតចុះទៅដោះសំណាញ់ឲ្យអញមួយរំពេច ។ ឃុនហ្លួងព្រះស្ដេចធិបតីថ្វាយបង្គំលោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ ។ ទូកមន្ដ្រីជាងពីររយចូលព្រួតបង់សំណាញ់គ្រប់ប្រកិតច្រើនត្រួត ច្រើនជាន់ ដោយគិតថាឲ្យស្លាប់កុំឲ្យហែលរត់ចេញអំពីទីនោះរួច ។ ឃុនហ្លួងព្រះស្ដេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះភ័យណាស់ គិតអ្វីក៏ពុំឃើញ លុះទៅដល់បាតដី ហើយឮស័ព្ទសូរសំណាញ់បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពងទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា អញមុខជានឹងស្លាប់ប្រាកដណាស់ម្ដងនេះ ។ សំណាញ់ទាំងពួងក៏កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថាជាតេជៈកុសលដែលគាត់បានកសាងបណ្ដាលឲ្យនាគរាជមួយមក ព័ទ្ធកណ្ដាលខ្លួន នាំហែលរត់យ៉ាងរហ័សផុតពីសំណាញ់រួចអំពីចំណោម ហើយហែលបណ្ដោយបឹងទៅទិសខាងជើង រួចហើយនាគនោះក៏ភៀសកាយបាត់ទៅ ។ ឃុនហ្លួងព្រះស្ដេចធិបតីក៏ផុសលោតឡើងដែរ បន្លុយក្នុងទឹកទៅ ។ ហេតុតែជាបុណ្យឲ្យបានសោយរាជ្យ ពេលនោះមានសត្វទាព្រៃហើរពីលើខ្មួលខ្មៅហើយចុះទៅទំលើក្បាលឃុន ហ្លួងព្រះស្ដេចប្រមាណជាពីរឱប មើលពីឆ្ងាយទៅដូចជាគល់ឈើកំបាំងបាត់ខ្លួនព្រះស្ដេច ។ ព្រះស្ដេចខំបន្លុយខ្លួនក្នុងទឹក រត់ដោះទៅជ្រកពួនក្នុងត្រឹបច្រើនមួយអន្លើ ទម្រាំយប់នឹងរត់តទៅទៀត ។ អាស្រ័យហេតុនេះហើយទើបបានជាបឹងនោះមានឈ្មោះថា បឹងទា យូរមកហៅថា បឹងទទា វិញ ទីបំផុតប្រែក្លាយជាបឹងទទងលុះដល់សព្វថ្ងៃនេះ ។
សម្ដេចព្រះ បរមបពិត្រលុះបាត់ព្រះស្ដេចកនយូរពេក ទ្រង់ឲ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះស្ដេចកនសោះ ។ ស្ដេចឲ្យយកច្បូកសមចាក់រកគ្រប់រាមក៏ពុំឃើញទៀត ។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឲ្យមនុស្សពូកែមុជទឹកឲ្យមុជចុះរកទៀតក៏ពុំឃើញ ។ ស្ដេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា «អានេះរត់រួចទៅដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ» ។ ចៅពញាយមរាជ ចៅពញាវង្សាអគ្គរាជ ក្រាបទូលថា ចំពោះស្ថានការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ ។ ទូលព្រះបង្គំទាំងពីរនាក់នឹងតាក់តែងទាហានឲ្យតាមចាប់ខ្លួនឃុន ហ្លួងព្រះស្ដេចថ្វាយស្នងព្រះតេជៈគុណឲ្យបាន ថាហើយក៏ថ្វាយបង្គំលាចេញទៅចាត់ទាហានស្រាល់ឲ្យទៅល្បាតក្រវែលចាំ រកចាប់ខ្លួនឃុនហ្លួងព្រះស្ដេចកនជុំវិញបឹង ។ សម្ដេចព្រះបរមបពិត្រទ្រង់គិតមកនេះពុំបានសម្រេចដូចព្រះចិន្ដា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្ដេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្ដេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅទៀត ។
ចំណែកឯឃុនហ្លួងព្រះស្ដេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹងហើយក៏ខំដើរទាំងយប់ទាំងអធ្រាត្រឥតឈប់ ឈរ ។ លុះដើរមកបានបន្ដិចក៏ជួបនឹងមនុស្សល្បាត ។ មនុស្សល្បាតឃើញឃុនហ្លួងព្រះស្ដេចកនហើយក៏ដេញភ្លាមឥត បង្អង់ ។ ឃុនហ្លួងព្រះស្ដេចកនរត់ជ្រកពួនតាមគុម្ពព្រៃចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀតកាន់ដាវវែង ។ មនុស្សនេះឃើញហើយក៏ស្រែកថា នែលោកព្រះស្ដេចទៅណាហ្លួងត្រាស់បង្គាប់ឲ្យចូលទៅគាល់ ។ ព្រះស្ដេចកនឮហើយភ័យស្លុតរត់ទៅជល់នឹងដង្គត់ឫស្សីក៏ដួល ចុះ ។ នាយល្បាតម្នាក់នោះដេញទៅទាន់ យាដាវបម្រុងនឹងកាប់ ត្រឡប់ជាឃើញនាគមួយធំបើកពពារដេញមក ។ នាយភ័យធ្លាក់ដាវពីដៃដួលចុះទៅនៅទីនោះ ។ ព្រះស្ដេចកនយល់បានការហើយ ក៏ស្ទុះកន្ដ្រាក់យកដាវបានហើយកាប់ចៅនោះស្លាប់នៅនឹង កន្លែង ។ ព្រះស្ដេចកនបានដាវនោះ រត់ទៅដល់វត្ដសម្ដេចព្រះសង្ឃរាជ «សង្ឃសត្ថា» តាមដំណើរ ។ សម្ដេចមានថេរវាចាថា បាកុំនៅក្នុងទីនេះឡើយ បានឹងមានរឿងភ័យអន្ដរាយជាមិនខាន ។ បើបាឯងចង់ឲ្យរួចភ័យ ចូរបារត់ទៅទិសបូព៌ាចុះ តែ៣ឆ្នាំបានឹងបានជាធំពុំខានឡើយ ។ ព្រះស្ដេចកនបានឮទំនាយគ្រូហើយ ត្រេកអរណាស់ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ដ ។ នៅទីនោះ ព្រះស្ដេចកនបានប្រទះនឹងទាសកម្មកររបស់ខ្លួនដែលបិតាមាតាឲ្យមករក លោកចាំយាមឲ្យ ។ ព្រះស្ដេចកនត្រេកអរណាស់ ក៏ប្រើឲ្យទៅយកធ្នូព្រួញរបស់ខ្លួននៅឯផ្ទះហើយប្រមូលបាវព្រាវ សន្មតឲ្យមកជួបជុំនៅព្រៃថ្មដា ។ ឯខ្លួនក៏រត់ទៅពួននៅប្របភូមិថ្មដានោះចាំអស់បាវព្រាវ និងស្ម័គ្របក្សពួក ។ ទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយក៏ជម្រាបអ្នកបិតាពិជ័យនាគ និងអ្នកមាតាម៉ែបានថា ទៅជួបនឹងលោកព្រះស្ដេចហើយ ។ លោកសុខសប្បាយទេ ហើយលោកប្រើខ្ញុំបាទឲ្យត្រឡប់មកយកធ្នូសម្រាប់កាន់នោះទៅជូនលោក វិញ ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេ ក៏មានចិត្ដត្រេកអរណាស់ ក៏យកធ្នូនោះប្រគល់ឲ្យទៅទាសកម្មករជាបម្រើ ។ បម្រើទាំងនោះក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួកបានប្រមាណ៥០នាក់ រួចក៏រត់ត្រឡប់មកជួបនឹងស្ដេចកនវិញ ។ ព្រះស្ដេចកននាំបក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ ។ វេលាព្រលប់ហើយទាំងអស់គ្នាក៏ឡើងទៅលើផ្ទះចៅហ្វាយស្រុក ។
ព្រះស្ដេចកនឃើញចៅហ្វាយស្រុកកំពុងស្ដីរាជការយល់ប្រហែលខ្លួនទើបស្ដេចកន ក្លែងស្រែកថា មានព្រះរាជឱង្ការឲ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់ចូលនឹងចៅពញាចន្ទរាជា ។ ថាហើយកនក៏ស្ទុះទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ ។ អស់ក្រមការរាស្ដ្រប្រជាក៏ភ្ញាក់ផ្អើលឆោឡោ អឺងកងទើបព្រះស្ដេចកនឧបាយស្រដីថា ហ្លួងទ្រង់ជ្រាបថា ចៅហ្វាយស្រុកនេះក្បត់ចូលនឹងពញាចន្ទរាជាដើម្បីនឹងដណ្ដើម រាជ្យ ។ ហេតុនោះហើយបានជាទ្រង់ត្រាស់បង្គាប់ឲ្យអញចេញមកសម្លាប់ ។ បើអញសម្លាប់បានហើយ ឲ្យកេណ្ឌទ័ពនាំចូលទៅលើកចៅពញាយសរាជា ជាព្រះរាជឱរស ដែលត្រូវជាក្មួយអញឲ្យឡើងសោយរាជ្យ ។ អស់អ្នករាល់គ្នាដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ ។ ចូរអ្នកនាំគ្នាយកអាសាថ្វាយព្រះករុណាវិញទើបល្អជា ។ បើបានសម្រេចការថ្ងៃណានោះ (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្ដាវណ្ណៈទាំងបួនគឺ ព្រាហ្មណ ក្សត្រិយ វៃស្យ សូទ្រពលគឺជាពូជសូទ្រនេះឯង រីមនុស្សដែលមានទោសធ្ងន់ ហើយច្បាប់តម្រូវឲ្យទុកមនុស្សនេះតកូនចៅរៀងទៅ) នឹងឲ្យរួចជាព្រៃងារ (ព្រៃងារគឺមនុស្សអ្នកជាធម្មតា ជាមនុស្សភាគទី៣ ។ មនុស្សពួកនេះមានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង) ។ ព្រៃងារនឹងឲ្យឡើងជាមន្ដ្រី ហើយមន្ដ្រីនឹងឲ្យជានាម៉ឺនធំតាមគុណបំណាច់តិចច្រើន ។ ឯអស់ក្រមការប្រជារាស្ដ្របានឮឃុនហ្លួងព្រះស្ដេចកននិយាយបោកប្រាស់ ដូច្នោះក៏ជឿចិត្ដចុះចូលទាំងអស់ ។ ស្ដេចកនចាត់ចែងជាមេកង មេទ័ព ទៅកេណ្ឌពលហើយឲ្យចេញទៅសង្កត់ស្រុកតូចធំ ដោយចាប់ផ្ដើមពីខេត្ដព្រៃវែងជា មុន បណ្ដាលឲ្យចៅហ្វាយស្រុកទាំងនោះជឿស្ដាប់តាម ទើបបានខេត្ដព្រៃវែង និងខេត្ដឯទៀតជាច្រើនធ្វើជាចំណុះ ។ ឯកងល្បាតរបស់ពញាយមរាជ និងវង្សាអគ្គរាជ យល់មនុស្សម្នាក់ស្លាប់ក៏ដឹងថា ព្រះស្ដេចកនសម្លាប់ តែពុំដឹងជារត់ទៅទិសណា ។ លុះស៊ើបតាមរាស្ដ្រប្រជាទៅទើបដឹងជាក់រត់ទៅតាំងខ្លួនឯស្រុក បាភ្នំ ។ ទាហានរបស់ចៅពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថានឹងលើកទ័ពទៅតាមចាប់ព្រះស្ដេចកន តែរាស្ដ្រទាំងនោះឃាត់ថា នឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះស្ដេចកនសង្កត់បានទាំងពលខេត្ដតូចធំចុះចូលជាច្រើន មានកងទ័ពរាប់ម៉ឺនរាប់ពាន់នាក់ទៅហើយ ។ ឯនាយកងល្បាតក្ដាប់បានដំណឹងជាក់ហើយ ក៏នាំគ្នាយកសេចក្ដីនោះចូលទៅប្ដឹងចៅពញាយមរាជ និងចៅពញាវង្សាអគ្គរាជជាសេនាបតី ។ សេនាបតីទាំងពីរនេះយកសេចក្ដីនោះនាំឡើងក្រាបបង្គំទូលថា សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឲ្យធ្វើសំបុត្រប្រាប់ប្រាម ទៅកូនឲ្យចូលមកគាល់ ។ បើកូនពុំចូលមកទេ យើងនឹងលើកទ័ពធំទៅចាប់ព្រះស្ដេចកន គង់រត់មិនរួចឡើយ ។
សម្ដេចព្រះបរមបពិត្រទ្រង់ព្រះសណ្ដាប់ហើយទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និងព្រះស្នំឯកជាបងឲ្យធ្វើសំបុត្រប្រាប់ទៅស្ដេចកនឲ្យចូលមក គាល់ចុះ ទ្រង់នឹងលើកទោសលែងឲ្យមានទោសតទៅទៀតហើយ ។ ព្រះពិជ័យនាគ និងព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់ ។ លុះបម្រើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា ខ្ញុំជារាជបម្រើហ្លួង ។ ហ្លួងឲ្យនាំសំបុត្ររបស់ពិជ័យបិតាមកជូនឃុនហ្លួងព្រះស្ដេច ។ ឃុនហ្លួងព្រះស្ដេចដឹងកលនេះយល់ប្រាកដជាបិតាឲ្យមកយកខ្លួនហើយក៏ គិតថា អញបានចំណាប់ហើយអញត្រូវនិយាយឲ្យរាស្ដ្រដឹងឮច្បាស់ថា ហ្លួងឲ្យមកតឿនការសង្គ្រាមវិញ ។ លុះគិតដូច្នេះហើយ ឃុនហ្លួងព្រះស្ដេចកនក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា ព្រះរាជឱង្ការនេះឲ្យមកតឿនការសម្ងាត់ហើយ ។ យើងក៏ត្រូវរៀបចំមិនទាន់ស្រេច ដោយក្រមការធ្វើការធ្វេសប្រហែលពេកបានជាយឺតយូរ ។ ឥឡូវព្រះរាជឱង្ការឲ្យអញ្ជើញមកដល់ហើយ ដូច្នេះសូមអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញព្រះរាជឱង្ការនោះចូល មក ។ ក្រមការឮដូច្នេះហើយឃើញថាកលរបស់ឃុនហ្លួងព្រះស្ដេចនេះជាការពិត ណាស់ ក៏តែងខ្លួនតាមយសសក្ដិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និងគ្រែមួយព្រមទាំងតោក៥ជាន់ចេញទៅតម្កល់សំបុត្រនោះចូលមកដំកល់ ក្នុងបន្ទាយ ។ ព្រះស្ដេចកនក៏ក្លែងធ្វើជាក្រាបបង្គំ៣ដង ហើយបណ្ដេញក្រមការទាំងអស់ឲ្យចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសម្ងាត់ ។ ក្រមការទាំងអស់ក៏ជឿពិតថា សេចក្ដីព្រះរាជឱង្ការនោះជាសម្ងាត់ឲ្យមកតឿនការសម្ងាត់ គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ ។ ខណៈនោះព្រះស្ដេចកនក៏មើលដឹងសេចក្ដីថា ព្រះពិជ័យបិតា និងព្រះស្នំឯកប្រាប់មកឲ្យខ្លួនចូលទៅគាល់ហ្លួងហ្លួងនឹងលើកទោស ហើយ ។
ព្រះស្ដេចកនមើលចប់ដឹងសេចក្ដីហើយក៏ឆ្លើយប្រាប់ក្លែងទៅនឹងបម្រើវិញថា ឲ្យជម្រាបលោកឪពុក និងអ្នកបងថា ទ្រង់ព្រះមេត្ដាប្រោសលើកលែងទោស ដូច្នេះនោះព្រះគុណធំឥតស្មើជាទីបំផុត ។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការដើមវិញ តែសូមបង្អង់ចាំចាត់ឲ្យរាស្ដ្រប្រជាដែលតាមមកផងនោះត្រឡប់ទៅ ទីលំនៅវិញសិន ។ ខ្ញុំចាត់ការនេះស្រេចកាលណាខ្ញុំនឹងចូលទៅជាក្រោយ កុំឲ្យលោកឪពុកអ្នកបងព្រួយចិត្ដឡើយ ។ លុះប្រាប់ចប់ហើយនាយកនក៏ឲ្យរាជបម្រើនោះត្រឡប់មកវិញ ។ រាជបម្រើនោះចេញផុតទៅព្រះស្ដេចកនធ្វើជារត់តាមស្រែកផ្ដាំថា ឲ្យលោកឪពុក និងអ្នកបងក្រាបទូលការនេះថា ជិតបានសម្រេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយ ឲ្យទ្រង់ទុកព្រះរាជហឫទ័យចុះ ។ អ្នកឯងមកឃើញមនុស្សម្នាមកកកនឹងភ្នែកហើយ ។ ខណៈដែលព្រះស្ដេចកនស្រែកផ្ដាំដូច្នោះ បម្រើចូលចិត្ដថា ប្រាកដជានឹងលែងក្បត់ហើយ ហើយឲ្យកងទ័ពត្រឡប់ទៅស្រុកវិញមែន ។ ចំណែកក្រមការ និងកំណែនទាំងប៉ុន្មាន កាលបានស្ដាប់សម្ដីថ្លែងរបស់ព្រះស្ដេចកននេះហើយ ក៏ជឿចូលចិត្ដហ្លួងឲ្យមកតឿនកងទ័ពឲ្យប្រញាប់ទៅមែន ។
ក្រោយនោះមកព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ដ្រឲ្យដឹងគ្រប់គ្នាថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើងឲ្យចេញមកជា មេកងធ្វើគតចៅពញាចន្ទរាជា ។ ថាក្រែងអស់រាស្ដ្រពុំជឿទ្រង់ចាត់រាជបម្រើឲ្យអញ្ជើញព្រះរាជ ឱង្ការបានឡាយព្រះហស្ដលេខាថែមទៀតផង ។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសម្លាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង ។ អស់ក្រមការប្រជារាស្ដ្របានឃើញសំបុត្រប្រកាសហើយពុំបានដឹងឧបាយក៏ នាំគ្នាចុះចូលទទួលអាសាជាច្រើន ។
ព្រះរាជ បម្រើនោះត្រឡប់ទៅដល់វិញហើយក៏ចូលទៅក្រាបបង្គំទូលដំណើរតាម សេចក្ដីព្រះស្ដេចកនផ្ដាំមក ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការក៏ស្មានថា ជាការពិតមែន ទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ ។ ទ្រង់បង្គាប់ព្រះស្នំឯកថា ឲ្យចាត់បម្រើស្រីៗឲ្យស្ដីហ្លួងលោមព្រះស្ដេចកនឲ្យចូលមកឲ្យឆាប់ កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ ។ អ្នកព្រះស្នំឯកពុំហ៊ានទូលទាស់ ក៏ចាត់បម្រើស្រីស្រដីថា ឲ្យទៅស្រដីហ្លួងលោមបញ្ចុះបញ្ចូលតាមត្រាស់បង្គាប់ ។ លុះបម្រើទៅដល់ជម្រាបថា អ្នកជាម្ចាស់បានក្រាបបង្គំទូលសុំព្រះរាជទានទោសអ្នកព្រះស្ដេច អស់ហើយ ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង ។ ហេតុនេះបើលោកបង្អង់ឲ្យយូរទៅ ការណ៍នេះនឹងកើតជាសឹកសង្គ្រាម ហើយអ្នកជាម្ចាស់នឹងជួយលោកពុំរួចទេ ។
ព្រះស្ដេចកនស្ដាប់ហើយ ក៏នឹកថាស្ដេចនេះល្ងង់ណាស់ ។ បើល្ងង់យ៉ាងនេះគង់នឹងបានរាជសម្បត្ដិមកអញហើយ ។ លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏តបជាឧបាយថា ឲ្យអ្នកបងបង្អង់ទម្រាំតែរាស្ដ្រត្រឡប់ទៅស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះនឹងចូលទៅក្រាបបង្គំគាល់ព្រះបរមនាថបរមបពិត្រ ហើយ សូមកុំឲ្យទ្រង់ព្រួយព្រះទ័យឡើយ ។ កុំភ័យនឹងខ្ញុំមិនក្បត់ទេ ។ ស្រីបម្រើទាំងនោះត្រឡប់វិលមកយកសេចក្ដីក្រាបបង្គំទូលតាមដំណើររឿង គ្រប់ប្រការ ។ ព្រះបរមបពិត្រស្ដេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យបង្អង់ស្ដាប់ការណ៍តទៅទៀត ។ ព្រះស្ដេចកនកាលបើពួកស្រីបម្រើទាំងនោះត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ពចេញទៅធ្វើការគាបសង្កត់បញ្ចុះបញ្ចូលអាណា ប្រជានុរាស្ដ្រ បង្ហាត់សេនាទាហានបានច្រើនកើនចំនួនតែរាល់ថ្ងៃ ។ អស់ប្រជានុរាស្ដ្រដែលជាខ្ញុំរាជការឃើញមានព្រះរាជបម្រើឲ្យទៅមក រកគ្នារឿយៗ ហើយឮពាក្យប្រកាសរបស់ព្រះស្ដេចកនថា ព្រះបាទជាអម្ចាស់ត្រាស់ប្រើឲ្យចេញទៅគិតការសម្លាប់ចៅពញាចន្ទរាជា ដូច្នេះក៏យល់ថាមែន ។ រាស្ដ្រទាំងនោះស្រដីតៗគ្នាថា ហ្លួងព្រះស្ដេចកនទៅបង្កើតទ័ពលើកទៅវាយលុកសម្ដេចព្រះអនុជនេះឃើញ ថា ពិតមែនហើយព្រោះមានបម្រើទៅមកតឿនការងាររាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់រឹងតែឮឡើងៗពេញទាំងព្រះនគរបវរ រាជធានី ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ៨៧០ ឆ្នាំមមីឯកស័ក មានព្រះជន្មវស្សា២៤ឆ្នាំ ។ លុះបានឮពាក្យដូច្នេះហើយទើបទ្រង់ព្រះចិន្ដាថា ពាក្យដែលឮនេះប្រហែលជាមែនហើយបានជាសម្ដេចព្រះជេដ្ឋាធិរាជធ្វើ ព្រងើយកន្ដើយឲ្យបម្រើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះ បើព្រោះតែយើងម្នាក់ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វីទើបស្ដេចនាំអស់សេនាជាខ្ញុំ៥០ នាក់ដោយរត់ជើងគោកទាំងរាត្រីនោះពីមុខក្រុងចតុមុខស្រូតរូតចូលទៅ ក្រុងទេពបុរី ប្រទេសសៀម ។ លុះស្ដេចទៅដល់ខេត្ដពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជាបានចូលទៅសំណាក់អាស្រ័យនៅផ្ទះតាមឿង (ក្នុងសាស្ដ្រាវត្ដកំពង់ត្រឡាចក្រោមដដែលនេះមានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជាពេជដូច្នេះ ទៅវិញ ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅកើតជាអ្នកតាស្រុកដែលសៀមហៅអ្នកតាចាស់ ស្រុក តាមពាក្យវាចា «ខ្លាងមឿង» ហើយខ្មែរយើងហៅតាមវាយោៗមកជាឃ្លាំងមឿងដូច្នេះទេឬ ?) មេស្មឹង ភ្នំក្រវាញ ។ តាមឿងឃើញស្ដេចយាងទៅដល់ហើយ ក៏អរណាស់ចុះមកយាងស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយថ្វាយសោយតាមភាសាអ្នកស្រែ ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី៨ សេះ១០ និងកូនប្រុស៤នាក់ ជាខ្ញុំតាមហែស្ដេចទៅក្រុងទេព ។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់ ។ ទ្រង់ត្រាស់ថា តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាមឿងឡើងជិះដំរីចេញទៅតាមរយៈផ្លូវជាច្រើន ថ្ងៃ ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ដ្រីសៀមនាំឡើងក្រាបបង្គំទូលព្រះចៅចក្រពត្ដិ តាមដំណើរគ្រប់ប្រការ ។ ព្រះចៅចក្រពត្ដិទ្រង់ជ្រាបហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ត្រាស់ថា យើងនឹងជួយទំនុកបម្រុងដល់អ្នកហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរគ្រឿង ឧបភោគបរិភោគសម្រាប់យសស័ក្ដិ និងវាំងដំណាក់ឲ្យស្ដេចគង់ខាងវត្ដប្រណែងធឿនជាសុខរៀងមក ។
ព្រះស្ដេចកនដែលបានបញ្ជាឲ្យមេទ័ពចេញទៅសង្កត់ខេត្ដតូចធំ កេណ្ឌពលរេហ៍ ពលបានមកជួបជុំល្មមជាមាំមួនហើយ លុះបានដឹងថាចៅពញាចន្ទរាជារត់ទៅស្រុកសៀមដូចឧបាយដែលខ្លួនគិត ដូច្នោះហើយ ក៏មានសេចក្ដីអរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា ពីដើមអញញញើតតែចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះអញពុំឃើញនរណានឹងក្លាហានចេញនឹងអញបានឡើយ ។ ឥឡូវចៅពញាចន្ទរាជារត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះគង់នឹងបានសម្រេចដោយងាយជាមិនខាន ។ ព្រះស្ដេចកនថាហើយក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្ដស្រីសឈរដែនព្រះនគរហ្លួង ។
ចំណែកឯព្រះបរមបពិត្រដែលស្ដេចរង់ចាំស្ដេចកននោះ លុះយល់បាត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា ប្អូនឯងម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ ? ព្រះម្នាងកេសរបុប្ផាក្រាបទូលថា ខ្ញុំម្ចាស់ឲ្យបម្រើទៅតឿនវា វាថាកុំឲ្យភ័យនឹងវា វាមិនក្បត់ទេ ។ ថាកាលណាវាជូនរាស្ដ្រទៅស្រុករួចហើយ វានឹងចូលមកក្រាបបង្គំគាល់ ។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះខ្ញុំម្ចាស់នឹងចាត់បម្រើឲ្យទៅតឿនវាទៀត ។ ចំណែកឯកងល្បាតព្រះនគរកាលឃើញថា ព្រះស្ដេចកនលើកកងទ័ពធំមកបោះនៅចុងខេត្ដស្រីសឈរដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្ដីនេះទៅប្ដឹងចៅពញាយមរាជសេនាបតីនេះក៏នាំ ឡើងក្រាបបង្គំទូលថា ឥឡូវនេះព្រះស្ដេចលើកកងទ័ពមកបោះនៅចុងខេត្ដស្រីសឈរ គឺចុងដែនក្រុងហើយ ។ កងល្បាតទប់ពុំជាប់ក៏រត់ចូលមកប្ដឹង ។ សម្ដេចព្រះបរមបពិត្រលុះបានទ្រង់ជ្រាបហើយ ទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា ៖ «អញស្មានថាវានឹងចូលមកគាល់បម្រើនៅជាខ្ញុំរាជការតទៅទៀត មិនដឹងជាវាមានគំនិតចិត្ដធំដល់ម្ល៉េះឡើយ» ។ ទ្រង់ត្រាស់តែប៉ុណ្ណោះហើយ ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌកងទ័ពបានចំនួនជាងប្រាំពាន់បា្លយនាក់ ទើបទ្រង់ចាត់ហើយឲ្យនៅចាំរក្សាព្រះនគរពីរពាន់នាក់ ចាត់ឲ្យចៅពញាយោធាសង្គ្រាមលើកទៅជាទ័ពមុន១០០០នាក់ ចៅពញាចក្រី លើកទៅជាទ័ពធំ២០០០នាក់ ។ លុះបានឫកពារពេលាល្អហើយ ចៅពញាយោធាសង្គ្រាមក៏លើកទ័ពទៅជាមុន ចៅពញាចក្រីលើកទ័ពធំទៅជាក្រោយដោយក្បួនពិជ័យសង្គ្រាម ។ ព្រះបាទបរមបពិត្រទ្រង់យល់ទ័ពមុខទ័ពធំលើកចេញហើយ ទ្រង់ត្រាស់បង្គាប់ក្រុមមន្ដ្រីរក្សាព្រះអង្គឲ្យទៅអញ្ជើញសម្ដេច ព្រះអនុជចន្ទរាជា នឹងឲ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត ។ ខណៈនោះក្រុមមន្ដ្រីមហាថៃ (សព្វថ្ងៃហៅក្រសួងមហាផ្ទៃ) ក្រាបទូលថា សម្ដេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើព្រះស្ដេចកនឲ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះ អង្គ ។ ព្រះអង្គភ័យណាស់ក៏ប្រមូលតែបណ្ដាខ្ញុំ៥០នាក់រត់ទៅក្រុងទេព ទាំងយប់នោះទៅហើយ ។ ព្រះបាទបរមនាថបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្ដាយណាស់ ទ្រង់ត្រាស់ថា មិនគួរជាប្អូនមិនសួរបងសិន មិនគួររត់ចោលឲ្យបងព្រួយដល់ម្ល៉េះទេ ។ ត្រាស់ហើយព្រះអង្គយាងចូលទៅខាងក្នុង ។
ចៅពញាយោធាសង្គ្រាមកាលជិះដំរីចេញទៅជាមេទ័ពមុខនោះបានជួបនឹងទ័ព ព្រះស្ដេចកន ។ ព្រះស្ដេចកនក៏បរដំរីចេញនាំមុខកងទ័ពនោះ ទើបចៅពញាសង្គ្រាមស្រែកថា យើងអ្នកព្រះស្ដេចម្ដេចក៏អ្នកឯងមិនកោតក្រែងព្រះចេស្ដាសោះ ។ បំណាច់ទ្រង់ព្រះមេត្ដាប្រោសអ្នកឯងដល់ម្ល៉េះ ម្ដេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្ដអកតញ្ញូនឹងព្រះមហាករុណាទិគុណយ៉ាងនេះ ? ព្រះស្ដេចកនឮហើយគិតថា បើអញនឹងបើកឲ្យចៅពញាយោធាសង្គ្រាមនិយាយវែងទៅទៀត ក្រែងកងទ័ពយល់ថា ខ្លួនជាមនុស្សក្បត់ពុំមែនជាត្រាស់ប្រើទេ ទើបឆ្លើយថា ៖
អ្នកឯងកុំនិយាយការអ្វីជាជ្រៅខាងក្នុងនោះឲ្យសោះទ្រង់ព្រះបណ្ដាំនឹងខ្លួនខ្ញុំ សព្វគ្រប់ហើយ ។ ព្រះស្ដេចកនថាហើយក៏យឺតធ្នូបាញ់ទៅត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាមក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច ។
កងទ័ពឃើញនាយបរាជ័យហើយក៏បែកទ័ពរត់ទៅរកទ័ពធំ ។ ចៅពញាចក្រីកាលឃើញទ័ពមុខបែកមកហើយ ក៏បញ្ជាពលឲ្យចូលប្រយុទ្ធនឹងព្រះស្ដេចកន តែចៅពញាចក្រីទប់ពុំឈ្នះទើបថយទ័ពមកជិតព្រះនគរហើយបញ្ឈប់កងទ័ព នៅទីនោះដើម្បីរាំងទ័ពព្រះស្ដេចកនកុំឲ្យដេញចូលមកទៀត ។ ខណៈនោះ ចៅពញាចក្រីក៏បកសំបុត្រចាត់បម្រើឲ្យចូលមកសុំកងទ័ពថែមទៅ ទៀត ។ ព្រះបរមបពិត្រព្រះបាទសម្ដេចស្រីសុគន្ធបទជាអម្ចាស់ជីវិតលើត្បូងព្រះ អង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យប្រជុំសេនាបតីមន្ដ្រីបុរោហិត ព្រឹទ្ធាចារ្យ អាមាត្យទាំងឡាយមកជួបជុំត្រាស់ប្រឹក្សាកិច្ចការរាជការ សង្គ្រាម ។ ខណៈនោះ ចៅពញាយមរាជយកសេចក្ដីក្រាបទូលថា ទ័ពអាព្រះស្ដេចកនលើកមកឥឡូវនេះប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឲ្យទៅកេណ្ឌកងទ័ពត្រើយខាងលិចមកក៏មុខជាយូរហើយមកមិនទាន់ ការណ៍ផង ។ ថាពលកងល្បាតយើងមានតែ១០.០០០នាក់ប៉ុណ្ណោះ ទូលព្រះបង្គំយល់ថា មិនសួនការនឹងទទួលតនឹងទ័ពធំអាព្រះស្ដេចកនបានឡើយ ។ ហេតុដូច្នេះ ហើយទូលព្រះបង្គំសូមយាងព្រះអង្គថយទាំងគ្រប់គ្រួទៅឯក្រុងចតុមុខ សិន ។ លុះបានទ័ពសព្វគ្រប់ហើយ សឹមលើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះដោតទុកជាបម្រាម តទៅ ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំ និងចៅពញាចក្រីពីរនាក់នេះនឹងយកអាសាការ (គឺការពារ ឬកាល់) គ្រប់គ្រួមិនឲ្យអាព្រះស្ដេចកនវាមកធ្វើអុកឡុកឲ្យអន្ដរាយបាន ឡើយ ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះបង្គំនឹងលើកទ័ពតាមដង្ហែទ្រង់ព្រះករុណាទៅជាក្រោយ ។ ព្រះពិជ័យនាគខឹងនឹងព្រះស្ដេចកនណាស់ថា ដ្បិតវារឹងទទឹងនឹងសំបុត្របង្គាប់របស់ខ្លួនដែលឲ្យចូលមក មិនចូលមកនេះមួយថាទ្រង់ប្រោសប្រាណម្ល៉េះហើយនៅតែប្រែចិត្ដគិត ក្បត់វិញនេះមួយ ទើបព្រះពិជ័យយកសេចក្ដីក្រាបបង្គំទូលថា កូនប្រពន្ធញាតិសន្ដានរបស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះសូម ឲ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល១០០០នាក់ចេញទៅតដៃនឹងអាកនដែលក្បត់ នោះយកថ្វីដៃថ្វាយ ។ ថាបើទូលបង្គំជាខ្ញុំប្រែចិត្ដគិតក្បត់ជាមួយនឹងអាកនវិញ សូមឲ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសាស្ដ្រាវុធ ហើយសូមឲ្យសម្លាប់បុត្រ ភរិយា ញាតិសន្ដានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ ។ ព្រះបរមបពិត្រទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ឲ្យបុរោហិតអញ្ជើញគ្រឿងអាវុធមកពិធីសុំទឹកពិភទ្ទសច្ចា ឲ្យព្រះពិជ័យនាគផឹក ។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រស្ដេចព្រះរាជទានពល១០០០នាក់ឲ្យទៅព្រះពិជ័យនាគឲ្យ លើកជាក្បួនទ័ពចេញទៅ ។ ថ្ងៃ៥កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រព្រះអង្គនាំគ្រប់គ្រួហ្លួង និងគ្រប់គ្រួខ្ញុំរាជការទាំងក្នុងទាំងក្រៅទៅឈប់នៅមុខបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឲ្យរកកេណ្ឌកងទ័ពថែមបានរេហ៍ពលមកដល់២៥.០០០ នាក់ ។ ខេត្ដណាដែលនៅឆ្ងាយក៏ពុំទាន់មកដល់ ។ ឯពញាយមរាជ លុះឃើញទ័ពហ្លួងចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្ដេចកនក៏លើកកងទ័ពចូលមកសោះ ក៏ថយទ័ពតាមហែឆ្លងមកចតុមុខស្រុកភ្នំពេញដែរ ។ ព្រះស្ដេចកនលុះដឹងថាទ័ពហ្លួងថយចោលក្រុងហើយ ក៏លើកកងទ័ពរេហ៍ពល៥០.០០០នាក់ចូលទៅវាយទ័ពចៅពញាចក្រី ។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត ។ ព្រះស្ដេចកនលើកកងទ័ពទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា ។ នាយកនគិតថា បិតាខ្លួនមកនេះប្រាកដជាមកហាមប្រាមបញ្ចុះបញ្ចូលខ្លួន ។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឲ្យបិតានិយាយទៅក្រែងបែកការណ៍ថា ខ្លួនជាមនុស្សក្បត់ ។ លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏ស្រែកឲ្យកងទ័ពចូលប្រកាប់នឹងបិតាខ្លួន តែឯបិតានោះព្រះស្ដេចកនឲ្យពលចូលចាប់នឹងដៃ កុំបីធ្វើឲ្យសៅហ្មងដល់រូបកាយឡើយ ។ នាយកងទ័ព និងរេហ៍ពលឮហើយក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ ។ ខាងព្រះស្ដេចកនមានពលច្រើនខាងបិតាមានពលតិច ។ ពលខាងព្រះស្ដេចកនសម្លាប់ពលខាងបិតាស្លាប់ជាច្រើន ។ ព្រះពិជ័យនាគឃើញដូច្នេះក៏ទាល់ប្រាជ្ញា និងហាមាត់ស្ដីហាមប្រាមពុំបាន ។ មួយរំពេចនោះពិជ័យនាគនាំរេហ៍ពលដែលសល់ពីស្លាប់នោះ រត់កាត់តាមថ្នល់ព្រះនគរចេញទៅ ។ អស់រាស្ដ្រដែលសល់នៅក្នុងព្រះនគរផ្អើលវឹកវរកោលាហល ។ កងទ័ពព្រះស្ដេចកន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សម្លាប់រាស្ដ្រដែលនៅសល់នោះ ហើយដេញព្រះពិជ័យនាគទៀត ។ ព្រះពិជ័យនាគសល់ពលតែ៥០០នាក់នាំរត់ទៅជ្រកកោនព្រះអារាម សម្ដេចព្រះសុគន្ធាធិបតី ឈ្មោះហៅវត្ដស្ដីធំ ជាគ្រូព្រះស្ដេចកន ហើយឲ្យពលបិទទ្វារកំផែងជាន់ក្នុងចាំទទួលច្បាំង ។ កងទ័ពព្រះស្ដេចកនដែលដេញទៅទាន់ក៏តាំងចោមព្រះអារាមនោះជាមាំមួន ព័ទ្ធច្រើនជាន់ ច្រើនសង្កាត់ ។ វេលានោះមានចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្ដេចព្រះសុគន្ធាធិបតីទ្រង់ឮអឹកធឹក ហើយទ្រង់ចេញមកទត ។ ឃើញហើយទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្ដេច ព្រះសុគន្ធាធិបតីចេញមកឲ្យកងទ័ពឈប់ ហើយហៅព្រះស្ដេចកនឲ្យចូលទៅសំពះសុំទោសបិតា ។ លំដាប់តមក ព្រះសុគន្ធាធិបតីប្រាប់ពិជ័យនាគថា កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រកម្ពុជានេះហើយ ។ ព្រះពិជ័យនាគកាលបានស្ដាប់ថេរវាចាហើយក៏ក្រាបទូលថា បើសម្ដេចមានព្រះបន្ទូលដូច្នោះ បុត្រភរិយា ញាតិសន្ដានរបស់ខ្ញុំព្រះករុណាមិនស្លាប់អស់ហើយឬ ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅនឹងកាប់ព្រះស្ដេចកន ។ តែពេលនោះអស់សេនាទាហាន រេហ៍ពលខាងព្រះស្ដេចកនព្រួតគ្នាចូលទៅដណ្ដើមយកដាវនោះ ។ សម្ដេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយកទៅទុកក្នុងព្រះ វិហារ ។ ក្រោយនោះសម្ដេចព្រះសុគន្ធាធិបតីស្ដេចមានថេរវាចាឲ្យបិតា និងបុត្រសះជានឹងគ្នាទៅ ។ លុះផ្សះផ្សាស្រេចហើយ សម្ដេចឲ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រគល់ដល់កម្ពស់ស្មើក្បាល ហើយស្ដេចឲ្យពិជ័យនាគ និងព្រះស្ដេចកនឡើងលើគំនរអាវុធទាំងពីរនាក់ឲ្យបិតា និងបុត្រសត្យសញ្ញា (សម័យពីដើមបុរាណាចារ្យច្រើនយកនាមមកធ្វើកិរិយាសព្ទ) ។ សម្ដេចព្រះសុគន្ធាធិបតីធ្វើជាអាចារ្យស្រោចទឹកចម្រើនជ័យមង្គលសិរី សួស្ដីឲ្យទាំងពីរនាក់ ។ ស្រេចហើយ ព្រះស្ដេចកនឲ្យរេហ៍ពលយកគ្រឿងអាវុធនោះទៅធ្វើជាចបជីកដីលើកជា ថ្នល់ (សាស្ដ្រាខ្លះថាយកអាវុធនោះទៅកប់ ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្ដេចព្រះសុគន្ធាធិបតី ត្រង់ផ្លូវចេញពីព្រះវិហារក្នុងអារាមរៀងទៅ ហើយប្រែឈ្មោះវត្ដស្ដីធំនោះឲ្យឈ្មោះវត្ដព្រះថ្នល់ រៀងមកដល់ឥឡូវនេះ ។ លុះសម្រេចការហើយ ព្រះស្ដេចកនចាត់ចែងនាយកងទ័ពឲ្យចេញកេណ្ឌសង្កត់ខេត្ដធំតូចត្រើយ ខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំលើកទ័ពជើងគោក ជើងទឹកសន្ធឹកមហិមាឆ្លងទៅវាយបន្ទាយភ្នំពេញទៀត ។ ព្រះបរមបពិត្រកាលបានទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពមកហើយ ក៏ស្ដេចចាត់រេហ៍ពលសកលយោធា លើកចេញទៅទទួលច្បាំងនឹងស្ដេចកន៣ថ្ងៃ តែពុំទាន់ចាញ់ឈ្នះសោះ ។ ព្រះស្ដេចកនយល់ថា ទ័ពខាងព្រះបរមបពិត្ររឹងរូសណាស់ នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ក៏ឲ្យកងទ័ព៥០.០០០នាក់ឆ្លងទៅព័ទ្ធបន្ទាយ ភ្នំពេញពីទិសខាងលិច ឲ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង ។ កងទ័ពព្រះបរមបពិត្រតែ៣០.០០០នាក់ កងទ័ពខាងព្រះស្ដេចកន នាយកង នាយទ័ពចេះតែកេណ្ឌបញ្ចូលមកបានជួបជុំទាំងមុន ទាំងក្រោយ១២០.០០០នាក់ លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូ ស្នា ឧបមាបីដូចជាម្រោមចោមសម្បុកជាសន្ធឹកគឹកកងពន់ប្រមាណ ។
ព្រះបាទបរមបពិត្រស្ដេចចេញកងទ័ពទៅក៏ឃើញថា កងទ័ពព្រះស្ដេចកនច្រើនក្ដាត់ ចោមព័ទ្ធជាបីផ្លូវដូច្នេះហើយកងទ័ពខាងព្រះអង្គក៏ចេះតែរត់រា មិនទទួលច្បាំងសោះ ។ ខណៈនោះព្រះអង្គថយទ័ពទៅតាំងនៅខេត្ដលង្វែក បន្ថយគ្រប់គ្រួឲ្យទៅឈប់នៅសំរោងសែន ដែនខេត្ដអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយនៅក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង) ។ ស្ដេចចាត់នាយកងនាយទ័ពឲ្យទៅកេណ្ឌកងទ័ពពីខេត្ដខាងជើងថែម ទៀត ។ ស្ដេចកនបានវាយបន្ទាយភ្នំពេញបែកហើយក៏ដេញកងទ័ពចូលបន្ទាយចាប់អស់ រាស្ដ្រប្រជា រឹបយកស្បៀងអាហារ សាស្ដ្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ដ្រី ចៅហ្វាយស្រុកធំតូចឲ្យចេញទៅសង្កត់ ខេត្ដខាងត្បូង ខាងលិចគឺខេត្ដបាទី ព្រៃកប្បាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្ដបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀន ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូលព្រះស្ដេចកនទាំងអស់ ព្រោះក្នុងវេលានោះបណ្ដារាស្ដ្រចូលចិត្ដថា ព្រះស្ដេចកននេះជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ដ្រនាំគ្នាមកថ្វាយបង្គំចុះចូលជាច្រើន ។ លុះមកដល់ឆ្នាំកុរ សប្ដស័ក ព.ស២០៥៩ គ.ស១៥១៥ ម.ស១៤៣៧ ច.ស៨៧៧ ព្រះស្ដេចកនចាត់ចែងកងទ័ពជា៤កងឲ្យលើកទៅវាយបន្ទាយលង្វែកមួយកង មានរេហ៍ពល៤០.០០០នាក់ឲ្យលើកទៅនៅបន្ទាយភ្នំពេញមួយកងមានរេហ៍ពល ៥០.០០០នាក់ឲ្យលើកទៅខាងផ្លូវទន្លេធំ មួយកងមានពល៣០.០០០នាក់ ។ តែខ្លួនព្រះស្ដេចកនឯងមានកងពល៤០.០០០នាក់ ត្រឡប់ទៅខេត្ដស្រីសន្ធរវិញ ។ មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះ បានលើកទៅចោមវាយមួយថ្ងៃហើយតែមិនទាន់ជាបានការយ៉ាងណា នៅឡើយ ។ ឯមេទ័ពដែលនៅខាងផ្លូវទន្លេធំនោះលុះទៅដល់ខេត្ដកំពង់សៀមហើយ ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា ។ ចៅហ្វាយស្រុកខេត្ដកំពង់សៀម ស្ទឹងត្រែង ដឹងថា មេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខេត្ដរបស់ខ្លួនហើយក៏កេណ្ឌ ទ័ពបម្រុងទុកច្បាំង ចាំទទួលច្បាំង ហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ថា ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពចូលទៅចោម ដែរ ។ បើដូច្នេះយើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះ កាលណាទ័ពយើងទ្រាំនឹងទ័ពសត្រូវលែងបាន ។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា ពីដើមឡើយសង្ឃឹមលើសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលត្រូវរត់ទៅក្រុងទេពបាត់ទៅ ហើយ ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជាដែលឧកញ៉ាយមរាជយកទៅរក្សា ។ តែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំឆ្នាំប៉ុណ្ណោះនឹងរំពឹង លើអ្នកណាក៏ពុំបាន ទើបទ្រង់ត្រាស់ប្រើចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មី នោះ ១០.០០០នាក់ឲ្យលើកឆ្លងទៅជួយខេត្ដខាងកើត ។ ចៅពញាក្រឡាហោមបានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំឃុំពល១០.០០០នាក់នោះលើកឆ្លងទៅតាមព្រះរាជបញ្ជា ។ ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល២៥.០០០ នាក់ប៉ុណ្ណោះ ។ មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះកាល ដឹងថា បន្ទាយនេះធ្វើមាំមួនណាស់ ប៉ុន្ដែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ២៥.០០០នាក់ទេ ក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុមុខបាន១០.០០០នាក់ទៀតជា ៥០.០០០នាក់ ព្រមដោយគ្រឿងសាស្ដ្រាវុធផង ។ កាលបានទ័ពហើយ មេទ័ពខាងព្រះស្ដេចកនក៏លើកទៅចោមបន្ទាយលង្វែកច្បាំងគ្នាអស់៤យប់ ៤ថ្ងៃពុំឈប់ឈរសោះ ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់ ។ កងទ័ពហ្លួងដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកើតទ័ពសត្រូវដែលផ្លាស់ គ្នាដូចជាមានកងទ័ពថែមមកទៀត ព្រះអង្គក៏យល់ថា នឹងទ្រាំទៅទៀតពុំបានឡើយ ទើបទ្រង់ថយទ័ពទៅតាំងនៅខេត្ដអម្រាគគិរិន្ដបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ) ។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួទៅនៅសំរោងសែនក្នុងខេត្ដសន្ទុក អស់ ។ មេទ័ពព្រះស្ដេចកនក៏លើកទ័ពដេញតាមទៅ ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួង ដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខេត្ដខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវដឹងហ្លួងបែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ ។ ឯសត្រូវក៏រាយទ័ពត្រឡប់មកប្រកាប់គ្នាយ៉ាងក្លាហាននឹងទ័ពចៅពញា ក្រឡាហោមជាមេទ័ពហ្លួង ។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួងដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់បា្លយអន្ដរាយបែកទ័ពរត់ត្រឡប់ចូលមក ភ្នំពេញវិញ ។ ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខេត្ដពោធិ៍សាត់) ជាមេទ័ពឃុំពល១០.០០០នាក់ទៅឈររក្សាស្រុករលាប្អៀរ ឲ្យចៅពញាយមរាជជា បិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជនាំពល៥.០០០នាក់ទៅវាយយកខេត្ដខាងកើតឲ្យបានមក វិញ ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រលើកទ័ពទៅប្រជុំនៅខេត្ដអាសន្ទុក ។ ចៅពញាយមរាជបានទទួលព្រះរាជបញ្ជាហើយក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែក ក្រោយ ប៉ែកឆ្វេង ប៉ែកស្ដាំ ហើយលើកទ័ពចេញទៅ ។ លុះទៅដល់ខេត្ដបារាយណ៍ ចៅពញាយមរាជក៏បានជួបនឹងទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង ។ ក្រោយដែលបានច្បាំងគ្នាជាច្រើនយប់ច្រើនថ្ងៃមកទ័ពខាងចៅពញាយមរាជ មានកម្លាំងជាងខាងមេទ័ពព្រះស្ដេចកនដូច្នេះ ចៅពញាយមរាជក៏បញ្ជាឲ្យមេទ័ពដេញទ័ពព្រះស្ដេចកនរហូតទៅហើយបានយកខេត្ដបារាយណ៍ជើងព្រៃ កំពង់សៀម ស្ទឹងត្រែង រួចចាត់មន្ដ្រីឲ្យនៅរក្សាខេត្ដទាំងនោះយ៉ាងមាំមួន ។ តមកចៅពញាយមរាជក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខេត្ដ អាសន្ទុកថា បានវាយឈ្នះហើយយកបានខេត្ដទាំងនេះតាមកិច្ចរាជការហើយដើម្បី សូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្ដេចព្រះបរមបពិត្រស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអណរណាស់ ។ ស្ដេចកនតាំងពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះយ៉ាងមាំមួន តែខ្លួនព្រះស្ដេចកនត្រឡប់ទៅគ្រប់គ្រងស្រុកបាសានវិញ ។ តមកព្រះស្ដេចកនក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀត បានទ័ពថ្មីទាំងអស់ចំនួនដប់ម៉ឺននាក់ ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក ។ ស្ដេចកនឲ្យធ្វើទង់ពណ៌ក្រហម ប៉ាក់រូបនាគក្បាល៨សម្រាប់ កងទ័ព ។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច ។ ហេតុនេះហើយបានជាមានពាក្យរាស្ដ្រប្រជាហៅថា ស្ដេចកនតាមឈ្មោះពីឪពុកឲ្យខ្លះតាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះ គឺហៅតាមឈ្មោះដែលគ្រួឲ្យខ្លះ ។ មហាឧបរាជកនតែងតាំងមន្ដ្រីក្រៅ និងក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ ។ ឯខ្លួនឯងលើកទ័ពទៅបោះនៅខេត្ដកំពង់សៀម ។ អស់មុខមន្ដ្រីដែលចៅពញាយមរាជឲ្យនៅរក្សាខេត្ដទាំងឡាយដែលដណ្ដើមយក បានពីមេទ័ពព្រះស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវច្រើនលើសលប់កម្លាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូលព្រះបរមបពិត្រគ្រប់ៗគ្នា ។
មហាឧបរាជកនលុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្លួនហើយ ទើបគិតឧបាយកលចាត់បម្រើឲ្យទៅក្រាបទូលព្រះបរមបពិត្រ ។ លុះបម្រើទៅដល់ក៏ចូលប្ដឹងសេនាបតីសេនាបតីនាំឡើងគាល់ព្រះ បរមបពិត្រជាអម្ចាស់ ។ ខណៈនោះព្រះបាទស្រីសុគន្ធបទស្ដេចកំពុងចេញជួបជុំរាជសេវកាមាត្យជា នាយកងខាងទ័ពហ្លួង កាលបើទ្រង់បានជ្រាបហើយ បម្រើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឲ្យដាក់ក្ដីម្ចាស់ និងញាតិសន្ដានវា៥ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឲ្យចេញមកទទួលបម្រើដែលចូលមកក្រាបបង្គំពេលនោះ ។ លុះបម្រើចូលមកដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឲ្យអាល័ក្សទទួលសំបុត្រពីបម្រើ នោះមកសូត្រថ្វាយ ។ សំបុត្រនោះមានសេចក្ដីថា ៖ «សូម ទ្រង់ព្រះមេត្ដាប្រោសឃុនហ្លួងព្រះស្ដេចធិបតីទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោស សូមក្រាបថ្វាយបង្គំក្រោមល្អងធូលីព្រះបាទសូមទ្រង់ជ្រាប ។ ដ្បិតទូលព្រះបង្គំដែលបានធ្វើការមកទាំងម្ល៉េះ មិនមានចិត្ដប្រទូសរ៉ាយដល់ល្អងធូលីព្រះបាទក៏ទេ គឺធ្វើនេះដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ទើបបានជាទូលព្រះបង្គំ គិតធ្វើការនោះឲ្យគង់តែជីវិតប៉ុណ្ណោះ ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្ដចង់នៅជាខ្ញុំល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្ដែក្រែងទ្រង់ជាអម្ចាស់ពុំប្រោសព្រះរាជទាន ។ សេចក្ដីនេះបើទ្រង់ជាអម្ចាស់ទ្រង់ព្រះមេត្ដាប្រោសអភ័យទោសនោះសូម ព្រះបរមបពិត្រស្ដេចព្រះរាជទានម្ដាយ និងញាតិការបងប្អូនទៅទូលព្រះបង្គំជាមុនសិនចុះ ដើម្បីឲ្យទូលព្រះបង្គំបានឃើញមុខ និងបំបាត់ទុក្ខដោយសារព្រះរាជហឫទ័យទ្រង់ព្រះមេត្ដាប្រោស ។ ថាបើព្រះបរមបពិត្រទ្រង់នៅព្រះរាជករុណាមែន ទូលព្រះបង្គំនឹងរំសាយកងទ័ពទាំងដប់ម៉ឺនឲ្យត្រឡប់ទៅកាន់លំនៅតាម ស្រុកទេសរៀងៗខ្លួនវិញជាពុំខាន ។ គួរពុំគួរសូមទ្រង់ព្រះករុណាប្រោស» ។ សម្ដេចព្រះស្រីសុគន្ធបទស្ដេចទ្រង់បានព្រះសណ្ដាប់ហើយ ទ្រង់ព្រះពិរោធណាស់ ស្ដេចទ្រង់ត្រាស់ឲ្យចៅពញាឧទ័យធិរាជ ជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតបហើយប្រគល់ឲ្យបម្រើវិញ ។ បម្រើបានសំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់សម្ដេចមហាឧបរាជកន ។ សម្ដេចមហាឧបរាជកនបើកស្រោមសំបុត្រមើលហើយ ឃើញមានសេចក្ដីថា «អ្នក ចៅពញាឧទ័យធិរាជអគ្គមហាសេនាសេនាធិបតី ចៅហ្វាយខេត្ដអាសន្ទុកខាងក្រុងមហានគរ ។ មកដល់ឃុនហ្លួងព្រះស្ដេចធិបតី ឲ្យបានដឹង ។ ដ្បិតសំបុត្រឃុនដែលក្រាបទូលទៅព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង នោះមានសេចក្ដីថា សូមឲ្យទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្ដាយមកឲ្យឃុនជាមុននោះពុំត្រឹមត្រូវតាមទំនៀមទេ ។ បើឃុនមានចិត្ដស្លូតត្រង់មែន គួរឃុនរៀបខ្លួនរំលាយកងទ័ពចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ ព្រះបាទអ្នកជាអម្ចាស់ជាមុន ទើបត្រូវតាមសណ្ដាប់អម្ចាស់និងខ្ញុំ ។ បើឃុនប្រែចិត្ដលែងក្បត់មកប្រកាន់ចិត្ដកតញ្ញូ ហើយរំលាយកងទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូលសុំទោសឲ្យឃុន ។ ប៉ុន្ដែបើឃុនប្រឹងតែរឹងទទឹងមិនចូលទៅគាល់ទេ យើងនឹងឲ្យសម្លាប់ម្ដាយឃុន និងគ្រប់គ្រួទាំងអស់ឲ្យស្លាប់ពុំត្រាប្រណីឡើយ ។» ស្ដេចកនមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកលុះអានចប់សេចក្ដី ហើយយល់ថាសំបុត្រនោះពុំដូចគំនិតរបស់ខ្លួនទេ ក៏ឲ្យបម្រើនាំសំបុត្រនោះទៅជូនពិជ័យនាគជាបិតាឲ្យបាន ដឹងផង ។ ព្រះពិជ័យនាគកាលបើបានដំណឹងថាមានសំបុត្រពីចៅពញាឧទ័យធិរាជមក ដូច្នេះ ហើយក៏ស្ទុះរត់ទៅប្រុងនឹងទទួលសំបុត្រនោះ ហើយនឹងដើម្បីសុំមហាឧបរាជកនកុំឲ្យធ្វើទ័ពតទៅទៀត ។ លុះរត់ទៅទន្ទឹមនឹងទ្វារ ក៏ភ្លាត់ជើងដួល ហើយទៅត្រូវនឹងចុងដាវដែលដាក់នឹងដៃកែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ ។ បាវព្រាវដែលនៅក្នុងទីនោះឃើញហើយ ក៏គ្រាព្រះពិជ័យនាគទៅដាក់ឲ្យដេកលើគ្រែ ហើយឲ្យបម្រើទៅថ្វាយដំណឹងដល់មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រ សឹកតាមដំណើរគ្រប់ប្រការ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្របានជ្រាបថា បិតាត្រូវអាវុធមានរបួសជាទម្ងន់ណាស់ហើយក៏ថយកងទ័ពស្រូតរូតចូល មក ។ លុះស្ដេចកនដល់មកបន្ទាយក្នុងព្រះនគរ ក៏ល្មមនឹងពេលដែលព្រះពិជ័យនាគអនិច្ចកម្មទៅដែរ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកដឹងថាបិតាក្ស័យហើយក៏ ទ្រង់វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការធ្វើសង្គ្រាមដើម្បីធ្វើបុណ្យសពបិតាឲ្យបានជា ឱឡារិក ។ ចំណែកឯសម្ដេចព្រះស្រីសុគន្ធបទកាលទ្រង់ជ្រាបថា ព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្ដេចកនថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះហើយ ទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជ ជាចៅហ្វាយស្រុកខេត្ដអាសន្ទុកឲ្យលើកងទ័ពទៅវាយបន្ទាយលង្វែក និងខេត្ដកំពង់សៀមឲ្យបាន ហើយឲ្យលើកទៅវាយខេត្ដត្បូងឃ្មុំទៀត ។ ទ្រង់ឲ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយបន្ទាយភ្នំពេញ ។ ចៅពញាឧទ័យរាជាធិរាជ ចៅហ្វាយខេត្ដអាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួងទាំងបីនាក់នោះបានទទួលព្រះរាជបញ្ជា ហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនាទាហានរេហ៍ពល១០០០០ម្នាក់ៗ ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ ។ ក្នុងគ្រានោះមេទ័ពខាងមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឲ្យឡើងទៅច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្ដឹងទៅដល់មហាឧបរាជកន ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក កាលបានដឹងព្រះបរមបពិត្រស្ដេចចាត់មេទ័ពហ្លួងឲ្យមកវាយទ័ពខ្លួន ដូច្នេះ ក៏ស្រើបស្រួលជាសេចក្ដីក្សេមក្សាន្ដពន់ប្រមាណ ទើបចាត់ភោជនាហារឲ្យលៀងសេនាទាហានយ៉ាងធំ ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាដោយឆ្ងល់ថា មហាឧបរាជយើងលោកធ្វើបុណ្យបិតានោះបើមើលទៅមុខលោកក៏ឃើញថា លោកមានទុក្ខជាទម្ងន់ណាស់ ។ លោកធ្វើបុណ្យមិនទាន់ហើយផង គឺទើបតែនឹងបានមកដល់សង្គាយនាប៉ុណ្ណោះ ហើយនឹងគ្រាន់តែមានសំបុត្រប្ដឹងមកថា មានទ័ពពីព្រះនគរចោមបន្ទាយប៉ុណ្ណោះ លោកក៏ត្រឡប់ជាស្រើបស្រួល សប្បាយទៅវិញ ។ ដូច្នេះតើការប្រែប្រួលបែបនេះមានហេតុដូចម្ដេច ក៏បានជាមហាឧបរាជលោកស្រើបស្រួលសប្បាយយ៉ាងនេះ ? ក្នុងពេលដែលពួកសេនាទាហានកំពុងនិយាយអ៊ូអែឆ្ងល់អំពីការប្រែប្រួល អាកប្បកិរិយានោះ មហាឧបរាជកនឮហើយក៏ឆ្លើយថា អ្នកទាំងឡាយពុំចាំច្បាស់ទំនៀមព្រះនគរនេះទេឬអ្វី ? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះ មួយពេលគេធ្វីបុណ្យសពបិតាគេនេះមួយ ទោះបីម្ដេចម្ដាក៏សត្រូវគេតែងតែឈប់ធ្វើសង្គ្រាមកំណត់មួយថ្ងៃសិន ដែរ ។ ឥឡូវនេះ ស្ដេចនេះលើកទ័ពមកចោមបន្ទាយយើង គឺថាធ្វើល្មើសនឹងបទព្រះអយ្យការយ៉ាងនេះហើយនោះ យើងយល់ថា ស្ដេចនឹងអស់បុណ្យជាការពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឲ្យយើងមិនខាន ។ ស្ដេចកនថាតែប៉ុណ្ណេះហើយហេតុតែបុណ្យរបស់គាត់ពីអតីតមកក៏បណ្ដាល ឲ្យឃើញអស្ចារ្យជានាគមួយហោះព័ទ្ធរោងបុណ្យនោះ៣ជុំ ។ ខណៈនោះមន្ដ្រីសេនាទាហានទាំងអស់ក៏ទះដៃតាំងហ៊ោថា បន្ទូលរបស់ព្រះមហាឧបរាជនោះពិតជាត្រូវដូចទំនាយហើយ ។ ចាប់តាំងពីថ្ងៃនោះមកមន្ដ្រីសេនាទាហានរបស់ស្ដេចកនក៏ព្រមព្រៀង គ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ ។ ពេលនោះសេនាទាហានដែលជាមេកំណែនកេណ្ឌរេហ៍ពលបានពីខេត្ដខាងកើត ១២០.០០០នាក់ ហើយនាំមកថ្វាយស្ដេចកន ។
មហាឧបរាជកនភូសម្រេចរាជកាមហាក្រស័ត្រសឹកយល់ថា ពលជួបហើយទើបតាំងនាយកៅជាប្អូនម៉ែបានដែលត្រូវជាមាខ្លួនបង្កើតឲ្យធ្វើជាសម្ដេចចៅហ៊្វាទឡៈ ហើយឲ្យឃុំពល១៥.០០០នាក់លើកទៅជួយមេទ័ពរបស់ខ្លួនដែលតាំងបន្ទាយ នៅភ្នំពេញតនឹងទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួង តាំងឧកញ៉ាម៉ឺនកែវ ជាចៅពញាក្រឡាហោម ឲ្យឃុំពល១៥.០០០នាក់ឲ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកត នឹងទ័ពចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង ។ ឯខ្លួនមហាឧបរាជកនភូសម្រេចរាជការមហាក្រស័ត្រសឹកវិញឃុំពល៤០.០០០ នាក់លើកទៅជួយមេទ័ពខ្លួនតាំងបន្ទាយនៅខេត្ដកំពង់សៀមតនឹងទ័ព ចៅពញាឧទ័យធិរាជ ។ ខណៈមេទ័ព និងខ្លួនមហាឧបរាជភូសម្រេចរាជការក្រស័ត្រសឹកលើកទៅដល់បន្ទាយទាំង បីហើយ ក៏ចូលតនឹងមេទ័ពហ្លួងទាំងបីផ្លូវ ។ ទ័ពទាំងសងខាងបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែង រហូតដល់អាវុធខ្លីចូលប្រកាប់គ្នាឥតមានសំចៃដៃទាំងអស់ ។ ខណៈនោះកងទ័ពពីក្នុងបន្ទាយក៏បើកទ្វារចេញមកវាយផ្ទប់កងទ័ព ហ្លួង ។ កងទ័ពហ្លួងក៏ធ្លាក់នៅកណ្ដាលចំណោម ហើយត្រូវកងទ័ពស្ដេចកនវាយកាប់នឹងអាវុធវែងខ្លីស្លាប់អស់ជា ច្រើន ។ មេទ័ពហ្លួងទាំងបីផ្លូវទ្រាំពុំបានក៏បែកទ័ពរត់ថយទៅក្រាបបង្គំ ទូលថ្វាយទោសគ្រប់ៗគ្នា ។ សម្ដេចព្រះបរមបពិត្រទ្រង់ប្រោសប្រណីដល់មេទ័ពទាំងបីនាក់ដែលបរាជ័យ នោះមិនឲ្យមានទោសឡើយ ។ ទ្រង់ប្រោសឲ្យធ្វើរាជការរៀងខ្លួនតទៅទៀត ។ សម្ដេចព្រះស្រីសុគន្ធបទទ្រង់អាណិតលើកទោសឲ្យមេទ័ពទាំងបីហើយទ្រង់ ត្រាស់បង្គាប់ឲ្យមន្ដ្រីចេញទៅកេណ្ឌកងទ័ពពីខេត្ដស្ទឹងត្រែងមួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្ដមួយ ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញ់មួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិ៍សាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្ដបូណ៌មួយ រលាប្អៀរមួយ ទាំង១៩ខេត្ដ នេះបានពលតែ៥០.០០០នាក់ រួមទាំងទ័ពហ្លួងដែលកេណ្ឌនៅខេត្ដជិតៗនោះផង ។ មហាឧបរាជកនយល់ឃើញថា បានការហើយ ក៏លើកទ័ពទាំងពីរផ្លូវត្រូវជាបីផ្លូវ និងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្ដអាសន្ទុក ហើយឲ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការសង្គ្រាមថា ទ័ពយើងដែលលើកទៅនេះបានពិជ័យឫស្សល្អណាស់ ។ បើយើងនឹងលើកទៅយកបានជ័យជំនះកាលណាប្រាកដជាយើងនឹងយកបានដោយងាយ ក្នុងកាលនោះ ។ តែការធ្វើដូច្នេះមុខជាស្លាប់រេហ៍ពលទាំងសងខាងខ្លះពុំខាន ឡើយ ។ បើយើងមានជ័យជំនះកាលណា ប្រាកដជាហ្លួងឲ្យសម្លាប់ម្ដាយយើង និងញាតិសន្ដានយើងស្លាប់អស់ឥតប្រយោជន៍ ។ ដូច្នេះយើងយល់ថា យើងត្រូវគិតឧបាយកលយកម្ដាយ និងញាតិសន្ដានយើងឲ្យបានហើយឲ្យមានជ័យជំនះផង ។ ដូច្នេះតើអស់កងសេនាទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្ដិ៍ឈ្មោះទុកតទៅបាន ។ អស់នាយកងទ័ពទូលសួរថា ឧបាយកលមហាឧបរាជនោះដូចម្ដេចខ្លះ ? មហាឧបរាជថ្លែងប្រាប់ថា កាលផែនដីសម្ដេចព្រះបរមរាជាពញាយ៉ាតនោះព្រះអង្គបានប្រើឧបាយមនុស្ស១២នាក់ឲ្យចូលទៅលុកព្រះឥន្ទកុមាររាជា (ស្ដេច សៀម) ។ ឧបាយនោះក៏នៅជាពូំសូវជ្រៅជ្រះណាស់នៅឡើយដែរ ។ ថាបើនរណាទទួលអាសាយើង យើងនឹងឲ្យរង្វាន់យសសក្ដិឲ្យពេញចិត្ដ ហើយយើងនឹងចិញ្ចឹមកូនចៅផៅសន្ដានតទៅ៧ជួរគោត្រ ។ ខណៈនោះមានមនុស្សម្នាក់ឈ្មោះឧកញ៉ាម៉ឺនសុរិន្ទកែវ ជាកូនរបស់ចៅពញាយោធាសង្គ្រាមដែលមានចិត្ដឃោរឃៅខឹងនឹងសម្ដេចព្រះ ស្រីសុគន្ធបទថា ទ្រង់ប្រើចៅពញាយោធាសង្គ្រាមជាបិតាខ្លួនទៅឲ្យមហាឧបរាជកនកាលនៅ ជាឃុនហ្លួងព្រះស្ដេចធិបតីបាញ់សម្លាប់ ហើយមិនបានតាំងចិញ្ចឹមកូនចៅឲ្យកាន់នាទីបិតាតទៅទៀតទេ ក៏រត់ពីសម្ដេចព្រះស្រីសុគន្ធបទទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ ។ លុះឮប្រកាសមហាឧបរាជដូច្នោះហើយ ឧកញ៉ាម៉ឺនកែវក៏វារចូលទៅសំពះហើយនិយាយថា ខ្ញុំព្រះបាទម្ចាស់សូមទទួលអាសាមហាឧបរាជឲ្យបានសម្រេច ។ មហាឧបរាជកន កាលបានស្ដាប់ឧកញ៉ាម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការហើយ ទើបហៅឧកញ៉ាម៉ឺនសុរិន្ទកែវឲ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកល គ្រប់ប្រការ ។ ឧកញ៉ាម៉ឺនសុរិន្ទកែវសំពះគំនាប់ហើយជម្រាបថា ឧបាយកលរបស់មហាឧបរាជនេះ ខ្ញុំព្រះបាទម្ចាស់នឹងធ្វើឲ្យបានសម្រេច តែត្រឹមចំនួនទាហានពីររយនាក់ប៉ុណ្ណោះ ។ ដូច្នេះខ្ញុំព្រះបាទម្ចាស់សុំយកខ្លួនចៈម៉ឺនចៃចុងរ៉ាក់ ដែលជាក្រុមរបស់ខ្ញុំព្រះបាទម្ចាស់ឲ្យឃុំទាហានក្រុមខ្ញុំប្របាទនោះ ទៅផង ដ្បិតមនុស្សនេះជាទំនុកចិត្ដរបស់ខ្ញុំព្រះបាទម្ចាស់ ។ មួយរំពេចនោះ មហាឧបរាជកនក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ៤០ជញ្ជីង ប្រគល់ឲ្យទៅឧកញ៉ាម៉ឺនសុរិន្ទកែវឲ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឧកញ៉ាម៉ឺនសុរិន្ទកែវឲ្យគ្រងទីជាយមរាជ ។ ស្ដេចកនប្រាប់ថែមទៀតថា បើឧកញ៉ាម៉ឺនសុរិន្ទកែវទៅហើយធ្វើដូចប្រាថ្នាមែននោះ ខ្លួនឧបរាជកននឹងឲ្យឧកញ៉ាម៉ឺនសុរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជមួយ រំពេច ហើយនឹងឲ្យរង្វាន់ឲ្យពេញចិត្ដទៀត កុំឲ្យថប់បារម្ភអ្វី ថាឯទាហានពីររយនាក់ដែលឯងបានរើស ព្រមទាំងចៈម៉ឺនចៃចុងរ៉ាក់ ជាទាហានរួចមិត្ដរបស់ឯងទៅនោះ ក៏ឲ្យយកតាមចិត្ដចុះ ។ ស្ដេចកននិយាយចប់ត្រឹមនេះហើយក៏ស្ទុះទៅយកមាស២០០ជញ្ជីង និងប្រាក់៤០០ជញ្ជីងឲ្យទៅឧកញ៉ាម៉ឺនសុរិន្ទកែវទៀត ហើយផ្ដាំថា ឲ្យយកមាសនិងប្រាក់នោះទៅចែកម៉ឺនចៃចុងរ៉ាក់ ជាសម្លាញ់ឯង និងកូនទាហានពីររយនាក់នោះទុកជាស្បៀងតាមផ្លូវចុះ ។ ឧកញ៉ាម៉ឺនសុរិន្ទកែវទទួលរង្វាន់ និងបណ្ដាំសព្វគ្រប់ហើយ ក៏សំពះលាថយទៅទីសំចតរបស់ខ្លួនវិញរួចហើយឧកញ៉ាម៉ឺនសុរិន្ទកែវក៏ ហៅចៈម៉ៃចៃចុងរ៉ាក់ និងកូនទាហានរួមចិត្ដចូលទៅក្នុងព្រៃស្ងាត់ មកចែកមាសចែកប្រាក់នោះរួច ទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្ដាំមកគ្រប់ប្រការ ។ ចៈម៉ឺនចៃចុងរ៉ាក់ និងទាហានទាំងពីររយនាក់បានទទួលប្រាក់រង្វាន់ហើយ ក៏និយាយថា យើងតាំងចិត្ដថានឹងធ្វើរាជការពុំស្ដាយជីវិតឡើយ ក៏ព្រោះតែចង់បានប្រយោជន៍ និងគុណទុកតកេរ្ដិ៍ឲ្យកូនចៅ ។ គ្រានោះ យើងបានមុខការត្រូវធ្វើដូចប្រាថ្នា ហើយត្រូវយើងប្រុងរបៀបខ្លួនធ្វើការឲ្យបានសម្រេចតាមបង្គាប់របស់ លោកមហាឧបរាជ ។ ចៈម៉ឺនចៃចុងរ៉ាក់ និងបក្សពួកយល់ព្រមគ្នាអស់ហើយ ក៏ចូលទៅដេកសំណាក់តាមនាទីរបស់ខ្លួន ។ ព្រឹកឡើងមហាឧបរាជកនឃើញឈ្មោះនេះដេកទាល់ថ្ងៃចោលនាទីបន្ទាយរបស់ ខ្លួន ពុំបានត្រួតត្រាឲ្យបានដិតដល់ទេ មហាឧបរាជកនក៏ធ្វើជាខឹង ហើយបង្គាប់ឲ្យភូឃុំចាប់យកខ្លួនឧកញ៉ាម៉ឺនសុរិន្ទ (កែវ) គ្រងងារយមរាជនោះដាក់ក្ដីវាយខ្នង៣០ខ្វាប់ឲ្យបណ្ដើរអាក្រោសឲ្យ គ្រប់៣ថ្ងៃ ហើយឲ្យសម្លាប់ចោលក្នុងពេលនោះកុំឲ្យទុក ។ ក្នុងគ្រានោះមហាឧបរាជកន និងចៅពញាឧទ័យធិរាជបោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា ។ លុះភូឃុំបណ្ដើរអាក្រោសឧកញ៉ាម៉ឺនសុរិន្ទ (កែវ) ទៅដល់មុខបន្ទាយចៅពញាឧទ័យធិរាជ ហើយក៏បោះបន្ទាយឈើចងឧកញ៉ាម៉ឺនសុរិន្ទ (កែវ) បំណងនឹងសម្លាប់ ហើយបង្គាប់ឲ្យឧកញ៉ាម៉ឺនសុរិន្ទកែវភាវនា ។ ខណៈនោះ ចៈម៉ឺនចៃចុងរ៉ាក់ និងទាហានរួមចិត្ដពីររយឃើញថា ដល់សន្មតហើយក៏តាំងហ៊ោចេញពីក្នុងព្រៃមកដេញពួកភូឃុំដែលបណ្ដើរ ឧកញ៉ាម៉ឺនសុរិន្ទកែវនោះ ហើយដោះក្ដីឧកញ៉ាម៉ឺនសុរិន្ទកែវចេញពីបង្គោល រួចនាំគ្នារត់ទៅរកបន្ទាយចៅពញាឧទ័យធិរាជ ។ ចៅពញាឧទ័យធិរាជក្រឡេកឃើញហើយសាកសួរទៅឧកញ៉ាម៉ឺនសុរិន្ទកែវ និងចៈម៉ឺនចៃចុងរ៉ាក់ ព្រមទាំងទាហានទាំងពីររយនាក់ពីដំណើរហេតុការណ៍នេះ ដោយចង់ដឹងមនុស្សទាំងនេះក៏ឆ្លើយសេចក្ដីត្រូវគ្នាថា ខ្លួនដើរយាមល្បាតរាល់ថ្ងៃ រាល់យប់គ្មានពេលសម្រាកសោះ ។
ថាយប់ម្សិលមិញនេះ ឧកញ៉ាម៉ឺនសុរិន្ទកែវទទួលទានដំណេកទាល់ថ្ងៃធ្វេសមិនបានយាម ប្រចាំការ ក៏ទទួលជាពេលនោះព្រះស្ដេចកនដែលតាំងខ្លួនជាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹកនោះ ចេញមកដើរត្រួតត្រាបន្ទាយ លុះឃើញឧកញ៉ាម៉ឺនសុរិន្ទកែវមានកំហុសយ៉ាងនេះហើយក៏ចាប់ទោសឲ្យយក មកសម្លាប់ ។ ហេតុនេះហើយបានជាពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះ អាណិតអាសូរវេទនាដល់ជាតិត្រកូលឧកញ៉ាម៉ឺនសុរិន្ទកែវ ជាកូនចៅពញាយោធាសង្គ្រាមដែលស្លាប់ដោយមានគុណបំណាច់នឹងផែនដីនោះ ផង ក៏ខ្ញុំប្របាទទាំងអស់គ្នា ខំដណ្ដើមយកខ្លួនឧកញ៉ាម៉ឺនសុរិន្ទកែវមកសុំជ្រកបុណ្យអំណាចព្រះ តេជគុណ សូមធ្វើរាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ ។ ចៅពញាឧទ័យធិរាជសួរថា ចៅពញាយោធាសង្គ្រាមដែលអាព្រះស្ដេចកនបាញ់ធ្លាក់ពីលើក្បាលដំរីនោះ ឬជាបិតារបស់ឯង ? ឧកញ៉ាម៉ឺនសុរិន្ទកែវឆ្លើយថា បាទនុះឯងហើយវាបាញ់បិតាខ្ញុំប្របាទស្លាប់ ហើយវាចាប់យកខ្លួនខ្ញុំប្របាទយកទៅរាប់អានបញ្ចុះបញ្ចូលឲ្យមូលចិត្ដ គំនិតជាមួយវា រួចក៏ឲ្យចូលទៅធ្វើរាជការជាមួយនឹងវាទៅ ។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះសូមផ្ញើអាយុជីវិតធ្វើការរាជការ ក្នុងព្រះតេជគុណដើម្បីគិតសម្លាប់អាព្រះស្ដេចកនសងឈាមបិតា ខ្ញុំប្របាទខ្ញុំឲ្យបានវិញ សូមប្របាទម្ចាស់លោកមេត្ដាសង្គ្រោះដល់ខ្ញុំប្របាទម្ចាស់ឲ្យ ទាន ។ ចៅពញាឧទ័យធិរាជបានស្ដាប់ចម្លើយអស់ទាំងពីររយនាក់នោះហើយ ឃើញថាអស់ទាំងនោះឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនានឹកទៅដល់ចៅពញាយោធាសង្គ្រាមជាបិតាឧកញ៉ាម៉ឺនសុរិន្ទ កែវ ដ្បិតជាភ្នាក់ងារខ្ញុំព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្ដថា សម្ដីបោកប្រាស់នេះជាសម្ដីពិតប្រាកដណាស់ ទើបលោកមានប្រសាសន៍ថា ការណ៍នេះបើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជា ម្ចាស់ផែនដីមែន យើងនឹងជួយទំនុកបម្រុងក្រាបបង្គំទូលព្រះអង្គឲ្យអ្នកបានសេចក្ដី គាប់ទៅជាខាងក្រោយ ប៉ុន្ដែជាន់នេះតាមច្បាប់អាជ្ញាសឹក យើងនឹងខានដាក់ក្ដីនាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំ បានឡើយ ។ ឧកញ៉ាម៉ឺនសុរិន្ទកែវ និងបក្សពួកក៏ព្រមឲ្យដាក់ក្ដីតាមច្បាប់អាជ្ញាសឹក ។ ចៅពញាឧទ័យធិរាជថាហើយ ក៏បង្គាប់នាយកងនាយទ័ពឲ្យដាក់ក្ដីឈ្មោះទាំង២០២នាក់ ហើយចាត់បម្រើឲ្យនាំខ្លួនទាំង២០២នាក់នេះទៅក្រាបបង្គំទូលថ្វាយ ព្រះបរមបពិត្រដែលស្ដេចគង់នៅក្នុងបន្ទាយស្ទឹងសែន ដើម្បីសុំព្រះរាជវិនិច្ឆ័យតាមច្បាប់ទាហានទាំង២០២នាក់បានទៅដល់ ព្រះអង្គហើយ ក៏ក្លែងធ្វើជាក្រាបយំអណ្ដឺតអណ្ដករអាក់រអួលពន់ប្រមាណ ។ សម្ដេចព្រះស្រីសុគន្ធបទរាជាពេលនោះ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំអស់នាម៉ឺនមន្ដ្រី សេនាបតី មន្ដ្រីតូចធំ ខ្ញុំរាជការនៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបម្រើចៅពញាឧទ័យធិរាជថ្វាយសំបុត្រចម្លើយទាហាន ទាំង២០២នាក់នោះហើយ ទ្រង់ក៏ត្រាស់បង្គាប់មន្ដ្រីខាងទាហានក្រុមមឿង ទាហានរក្សាព្រះអង្គ និងក្រុមមហាផ្ទៃឲ្យពិចារណាសួរកត់យកចម្លើយឈ្មោះទាំងនោះ ហើយឲ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្ដាប់ ។ មន្ដ្រីទាំង៣ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់ ។ លុះឃើញថា ចម្លើយរបស់ទាហានទាំង២០២នាក់នោះ ត្រូវដូចចម្លើយក្នុងសំបុត្រចៅពញាឧទ័យធិរាជហើយ ព្រះបរមបពិត្រទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏លើកទោសដោះក្ដីទាហានទាំង២០២នាក់នោះចេញ ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីទាហានរក្សាព្រះអង្គតទៅ ។ បន្ទាប់មកទ្រង់ព្រះរាជទានប្រាក់ឧកញ៉ាម៉ឺនសុរិន្ទកែវ៥ជញ្ជីងឲ្យ ចៈម៉ឺនចៃចុងរ៉ាក់៤ជញ្ជីង ឲ្យទាហានទាំង២០០នាក់៥តម្លឹងៗម្នាក់ ។ មហាឧបរាជកនភូសម្រេចក្រស័ត្រសឹកកាលឧកញ៉ាម៉ឺនសុរិន្ទកែវគ្រងងារជា យមរាជរត់ចេញទៅហើយនោះ ក៏លើកទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ ។ ចៅពញាឧទ័យធិរាជក៏ឲ្យកងទ័ពទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ ថ្ងៃរសៀលជិតព្រលប់ទើបឈប់ ។ កងទ័ពខាងចៅពញាឧទ័យធិរាជស្លាប់អស់យ៉ាងច្រើន ។ ចៅពញាឧទ័យរាជាធិរាជយល់ថា ទ័ពខាងស្ដេចកនច្រើនលើសកម្លាំងណាស់ នឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ក៏នាំកងទ័ពដោះថយទៅស្ទឹងសែន ហើយឲ្យរៀបព្រះទីនាំងនាវាទូកចំណុះ និងទូកចម្លង ត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឲ្យស្ដេចនាំគ្រប់គ្រួទៅ គង់នៅឯខេត្ដពោធិ៍សាត់វិញ ។ នៅវេលាយប់នោះ សម្ដេចព្រះស្រីសុគន្ធបទជាអម្ចាស់ផែនដីស្ដេចចូលក្រឡាបន្ទំ ទ្រង់ព្រះសុបិននិមិត្ដឃើញថា ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយមកខាំ ញំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា អត់មានមន្ដ្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះ ស្ដេចឃើញដូចជាសម្ដេចព្រះវររាជបិតាមកដាស់ហៅព្រះអង្គថា «ឯង ទៅនៅនឹងអញ ថាស្ដេចនាគរាជនោះកុំឲ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទរះមកពីទិសខាងលិចកាលណា វាក៏នឹងរលាយរូបទៅក្នុងកាលនោះដែរ ។» ទ្រង់ព្រះសុបិនតែប៉ុណ្ណឹងហើយ ទ្រង់តក្កមាខ្លាំងណាស់ ក៏តើនចាកក្រឡាបន្ទំ ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅត្រាស់ហៅព្រះបុរោហិត និងហោរាមកថ្វាយព្យាករណ៍ ។ ព្រះហោរាធិបតីថ្វាយព្យាករណ៍ថា ការណ៍ដែលព្រះអង្គនិមិត្ដឃើញនាគខាំញំព្រះអង្គនាំទៅក្នុង ទឹកស្ទឹងសែននោះ ត្រូវត្រង់ស្ដេចកននាំអ្នកជាមកប្រមាថព្រះអង្គបាន ។ ថាត្រង់ដែលឃើញសម្ដេចព្រះវររាជបិតាមកស្រែកហៅព្រះអង្គនោះ ទំនាយថាព្រះអង្គគង់នៅទីនេះពុំបានទេ ។ ថាបើចៅពញាឧទ័យធិរាជឲ្យរៀបព្រះទីនាំងឲ្យថយទៅខេត្ដពោធិ៍សាត់នោះ ឃើញជាត្រូវណាស់ សូមព្រះអង្គទ្រង់ធ្វើតាមចុះ ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាលិចកាលណានឹងរលាយរូបនាគនោះ ទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូលនឹងចេញមកពីទិសបស្ចឹម ក៏មកប្រាមប្រាប់ឲ្យរលាយព្រះស្ដេចកននេះពុំខានឡើយ ។ កាលដែលហោរាទំនាយថានោះត្រូវជាថ្ងៃ១៨កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស២០៥៦ គ.ស១៥១២ ម.ស១៤៣៤ ច.ស៨៧៤ ។ ផែនដីព្រះសុគន្ធបទ នេះ បើកើតពីត្រឹមកាលដែលព្រះអង្គស្ដេចសោយរាជ្យជាសុខនោះបាន៥ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន៤ឆ្នាំ បូករួមទៅត្រូវជា៩ឆ្នាំ ព្រះជន្មវស្សា៣៤ឆ្នាំ ។ ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកញ៉ាម៉ឺនសុរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ៉ាក់មួយនាំទាហាន២០០នាក់ចូលទៅស្រែកថា មានការណ៍ធំណាស់ៗសូមក្រាបបង្គំគាល់ ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គ ទាហានទាំងពីរកាយនេះចូលដល់ផ្ទាល់ព្រះអង្គ ហើយកាប់ត្រូវព្រះអង្គជាទម្ងន់ ។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយ ក្រុមរក្សាព្រះអង្គស្ទុះចូលទៅ កូនទាហានទាំង២០០នាក់នោះទទួលកាប់ចាក់គ្នា និងក្រុមរក្សាព្រះអង្គនោះជាឱឡារិក ។ សូរសន្ធឹកនេះឮដល់ចៅពញាយមរាជដែលជាបិតាលៀងនៃចៅពញាយសរាជា ជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ ។ កាលព្រះបរមបពិត្រព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជាលើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរ ហើយនាំសេនាទាហានខ្លះចេញមកកាប់អាក្បត់ស្លាប់អស់៣០នាក់ ស្លាប់ខាងទ័ពហ្លួងជាង១០០នាក់ ។ ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង ។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា កាលឃើញទ័ពស្ដេចកនមកដល់ហើយ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ។ ឯចៅពញាយមរាជកាលដេញកងទ័ពឧកញ៉ាម៉ឺនសុរិន្ទកែវ រត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាសត្រូវកនទៀត តែច្បាំងពុំបានក៏ចៅពញាយសរាជាចុះទូករត់ទៅ ។
ផែនដីព្រះស្ដេចកន ពីគ.ស១៥១២ ដល់គ.ស១៥
លុះដល់ខេត្ដមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅ ក្រុងទេព (ប្រទេសសៀម) ។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវក៏ឈឺអនិច្ចកម្មទៅ ។ អស់មុខមន្ដ្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញចៅពញាយសរាជាចូលទៅក្រុងទេព ។
នេះនឹងស្រដីអំពីសម្ដេចព្រះឥសីភ័ទ្ទ (សួស) ថា កាលដែលបន្ទាយសំរោងបែកទ័ពនោះ សម្ដេចព្រះឥសីភ័ទ្ទ ព្រមគ្នានិងស្ម័គ្របក្សពួកអញ្ជើញយកព្រះខ័នរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ ចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ ។ នៅទីនោះគាត់គិតថា បើអញទ្រាំទៅដល់ស្រុកសៀម មុខជាសៀមមិនឲ្យអញត្រឡប់មកវិញទេ ។ លុះគិតដូច្នោះហើយ សម្ដេចព្រះឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅ សម្ដេចព្រះឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅ យកតែព្រះខ័នរាជ្យ និងលំពែងជ័យ ព្រះកៅទណ្ឌសរនោះវេចស្ពាយរត់ទៅដល់ចុងខេត្ដបាទី (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើមស្រុកកណ្ដាលស្ទឹង, ស្អាង, សំរោង, ភ្នំស្រួច, ភ្នំស្រង់, គងពិសី ទាំងអស់នេះនៅក្នុងខេត្ដបាទីដែរ) ។ នៅទីនោះសម្ដេចព្រះឥសីភ័ទ្ទក៏ពួនលាក់ខ្លួនមិនឲ្យនរណាដឹងឡើយ ឯព្រះខ័នរាជ និងលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រនោះ សម្ដេចព្រះឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់ មួយ ។ ចំណែកចៅពញាយសរាជា ជាព្រះរាជបុត្រព្រះស្រីសុគន្ធបទនោះ ព្រមទាំងបណ្ដាជាខ្ញុំក្រុមមហាតលិកនាំព្រះអង្គរត់ទៅដល់ស្រុកសៀម ហើយ ក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយក្លែងឧបាយក្បត់ផែនដី ។ ទ្រង់ថ្លែងសេចក្ដីពីសម្ដេចព្រះវររាជបិតាក្ស័យព្រះជន្មនៅស្ទឹងសែន សព្វគ្រប់ប្រការ ។ សម្ដេចព្រះបរមរាជាមហាឧបរាជ ទ្រង់ព្រះសណ្ដាប់ទ្រង់មានសេចក្ដីអាល័យសម្ដេចព្រះជេដ្ឋាណាស់ ។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអាកនព្រះស្ដេចដែលវាចេញ ក្បត់ផែនដីទាល់តែអន្ដរាយដល់ព្រះអង្គព្រះជេដ្ឋា ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គទាំងមុខមន្ដ្រីក៏សោកយំគ្រប់ គ្នា ។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជាមហាឧបរាជស្ដេចនាំចៅពញាយសរាជាចូលគាល់សម្ដេចព្រះ មហាចក្រពត្ដិ «ស្ដេចសៀម» ទូលរឿងសព្វគ្រប់ហើយទូលពីសម្ដេចព្រះរៀមសុគតគ្រប់ប្រការ រួចទូលសុំកងទ័ពលើកទៅចាប់អា (កន)ព្រះស្ដេចប្រហារជីវិតឲ្យបាន ។ ព្រះមហាចក្រពត្ដិទ្រង់ប្រារឰនឹងក្រស័ត្រទាំងពីរព្រះអង្គហាក់ ដូចជាឈឺឆ្អាលណាស់ថា ចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាស ឆាប់ៗកុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ ។
រីឯមហាឧបរាជកនភូសម្រេចរាជការមហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្ដពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅ ត្រូវជាមា និងនាយកង នាយទ័ពលើកទៅសង្កត់ខេត្ដឲ្យរាបទាបទាំងអស់ គឺខាងជើងទល់នឹងនគរលាវ និងលិចទល់នឹងនគរសៀម ខាងកើតទល់នឹងនគរចាម ខាងត្បូងទល់នឹងសមុទ្រ ។ លុះសង្កត់បានរាបទាបហើយ ចៅហ៊្វាកៅក៏តាំងចៅហ្វាយស្រុកឲ្យនៅរក្សាខេត្ដយ៉ាងមាំមួន រួចទើបត្រឡប់មករកមហាឧបរាជកនវិញ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកបានដឹងថា អាណាខេត្ដរាបទាបអស់ហើយ ក៏មានចិត្ដត្រេកអរណាស់ឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរ វិញ ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ៊្វាកៅជាមាឲ្យជាធំសម្រេចរាជការខាងទាហាន ។ ក្រៅពីនោះស្ដេចកនតាំងឲ្យជាសេនាបតីមន្ដ្រីតូចធំ តាមមានគុណបំណាច់រាល់រូប ។ លុះរៀបសេនាបតីរួចស្រេចហើយ មហាឧបរាជកនក៏ប្រកាសថា បើអ្នកណារកព្រះខ័នរាជ្យមកថ្វាយបាន នឹងឲ្យរង្វាន់ជាមាស៥០០តម្លឹង តែពេលនោះគ្មានអ្នកណារកឃើញសោះ ។ ស្ដេចកនឲ្យធ្វើព្រះខ័នរាជ្យថ្មីមួយវិចិត្ររចនាដោយសុវណ្ណរ័តន៍ រួចស្រេចហើយសម្ដេចចៅហ៊្វាកៅ និងអស់សេនាបតីមន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ជំនុំព្រមគ្នារៀបពិធីប្រាបា្ដភិសេកមហាឧបរាជកនឲ្យឡើងសោយរាជ្យ សម្បត្ដិគ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ ។ ព្រះមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក (កន) បានឡើងប្រាបា្ដភិសេកសោយរាជ្យសម្បត្ដិក្នុងឆ្នាំវក ចត្វាស័ក ព.ស២០៥៦ គ.ស១៥១២ ម.ស១៤៣៤ ច.៨៧៤ ក្នុងព្រះជន្មាយុ២៩ឆ្នាំ ក្នុងវាំងបាសាន ខេត្ដស្រីសឈរ ទ្រង់ព្រះនាមជាព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីក្រុងស្រីសឈរបាសាន ។ ស្ដេចលើកព្រះរាជវង្សានុវង្ស និងពលព្រះស្រីរតនត្រ័យទាំងអស់ឲ្យឡើងសម្ដេចចៅហ៊្វាកៅ ដ្បិតសម្ដេចចៅហ៊្វាមានគុណបំណាច់បានជួយច្បាំងមានជ័យ ហើយបានដើរសង្កត់រាបទាំងអាណាខេត្ដ ។ ស្ដេចលើកលែងឲ្យយកសួយសារអាករមួយរដូវតាមបុរាណប្រវេណីដែលផ្លាស់ ផែនដីថ្មី ។ ផែនដីព្រះមហាឧបរាជកនក៏សុខសប្បាយរៀងមក ។ លុះមកដល់ឆ្នាំច ឆស័កព.ស២០៥៨ គ.ស១៥១៤ ម.ស១៤៣៦ ច.ស៨៧៦ សម្ដេចព្រះស្រីជេដ្ឋាបរមបពិត្រ ទ្រង់ព្រះតម្រិះថា យើងជាស្ដេចផ្លាស់វង្សថ្មីគប្បីគិតឲ្យមានជាប់នៅព្រះកេរ្ដិ៍ទី ដំណែលព្រះរាជធានីថ្មីនេះតទៅ ទើបមានសេចក្ដីល្បាញឮនាមច្បាស់ប្រាកដទៅអនាគត ។ លុះទ្រង់ព្រះតម្រិះយល់ដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅ ជាមា ឲ្យកេណ្ឌប្រមូលរាស្ដ្រប្រជាគ្រប់គ្រួលើកពីក្រុងបាសានទៅទិស ខាងកើត ។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋាស្ដេចឲ្យសាងក្រុង ហើយគង់នៅទីនោះបាន៥ខែ ។ ថ្ងៃមួយព្រះអង្គទៅពលីការទេវតានៅដើមព្រះពោធិ រួចហើយស្ដេចត្រឡប់មកដំណាក់វិញ ។ យប់នោះទ្រង់ផ្ទំលក់ទៅ ទ្រង់ព្រះសុបិននិមិត្ដឃើញថា ទ្រង់បានឮសន្ធឹកអ្វីពីទិសខាងលិចថាទ្រង់ឈរទតព្រះនេត្រាគ្រប់៥ ម៉ោងឃើញខែរះប៉ប្រះមាត់ព្រៃ ហើយឃើញតាចាស់ម្នាក់ឈរនៅទីនោះស្រែកប្រាប់មកព្រះអង្គថា ៖ «ស្ដេចពុំត្រូវនៅទីនេះទេ ត្រូវតែនៅឯភូមិស្រឡប់ទើបបានសុខថា ទៅមុខគង់តែនឹងដឹងទៀត» ។ លុះចប់ព្រះសុបិននិមិត្ដហើយ ស្ដេចតើនឡើងក៏យល់ថា ព្រះអាទិត្យរឿងរះប្រពៃណាស់ ។ ពេលនោះទ្រង់ចោលទីចន្លក់ ហើយលើកគ្រប់គ្រួទៅនៅភូមិស្រឡប់ចុងខេត្ដត្បូងឃ្មុំ ទល់ដែនខេត្ដបាភ្នំ សមគួរជាទីពិជ័យភូមិល្អ ។ នៅទីនោះ ទ្រង់ចាត់ការលើកដីដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំផែង ជីកគូ ជីកអូរ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន ។ លុះធ្វើការស្រេចហើយ ស្ដេចឲ្យសាងប្រាសាទព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និងសួនឧទ្យានមានគ្រប់ប្រការ ។ ស្ដេចចាប់ធ្វើការតែពីរឆ្នាំបានរួចជាស្រេច ។ តែទីនោះឥតទឹកទេ ទើបទ្រង់ព្រះបង្គាប់ឧកញ៉ាវៀងមួយ ឧកញ៉ាវាំងមួយ ឧកញ៉ាលំពាំងមួយ ឧកញ៉ាស្រាលមួយ ឲ្យជីកស្រះធំកណ្ដាលកំផែងព្រះនគរមានជ្រុង៤ ។ លុះជីកបានទឹកស្រេច ស្ដេចសន្មតជ្រុងមួយៗឲ្យហៅថា កំពង់វៀង ជ្រុងមួយទៀតហៅថាកំពង់វាំង កំពង់ទី៣ ហៅថាកំពង់លំពាំង កំពង់ទី៤ហៅថាកំពង់ស្រាល គ្រប់ចតុស្ដម្ភ (សេនាបតី) ទាំង៤ ។ អាស្រ័យហេតុទាំងនេះហើយ ទើបបានជាកំពង់ទាំង៤នោះមានជាប់ឈ្មោះឧកញ៉ាទាំង៤នោះរហូតមកដល់ សព្វថ្ងៃនេះ ។
ស្ដេចកនកសាងនគរធំមាំមួនជាងនគរចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ដ្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរជាបីនាក់ ។ លុះស្ថាបនារួចស្រេចហើយ ស្ដេចតាំងព្រះនគរនោះយកនាមភូមិដើមមកផ្សំនឹងពាក្យថ្មី ហៅថាក្រុងស្រីសន្លប់ដូនតីព្រៃនគរបវររាជធានី ។ ទ្រង់ឲ្យឧកញ៉ាស្រាលចាប់ត្រីតូចធំយកទៅលែងក្នុងស្រះ ក្នុងគូស្នាមភ្លោះជាច្រើន ឲ្យឧកញ៉ាលំពាំងតាំងខ្លោងព្នៀតដំរី (ធ្វើក្រោលដំរី) ។ ស្ដេចឲ្យឈ្មោះវាលដែលស្ដេចទៅប្រពាតដេញសត្វនោះថាវាលបានធំ (ខ្លះថាវាលចន្ទំ) ព្រោះជាវាលដែលស្ដេចដេញសត្វបានច្រើន ឲ្យឈ្មោះបឹងមួយដែលស្ដេចទៅប្រពាតមច្ឆាពុំបាននោះឲ្យហៅថាបឹង ស្មូរជន ។ ព្រះអង្គឲ្យសាងព្រះវិហារសីមាជាច្រើន ។ ទ្រង់ឲ្យតាំងទ្រទូងរដ្ឋទាំង៧ គឺព្រះសង្ឃបរិនាយកមួយ ព្រះអរិយកស្សបមួយ ព្រះឯកសត្ថាមួយ ព្រះពុទ្ធឃោសាមួយ ព្រះធម្មឃោសាមួយ ព្រះវិបស្សនាមួយ ព្រះបវរសេត្ថាមួយ ។ ព្រះទ្រទូងរដ្ឋទាំង៧នេះ ព្រះអង្គឲ្យនៅគង់ចាំព្រះវស្សាក្នុងអាវាសមួយៗរាល់ព្រះ អង្គ ។ ព្រះស្រីជេដ្ឋាដែលយាងមកគង់នៅក្រុងសន្លប់ដូនតីព្រៃនគរនោះបានតែ បីឆ្នាំ រាស្ដ្រប្រជា អ្នកបរទេស ចូលមកនៅកុះកុំជុំជិត ប្រកិតគ្នាច្រើនក្រៃគណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ ព្រះនគរក៏សុខសប្បាយសម្បូរគ្រប់ ។ ព្រះអង្គឲ្យបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគឲ្យរាស្ដ្រចាយ ហើយព្រះអង្គសព្វព្រះហឫទ័យល្បែងស្រី ទតរាំ របាំ មហោស្រពតូរ្យតន្ដ្រីណាស់ ។
នេះនឹងនិយាយអំពីសម្ដេចព្រះឥសីភ័ទ្ទនោះថា កាលស្ដេចឥសីភ័ទ្ទទៅលាក់ខ្លួនពួនអាត្មាក្នុងព្រៃជាយូរទៅអាសូរ ព្នងជាខ្ញុំ (សម័យពីដើមគេចាប់ព្នងមកលក់ឲ្យធ្វើជាខ្ញុំគេ) ក៏ស្លាប់ទៅទៀត នៅតែម្នាក់ឯង ក្រីក្រលំបាកណាស់ ។ លុះបានដឹងដំណឹងថា ស្ដេចកនបានសោយរាជ្យ ហើយបានប្រកាសឲ្យរកព្រះខ័នរាជ្យ និងគ្រឿងបញ្ចក្សេត្រថា «បើនរណារកឃើញហើយយកទៅថ្វាយស្ដេចកន ស្ដេចកននឹងប្រទានរង្វាន់ជាមាស៥០០តម្លឹង» ដូច្នេះ ឥសីភ័ទ្ទក៏មានចិត្ដលោភក្នុងសន្ដានអាត្មា ដោយគិតថា បើយើងយកវត្ថុទាំងនេះទៅថ្វាយស្ដេចកនទៅ មាសប្រាក់ក៏បាន យសសក្ដិក៏បាន យើងនឹងទុករតនមង្គលទាំងនេះទៅក៏អាសារឥតការដែរ កាលណាឡើយសម្ដេចចៅពញាចន្ទរាជា និងសម្ដេចចៅពញាយសរាជាទាំងពីរព្រះអង្គនឹងបានត្រឡប់មកវិញ នោះ ។ គិតយល់ដូច្នេះហើយសម្ដេចឥសីភ័ទ្ទក៏ដើរតែម្នាក់ឯងទៅដល់ដើមចំបក់ ធំនោះ ហើយខំប្រវាឡើងបានដល់ប្រគាបមួយ សម្ដេចឥសីភ័ទ្ទរៀបនឹងលូកដៃយកព្រះខ័ននោះ ក៏ស្រាប់តែឃើញពស់មួយយ៉ាងធំលូនឡើងទៅលើដើមចំបក់នោះដែរ ។ ពស់នោះរង់ចាំនឹងចឹកសម្ដេចឥសីភ័ទ្ទ ។ សម្ដេចឥសីភ័ទ្ទឃើញពស់ក៏ភ័យញ័ររន្ធត់ ភ្លាត់ដៃធ្លាក់ចុះមកបាក់កស្លាប់ក្នុងព្រៃនោះ ឥតមានអ្នកឯណាឃើញសោះឡើយ ។ ខ្មោចនោះចំណេរមកឯអនាគតក៏ទៅជាបិសាចចាំរក្សាព្រះខ័ននៅទីនោះ រៀងមក ។
នេះនឹងសានិយាយទៅខាងដើមបន្ដិចវិញ កាលសម្ដេចព្រះស្រីសុគន្ធបទសុគតទៅនោះ នៅក្នុងច.ស៨៧៤ ឆ្មាំវក ចត្វាស័ក ។ កាលច.ស៨៧១ ឆ្នាំម្សាញ់ ឯកស័កនោះ សម្ដេចពញាចន្ទរាជា ស្ដេចយាងទៅគង់នៅក្រុងទេពបាន៣ឆ្នាំ ។ ដល់មកឆ្នាំវក ចត្វាស័កនោះ ទើបព្រះចៅពញាយសរាជារត់ទៅដល់ ក៏គង់នៅជាមួយសម្ដេចចៅពញាចន្ទរាជា ជាព្រះបិតុលា ព្រមទាំងស្ដេចក្រាបទូលព្រះបិតុលាថា ក្រុងកម្ពុជាធិបតីនោះ ព្រះស្ដេចកនលុកសម្ដេចព្រះស្រីសុគន្ធបទជាសម្ដេចព្រះបរមរាជបិតា ដែលត្រូវជាព្រះបរមជេដ្ឋា ព្រះអង្គនោះសុគតទៅហើយ ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះវិយោគអាឡោះអាល័យ ព្រះបរមសពពន់ប្រមាណ ។ ស្ដេចចង់តែត្រឡប់មកក្រុងកម្ពុជាវិញដើម្បីសម្លាប់ស្ដេចកនសងសឹក ថ្វាយព្រះជេដ្ឋា ។ ស្ដេចទន្ទឹងចាំតែព្រះចៅចក្រពត្ដិ ដែលបានព្រមថានឹងជួយទំនុកបម្រុងព្រះអង្គដោយថ្វាយទ័ពដល់ព្រះ អង្គឲ្យនាំទៅក្រុងកម្ពុជាវិញនោះ ក៏មិនឃើញចាត់កងទ័ពមកថ្វាយសោះទេ ។ តាំងពីថ្ងៃនោះមក សម្ដេចចៅពញាចន្ទរាជាអន្ទះសារក្នុងព្រះអង្គ រកតែកលនឹងដោះមកក្រុងកម្ពុជាវិញ តែរកពុំទាន់បាននោះឡើយ ។ បើយើងគិតពីត្រឹមស្ដេចចៅពញាចន្ទរាជាទៅគង់នៅក្រុងសៀមពី ឆ្នាំម្សាញ់ ឯកស័ក ព.ស២០៥៣ គ.ស១៥០៩ ម.ស១៤៣១ ច.ស៨៧១ ឆ្នាំជូត នព្វស័ក មកដល់ព.ស២០៥៩ គ.ស១៥១៥ ម.ស១៤៣៧ ច.ស៨៧៧ ឆ្នាំកុរ សប្ដស័កនេះឃើញថា ព្រះអង្គគង់នៅស្រុកសៀមបាន៧ឆ្នាំហើយ ។ ឆ្នាំជូតនោះមានដំរីសមួយ កម្ពស់៤ហត្ថ នៅស្រុកកាញ្ចនបុរី ។ មានហ្មសៀមម្នាក់ឈ្មោះ ពាម នាំស្ម័គ្របក្សពួកទៅចោមទាក់ដំរីនោះ តែទាក់ពុំបាន ។ ដំណឹងនេះជ្រាបដល់ព្រះចៅចក្រពត្ដិ (ស្ដេចសៀម) ព្រះចៅកើតព្រះទ័យចង់បានដំរីនោះណាស់ តែទ្រង់នឹងរកអ្នកណាជាទំនុកទុកព្រះទ័យល្មមជាទីសង្ឃឹមថា បើឲ្យចេញទៅធ្វើការនេះថ្វាយពុំបាន ។ ខណៈនោះមន្ដ្រីសៀមទាំងប៉ុន្មានដែលគង់គាល់ទូលថា ក្នុងចំណោមរាជវង្សានុវង្សក្ដី មន្ដ្រីទាំងពួងក្ដី ទូលព្រះបង្គំមិនឃើញមានអង្គណា ឬអ្នកណាម្នាក់ដែលស្ទាត់ជំនាញខាងកាន់អាវុធស្មើនឹងចៅពញាចន្ទរាជា បានទេ ការនេះបើទ្រង់ព្រះករុណាពិសេសស្ដេចប្រើចៅពញាចន្ទរាជាឲ្យចេញទៅ ធ្វើការថ្វាយការនោះនឹងបានសម្រេចជាមិនខាន ។
ព្រះចៅចក្រពត្ដិទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ក៏ត្រាស់សុំឲ្យសម្ដេចព្រះអង្គចន្ទស្ដេចជួយយកអាសារផង ។ សម្ដេចចៅពញាចន្ទរាជាក្រាបទូលទទួលទៅទាក់ដំរីនោះយកមកថ្វាយតាម ព្រះរាជតម្រិះ ។ ព្រះចៅចក្រពត្ដិមានព្រះទ័យត្រេកអរណាស់ទ្រង់ត្រាស់បង្គាប់ឲ្យ កេណ្ឌយកធ្នាក់ យកហ្ម ទៅទាក់ដំរីសនោះតាមសព្វព្រះទ័យរបស់សម្ដេចចៅពញាចន្ទរាជា ។ សម្ដេចចៅពញាចន្ទរាជាទាក់បានដំរីនោះមកថ្វាយព្រះចៅចក្រពត្ដិព្រះ អង្គទ្រង់ព្រះអំណរណាស់ ទ្រង់សរសើរឫទ្ធិ ចំណេះវិជ្ជាផ្សេងៗ ហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើនដល់សម្ដេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះជាគជេន្ទ្រនរោត្ដម ។
សម្ដេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបានហើយនោះ ទ្រង់យល់ថា បានឱកាសហើយ ទើបទ្រង់ក៏ក្រាបទូលថា សូមបង្គំលាសម្ដេចព្រះចៅចក្រពត្ដិទៅបង្ក្រាបអាស្ដេចកន ដែលក្បត់ញាំញីព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្ស បណ្ដាលឲ្យបែកខ្ចាត់ខ្ចាយអស់ ថាបើព្រះអង្គនឹងបង្អង់យូរទៅឃើញថាពុំបានឡើយ ។
សម្ដេចព្រះចៅចក្រពត្ដិបានទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ថា កុំឲ្យក្មួយរួសរាន់ពេក ចាំដល់ឆ្នាំក្រោយៗ មានឹងឲ្យជូនទៅជាមិនខាន ។ ទ្រង់ត្រាស់តែម្ល៉ោះហើយ ព្រះចៅចក្រពត្ដិស្ដេចក៏ចូលទៅខាងក្នុងព្រះក្រឡាបន្ទំទៅ ។
ចៅពញាចន្ទរាជាបានឮដូច្នោះក៏យល់ថា ព្រះចៅចក្រពត្ដិមិនព្រមបើកឲ្យព្រះអង្គទៅឆាប់ឡើយ ។ លុះទ្រង់ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្ដេចទ្រង់ព្រះចិន្ដាថា បើអញនឹងចាំលាព្រះចៅដោយស្រួលនោះ មុខជាស្ដេចសៀមនេះមិនបើកឲ្យអញទៅទេ ។ ដូច្នេះមានតែអញគិតឧបាយកលយ៉ាងណាមួយឲ្យស្ដេចនេះចាញ់កលអញវិញម្ដង ទើបអញបានទៅស្រុកវិញឆាប់ ។ ទ្រង់ព្រះចិន្ដាយល់ដូច្នោះហើយ ទើបទ្រង់ព្រះបង្គាប់បណ្ដាពួកក្រុមជាខ្ញុំព្រះអង្គ១៥នាក់ឲ្យយកឈើ ឆ្លាក់ធ្វើជាជើងដំរីយ៉ាងធំៗ៤ ហើយយកទៅលបសង្កត់ដីឲ្យមានជាស្នាមដូចជាជើងដំរីមែនទែន រួចឲ្យយកលាមកដំរីញាត់ក្នុងជាលធ្វើឲ្យបានជាដុំធំៗលុះបានជា ដុំៗហើយ ឲ្យរលាក់ចេញពីជាល ហើយឲ្យយកទៅទម្លាក់រាយចោលជាច្រើនកន្លែង ។ ការធ្វើយ៉ាងនេះ ដើម្បីឲ្យប្រកបនឹងដានជើងធំនោះឲ្យដូចជាដំរីទាំងពួងជុះ មែនៗ ។ ទ្រង់ផ្ដាំថា បើដល់ដើមឈើណាល្មមជាដំរីឈរស្របបាន ឲ្យពួកបណ្ដាជាខ្ញុំទាំងនោះ យកដីភក់ទៅលាប ហើយឲ្យយករោមចៀមពីរបីសរសៃសៀតនឹងសំបកឈើធ្វើជារោមដំរីត្រដុសនឹង ដើមឈើមែនៗ ។
ទ្រង់បញ្ជាទៀតថា បើធ្វើដូច្នេះរួចហើយឲ្យពួកក្រុមបណ្ដាជាខ្ញុំទាំងនោះដើរបង្ហួស កន្លងដានទៅទិសឦសានដល់ទៅខេត្ដនាងរងស្រុកនគររាជ ហើយខ្លួនឯងទាំង១៥នាក់ ត្រូវស្រូតរូតទៅបញ្ចុះបញ្ចូលប្រជារាស្ដ្រនៅស្រុកនាងរង នាងផ្អែក ចុងកាល ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបុរី នគររាជសីមា បាត់ដំបងឲ្យបានមកជួបជុំចាំអញនៅទីបន្ទាយ ។ ទ្រង់ផ្ដាំទៀតថា បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯងអំពីដំណើរនោះ ឯងត្រូវប្រាប់គេថា ឯងបានឃើញដំរីសមួយ សដូចសំឡីកម្ពស់ប្រហែល១០ហត្ថ បានជាដើរតាមរកមើលឲ្យច្បាស់ទីលំនៅវា ។ អស់បណ្ដាជាខ្ញុំទាំង១៥នាក់ក៏ចេញទៅធ្វើការតាមត្រាស់បង្គាប់ គ្រប់ប្រការ ។ លុះកន្លងមកគ្រប់មួយខែ អស់ចៅមឿង (មេឃុំ) ចៅបាន (មេភូមិ) ក្នុងដែនសៀមខាងទិសកើតបានដំណឹងថា មានដំរីសមួយក្នុងស្រុកភូមិរបស់ខ្លួនក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និងលាមកវាធំក្រៃលែងនឹងដំរីទាំងពួងមែន មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធ សដូចជាសំឡី ជាប់នៅលើដើមឈើនោះច្រើនអន្លើមែន ។ ចៅមឿង ចៅបានទាំងអស់នោះក៏ប្រញាប់ប្រញាល់ធ្វើសំបុត្របកប្ដឹងចូលទៅ សេនាបតី យកសេចក្ដីក្រាបទូលព្រះចៅចក្រពត្ដិ ព្រះចៅចក្រពត្ដិទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ។ ថ្ងៃមួយស្ដេចចេញគង់ព្រះរាជរោងរម្យជួបជុំព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជារាជបុត្រានៃព្រះស្រីរាជា”ខ្មែរ” និងព្រះវង្សាសេនាបតីមន្ដ្រីទាំងពួង ក្រាបបង្គំគាល់ត្រៀបត្រា ទើបស្ដេចត្រាស់សួរថា ឈ្មោះណានឹងទទួលយកអាសាទៅតាមដំរីប្លែកនោះបាន ? អស់រាជសេវកាមាត្យសៀមក្រាបទូលថា ទូលព្រះបង្គំយើងខ្ញុំទាំងឡាយឃើញតែចៅពញាចន្ទរាជាតែមួយប៉ុណ្ណោះដែល ជាអ្នកក្លាហានមានតម្រិះខាងទាក់ដំរីនោះជាងគេ ។ ម្យ៉ាងវិញទៀតចៅពញាចន្ទរាជានេះ ក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង ។ សម្ដេចចៅពញាចន្ទរាជាឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថា បានដូចគំនិតព្រះអង្គហើយ ទើបក្រាបទូលថា តាមសំបុត្រច្រើនច្បាប់ដែលចៅហ្វាយស្រុកច្រើនស្រុកប្ដឹងចូលមកនោះ ដំរីនោះធំខ្ពស់ដល់ទៅ១០ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា ដំរីនោះមានបរិវារគោតស្ដ (គោតគឺដំរីឥតភ្លុកឥតចែ ស្ដគឺដំរីឈ្មោលឥតភ្លុក មានតែចែ) នៅថែរក្សាជាច្រើនលើសដំរីទាំងពួង ទាំងសម្បុរ ទាំងកម្ពស់ទៀត ក៏ល្អគួរឲ្យចេតនាគួរតែទូលព្រះបង្គំយកចិត្ដទុកដាក់គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឲ្យបាន ។ កាលដែលខ្ញុំព្រះរាជការទាំងឡាយជំនុំយល់ព្រមថាយក ទូលព្រះបង្គំជាខ្ញុំឲ្យទទួលអាសានឹងទៅទាក់យកដំរីនោះមកថ្វាយឲ្យ បានទៀតក៏ជាការគួរសមណាស់ហើយ ។ ក៏ប៉ុន្ដែបើដំរីសនោះ មានបរិវារធំច្រើនលើសដំរីមុនណាស់ ដូច្នេះសូមសម្ដេចព្រះរាជទានពល៥.០០០នាក់ ដំរីធ្នាក់១.០០០ និង កាំភ្លើងធ្នូ ស្នា សាស្ដ្រាវុធសម្រាប់បាញ់បង្អើលដំរីកាចៗដែលនៅរក្សាដំរីសនោះច្រើន ណាស់ឲ្យវាខ្លាចហើយចៀសចេញទៅ ។ ម្យ៉ាងវិញទៀត ដោយឃើញថាការទាក់ដំរីនោះមុខជាធ្វើអស់ពេលវេលាជាច្រើនផង ក្រែងរេហ៍ពលពុំគ្រប់គ្រាន់ស្បៀងអាហារនឹងកើតចលាចលការក៏ពុំបាន សម្រេចទៀត ។ ហេតុដូច្នេះទូលព្រះបង្គំជាខ្ញុំសូមព្រះរាជទានស្បៀងអាហារឲ្យបាន គ្រប់គ្រាន់ផង សូមព្រះរាជទានព្រះរាជអាជ្ញាឲ្យបានមាំមួនទៀតទើបទៅធ្វើការនោះបាន សម្រេចថ្វាយ ។ ព្រះចៅចក្រពត្ដិបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់ ទើបទ្រង់ព្រះរាជទានព្រះសែង (គឺដាវស្រោមស អ្នកកាន់ដាវនេះមានអំណាចកាប់សម្លាប់បានតាមចិត្ដ) ហើយត្រាស់បង្គាប់ឲ្យចៅពញាចក្រីកេណ្ឌពលពាហនៈថ្វាយតាមសុំកុំបី ខាន ។ ឧកញ៉ាចក្រីក៏ចាត់ការថ្វាយព្រះចៅចន្ទរាជាតាមព្រះរាជបង្គាប់នៃ ព្រះពុទ្ធចៅមហាចក្រពត្ដិគ្រប់ប្រការ ។ ចៅពញាចន្ទរាជាកាលបានពលនិងស្បៀងអាហារ ព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ ។ ក្នុងគ្រានោះព្រះអង្គសុវណ្ណខាត់លោក ស្ដេចនៅក្នុងក្រុងស្រីអយុធ្យានោះដែរ ទើបសម្ដេចចៅពញាចន្ទរាជាស្ដេចយាងទៅថ្វាយបង្គំព្រះអង្គ សុវណ្ណខាត់លោកគឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ (សូមជ្រាបថា ពញានេះត្រូវជាព្រះរាជបុត្រនៃព្រះស្រីរាជា ព្រះស្រីរាជាត្រូវជាសម្ដេចព្រះជេដ្ឋា ព្រះអនុជមានព្រះអយ្យកោមួយជាមួយគ្នា) ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចក្រាបទូលថា អ្នកបងលែងគិតស្រុកយើងហើយឬក៏បានគង់នៅព្រងើយមិនអើពើនឹងរឿងអា ក្បត់ឈ្មោះកនយកព្រះរាជសម្បត្ដិបានដូច្នេះ ? ទ្រង់ពុំស្ដាយព្រះរាជវង្សមហាក្សត្រ និងគ្រងព្រះមហានគរទេឬ ? ព្រះអង្គសុវណ្ណខាត់លោកទ្រង់ឆ្លើយថា «អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ ។ ព្រះពុទ្ធចៅ ស្ដេចពុំយកទោសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាត់លោកនេះ ជាខេត្ដធំស្មើនឹងខេត្ដព្រះរាជបុត្រទៅហើយ ។ បងបានប៉ុណ្ណេះហើយ បងក៏បានសុខណាស់ហើយ ។ បើបងបានសុខដូច្នេះហើយ បងនឹកគិតរកសុខឯណាទៀត ។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករលឹកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតចុះ» ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចដឹងព្រះរាជហឫទ័យចៅពញាអុងយ៉ាងនេះហើយ ទ្រង់មិនហ៊ានត្រាស់សួរតទៅទៀត ក្រែងរឿងនេះពុំបានស្ងាត់នឹងនាំឲ្យខូចការណ៍ ។ ដូច្នេះហើយទ្រង់ពុំបានត្រាស់ទៅវិញឡើយ ទ្រង់គង់ក្រសាលបន្ដិច ក៏ថ្វាយបង្គំលាវិលមកដំណាក់វិញ ។ មកដល់ដំណាក់ហើយទ្រង់នឹកតែក្នុងព្រះទ័យថា ឱអ្នកបងអុងអើយបានសុខហើយត្រឡប់ជាភ្លេចស្រុកទេសអស់ ។ ស្ដេចបណ្ដោយឲ្យអាអ្នកងារញ៉ាំញីព្រះរាជត្រកូលតាមចិត្ដឥតឈឺចាប់ ក្នុងព្រះទ័យសោះ ។ ទ្រង់ព្រះវិតក្កតែប៉ុណ្ណោះ ក៏ស្ងៀមនៅមិនសួរនាំតទៅទៀតទេ ។ លុះមកដល់ថ្ងៃ១០រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស២០៦០ គ.ស១៥១៦ ម.ស១៤៣៨ ច.ស៨៧៨ នោះចៅពញាចន្ទរាជាមានព្រះជន្មវស្សា៣៦ឆ្នាំ ទ្រង់រៀបចំចាត់ចែងព្រះរាជដំណើរ ស្ដេចនាំចៅពញាយសរាជា និងបណ្ដាជាខ្ញុំលើកពលសៀមស្រូតរូតតាមស្នាមជើងដំរីទាំងយប់ទាំង ថ្ងៃ ពុំមានឈប់ឈរសោះ ។ លុះធ្វើដំណើរបាន៧ថ្ងៃ ស្ដេចក៏ទៅជិតដល់ដែនស្រុកខ្មែរហើយស្ដេចទ្រង់ព្រះរាជចិន្ដាថា អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្ដិបានដឹងថាអញរត់ហើយលើកទ័ពមកតាមក៏តាមពុំ ទាន់ដែរ ។ ទើបទ្រង់ឲ្យធ្វើសំបុត្របកដាក់ទាំងរោមចៀម ដាក់ទាំងរោមចាមរីស ដែលជាប់នៅដើមឈើ គូរទាំងស្នាមជើងលាមក និងកម្ពស់ដំរីនោះឲ្យបម្រើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយព្រះអង្គក៏លើកទ័ពចេញមកទៀត ។ ព្រះចៅចក្រពត្រាធិរាជ (ស្ដេចសៀម) កំពុងទ្រង់បារម្ភពីរឿងដំរីនោះក្រែងបានមិនបានយ៉ាងណា លុះបម្រើនាំសំបុត្រទៅដល់ហើយ ទ្រង់ត្រាស់សួរថា ឥឡូវក្បួនទាក់ដំរីដល់ណាហើយ ? បម្រើក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោសក្រោមល្អងធូលីព្រះបាទ ក្បួននោះបានទៅជិតដែនកម្ពុជាហើយ ។ កាលទ្រង់ព្រះសណ្ដាប់ចម្លើយដែលបម្រើក្រាបទូលហើយ ព្រះចៅចក្រពត្ដិនឹកគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសុវណ្ណខាត់លោកថា ចៅពញាចន្ទរាជាទៅទាក់ដំរីសនោះ ហេតុអ្វីក៏ស្រូតរូតទៅឯដែនកម្ពុជាទៅវិញ ។ បើដំរីនៅក្នុងដែនប្រទេសយើងឯណេះទេ ? ការនេះនាំឲ្យអញសង្ស័យណាស់ ។
ព្រះអង្គសុវណ្ណខាត់លោកក្រាបទូលថា ចៅពញាចន្ទរាជានេះមានចិត្ដមានះណាស់ មានស្មារតីរឹងប៉ឹង ហើយចិត្ដក៏រឹងរូស កាន់វង្សត្រកូលណាស់ទៀត ។ តាំងពីចៅពញាយសរាជាមកប្រាប់ថា អាព្រះស្ដេចកនសម្លាប់បិតាយកព្រះនគរហើយនោះ ទូលព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជាខឹងក្ដៅនឹងអាកនខ្លាំង ណាស់ ។ មិនតែប៉ុណ្ណេះសោត កាលមុននឹងចេញដំណើរនេះចៅពញាចន្ទរាជាក៏បានសួរទូលព្រះបង្គំថា អ្នកបងលែងនឹកស្រុកទេសហើយឬយ៉ាងនេះផង ។ ការដែលចៅពញាចន្ទរាជាទៅហើយស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទរាជាលើកទ័ពទៅវាយអាព្រះស្ដេចកនពុំខានឡើយ គឺមិនមែនទៅទាក់ដំរីដូចត្រាស់បង្គាប់ទេ ។ ព្រះចៅចក្រពត្ដិទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រះពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ប្រើម៉ឺនពេជ្រដាវិចិត្រឲ្យនាំទាហានសេះ៣០នាក់លើកទៅ តាមសម្ដេចចៅពញាចន្ទរាជា ហើយទ្រង់ផ្ដាំថា បើចៅពញាចន្ទរាជាពុំព្រមត្រឡប់មកទេ ឲ្យឯងប្រាប់ពលទាំង៥.០០០នាក់នោះឲ្យត្រឡប់មកវិញឲ្យខាងតែបាន មក ។ ម៉ឺនពេជ្រដាវិចិត្របានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះទាំង៣០នាក់លើកតាមទៅ ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខេត្ដប្រទេសខ្មែរហើយ ក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ដ្រតាំងពីទល់ដែនរៀងមកបានពល ១.៨០០នាក់ ។ ស្ដេចលើកទ័ពទាំងអស់មកដល់ខេត្ដទឹកជោរ ហើយទ្រង់បានជួបបណ្ដាជាខ្ញុំដែលប្រើមុនមកនោះ ។ បណ្ដាជាខ្ញុំទាំងនោះបានរេហ៍ពល២០០នាក់ផ្សំគ្នាជា២.០០០នាក់ ហើយស្ដេចលើកកងទ័ពខ្មែរ-សៀមចូលវាយបន្ទាយខេត្ដនគរសៀមរាប បានរហ៍ពលថែមទៀតរួមទាំង៧.០០០នាក់ផងត្រូវជា១០.០០០នាក់ ហើយលើកចូលទៅក្នុងបន្ទាយមហានគរ ។ ខណៈនោះ ម៉ឺនពេជ្រវិចិត្រនាំទាហានសេះ៣០នាក់ដល់មកជិតមហានគរហើយដោយសួរ គេឯងតាមផ្លូវទៅបានដំណឹងថា ចៅពញាចន្ទរាជានាំរេហ៍ពលខ្មែរ-សៀមចូលមកតាំងក្នុងមហានគរបាន៣ថ្ងៃ ហើយ ។ ម៉ឺនពេជ្រដាវិចិត្រក៏នាំទាហានទាំង៣០នាក់នោះចូលទៅមហានគរ ហើយក៏បានឃើញសម្ដេចចៅពញាចន្ទរាជាប្រថាប់លើផែនសិលាជាមួយនឹងសេនា ទាហានសៀម-ខ្មែរកំពុងអង្គុយគាល់ត្រៀបត្រា ។ រំពេចនោះ ម៉ឺនពេជ្រដាវិចិត្រទូលថា ព្រះពុទ្ធចៅត្រាស់ប្រើទូលព្រះបង្គំឲ្យមកតាមទ្រង់ឲ្យទ្រង់លើកពល ត្រឡប់ទៅវិញឲ្យឆាប់ ។ ថាអំពីរឿងទាក់ដំរីសនោះសូមទ្រង់បង្អង់សិនចុះ ។ សម្ដេចចៅពញាចន្ទរាជាដឹងកលយល់ការណ៍ថា សៀមលើកតាមមកហើយ ទ្រង់ក៏ហូតព្រះសែងអាជ្ញាសឹកដែលព្រះចៅចក្រពត្ដិព្រះរាជទានមកនោះ ហើយមានព្រះមធុរសវាចាសន្ធាប់ថា នេះគឺជាអាជ្ញាសឹកព្រះចៅប្រទានមកឲ្យអញពេញអំណាចឲ្យអញធ្វើនាទី ពីរយ៉ាងគឺ មួយឲ្យតាមទាក់ដំរីស ម្យ៉ាងទៀតឲ្យអញទៅចាប់អាព្រះស្ដេចកនថ្វាយព្រះអង្គ ។ ខ្លួនឯងនេះឬមានអំណាចលើសដាវអាជ្ញាសឹកនេះ ? សម្ដីដែលឯងថា ព្រះចៅសៀមឲ្យមកតាមអញនេះ តើព្រះរាជឱង្ការ ឬចុតហ្មាយឯងនៅឯណា យកមកឲ្យអញមើល ? បើឯងមិនយកមកឲ្យអញទេ អញទុកឯងជាអ្នកក្លែងព្រះរាជឱង្ការ ទុកឯងជាបង្ខូចសង្ខានរាជការផែនដី ហើយអញត្រូវកាត់ក្បាលឯងដោតជាបម្រាម ព្រមទាំងគូកនផង ។ ទ្រង់សន្ធាប់ម្ដងទៀតថា តើព្រះរាជឱង្ការឬចុតហ្មាយឯងនោះនៅឯណា មកយកឲ្យអញមើល ? ម៉ឺនពេជ្រដាវិចិត្រ និងកូនទាហានជំនិត៣០នាក់ដែលខ្លួននាំមកនោះ គ្មានព្រះរាជឱង្ការរបស់ព្រះចៅជាទីអាងទេ ។ លុះឃើញព្រះសែងអាជ្ញាសឹកហើយទាហានសៀមទាំង៣០នាក់ និង៥.០០០នាក់ដែលមកតាមសម្ដេចចៅពញាចន្ទរាជានោះក៏ភិតភ័យតក់ស្លុត លត់ជង្គង់សូមព្រះរាជទានទោសគ្រប់ៗគ្នា ។ សម្ដេចចៅពញាចន្ទរាជាយល់ឃើញថា ចាញ់សម្ញែងអាជ្ញាសឹកត្រូវតាមព្រះទ័យហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់ថា អស់ឯងរាល់គ្នាទាំង៣០នាក់វិលទៅវិញចុះ ទៅក្រាបទូលព្រះចៅថា ដែលទ្រង់ប្រោសលៀង រក្សាអញជាង៧ឆ្នាំនេះ ជាព្រះគុណលើអញខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ។ មិនតែប៉ុណ្ណោះសោតកាលអញត្រឡប់មកស្រុកនេះ ទ្រង់ឲ្យរេហ៍ពល៥.០០០នាក់ ដំរីធ្នាក់មួយរយជូនមកទៀត នេះក៏ជាព្រះគុណធ្ងន់លើសលែងទៅទៀត ។ ប៉ុន្ដែឥឡូវនេះអញនៅក្រណាស់ អញនឹងរកអ្វីថ្វាយទៅវិញឲ្យបានសមគួរនឹងព្រះគុណនោះគ្មាន ទេ ។ ដូច្នេះសូមឲ្យព្រះចៅទ្រង់កុំពិរោធឡើយ ។ ថាបើដល់អញឈ្នះ ហើយចាប់អាព្រះស្ដេចកនបានទាំងខ្លួនវា បានទាំងផែនដីមកវិញកាលណាអញនឹងនាំពលសៀមដែលទ្រង់ប្រទានមកនេះ និងសួយសារមកក្រាបបង្គំទូលថ្វាយតាមសម្ដីដែលអញបានក្រាបបង្គំ ទូលទុកជាសម្ងាត់ស្រាប់នោះ ។ ពួកពលទាំង៥.០០០នាក់បានឮព្រះរាជបរិហារហើយ ខ្សឹបគ្នាថាចៅពញាចន្ទរាជានេះបានថ្វាយព្រះចៅយើងស្រេចហើយ បានជាទ្រង់ត្រាស់ឲ្យយើងទាំង៥.០០០នាក់នេះមកជាមួយព្រះអង្គ ។ ឯម៉ឺនពេជ្រដាវិចិត្រ ដែលមកស្រដីមាត់ទទេនោះប្រហែលជាក្លែងទេ យើងនឹងជឿស្ដាប់ផងមិនបានទេ ។ ម៉ឺនពេជ្រដាវិចិត្រឮព្រះបន្ទូលតឿនរកព្រះឱង្ការ ឬចុតហ្មាយជាច្រើនដង ក៏រឹតតែកោតខ្លាចពលទាហាន៣០នាក់ដែលមកនោះ ក៏គិតពិនិត្យទៅឃើញចិត្ដរេហ៍ពលសៀមដែលហែមកមុននោះជឿខាងចៅពញា ចន្ទរាជាច្រើនជាជាងខ្លួនអស់ទៅហើយបើនឹងគិតធ្វើតាមព្រះចៅទ្រង់ ព្រះបណ្ដាំនោះឃើញថា មិនកើតទេ ។ ដូច្នេះម៉ឺនពេជ្រដាវិចិត្រក៏នាំទាហានជំនិះ៣០នាក់នោះត្រឡប់ទៅ ក្រុងទេពវិញទៅ ។ ក្រោយទាហានសេះត្រឡប់ទៅវិញ សម្ដេចចៅពញាចន្ទរាជាទ្រង់លើកកងទ័ពទៅដល់ក្រុងបាត់ដំបង ហើយទ្រង់ក៏ចាត់ឲ្យនាយទ័ពដើរបញ្ចុះបញ្ចូលរាស្ដ្រក្នុង ខេត្ដ ។ ខណៈនោះពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបងបានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្ដេចខ្មែរត្រឡប់មកដល់ហើយក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល១០.០០០នាក់ និងស្បៀងអាហារ១.០០០រទេះទៀត ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះអំណរណាស់ ស្ដេចគង់សម្រាកកម្លាំងរេហ៍ពលនៅក្នុងខេត្ដនោះបីថ្ងៃ ហើយស្ដេចក៏លើកឆ្លងទៅតាំងបន្ទាយនៅខេត្ដពោធិ៍សាត់ ។ ចំណែកឯសម្ដេចចៅពញាសួគ៌ាលោកចៅហ្វាយស្រុកខេត្តពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្ដេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះហើយក៏កេណ្ឌពលទុកបម្រុងការ ។ លុះបានពល៤០.០០០នាក់ហើយ ពញាសួគ៌ាលោកក៏ឲ្យរក្សានាទីភាគបន្ទាយ រាយល្បាតតាមច្រកផ្លូវស្រាប់ ទើបបកសំបុត្រប្ដឹងចូលមកសេនាបតីក្នុងក្រុងសន្លប់ពិជ័យ ព្រៃនគរ ។ រីឯចៅពញាមឿងវិញលុះបានដឹងថា ចៅពញាចន្ទរាជាស្ដេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ ក៏ដើរបញ្ចុះបញ្ចូលស្ម័គ្របក្សពួកដែលចូលក្នុងកងទ័ពចៅពញាសួគ៌ាលោក បានច្រើននាក់ ។ កាលបានឃើញចៅពញាសួគ៌ាលោកជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្ដេចចៅពញាចន្ទរាជាទេ ពញាមឿងលុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្របក្សពួកដែលចូលខាងខ្លួនចូលលុក (គឺចូលទៅប្រហារមិនឲ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ាលោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រុមការបណ្ដារាស្ដ្រថា សម្ដេចចៅពញាចន្ទរាជា ដែលព្រះអង្គលើកទ័ពត្រឡប់ពីស្រុកសៀមមកនោះ ព្រះអង្គជាព្រះរាជត្រកូលនៃសម្ដេចព្រះធម្មរាជា ដែលជាស្ដេចទ្រង់ធម៌ហើយ ។ ឯស្ដេចកនជាចៅហ្វាយរបស់ពញាសួគ៌ាលោកនេះ ខាងម្ដាយជាពលព្រះស្រីរតនត្រ័យសុទ្ធៗ ។
ដូច្នេះ តើអស់អ្នករាល់គ្នានឹងសំពះព្រះ ឬក៏ចង់ថ្វាយបង្គំប៉ាយាប (ប៉ាយាបគឺអារក្សទឹកសម្រាប់ពួកនេសាទ មច្ឆជាតិគោរព) ថាបើអស់អ្នកពេញចិត្ដថ្វាយបង្គំព្រះស្រីរតនត្រ័យនោះចូរអ្នកទៅ ថ្វាយបង្គំចៅពញាចន្ទរាជា ដ្បិតស្ដេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ ។ ថាបើអស់អ្នកចូលចិត្ដចង់សំពះប៉ាយាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយាទៅថ្វាយបង្គំព្រះស្ដេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅមានវណ្ណៈច្រើននៅឡើយ វណ្ណៈពលជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យ ឯបន្ទាយស្រឡប់ពិជ័យព្រៃនគរឲ្យឆាប់ចុះ ។ អស់ក្រមការបណ្ដារាស្ដ្រក្នុងកងទ័ពតាំង៤០.០០០នាក់បា្លយ លុះឮពញាមឿងប្រកាសចេញព្រះនាមសម្ដេចចៅពញាចន្ទរាជាដូច្នោះហើយ ហេតុតែជាបុណ្យបារមីនៃព្រះអង្គក៏បណ្ដាលចិត្ដគ្រប់កងទ័ពទាំងអស់ ឲ្យនឹកស្រឡាញ់អាល័យដល់សម្ដេចចៅពញាចន្ទរាជាពន់ប្រមាណ ហើយក៏ស្រែកប្រកាសតបថា យើងរាល់គ្នាចូលចិត្ដថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំប៉ាយាប ទេ ។ ហេតុនេះហើយបានជាមានពាក្យថា “ព្រះមានមិនចង់សំពះ មិនចង់ថ្វាយបង្គំ ម្ដេចក៏ចង់សំពះឯប៉ាយាបទៅវិញ” តាំងពីថ្ងៃនោះមក ។ ចៅពញាមឿងលុះឮរាស្ដ្រប្រកាសឆ្លើយតបមកដូច្នោះ ល្មមពេលព្រឹកស្រាងៗហើយ ក៏នាំអស់ក្រមការ និងអស់អ្នកមុខ អ្នកការ បណ្ដារាស្ដ្រចេញទៅយាងស្ដេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុង បន្ទាយស្រុក ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយមានព្រះអំណរណាស់ ទ្រង់ត្រាស់សួរសេចក្ដីដើមទងគ្រប់សព្វប្រការ ។ លុះទ្រង់ជ្រាបហើយ ស្ដេចឲ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្ដេចហាមកងទ័ពទាំងខ្មែរ ទាំងសៀម មិនឲ្យទៅកំហែងកំហល់រាស្ដ្រប្រជាក្នុងស្រុកឲ្យសោះ ដើម្បីកុំឲ្យរាស្ដ្រប្រជាមានសេចក្ដីក្ដៅក្រហាយ ។ ទ្រង់ដាក់បញ្ជាថា “បើឈ្មោះណាពុំស្ដាប់ព្រះរាជឱង្ការនេះទេស្ដេចនឹងយកទោសដល់ ប្រហារជីវិត” ។ ខណៈនោះអស់រាស្ដ្រប្រជាក៏បានសេចក្ដីសុខសាន្ដ ឥតមានទុក្ខ ភ័យអំពីពួកពលទាហាន សរសើរព្រះបារមីព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា ។ សម្ដេចចៅពញាចន្ទរាជា កាលដែលទ្រង់ហាមសេនាពលទាហានមិនឲ្យរំលោភជិះជាន់រាស្ដ្រ នាំឲ្យរាស្ដ្របានសេចក្ដីសុខកាយសប្បាយចិត្ដ ឥតក្ដៅក្រហាយយ៉ាងនេះហើយ ទ្រង់ឲ្យរឹបយកទ្រព្យសម្បត្ដិរបស់ចៅហ្វាយស្រុកដែលចៅពញាមឿងចូលលុក សម្លាប់នោះ មកព្រះរាជទានជារង្វាន់ដល់អស់នាយកង នាយពលហើយទ្រង់ចាត់តាំងចៅពញាមឿងជា “ចៅពញាសួគ៌ាលោក” ចៅហ្វាយស្រុកខេត្ដពោធិ៍សាត់ ទាំងតាំងឲ្យធ្វើជាមេទ័ពសម្រេចរាជការគ្រប់ប្រការ ។ រួចទ្រង់តាំងកូនតាមឿងទាំងបួននាក់ឲ្យមានឋានន្ដរសក្ដិខ្ពង់ខ្ពស់ គឺ កូនទី១ឈ្មោះ កែវ ឲ្យធ្វើជា “ចៅពញាវង្សាអគ្គរាជ” កូនទី២ឈ្មោះ អង ឲ្យធ្វើជា “ចៅពញាបរទេសរាជ” កូនទី៣ឈ្មោះ ទេព ឲ្យធ្វើជា “ចៅពញាវិបុលរាជ” កូនទី៤ឈ្មោះ សុខ ឲ្យធ្វើជា “ចៅរាជតេជៈ” ជាមេទ័ពមុខក្រោយឆ្វេងស្ដាំ ។ ទើបទ្រង់ចាត់ទាំងបួននាយឲ្យលើកពល៨០០នាក់ចេញទៅវាយខេត្តក្រគរ ខ្លុង ក្រង ជាមុន ។ ព្រះស្រីជេដ្ឋា (ស្ដេចកន) កាលខូចខេត្តពោធិ៍សាត់ហើយ នៅថ្ងៃត្រង់ម៉ោង១១ ស្ដេចនាំព្រះស្នំ ក្រុមបរិពារ ចុះស្រង់ទឹកក្នុងស្រះ រួចហើយនាំទៅប្រពាតសួនឧទ្យានកំសាន្ដព្រះហឫទ័យ ។ ស្ដេចនាំព្រះស្នំ ក្រុមបរិពារយាងរហូតដល់ទីក្រឡាបន្ទំដែលមានក្នុងសួនឧទ្យាន នោះ ។ នៅទីនោះ ទ្រង់ព្រះសណ្ដាប់ក្រុមភ្លេងមហោរី ក្រុមចម្រៀងច្រៀង ភ្លុំប៉ី កែវពីរោះពេក បណ្ដាលឲ្យភ្លើតភ្លើនព្រះរាជហឫទ័យ ហើយក៏ទ្រង់ទម្រេតព្រះអង្គទៅលើព្រះស្នំជាតិលាវម្នាក់ ។ លុះទ្រង់ផ្ទុំស្កប់ស្កល់ទៅទ្រង់ព្រះសុបិននិមិត្ដឃើញថា “ព្រះចន្ទរះពីទិសខាងលិចលឿនគ្រឿនមកលើប្រាសាទ ហើយក៏បណ្ដាលឲ្យកើតភ្លើងឆេះសន្ធោសន្ធៅលើប្រាសាទ អណ្ដាតភ្លើងរាលដាលទូទៅពេញទាំងព្រះនគរ ព្រមទាំងរាលក្ដៅដល់ព្រះអង្គផង ព្រះអង្គរត់ទៅទិសឦសាន ភ្លើងក៏ឆេះរាលក្ដៅក្រហាយសព្វព្រះសារពាង្គកាយខ្លាំងណាស់” ។ ទ្រង់បម្រះដឹងព្រះស្មារតីឡើង ក៏ល្មមពេលរសៀលម៉ោង៣ ទ្រង់ក៏តើនចាកព្រះសុបិនឡើងពីក្រឡាបន្ទំ ទ្រង់ក៏ព្រួយព្រះទ័យណាស់ ទើបទ្រង់បញ្ជាឲ្យហៅព្រាហ្មណ៍បុរោហិត និងពិជ័យហោរាក៏ប្រាប់នូវនិមិត្ដនោះគ្រប់ប្រការ ។ ពិជ័យហោរាទូលថ្វាយព្យាករណ៍ថា “ទ្រង់និមិត្ដក្នុងថ្ងៃសៅរ៍ ក្បួនទំនាយថា ត្រូវលើព្រះអង្គហើយ គឺព្រះអង្គនឹងត្រូវទទួលគ្រោះកាច ។ តាមព្រះសុបិននេះ ព្រះអង្គនឹងដឹងការណ៍ឆាប់ ។ ឯព្រះចន្ទដែលរះ ហើយបង្កើតផ្កាភ្លើងឆេះរាលពាសពេញទាំងនគរនោះ ទំនាយថា ទ្រង់នឹងមានសត្រូវមកបៀតបៀនលើព្រះអង្គ នាំឲ្យព្រះអង្គថ្លោះការណ៍ធំណាស់”។ ព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ខ្ញាល់ណាស់ចំពោះពិជ័យ ហោរាដែលមិនចេះប្រចុបឲ្យស្របព្រះទ័យ ។ ព្រះភក្ដ្រទុំទែងពន់ប្រមាណទើបទ្រង់ត្រាស់ថា ហោរាទាយនេះដូចជាក្រៅក្បួនតម្រាហើយ ដូច្នេះចូរបុរោហិតពិនិត្យទាយមើលវិញ តើខាងណាទាយខុសខាងណាទាយត្រូវ ។ ព្រះបុរោហិតក្នុងរាជត្រកូលយល់ថា “ទំនាយហោរានេះពុំសព្វព្រះទ័យនៃព្រះជ័យជេដ្ឋាទេ” ទើបក្រាបទូលប្រចុបប្រចែងរកផ្លូវឲ្យស្របព្រះរាជហឫទ័យ ហើយក្រាបបង្គំទូលថា ៖ “សូមទ្រង់មេត្ដាប្រោស ! សុបិននិមិត្ដរបស់ព្រះអង្គ តាមក្បួនថា ទេវតាមកប្រាប់ឲ្យទ្រង់ជ្រាបទាំងប្រាំប្រការគឺ ៖
ប្រការទី១ -ត្រង់ទតឃើញព្រះចន្ទរះពីទិសខាងលិចនោះទំនាយថា ព្រះអង្គនឹងបានសុខក្សេមក្សាន្ដ ត្រជាក់ត្រជុំទាំងអាណាប្រជានុរាស្ដ្រក៏បានសេចក្ដីសុខរុងរឿងប្រៀប បាននឹងពន្លឺព្រះចន្ទ ។
ប្រការទី២-ត្រង់ ព្រះចន្ទចេញជាភ្លើងឆេះពាសពេញព្រះនគរនោះទំនាយថា ព្រះអង្គនឹងមានអំណាចអាចផ្សាយពេញទាំងប្រទេស ដូចភ្លើងឆេះទូទៅទាំង៨ទិស ។
ប្រការទី៣-ត្រង់ថា ចំហាយក្ដៅដល់ព្រះអង្គនោះទំនាយថា នឹងមានសត្រូវមកប្រមាថព្រះនគរ ។
ប្រការទី៤-ត្រង់ទតឃើញថា ព្រះចន្ទពេញបូណ៌មីនោះទំនាយថា សត្រូវនោះនៅក្នុងព្រះរាជត្រកូល បង្កើតហេតុមកពីទិសបស្ចឹម ។
ប្រការទី៥ -ត្រង់ឃើញថា ព្រះអង្គរត់ទៅទិសឦសាន ហើយភ្លើងនៅតែតាមរោលក្ដៅដល់ព្រះអង្គនោះ ទំនាយថា បើកើតមានសត្រូវហើយ សូមព្រះអង្គស្ដេចទៅតាំងទ័ពទប់សត្រូវពីទិសឦសាន ទើបនឹងមានជ័យជំនះ ។ សូមទ្រង់ព្រះមេត្ដាប្រោស ! ព្រះសុបិននេះល្អទេ កុំព្រួយព្រះទ័យឡើយ” ។
សម្ដេចព្រះជ័យជេដ្ឋាស្ដាប់បុរោហិតព្យាករណ៍ថ្វាយហើយ មានព្រះទ័យត្រេកអរខ្លាំងណាស់ តែដើម្បីនឹងរំដោះព្រះគ្រោះខ្លះព្រះអង្គក៏ឲ្យបុរោហិតផ្លុំប្រគំ ត្រែស័ង្ខថ្វាយ ទឹកស័ង្ខ ស្លឹកព្នៅ សៀតព្រះកាណ៌ព្រះអង្គ ព្រមទាំងព្រះរាជទានស្លឹកព្នៅមួយសន្លឹកទៅព្រះរាជបុត្រព្រះជន្ម៥ ឆ្នាំ ឲ្យសៀតព្រះកាណ៌ដែរ ព្រោះព្រះអង្គកំពុងជាប់ព្រះទ័យនឹងព្រះរាជបុត្រនេះ ហើយព្រះរាជទានរង្វាន់ឲ្យបុរោហិតដែលទាយត្រូវព្រះទ័យនោះតាម សព្វព្រះទ័យ ។ លំដាប់តមកទ្រង់ត្រាស់ថា “អាហោរចង្រៃនោះ វាស្អប់អញ ទើបវាក្លែងទាយឲ្យអញខូចចិត្ដទាំងខូចទ្រព្យសម្បត្ដិ ដោយវាមានគោលគំនិតសម្ងាត់ប្រការណាមួយក្នុងខ្លួនវា តមកទ្រង់ដៀលត្មះហោរានោះដោយប្រការផ្សេងៗ ។ ពិជ័យហោរាខំក្រាបទូលដោយជំនះថា “សូមទ្រង់មេត្ដាប្រោស សូមព្រះអង្គកុំអាលទ្រង់អរតាមទំនាយបុរោហិតក្រាបទូលនេះឲ្យសោះ ព្រោះការណ៍ម្ដងនេះប្រាកដជាមានដូចទូលថ្វាយមិនមែនដូចបុរោហិតនេះទេ” ។
សម្ដេចព្រះស្រីជេដ្ឋា ទ្រង់ខ្ញាល់នឹងសម្ដីទូលតបរបស់ហោរានោះណាស់ ទើបទ្រង់ស្ទុះទៅចាប់ព្រះសែង (ដាវ) មកកាប់ហោរាបណ្ដាលឲ្យស្លាប់នៅទីនោះមួយរំពេច ។ ក្រោយពីនោះមកចំនួន១០ថ្ងៃ ព្រះស្រីជេដ្ឋាស្ដេចចេញចងព្រះរាជរោងរម្យជួបជុំពញាលំពាំងធិបតី សេនាបតី និងមន្ដ្រីទាំងពួង ដែលក្រាបបង្គំជាយសបរិវារ ។ ខណៈនោះចៅពញាលំពាំងធិបតីក្រាបបង្គំទូលថា “សូមព្រះអង្គព្រះមេត្ដាប្រោស ព្រះពញាចន្ទរាជាបានត្រឡប់មកពីស្រុកសៀមវិញហើយ ឥឡូវស្ដេចសង្កត់បានខេត្តបាត់ដំបង ហើយឆ្លងមកសង្កត់ខេត្តពោធិ៍សាត់ថែមទៀត ចៅហ្វាយស្រុកពោធិ៍សាត់បានប្ដឹងដោយសំបុត្រចូលមកសុំកងទ័ពអំពី ទូលព្រះបង្គំឲ្យទៅជួយជាឆាប់” ។ ចៅពញាលំពាំងធិបតីក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវនុកូលក្រាបទូលថា “សូមទ្រង់ព្រះមេត្ដាប្រោស មានសំបុត្រចៅហ្វាយស្រុកខេត្តក្រគរប្ដឹងទូលបង្គំថា នៅខេត្តពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចម្បាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មិល ឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ពសម្រេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំងបួននាក់នោះធ្វើជាសេនាបតីសម្រាប់ ទ្រង់ ហើយឲ្យធ្វើជាបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយខេត្តក្រគរទៀត ឥឡូវនេះខេត្តក្រគរបែកហើយ” ។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានបន្ទូលថា “បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ដ្រខេត្ដខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទប់ទល់ទ័ពរបស់ចៅពញាចន្ទរាជាឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំឲ្យអស់ពីកម្លាំងចិត្ដណា៎” ។ ពញាចក្រីទទួលព្រះរាជបញ្ជាហើយក្រាបទូលថា “ទូលព្រះបង្គំលើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬមិនបានក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខាន ដែរ” ។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ព្រួយព្រះទ័យណាស់ ទ្រង់ព្រះរាជទានលំពែងក្រំមាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅខេត្តលង្វែក ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅ ជាមា ឲ្យធ្វើជាមេទ័ពធំ ដោយទ្រង់ប្រទានជាដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិកោមាសមួយសម្រាប់ជាគ្រឿងសម្រាប់យស និងស្គរហែពីរសម្រាប់ទូងតាមផ្លូវខេត្តកំពង់សៀម ។ សម្ដេចចៅហ៊្វាកៅ ទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខេត្តកំពង់សៀម ហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខេត្ត ។ លុះបានរេហ៍ពលគ្រប់ខេត្តមកជួបជុំគ្នាហើយ ចៅហ៊្វាកៅក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្ដអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខេត្តបាត់ដំបង ឆ្លងមកវាយខ្ទប់ពីខាងក្រោយ កុំឲ្យចៅពញាចន្ទរាជារត់រួច ។ ចំណែកឯចៅហ៊្វាកៅ ខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច ។ រីឯកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន៥.៥០០នាក់ហើយ ក៏ឲ្យចៅពញាតេជោចៅហ្វាយស្រុកខេត្ដសំរោងទងលើកទ័ព១០.០០០នាក់ ជាទ័ពមុខ ឲ្យចៅពញាមេត្រី ចៅហ្វាយស្រុកភ្នំពេញ កាន់ពល១០.០០០នាក់ ជាប៉ែកស្ដាំ ឲ្យចៅពញាវង្សាអនុជិត ចៅហ្វាយស្រុកបាទី កាន់ពល១០.០០០នាក់ ជាប៉ែកឆ្វេង ឲ្យព្រះរាជវរានុកូល កាន់ពល១០.០០០នាក់ជាទ័ពក្រោយ ។ ឯខ្លួនចៅពញាចក្រីកាន់ពល១៥.០០០នាក់ជាទ័ពធំ ។ ទ័ពចៅពញាចក្រី លើកដល់ខេត្តក្រគរ ក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង ។ ចៅពញាសួគ៌ាលោកមឿងយល់ថា “ទ័ពខាងពញាចក្រីលើកមកដល់ហើយ ព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវ ជាកូនច្បងឲ្យកាន់ពល២.០០០នាក់ជាទ័ពមុខ ចៅពញាបរទេសរាជអង ជាកូនទី២ឲ្យកាន់ទ័ព១.០០០នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេព ជាកូនទី៣ឲ្យកាន់ទ័ព១.០០០នាក់ជាប៉ែកឆ្វេង ចាត់ចៅពញារាជតេជៈសុខ ជាកូនទី៤ ជាទ័ពក្រោយ កាន់ពល១.០០០នាក់ ។ ឯខ្លួនចៅពញាសួគ៌ាលោក កាន់ពល៤.០០០នាក់ ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី ។ ចៅពញាអគ្គវង្សាអគ្គរាជកែវ ជាកូនច្បង ជាមេទ័ពមុខនោះ ដេញទ័ពឲ្យចូលទៅវាយលុកកងទ័ពចៅពញាតេជោ ។ រេហ៍ពលក្នុងកងទ័ពទាំង២.០០០នាក់នោះ កាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយ ក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោ វាយកាប់សម្លាប់គ្នាពពាក់ពពូន ស្លាប់ហូរឈាមដូចទឹកទរ ឬហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ ។ ចៅពញាអគ្គរាជកែវ ឃើញដូច្នោះហើយ ក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោ ដែលនៅលើខ្នងសេះ ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់ខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ចៅពញាតេជោពីខ្នងសេះខ្ពោក ។ ចៅពញាវង្សាអគ្គរាជឃើញបានចំណាប់ហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច ។ រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគ ពាឡ មានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ ។ ចៅពញាវង្សាអគ្គរាជយល់ថា “ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងតែមកដល់ថែមហើយថែមទៀតផង នឹងយកជ័យតទៅទៀតពុំបានឡើយ ទើបនាំរេហ៍ពលថយមកជម្រាបបិតាតាមដំណើរ ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខេត្តភ្នំពេញ និងចៅពញាវង្សាអនុជិតចៅហ្វាយខេត្តបាទី ជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពលចៅហ្វាយនឹងចៅហ្វាយ ប្រកាប់គ្នាទៅវិញទៅមក ។ ចៅពញាវង្សាអនុជិត ជាចៅហ្វាយស្រុកបាទី ក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះ សេះរបស់ខ្លួនផុងជើងចូលក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី ។ មួយរំពេចនោះចៅវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុក ខេត្តបាទី បណ្ដាលឲ្យគាត់ពិការជាទម្ងន់ ។ អស់សេនាទាហានខាងចៅពញាវង្សាអនុជិតនាំគ្នាគ្រាហ៍ចៅហ្វាយខ្លួនគេច បាត់ទៅ ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា “នាយទ័ពរបស់ខ្លួនត្រូវរបួសជាទម្ងន់ហើយ” ក៏នាំគ្នារត់ទៅរកកងទ័ពចៅពញាតេជោ ។ មេកងចៅពញាចក្រី កាលបើដឹងថា “ចៅពញាតេជោស្លាប់ក្នុងសង្គ្រាមហើយ” ក៏នាំសេនាទាហានទៅទាំងពីរកងទៅប្ដឹងចៅពញាចក្រី ។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក ។ ចៅពញាចក្រី លុះឃើញកងទ័ពចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ និងទី៣ របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នាយ៉ាងគឹកកងរំពងខ្លាំង ណាស់ ដូច្នោះព្រមទាំងបានក្រឡេកមើលពីលើខ្នងដំរីទៅឃើញកូនតាមឿងទាំង ពីរនោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរ នាក់ទើបចៅពញាចក្រីដេញរេហ៍ពលឲ្យចូលទៅជួយច្បាំងថែមទៀត ។ ចំណែកឯចៅពញាសួគ៌ាលោកមឿង ចៅពញារាជតេជៈសុខ កូនទី៤របស់តាមឿង កាលបានដឹងកិច្ចការទ័ពទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនាក់នោះទៀត ។ ការប្រយុទ្ធរវាងកងទ័ពខាងចៅពញាចក្រី និងចៅពញាសួគ៌ាលោកមឿង បានប្រព្រឹត្ដទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ ។ ទ័ពទាំងសងខាងសុទ្ធសឹងតែរបឹងរឹងរួសមោះមុតដូចៗគ្នា ។
ខណៈនោះ ចៅពញាសួគ៌ាលោកមឿងយល់ថា កងទ័ពចៅពញាចក្រីមានពលច្រើនណាស់ សេនាទាហានទាំងនោះក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួនក៏ស្លាប់ប្រមាណជា៦០នាក់ទៅហើយ ឃើញថានឹងតយកជ័យជំនះពុំបានទេ ។ លុះវេលាព្រលប់មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរជាសញ្ញាឲ្យដំណឹងដល់កងទ័ពឲ្យឈប់ច្បាំងគ្នាទាំង សងខាង ។ ពញាសួគ៌ាលោកមឿង និងកូនទាំងបួននាក់ ក៏នាំសេនាទាហានរេហ៍ពលថយទ័ពទៅក្រាបបង្គំគាល់ព្រះចៅពញាចន្ទរាជា នៅបន្ទាយខេត្ដពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូលតាមហេតុការណ៍គ្រប់ប្រការ ។ ចៅពញាចក្រីឃើញចៅពញាសួគ៌ាលោកមឿងថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាមឿងផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង ។ លុះព្រឹកឡើងចៅពញាចក្រីបម្រុងនឹងលើកកងទ័ពតាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល៥០.០០០នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ពរង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជា ថ្មីវិញ ។ វេលានោះចៅពញាកៅបានចាត់កងទ័ពជា៥កងដូចតទៅនេះ ១-ឲ្យចៅពញាចក្រីកែវឃុំពល៣០.០០០នាក់ ជាមេទ័ពមុខ (ទ័ពស្រួច) ។ ២-ឲ្យចៅពញាមេត្រីទិព្វ ចៅហ្វាយស្រុកភ្នំពេញ ឃុំពល២០.០០០នាក់ ជាមេទ័ពប៉ែកឆ្វេង ។ ៣-ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខេត្តលង្វែក ឃុំពល១.៥០០នាក់ ជាប៉ែកស្ដាំ ។ ៤-ចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខេត្តអមរគីរីន្ទបូរ ឬអម្រិន្ទបូរគឺ ស្រុកបរិបូណ៌ ឃុំពល១៦.០០០នាក់ ជាទ័ពក្រោយ ។ ៥-ឯខ្លួនចៅហ៊្វាកៅឯងឃុំពល៤០.០០០នាក់ ជាមេទ័ពធំ ។ សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំចៅពញាចន្ទរាជានោះ ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកមឿងបានចូលទៅក្នុងបន្ទាយអស់ទៅហើយ ។ សម្ដេចចៅពញាចន្ទរាជា កាលទ្រង់បានជ្រាបថា “កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ” ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន២០.០០០នាក់ឲ្យឡើងទៅការពារ បន្ទាយ ។ លុះកងទ័ពខាងចៅពញាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញ ចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន ។ ចៅហ៊្វាកៅខំដេញពលឲ្យពានកំផែងបន្ទាយណែនណាន់តាន់តាប់ ដូចស្រមោចរោមស្ករ តែវាយមិនបាន ។ កាលដឹងថា វាយយកបន្ទាយសម្ដេចចៅពញាចន្ទរាជាពុំបាន ចៅហ៊្វាកៅបោះទ័ពព័ទ្ធចោមបន្ទាយនោះជាប់ ដើម្បីទប់ទ័ពខាងក្នុងមិនឲ្យចេញរួចផង ឲ្យអត់បាយបរិភោគរហូតដល់ស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង ។ សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីកែវ ឲ្យពលចោមរោមបន្ទាយរហូតដល់១២ខែ ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជា ចេញមិនរួចមែន ស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យព្រួយបារម្ភណាស់ដោយ បន្ទាយនោះមិនមានការប្រុងប្រៀបមាំមួន ប៉ុន្ដែដោយហេតុបារមីរបស់ព្រះអង្គដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅ បញ្ជូនទៅពុំទាន់ ។ ដូច្នេះសម្ដេចចៅហ៊្វាកៅក៏ឲ្យកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយ ព្រះចន្ទរាជា ចម្ងាយ៣សិន ឲ្យកងទ័ពព័ទ្ធជុំវិញទៀត ។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនេះ ប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិ ជិតខាង ។ សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយ ព្រះអង្គក៏ទ្រង់ប្រឹក្សានឹងនាយកងនាយទ័ពថា “ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្ដិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយ ស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោទ នេះ ?” ។ ចៅពញាសួគ៌ាលោកមឿង ក្រាបទូលថា “បើយើងនឹងគិតវាយទម្លាយចេញនោះ ក៏ចេញរួចបានដែរ ពីព្រោះពលយើងមាន២០.០០០នាក់ ឯខាងពលគេមានចំនួនដល់ទៅជាង ១០០.០០០នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងនៅតែក្នុងបន្ទាយនេះមិនចេញទទួលច្បាំងសោះក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារក៏ពុំទាន់មានបរិបូណ៌ដល់យូរទៅក្រែងលំបាកក្នុងការ ខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ព បិសាចឲ្យមកចោមរោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជានុញ្ញាត ទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជាឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំ នឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា ។ សម្ដេចចៅពញាចន្ទរាជា កាលទ្រង់សណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះ ទ្រង់ពុំជឿសោះទេ ទើបព្រះគ្រវីព្រះសិរសា ហើយត្រាស់ថា “ពីបូរាណរៀងមកយើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកទ័ពខ្មោចបិសាចមកជួយច្បាំងមនុស្សដល់ម្ដង ឡើយ ណ្ហើយអ្នកចៅពញាលែងគិតគំនិតបែបនេះចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធភាពទាល់តែសោះ ផង” ។ ចៅពញាសួគ៌ាលោកមឿង ក្រាបទូលថា “បើទ្រង់មិនសព្វព្រះរាជហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្ដវិជ្ជាការទូលព្រះបង្គំទេ នោះទូលបង្គំនឹងអារកឲ្យស្លាប់នៅទីនេះ ក្នុងពេលឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅទៀត ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កម្រិតដែរ” ។ ថាហើយ ចៅពញាសួគ៌ាលោកមឿង ក៏ហូតដាវបម្រុងនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល ។ ខណៈនោះសម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ស្ទុះទៅចាប់ដាវនោះចេញពីដៃ ហើយទ្រង់ត្រាស់ថា “កុំ ! កុំចៅពញា កុំសម្លាប់ខ្លួន ខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយ ដូច្នេះបើចៅពញាគិតឃើញដូចម្ដេចស្រួល សូមចៅពញាធ្វើតាមគំនិតនោះចុះ” ។ ចៅពញាសួគ៌ាលោកឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយជម្រៅ៨ហត្ថបួនជ្រុង ធ្វើរានទេវតា៧ថ្នាក់ ដាក់បាយសី ទឹកអប់ និងគ្រឿងបូជា ហើយធ្វើរាជវ័តិព័ទ្ធជុំវិញ ។ លុះពួកពលធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបចំភ្លេងទាំង៨ទិស ។ រឿងចៅពញាមឿងនេះមានក្នុងព្រះរបាក្សត្រថា ពញាមឿងនេះជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ១ កែ១ ទេព១ សុខ១ ។ ពញាមឿងមានសម្លាញ់ម្នាក់ឈ្មោះ ចន្ទ ធ្វើជាជំទប់ស្មឹងក្រវាញ ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានអ្នកម្នាងម្នាក់ឈ្មោះ អ្នកម្នាងខៀវ ។ អ្នកម្នាងខៀវនោះទ្រង់មានគភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយឈ្មោះ នាងពេញ ។ សាស្ដ្រារបាក្សត្រនោះនិយាយទៀតថា ក្នុងគ្រាដែលសម្ដេចចៅញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងអយុធ្យាមកខេត្តពោធិ៍សាត់នោះ ពញាមឿង នាំដំរី សេះ ជាច្រើន ថ្វាយទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន) ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខេត្តក្រគរ បានប្រយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ដូច្នេះព្រះអង្គក៏ថយទៅប្រថាប់ទ័ពនៅបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ ។ ខណៈនោះពញាមឿង កាលឲ្យពលជីករណ្ដៅជម្រៅ៨ហត្ថបួនជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យមកជួយ ធ្វើសង្គ្រាម ។
មុននឹងទៅកេណ្ឌ បិសាចនោះ ពញាមឿងបានផ្ដាំនឹងពញាចន្ទជាសម្លាញ់ដែលជាជំទប់មេស្មឹង ភ្នំក្រវាញថា “ឲ្យសម្លាញ់ឯងនៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយ មួយទៀតបើដល់ថ្ងៃស្អែកពេញបូណ៌មី ខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទខ្នរខ្ទាខ្ទាមេឃក្នុងដីហើយឲ្យឯងក្រាបទូល ព្រះបរមបពិត្រសូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ”។ ឯអ្នកម្នាងខៀវ កាលឮថា “ពញាមឿងសម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាច ហើយក៏មានចិត្ដឈឺឆ្អាលជួយផែនដី ។ កាលឃើញពញាមឿងចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាចូលទៅក្នុងទីព្រះរាជ ពិធីដែរ ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងចៅពញាសួគ៌ាលោក ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ ។ ព្រះបរមបពិត្រ និងបណ្ដាជាខ្ញុំ ក្រុមរាជការ ជួយឃាត់ផងក៏ពុំស្ដាប់ ។ ក្នុងគ្រានោះកូនពញាមឿងទាំង៤នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំង ជាមន្ដ្រីទាំង៤នាក់នោះគឺ ៖
- ឈ្មោះ កែវ ទ្រង់បានតាំងជា “ចៅពញាវង្សាអគ្គរាជ”
- ឈ្មោះ កែ ទ្រង់បានតាំងជា “ចៅពញាបរទេសរាជ”
- ឈ្មោះ ទេព ទ្រង់បានតាំងជា “ចៅពញាវិបុលរាជ”
- ឈ្មោះ សុខ ទ្រង់បានតាំងជា “ចៅពញារាជតេជៈ” ។
កូនទាំងបួននាក់ កាលនោះបានឃើញបិតាលោតសម្លាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា “បិតា យើងទៅតែម្នាក់ឯងគ្មានគេទៅជួយបម្រើ ជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នោះយើងទៅកេណ្ឌទ័ពខ្មោចជាមួយគាត់” ។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះទៅលោតតាមបិតាទាំងអស់គ្នា ។ តែខណៈនោះក្រុមរាជការចាប់មិនឲ្យលោតតាម ដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីរនាក់មកវិញ គឺចៅពញាវិបុលរាជទេព១ និងចៅពញាតេជៈសុខ១ ។ ឯ ចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ ។ អ្នកម្នាងខៀវ ក៏លោតសម្លាប់ខ្លួនទៅក្នុងរណ្ដៅរួមជា៤នាក់ ។ (ខ្មោចទាំង៤នោះ បានកើតឡើងជាដំបូកឃ្លាំងមឿងដល់សព្វថ្ងៃនេះ)។
លុះដល់ព្រះចន្ទចរត្រង់ក្នុងថ្ងៃពេញបូណ៌មីខែពិសាខនោះក៏ស្រាប់តែឮសូរ សន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និងនៅក្នុងដី នាំឲ្យភិតភ័យក្រៃលែង ហាក់ដូចជាកក្រើកក្រឡាមហាប្រថពី ។ ខណៈនោះពញាចន្ទ មេស្មឹង បានយកសេចក្ដីក្រាបទូលសម្ដេចចៅពញាចន្ទរាជាតាមបណ្ដាំចៅពញាសួគ៌ាលោក មឿងដែលបានផ្ដាំនោះ ។ សម្ដេចចៅពញាចន្ទរាជា ក៏លើកទ័ពទៅចោមបន្ទាយសត្រូវ ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទាលើកមកក្នុងដីលើមេឃ សន្ធឹកដូចជារន្ទះដូច្នោះ ក៏ភិតភ័យញ័រដៃញ័រជើងរន្ធត់តក់ស្លត់រត់ចោលបន្ទាយ ចោលសាស្ដ្រាវុធ រត់គេចខ្លួនដោះឲ្យរួចជីវិតតែសព្វខ្លួន ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយសត្រូវ ហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមសត្រូវទៅ ។ ព្រះអង្គបានគ្រឿងសាស្ដ្រាវុធ ស្បៀងអាហារ សេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន ។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា “ចៅហ្វាយខ្លួនស្លាប់ទៅហើយ ហើយកើតជាបិសាចរក្សាស្រុកដូច្នោះ” នាងអធិដ្ឋានថា “ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូល ព្រះនគរ” លុះបួងសួងហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនោះ ហើយស្លាប់ទៅកើតជាបិសាចស្ថិតនៅក្នុងទីដំបូកទាំងបី ។ អ្នកម្នាងខៀវ កើតជាដំបូកមួយនៅខាងជើង ពញាមឿង កើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកមឿងនោះ កើតជាដំបូកមួយនៅខាងលិច ។ ដំបូកបីដុះជាប់គ្នាជាបីមុំ ទៅជាដំបូកផ្នូកផ្នូលនៃព្រះនគរ ដូចដែលនិយាយក្នុងទំនាយដូចខាងក្រោមនេះ ៖
- ដំបូកខាងជើង គឺជាដំបូកអ្នកម្នាងខៀវ ជាដំបូកផ្នូកផ្នូលខាងម្ចាស់ផែនដី ។
- ដំបូកត្បូង គឺជាដំបូកចៅពញាមឿង ជាដំបូកផ្នូកផ្នូលខាងចៅហ្វាយស្រុក ។
- ដំបូកខាងលិច គឺជាដំបូកកូនពញាមឿង ជាដំបូកផ្នូកផ្នូលខាងក្រវាញ ។
- កោះមួយនៅក្នុងស្ទឹងនៃខេត្តពោធិ៍សាត់នោះនៅផ្សារក្រោមជាកោះនាង ពេញ ។ កោះនេះជាផ្នូកផ្នូលខាងចៅហ្វាយស្រុកដែរ ។
ផ្នូកផ្នូលនៃដំបូកទាំងបួន ៖
- ដំបូក អ្នកម្នាងខៀវនោះប្រែឈ្មោះថា “ដំបូកកន្ទោងខៀវ” ។ បើដំបូកនេះដុះលូតលាស់ទំនាយថា ព្រះមហាក្សត្រនឹងក្សេមក្សាន្ដ ។ បើដំបូកនេះរបេះរេចរឹលទំនាយថា ព្រះមហាក្សត្រនឹងមានទុក្ខ ឬមានព្រះរោគ ។ បើដំបូកនោះប្រេះ ឬបែកទំនាយទាយថា ព្រះមហាក្សត្រនឹងអស់ព្រះជន្ម ។
- ដំបូកពញាមឿងប្រែ ឈ្មោះថា “ដំបូកឃ្លាំងមឿង” (ពីដើមហៅថា “ខ្លាងមឿង” តែពាក្យនេះជាពាក្យសៀមប្រែជាខ្មែរថា “អ្នកតាចាស់ស្រុក”) បើដំបូកនេះដុះលូតលាស់ល្អទំនាយថា ចៅហ្វាយស្រុកនឹងក្សេមក្សាន្ដ ។ បើដំបូកនោះរបេះរេចរឹលទំនាយថា ចៅហ្វាយស្រុកនឹងមានទុក្ខព្រោះកិច្ចការរាជការ ឬមានរោគ ។ បើដំបូកនោះប្រេះបែក ទំនាយថាចៅហ្វាយស្រុកនឹងអស់បុណ្យ ឬអស់ជីវិត ។
- ដំបូកកូនពញាមឿងនៅខាងលិច នោះប្រែឈ្មោះថា “ដំបូកក្រវាញ” ។ បើដំបូកនោះដុះលូតលាស់ល្អ ទំនាយថា ក្រវាញនឹងកើតដើមច្រើន មានផ្លែ មានផ្កាច្រើន ។ បើដំបូកនោះរបេះរេចរឹលតែខាងៗទំនាយថា ក្រវាញនោះពុំសូវផ្លែផ្កាទេ ។ បើដំបូកនោះរបេះរេចទាបចុះមកទំនាយថា ក្នុងព្រៃនឹងឆេះក្រវាញអស់ ។ បើមានសត្វទៅធ្វើរូងនៅក្នុងដំបូកនោះទំនាយថា និងមានអ្នកបរទេសដណ្ដើមយកសួយក្រវាញនោះ ។
- កន្លែង ដែលនាងពេញលោតសម្លាប់ខ្លួនក្នុងស្ទឹងនោះឈ្មោះថា “កន្លែងដូនពេញ” បើច្រាំងស្ទឹងនោះដុះលូតលាស់ល្អ ទំនាយថា ចៅហ្វាយស្រុកនឹងក្សេមក្សាន្ដ ។ បើច្រាំងនោះបាច់រេចរឹលទំនាយថា ចៅហ្វាយស្រុកមានទុក្ខក្នុងផ្ទះ ឬមានទុក្ខពីរាជការ ។ បើច្រាំងស្ទឹងនោះបាក់ទំនាយថា ចៅហ្វាយស្រុកនឹងអស់បុណ្យ ។
របៀបគោរពអ្នកតាឃ្លាំងមឿងនោះមានដូចនេះគឺ ៖
- ដល់ ខែពិសាខ មេស្មឹងត្រូវតែងខ្លួនឲ្យមានមនុស្សពាក់ស្នែងទន្សោងតាមរបៀបពញាមឿង កាលដែលនៅរស់ដើរបរបាញ់សត្វក្នុងព្រៃ ។ ត្រូវឲ្យមានភ្លេងលេងច្រៀងរាំថ្វាយក្នុងវេលាព្រឹក ។ សាស្ដ្រាច្បាប់ដើមមិនមានបង្គាប់ឲ្យលេងភ្លេងបទអ្វីៗទេ ប៉ុន្ដែតាមពាក្យចចាមអារ៉ាមថា បទភ្លេងត្រូវលេងតាមរបៀបភ្លេងអារក្ស ។
- ឯរបៀប តង្វាយអ្នកតាឃ្លាំងមឿងនោះគឺចម្អាបពីរគូ ប្រាក់៥ស្នឹង សំពត់ស អាវមួយ កាស៥, ទៀន ស្លាធម៌៤ ស្លាជម៤ ទឹកអប់៤ ក្បាលដំរីមួយគូ មាន់ស្ងោរមួយគូ ផ្លែឈើបួនតោក ។ ក្នុងមួយតោកៗត្រូវមានអង្ករទ្រាប់បាតតោកនោះចំនួនមួយនាឡិ ស្លាពីរពាន់ ស្រាពីរដប ។ នេះជាតង្វាយព្រមទាំងរបៀបដែលពួកគេរៀបចំឲ្យពួកអ្នកលេងនោះសប្បាយ ជាច្រើនដង ។
- តង្វាយអ្នកតាកន្ទោងខៀវនោះ របៀបដូចតង្វាយអ្នកតាឃ្លាំងមឿងដែរ ខុសគ្នាត្រង់តង្វាយកន្ទោងខៀវត្រូវមានកន្ទោងធំមួយដាក់បង្អែម ចម្អាប និងពងមាន់៧ ។
- ក្នុងថ្ងៃដែលឡើងអ្នកតានោះ មេស្រុក និងអ្នកស្រុកទាំងបួនទិស ត្រូវយកទឹកទៅជូនចៅហ្វាយស្រុក ។ ឯចៅហ្វាយស្រុកត្រូវទទួលទឹកនោះហើយលើកទឹកចាក់ឲ្យចំអ្នកតា ឃ្លាំងមឿង ។ បើទឹកនោះហូរទៅទិសខាងណាច្រើនជាងទំនាយថា ភ្លៀងច្រើនទិសខាងនោះ ។
ឯត្រង់ទីដីដែលហៅថា “កន្លែងដូនពេញ” នោះក្នុងមួយឆ្នាំមេស្រុក និងអ្នកស្រុកត្រូវយកកន្ទោងធំមួយដាក់ពងមាន់៧ និងបង្អែមចម្អាបទៅដាក់ថ្វាយនៅត្រង់នោះ សូមសុខសប្បាយ បើខានមិនបានដាក់ទេ អ្នកស្រុកភូមិនឹងកើតជំងឺតម្កាត់ជាខ្លាំង ។ ឥឡូវនេះនិយាយពីព្រឹត្តិការណ៍ក្រោយពញាមឿងបូជាខ្លួន ៖ កាលពញាមឿង ពញាវង្សាអគ្គរាជ ពញាបរទេសរាជកែ អ្នកម្នាងខៀវ លោតចុះទៅក្នុងរណ្ដៅ ហើយពួកតូរ្យតន្ដ្រីតាំងប្រគំរងំខ្ទរខ្ទារទាំង៨ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា ។ ព្រះបរមបពិត្រទ្រង់ឲ្យនិមន្ដព្រះសង្ឃបង្សុកូល ធ្វើបុណ្យសង្គាយនា៣ថ្ងៃ៣យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេពជា “សួគ៌ាលោក” ជំនួសពញាមឿង ។ ចៅពញាតេជៈសុខជាកូនពញាមឿង ទ្រង់ឲ្យគ្រងងារជា “ចៅពញាសង្គ្រាម” ជាចៅហ្វាយស្រុកខេត្តអមរគីរីន្ទបូរ (ឬអម្រិន្ទបូរ) ស័ក្ដិ១០ហ៊ូពានដូចគ្នា ។ ទ្រង់ត្រាស់បង្គាប់ឲ្យចៅពញាសេនាសង្គ្រាម សុខ ចាត់ពលនឹងលើកទៅតាមសឹកសត្រូវ ។ ក្រោយថ្ងៃបុណ្យឧទ្ទិសកុសលជូនខ្មោចពញាមឿងនោះ ក្នុងពេលព្រឹកមានមនុស្សម្នាក់ឈ្មោះ ហ្ម ជ័យ យកដំរីភ្លុកមួយកម្ពស់៦ហត្ថ ១២ធ្នាប់ មានរូបល្អបរិសុទ្ធ មកក្រាបទូលថ្វាយព្រះចន្ទរាជា ។ ដំរីនោះមានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំង តាំងខ្នាន់នាមជា “ព្រះពិជ័យគជា” តាមឈ្មោះហ្ម និងតាមជាតិដំរី ។ ទ្រង់តាំងហ្មជ័យនោះជាចៅហ្វាយស្រុកខេត្តក្រង រួចហើយស្ដេចយាងទៅឯមុខព្រះពន្លា ។ លុះឃើញអ្នកមុខអ្នកការ បណ្ដារាស្ដ្រនាំដំរី សេះ មកក្រាបបង្គំទូលថ្វាយ ខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី៣៥ និងសេះ៣០ ។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទានរង្វាន់ជាមាស ប្រាក់ និងយ័សសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះដែលថ្វាយព្រះអង្គ ។ ឯសម្ដេចចៅហ៊្វាកៅ និងពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខេត្តក្រគរ ។ ក្រោយពីនោះបីបួនថ្ងៃចៅហ៊្វាកៅ និងពញាចក្រីកែវ លើកទ័ពមកចោមបន្ទាយពោធិ៍សាត់ ហើយមិនទាន់ចូលទៅវាយទេ ព្រោះមេទ័ពទាំងពីរនោះ រង់ចាំមេទ័ពពញាឧទ័យធិរាជ ជាចៅហ្វាយខេត្តអាសន្ទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយដើម្បីកុំឲ្យស្ដេចចៅពញាចន្ទរាជា នឹងស្ដេចរត់រួច ។ សម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឲ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត ។ ថ្ងៃមួយនោះទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពមកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ ។ យប់នោះទ្រង់ចាត់ចែង តែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញារាជតេជៈសុខជាកូនពៅនៃពញាមឿង ឲ្យគ្រងងារជា “សេនាបតី” ធ្វើជាទ័ពមុខ ឃុំពល៥.០០០នាក់ ឲ្យចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿង ធ្វើជាមេទ័ព ឃុំពល៥.០០០នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និងសម្ដេចចៅហ៊្វាកៅ ដែលមានពល៣០.០០០នាក់ ជាទ័ពមុខ ។ ព្រះចន្ទរាជា ទ្រង់ពល១៥.០០០នាក់ ជាទ័ពហ្លួង លើកទៅតាមជាក្រោយ រួចទ្រង់ឲ្យពញាយសរាជ ជាព្រះភាគិនេយ្យា និងឧកញ៉ាវៀត ជាព្រះពីលៀង ឃុំពល៣.០០០នាក់ នៅរក្សាបន្ទាយ ។ លុះចាត់ទ័ពស្រេចហើយ ល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជទៀនធូបភ្ញីផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ឋាន ដល់គុណព្រះរតនត្រ័យ និងព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធិស័ក្ដិសិទ្ធិ និងអ្នកតាឃ្លាំងមឿងថា “ឲ្យយើងខ្ញុំមានជ័យជំនះឈ្នះ បានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា” ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពី លើអាកាស ដាស់កក្រើករំពើកទាំងផែនដី ។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់ ។ ព្រះបរមក្សត្រក្សាន្ដទ្រង់ឲ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំងបួនទិសតម្រង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ ។ សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ បានដឹងហើយ ក៏ចេញកងទ័ពឲ្យបាញ់ត ។ ក្នុងពេលដែលកងទ័ពកំពុងតែចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវ ទាំងប៉ុន្មាននោះ ក៏ឮសូរសន្ធឹកនៃកងទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន ។ សូរសព្ទហ៊ោនោះ លាន់ឮកក្រើកទាំងប្រថពី ដូចជាស្នូររន្ទះ ឮដូចជាភ្នំរលំលើកងទ័ពរបស់ខ្លួន ។ សូរសព្ទនេះកើតឡើងដោយសារខ្មោចពញាមឿងកេណ្ឌបិសាចមកជួយ ។ ខណៈនោះនាយកងទ័ពសេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរ ជាន់ជល់ដួលអស់សេនា ទាហានខាងខ្លួនឯង ។ រេហ៍ពលខាងសត្រូវក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗ គ្នា ។ ចៅពញាសួគ៌ាលោកកែវ និងចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឲ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ ។ ចៅពញាចក្រីកែវឃើញដូច្នោះក៏លោតឡើងជិះដំរីបរចូលតទល់ជាមួយនឹង ចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) ។ លុះទៅជិតរៀបនឹងបានប្រកាប់ជាមួយចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវ ភ្ញាក់ផ្អើលពេញទំហឹង បណ្ដាលឲ្យដូចគេគ្រវាត់ខ្លួនចៅពញាចក្រីកែវទៅលើភ្លុកដំរីជា ជំនិះនៃចៅពញាសួគ៌ាលោក ។ ភ្លាមនោះចៅពញាសួគ៌ាលោកក៏កាប់ចៅពញាចក្រីកែវនឹងដាវដាច់កស្លាប់ ភ្លាមមួយរំពេច ។ រេហ៍ពលខាងចៅពញាចក្រីកែវ ឃើញនាយស្លាប់ហើយមិនហ៊ានទល់ទៅទៀតទេ ក៏បែកទ័ពរត់ទៅខ្ចាត់ខ្ចាយទៅទីទៃៗអស់ ។ ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលពញាចក្រីកែវទៅក្រាបបង្គំទូលសម្ដេចចៅពញាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់ ។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជា ចាប់បានដំរី សេះ គោ ក្របី ស្បៀងអាហារ សាស្ដ្រាវុធ និងរបស់ផ្សេងៗជាច្រើននាំមកក្រាបថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឲ្យដោតក្បាលចៅពញាចក្រីកែវ ជាសត្រូវរួចហើយ សម្ដេចក៏រៀបចំដំណើរកងទ័ពចេញមកដល់ខេត្តក្រគរ ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឲ្យតាំងបន្ទាយមួយ ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឲ្យទៅប្រមូល ស្បៀងអាហារអំពីប្រជារាស្ដ្រទុកក្នុងខេត្តក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនទ័ពមកដល់ខេត្តក្រង ទ្រង់លើករំលងទៅដល់ខេត្តខ្លុង ។ នៅទីនោះទ្រង់ត្រាស់ឲ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឲ្យនៅប្រមូលស្បៀងអាហារអំពី ប្រជានុរាស្ដ្រទុកឲ្យបានច្រើនសម្រាប់នឹងបើកឲ្យកងទ័ព កុំឲ្យមានខ្វះខាត ។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្រប ភូមិប្រាសាទ កាលសម្ដេចទ្រង់បកព្រះសុភ័គពីព្រះអង្គ យកទៅឃ្លុំបូជាព្រះពុទ្ធរូប រួចទ្រង់អធិដ្ឋានបន់ឲ្យបានឈ្នះសឹកសង្គ្រាម ។ ហេតុនេះហើយបានជាមានជាប់ពាក្យប្រជារាស្ដ្រហៅវត្ដនោះថា វត្ដព្រះជីវហ្លួងបន់នៅក្នុងខេត្តខ្លុងរៀងមកដល់សព្វ ថ្ងៃនេះ ។ លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខេត្តខ្លុង លើកសំដៅទៅខេត្តអម្រិន្ទបូរ (ឬអមរគីរីន្ទបូរ) ទៀត ។ កាលនោះអស់រាស្ដ្រប្រជាក្នុងខេត្តអម្រិន្ទបូរពុំព្រមធ្វើកំណែនតាម ចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងតង្វាយនាំទៅថ្វាយសម្ដេចចៅពញា ចន្ទរាជា ។ ចៅហ្វាយស្រុកចាស់ឃើញរាស្ដ្រតម្អឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ ហើយទៅក្រាបទូលស្ដេចដូច្នោះ ក៏ភ័យរត់ដោះខ្លួនទៅខេត្តរលាប្អៀរ ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឲ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនេះចំនួន៣ថ្ងៃ ។ ក្រោយពីនោះមកព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរ ព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីចមួយអន្លើ ជាឯត្បូងចុងខេត្តអម្រិន្ទបូរ ។ កាលស្ដេចយាងដល់ទីនេះ ទ្រង់ទតឃើញសណ្ឋានដីមួយអន្លើដែលមានទីដីរាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឲ្យលើកបោះបង់បន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដី ដែលមានជ័យភូមិល្អវិញ ព្រោះនៅទីនោះជាទីឧត្ដមធំទូលាយមាំមួន ។ លុះទ្រង់ធ្វើបន្ទាយនោះរួចហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់ចោលនោះថា “បន្ទាយចាស់” រៀងមក ។ ក្នុងពេលដែលសម្ដេចពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខេត្ត អម្រិន្ទបូរនោះ មានចៅអធិការមួយអង្គព្រះនាមជ័យងារជា “មង្គលសត្ថា” ។ ព្រះថេរៈអង្គនេះនាំទូកងមួយជាតង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជាថា សូមថ្វាយព្រះពរ ! ទូកងនេះឈ្មោះ “សារាយអណ្ដែត” កាលក្នុងផែនដីនៃព្រះបាទសុគន្ធបទបរមបពិត្រជាសម្ដេចព្រះរៀមនៃទ្រង់ ដែលកើតចលាចលព្រោះស្ដេចកន សព្វថ្ងៃនេះ អាចក្ដីបានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយឆ្ងាយពីព្រៃចម្ងាយ៦សិនបា្លយ ។ ដល់ខែប្រាំងរាំងរឹះត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃទៅបោចសារាយត្រឹបបឿន យកទៅគ្របពីលើឈើដែលធ្វើទូកនោះមិនឲ្យត្រូវថ្ងៃ ក្រែងប្រេះស្រាំ ។ លុះស្រុកសាន្ដត្រាណបន្ដិចទៅអាចក្ដីក៏នាំសិស្សានុសិស្សទៅកាប់ ចាំងឈើនោះធ្វើជាទូកង ។ លុះយកទូកនោះមកអុំទៅអាចក្ដីក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង ។ ហេតុនេះហើយបានជាអាចក្ដីឲ្យឈ្មោះទូកនេះថា “សារាយអណ្ដែត” មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនោះទៅបិណ្ឌបាតឯស្រុកមហានគរ អាចក្ដីត្រឡប់មកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅក្ដៅហុយៗ ។ ហេតុនេះហើយបានជាមានពាក្យហៅថា “ទូកចង្ហាន់ហុយ” ។ អាចក្ដីយល់ថា ទូកងនេះ លឿនលើសចម្លែកនឹងទូកទាំងពួងជាអស្ចារ្យក្នុងព្រះនគរបានជាអាចក្ដី នាំមកថ្វាយព្រះបរមបពិត្រ ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ទ្រង់ថ្វាយអភិវន្ទកម្ម ហើយត្រាស់ថា “ព្រះជីតុនឲ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះ ញោមនៅទ័លពេក ។ បើទៅថ្ងៃមុខ ញោមបានព្រះនគរកាលណា ញោមនឹងតបស្នងព្រះគុណឲ្យគាប់ព្រះទ័យពុំខានឡើយ” ។ លំដាប់នោះ សម្ដេចចៅពញាចន្ទរាជាព្រះអង្គឲ្យមន្ដ្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ១២៤នាក់ អុំទៅមហានគរវត្ដសាកល្បងមើល ។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនៅក្ដៅហុយៗនៅឡើយ ដូចព្រះពុទ្ធដីកានៃចៅអធិការនោះថ្វាយព្រះពរមែន ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតម្រាស់ប្រាប់មន្ដ្រីទាំងពួងថា យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោកយើងបាន “ព្រះពិជ័យគជេន្ដ្រ” សសុទ្ធជាព្រះទីនាំង ខាងជើងទឹកយើងបានទូកង “សារាយ អណ្ដែត” ជាព្រះទីនាំងលឿនដូចខ្យល់ ។ រួចទ្រង់ត្រាស់បង្គាប់ឲ្យអ្នកងារធ្វើរោងដាក់រក្សាទូកទិព្វ នោះ ។ ទ្រង់តាំងនាមទូកនោះថា “ព្រះទីនាំងចក្រពត្ដិ” លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខ ឲ្យប្រមូលស្បៀងអាហារ និងគ្រឿងសាស្ដ្រាវុធទុកក្នុងបន្ទាយនោះ ជាកម្លាំងទ័ព ។ លុះប្រមូលរេហ៍ពលបានរួចស្រេចហើយ ស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះនៅខាងលិចកំពង់ឆ្នាំង) នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ ។ មួយរំពេចនោះស្ដេចចាត់ឲ្យកងទ័ពចូលច្បាំងនឹងទ័ពចៅហ៊្វាកៅឥត រួញរា ទ័ពទាំងសងខាងច្បាំងគ្នាជាកោលាហល តាំងពីអាវុធវែង រហូតដល់អាវុធខ្លី ។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់ នឹងរៀបរាប់ឲ្យអស់ពុំបាន ។ ខណៈនោះមានអភូតហេតុមួយគួរឲ្យអស្ចារ្យណាស់ គឺដំរីភ្លុកមួយជាឧត្ដមធំណាស់របស់សម្ដេចចៅហ៊្វាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ព ខ្លួនឯង បែកទាំងសម្បុកឪម៉ាល់ព្រលួតលាក់ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត ។ រេហ៍ពលទាំងនោះទ្រាំនឹងឪម៉ាល់ព្រលួតលាក់ពុំបាន ក៏រត់ខ្ចាត់ខ្ចាយបែកទ័ពអស់ទៅ ។ ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជាឃើញដូច្នោះ ក៏តាមទ័ពសម្ដេចចៅហ៊្វាកៅទៅទៀត ។ លុះកងទ័ពនេះបានឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ៊្វាកៅក៏ប្រយុទ្ធនឹងសេនាទាហានសម្ដេចចៅពញា ចន្ទរាជា ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ៊្វាកៅ ។ លុះប្រយុទ្ធមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ៊្វាកៅមួយអន្លើ ចៅហ៊្វាកៅមានរបួសជាទម្ងន់ ។ សេនាទាហានខាងសម្ដេចចៅហ៊្វាកៅជួយការពារ នាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលបើសម្ដេចចៅហ៊្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែគោ ក្របី ដំរី សេះ ស្បៀងអាហារ សាស្ត្រាវុធ ជាច្រើននាំទៅក្រាបទូលថ្វាយ ។ សម្ដេចចៅពញាចន្ទរាជាស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ (ខេត្តកំពង់ឆ្នាំងសព្វថ្ងៃ) ។ ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុករលាប្អៀរ ខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយក៏កេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ ។ ប៉ុន្ដែរាស្ដ្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុង សម្ដេចចៅពញាចន្ទរាជាជាច្រើននាក់ទៅវិញ ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកជញ្ជូនរត់តាមសម្ដេចចៅហ៊្វាកៅ ។ លុះរត់ទៅពុំទាន់ចៅហ៊្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញ ហើយស្លាប់ក្នុងទីនោះ ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា “ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខេត្តរលាប្អៀររត់ទៅហើយ” ទ្រង់ក៏ជ្រើសរើសយកហ្លួងរាជាភឹម ឲ្យធ្វើជាចៅហ្វាយស្រុក ។ ទ្រង់ឲ្យប្រមូលរាស្ដ្រប្រជា ស្បៀងអាហារ សាស្ត្រាវុធ ទុកជាកម្លាំងសឹកសង្គ្រាមសម្រាប់ស្រុកនោះ ។ ចៅពញាស្រែនសេនាទន់ ចៅហ្វាយស្រុកខេត្តលង្វែក កាលដឹងដើមទងថាសម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗទ្រង់បាននាំទាំងឈ្នះ សង្គ្រាមបានខេត្តខាងជើងជាច្រើន ទ្រង់បានសម្លាប់ចក្រីកែវ ដេញទាំងទ័ពចៅហ៊្វាកៅទៀត ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ដ្រប្រជា និងបណ្ណាការ យកទៅថ្វាយសម្ដេចចៅពញាចន្ទរាជា ថ្វាយទាំងខ្លួនចូលទៅធ្វើការរាជការជាច្រើននាក់ ។
នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋា (ស្ដេចកន) តាំងខ្លួនជាម្ចាស់ផែនដី ៖
លុះមកដល់ឆ្នាំជូត អដ្ឋស័ក ព.ស២០៦០ គ.ស១៥១៦ ម.ស១៤៣៨ ច.ស៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន៤ឆ្នាំ ។ លុះទ្រង់ជ្រាបថា “សម្ដេចចៅពញាចន្ទរាជាវាយយកបានខេត្តខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសម្លាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ៊្វាកៅជាមាក៏របួសជាទម្ងន់ទៀត ។ ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់រហូតដល់ព្រះកន្សែងសោកស្ដាយជា ខ្លាំង ។ លុះស្វាងសោកហើយ ទ្រង់មានព្រះតម្រិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ដ្រីឲ្យចេញទៅកេណ្ឌទ័ព ។ លុះមន្ដ្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត១២០.០០០នាក់ហើយទ្រង់ចាត់ បម្រើសេះឲ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជ នាំរេហ៍ពល៥០.០០០នាក់ ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងដាក់រេហ៍ពលឲ្យផ្លាស់ប្ដូរគ្នានៅរក្សាទី បន្ទាយ ។
ចៅពញាតេជោកុយ ចៅហ្វាយស្រុកខេត្តសំរោងទង និងចៅពញាវង្សាអនុជិតយស ចៅហ្វាយខេត្តបាទីថ្មី មានរេហ៍ពល១.០០០នាក់ ជាកងទ័ពក្រវែល រួមទាំងអស់ត្រូវជា១៩០.០០០នាក់ ។ ព្រះស្រីជេដ្ឋាទ្រង់ចាត់កងទ័ពទាំង១៩០.០០០នាក់នោះជាពីរ ផ្លូវ ។ ក្នុងមួយផ្លូវទ្រង់តាំងដូចមានខាងក្រោមនេះ ៖
ផ្លូវទី១-
- ទ្រង់ចៅពញាយមរាជព្រាប ឃុំពល១០.០០០នាក់ ជាទ័ពមុខ ។
- ឲ្យចៅពញាវង្សាអគ្គរាជស្រី ឃុំពល១០.០០០នាក់ ជាប៉ែកឆ្វេង ។
- ចៅពញាពិស្ណុលោកទេព ចៅហ្វាយស្រុកទ្រាំង ឃុំពល១០.០០០នាក់ ជាប៉ែកស្ដាំ ។
- ចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកខេត្តបាសាក់ ឃុំរេហ៍ពល១០.០០០នាក់ ជាប៉ែកក្រោយ ។
- ទ្រង់ ឲ្យយកឧកហ្លួងសូរ ត្រូវជាមាម៉ែបាន តាំងឡើងជា “ចៅពញាចក្រីធិបតីកុញ្ចរ” សម្រេចរាជការមហាក្រស័ត្រសឹក ហើយឲ្យលើកទ័ពទៅមុន ។
ផ្លូវទី២-ក្រោយដែលឧកហ្លួងសូរលើកទ័ពទៅនោះ សម្ដេចព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចរើសយកក្មួយម៉ែបាន៤នាក់មកតាំងជាសេនាបតីគឺ ៖
- ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឲ្យឃុំពល២០.០០០នាក់ ជាទ័ពមុខ ។
- ឧកហ្លួងនៅ តាំងជាឧកញ៉ាវាំង ឲ្យឃុំពល១៥.០០០នាក់ ជាទ័ពឆ្វេង ។
- ឧកហ្លួងទេព តាំងជាឧកញ៉ាលំពាំង ឃុំពល១៥.០០០នាក់ ជាទ័ពស្ដាំ ។
- ឧកហ្លួងមាន់ តាំងជាឧកញ៉ាស្រាល ឲ្យឃុំពល១៥.០០០នាក់ ជាទ័ពក្រោយ ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល៣០.០០០នាក់ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួងទ្រង់ចាត់ឲ្យធ្វើជាបាឡាត់ទ័ព យោក្ប័ត្រទ័ព ជាកងក្រវែល១៥កង សឹងឲ្យកាន់ទង់ជ័យពណ៌ ដែលមានរូបខុសៗគ្នា ដើម្បីមិនឲ្យច្រឡូកច្រឡំចូលគ្នាឡើយ ។ ព្រះស្រីជេដ្ឋានេះមានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ១ កម្ពស់១០ហត្ថ ឈ្មោះ “ព្រះគជេន្ទ្រយាវុធ” មានសេះព្រះទីនាំងសម្បុរស៊ីសាំ កម្ពស់៣ហត្ថ ៤ធ្នាប់ មានកម្លាំងបោលក្នុងមួយថ្ងៃ កំណត់ ២.០៥០សិន ហែលទឹកលឿនបីដូចរន្ទះ រូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ “ព្រះទីនាំងស័ង្ខរង្សី”។ សេនាសេនីយដែលទ្រង់ចាត់ចែងហើយនោះ បានមកគ្រប់មុខងារ គឺអ្នកកាន់ស្វេតច្ឆត្រ អភិរម្យ សែនត្វាន់ ចាមរ ប៉ៃមន់ តូរ្យតន្ដ្រី តាមលំដាប់ព្រះមហាក្សត្រ ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំស័ង្ខ ពួកតូរ្យតន្ដ្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់ត្រងសម្រាប់បង្គាប់ទ័ព ។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គល លើករេហ៍ពលចេញទៅ សូរសព្ទរេហ៍ពល និងសូរសព្ទរទេះសេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ដ្រីនោះនាំឲ្យព្យុហយាត្រាកងទ័ពជាឧត្ដមរងំ ខ្ទរខ្ទារទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី ។ លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល៤៥.០០០ នាក់ លើកទៅចោមវាយបន្ទាយខេត្តលង្វែក ។ ចៅហ្វាយស្រុកខេត្តលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន ។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខេត្តលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបម្រើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព៤៥.០០០នាក់ ស្រូតរូតទៅជួយចៅស្រុកខេត្តលង្វែក ។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបម្រើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា ។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេងស្ដាំ៥កង ខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកម្រើក កងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យ នាំសេនា ទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សម្លាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន ។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង៣.០០០នាក់ ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង១០នាក់ទៀត ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចត្រាស់បង្គាប់ឲ្យកាត់ក្បាលចៅពញាយមរាជ និងមេទ័ព១០នាក់ ហើយឲ្យចៀរស្លឹកត្រចៀកមេកងដែលចាប់បានទាំងរស់១០នាក់ទៀត ។ ទ្រង់មានព្រះបន្ទូលថា “អាឯងទាំង១០នាក់នេះ ចូលនាំក្បាលគូកនឯងទាំង១១នាក់នេះទៅឲ្យអាព្រះស្ដេចកនចុះ ហើយឲ្យប្រាប់អាកនថា បើវាអាងពលច្រើនឲ្យលើកមកទៀត ឬបើយល់ថាភ្លៀងធ្លាក់មក ហើយជិតដល់ល្មមនឹងឲ្យរាស្ដ្រធ្វើស្រែចម្ការ ហើយនឹងចង់ឈប់ច្បាំងឲ្យរាស្ដ្រធ្វើស្រែចម្ការសិនក៏តាមចិត្ដ ចុះ” ។ ទ្រង់ត្រាស់ផ្ដាំរួចស្រេចហើយ ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខេត្តរលាប្អៀរវិញ ។ ទ្រង់បម្រើចេញទៅស៊ើបការណ៍ក្នុងកងទ័ពសត្រូវ ។ បម្រើដឹងការណ៍ហើយក៏វិលត្រឡប់មកក្រាបបង្គំទូលសព្វគ្រប់ពុំមាន ហ៊ានធ្វេសប្រហែសឡើយ ។ នេះនឹងស្រដីអំពីបម្រើ១០នាក់ដែលរែកយួរក្បាល១១នាក់នោះទៅដល់ ស្ទឹងក្រាំងពន្លៃ ហើយក៏ចូលទៅថ្វាយបង្គំយំក្រាបម្ចាស់របស់ខ្លួនសព្វគ្រប់តាម ដំណើរ ។ ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យព្រៃនគរ ទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមី ថ្វីព្រះហស្ដនៃសម្ដេចចៅពញាចន្ទរាជា ។ លុះដល់ភ្ញាក់ស្មារតីយ៉ាងនេះ ព្រះស្រីជេដ្ឋាត្រាស់ថា “យើងនឹងខ្លាចអ្វីថ្វីដៃចៅពញាចន្ទរាជានោះ ប៉ុន្ដែឥឡូវនេះ គេសុំយើងឲ្យកងទ័ពយើងធ្វើស្រែសិន យើងក៏គួរឈប់តាមសណ្ដាប់ព្រះនគរ បើយើងនឹងរឹងទទឹងទៅ ក៏ឃើញថា ការណ៍នេះមិនត្រឹមត្រូវដែរ យើងត្រូវតែព្រមតាមគេចុះ” ។ ទើបទ្រង់ត្រាស់ឲ្យតែងព្រះរាជសារបោះត្រាសម្រាប់ផែនដីទៅឲ្យពញា មហាមន្ដ្រីជារាជទូតឲ្យពញាមន្ដ្រីជារាជទូតឲ្យពញាឫទ្ធាធិបតី ជាឧបទូត ឲ្យឧកញ៉ាជុំជិតជំនិតទឡជាត្រីទូត នាំពានមាសមួយតម្កល់ព្រះរាជសារនោះ និងព្រែផ្កាមាស១០កី ព្រែញ័រ១០ ព្រំយ៉ាងធំ២ក្បាលជាគ្រឿងបណ្ណាការ ។ លុះរាជទូតឧបទូត ត្រីទូត នាំទៅដល់ខេត្តរលាប្អៀរ ហើយអស់នាយកងទាហានខាងសម្ដេចចៅពញាចន្ទរាជាក៏ឃុំខ្លួន នាំទៅក្រាបថ្វាយបង្គំគាល់សម្ដេចចៅពញាចន្ទរាជា ។ ខណៈនោះស្ដេចចេញជួបមុខមន្ដ្រី សេនាយោធាកងទ័ពក្រាបបង្គំគាល់តាមបណ្ដាស័ក្ដិធំតូច ហើយស្ដេចឲ្យអាល័ក្សថ្លែងព្រះរាជសារថ្វាយ ។ ឯព្រះរាជសារនោះមានសេចក្ដីដូចខាងក្រោមនេះ ៖
«ព្រះរាជសារសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតីសិរីយសោធរបវរឥន្ទកុរុរដ្ឋរាជធានី ដែលរាស្ដ្រ និងព្រះរាជវង្សានុវង្សស្រឡាញ់ស្ម័គ្រចិត្ដលើកឡើងឲ្យសោយរាជសម្បត្ដិ ក្នុងមហាស្រឡប់ពិជ័យព្រៃនគរបវរបូព៌ាទិសា ។ សូមចម្រើនព្រះរាជមេត្រីមកសម្ដេចព្រះអនុជាធិរាជ គឺសម្ដេចចៅពញាចន្ទរាជាបានទ្រង់ជ្រាប ។ ដ្បិតអ្នកអូនលើកចតុរង្គសេនាទាហានរេហ៍ពលមកធ្វើសង្គ្រាមនេះ យើងមានចិត្ដអំណរណាស់ ដោយហេតុថា យើងនឹងបានទតនូវសេនាទាហានច្បាំងប្រកាប់គ្នាដោយអាវុធវែងខ្លី លើខ្នងសេះ ដំរី ជាសិរីសួស្ដី នៃចក្ខុទាំងសងខាង ។
ប៉ុន្ដែ ឥឡូវនេះ ជិតដល់វស្សារដូវហើយ រាស្ដ្រត្រូវធ្វើស្រែ ដូច្នេះយើងសូមឲ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុងមួយរដូវនេះចុះ តែសុំឲ្យចាំពាក្យដែលសន្មតសញ្ញា កុំឲ្យលបលួចវាយយកខេត្តគ្នាដូចជាកងទ័ពចោរនោះឡើយ ។ បើដល់រាស្ដ្រធ្វើស្រែចម្ការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឲ្យមានរាជសារចារជាព្រះរាជកំណត់ ទៅមក ទើបគួរសមជាឧត្ដមមហាក្សត្រធិរាជ» ។ លុះអាល័ក្សថ្លែងព្រះរាជសារចប់ហើយ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថា អារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថាអញព្រមសម្រាកឲ្យរាស្ដ្រ ធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯងហៅអញថា ជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះមានជាតិត្រកូលឆ្ងាយពីគ្នាណាស់” ។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទានមាសដួងមួយជញ្ជីងសៀម ប្រាក់ដួងពីរជញ្ជីងដែលបានមកពីក្រុងស្រីអយុធ្យានោះ ហើយប្រទានឲ្យជារង្វាន់រាជទូតជាគ្រឿងឧបរាជបណ្ណាការ រួចទ្រង់បណ្ដេញឲ្យទៅជាប្រញាប់ ។ លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ពយកសេចក្ដីក្រាបបង្គំទូលថា ៖
យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឲ្យឈប់សង្គ្រាមដូច្នេះ មួយទៀត ខេត្តខាងសត្រូវនៅច្រើនជាងយើងដែរ គឺថាបានទៅគេនោះជាង១០សួន បានមកយើងមិនទាន់បាន១សួនទេ ។ បើខាងសត្រូវឲ្យកេណ្ឌបណ្ដារាស្ដ្រតាំងពីខេត្តខាងជើងទល់នឹងស្រុក លាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងនគរចាម បានមកទាំងអស់ប្រហែលជាង១.០០០.០០០ (ដប់សែននាក់) ទៅហើយ ។ ឯខាងយើងទើបតែវាយបាន៦-៧ខេត្ត គឺខេត្តមហានគរដែលសម្ដេចព្រះបរមរាជពញាយ៉ាតវាយដណ្ដើមបានពីសៀមមក វិញ ហើយឲ្យឈ្មោះថា សៀមរាប នេះមួយ ខេត្តបាត់ដំបងមួយ និងខេត្តតូចៗ១២ ឬ១៣នេះមួយ ។ ម្យ៉ាងទៀតខេត្ដនេះ កាលបើបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួយកទៅអស់ នៅតែពីរឬបីពាន់នាក់ប៉ុណ្ណោះ បើដូច្នេះ តើយើងធ្វើដូចម្ដេចនឹងទទួលជ័យពីសត្រូវបាន បើសត្រូវកេណ្ឌពលពីក្រុងខេត្តទាំងអស់លើកមកយើងនឹងមិនបង់ការណ៍ ទេឬអ្វី ? ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់” ។ សម្ដេចចៅពញាចន្ទរាជា ជាម្ចាស់បានត្រាស់ថា ការណ៍នេះយើងបានគិតស្រេចហើយ បានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងមានប្រយោជន៍៧ប្រការគឺ ៖
ទីប្រការ១-មានសុភាបុរាណថា “ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ” បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធរបស់ឈ្មោះដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធនោះអត់បាយហើយ វាពុំយកចិត្ដទុកដាក់ក្នុងការធ្វើការរាជការយើងឡើយ ។
ប្រការ ២-យើងបានខេត្តតូចធំចំនួន១២ ឬ១៣ខេត្តនេះ ល្មមទុកជាសំណាក់បានហើយ បើយើងមិនទាន់ឲ្យទៅបញ្ចុះបញ្ចូលខេត្តផ្សេងទេ យើងលើកទ័ពទៅវាយគេតែម្ដងនោះ នឹងខ្ទេចខ្ទាំរកាំចិត្ដនៃអាណាប្រជារាស្ដ្រមិនខាន ។ លុះតែយើងបញ្ចុះបញ្ចូលហ្លួងចិត្ដចៅហ្វាយស្រុក និងបណ្ដារាស្ដ្រជាមុនសិនឲ្យចូលចិត្ដយើងដែលជាព្រះរាជត្រកូល ឬបើគេមិនចូលចិត្ដនឹងយើងទេ គេបែរជាចូលចិត្ដខាងពួកក្បត់ដែលតាំងខ្លួនជាស្ដេចនោះ ចាំយើងបានចំណាប់កាលណា សុំលើកទ័ពទៅបង្ក្រាបពួកដែលរឹងទទឹងនោះ ធ្វើឲ្យសម្រេចការណ៍ក្នុងកាលខាងក្រោម ។
ប្រការ ៣-ខេត្តអាសន្ទុកជាខេត្តធំ មានអាណាខេត្តក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គជាចៅហ្វាយខេត្តនៃស្រុកនេះ គាត់មានថ្វីដៃ និងតម្រិះប្រាជ្ញាមាំមួនណាស់ ប្រសិនយើងខំធ្វើចម្បាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គគេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនិងទៅជាកណ្ដាលចំណោមគេ នោះយើងនឹងពិបាករក្សាខ្លួនណាស់ ។ ហេតុនេះហើយបានជាយើងព្រមបង្អង់ចម្បាំង ចាំប្រាប់ប្រាមនូវខេត្តធំៗនេះ និងខេត្តតូចៗនៅត្រើយខាងកើតទិសខាងជើងនោះឲ្យបានមកជារបស់យើង សិន ។
ប្រការ៤-ខាងព្រះស្ដេចកន ដែលវាតាំងខ្លួនជាស្ដេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និងចាមរបៃមន់ សែនត្វាន់ តាមទំនៀមទម្លាប់ព្រះមហាក្សត្រ ។ ឯខាងយើងដែលពេញជាព្រះរាជត្រកូល យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយយសយើងជាទ័ពថោកជាងវា ។ ទោះយើងឈ្នះប៉ុន្មានដងក្ដី ឥស្សរិយយសយើងនោះក៏នៅតែថោកទាបជាងវា ។
ប្រការ ៥-កាលដែលបម្រើនៃព្រះស្ដេចកននាំព្រះរាជសារមកហើយទៅវិញនោះ យើងបានផ្ដាំថា បើនឹងចង់ឈប់សង្គ្រាមឲ្យរាស្ដ្រឈប់ធ្វើស្រែ ក៏ឈប់តាមចិត្ដចុះ ។ បើរាស្ដ្រកំពុងត្រេកអរព្រោះបាននៅមូលកូនប្រពន្ធផង ត្រេកអរនឹងយើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ទៅប្រែសម្ដីវិញ រាស្ដ្រកំពុងបាក់ចិត្ដស្រឡាញ់យើងនោះ ក៏នឹងប្រែចិត្ដស្អប់យើង ព្រោះយើងមានវាចាពុំទៀងត្រង់ ។
ប្រការ៦-សេនាទាហានខាងយើងមានថ្វីដៃក៏ច្រើននាក់ តែយើងពុំបានប្រឡងថ្វីដៃឲ្យឃើញជាក់ច្បាស់នៅឡើយ ។
ប្រការ ៧-ខាងយើងពិតជាព្រះរាជត្រកូលមែន តែបើតាំងខ្លួនថ្មីពុំទាន់មានទូកចម្បាំងដល់មួយសោះ ។ ឯខាងព្រះស្ដេចកនវិញ គេពិតជាក្រៅត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចម្បាំងក៏ច្រើន ។ បើគេលើកទ័ពជើងទឹកមកព័ទ្ធចោមយើងកាលណា យើងគ្មានអ្វីទប់ទល់នឹងគេឡើយ ។
ហេតុនេះហើយបានជាយើងព្រមតាមស្ដេចកនសុំដែលសុំតាមគំនិតរបស់យើង ។ ឯមន្ដ្រីខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មាន បានថ្លែងសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា ។ សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ កាលទ្រង់បានយល់ចិត្ដនៃមន្ដ្រីខ្ញុំរាជការដែលទុកចិត្ដជឿចំពោះ ព្រះតម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំងចៅពញាសួគ៌ាលោកទេពជាកូនទី៣របស់ពញាមឿងឲ្យសម្រេច រាជការលើចៅហ្វាយស្រុកខេត្តរលាប្អៀរ ខេត្តលង្វែក ខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឲ្យកងទ័ពឈររក្សាខេត្តជាប់តាំងពីស្ទឹងក្រាំងពន្លៃរៀង ទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ទៅក្រុងពិជ័យព្រៃនគរទិសខាងកើតវិញ ។
នេះនឹងនិយាយអំពីចៅឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកវិញ ។ ចៅហ្វាយស្រុកខេត្តអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខេត្តរលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខេត្តដែលឡើងខេត្តអាសន្ទុកនោះ គឺមឿង ជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង២៥នេះកេណ្ឌបានពល៨០.០០០នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសម្រាប់ចម្លងកងទ័ពឆ្លងទៅខេត្តក្រគរ ដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជា រត់គេចខ្លួនបាន ។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកអមរគីរីន្ទបូរ (អម្រិន្ទបូរី) ។ ក្នុងមួយថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខេត្ត ក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បម្រើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សា ខេត្តពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាប កុំឲ្យកងទ័ពសត្រូវឡើងគោករួច ។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យា (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល១០.០០០នាក់ កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន ។ ទ្រង់ត្រាស់កំណត់ថា បើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យ បាន ។
សម្ដេចចៅពញាចន្ទរាជា កាលឲ្យបម្រើទៅទូលសម្ដេចព្រះភាគិនេយ្យាចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ចៅពញាធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ ឲ្យនាំរេហ៍ពល២០.០០០នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយ ខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយ ឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសម្រេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា ។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិ គឺទូកងសារាយអណ្ដែតនោះ ព្រមដោយទូកងផ្សេងៗ២៥ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាប ចាំទ័ពសត្រូវ ។ ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្តអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយ ខាងលិច ។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើង ធំតូចរំពងឡើង ។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខេត្ត អម្រិន្ទបូរ ។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនា សង្គ្រាម ។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥត ត្រាប្រណីឡើយ ធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើត វិញ ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរឬបីពាន់ នាក់ ។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសម្រុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង១០នាក់ទៀត ។ ឯចៅមឿង១១នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជា មុន ។ ឯចៅពញាធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង១១នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទម្រាំស្ដេចយាងទៅដល់ ។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ ព្រះពន្លានៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ នាំចៅហ្វាយស្រុកចៅមឿងទាំង២២នាក់ និងឈ្លើយទាំង៦០.០០០នាក់ដែលចាប់បាននោះ នាំមកក្រាបបង្គំទូលថ្វាយ ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល៦០.០០០នាក់ ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយ នឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ៣ដង ម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច ។ លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខេត្ត អាសន្ទុកដែលទើបនឹងសុំចុះចូលឲ្យនាំមឿងទាំង២២ស្រុក និងរេហ៍ពល៦០.០០០នាក់ដែលសល់ពីស្លាប់នោះឲ្យលើកទ័ពទៅវាយបន្ទាយ ខេត្តកំពង់សៀម បន្ទាយខេត្តជើងព្រៃ និងស្ទឹងត្រង់ ទាំង៣ខេត្តនេះឲ្យបាន ។ ចៅហ្វាយស្រុកទាំង៣ខេត្តនេះធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់ លុះឃើញកងទ័ពពញាឧទ័យធិរាជចាត់សេនាទាហានឲ្យនៅរក្សាខេត្តទាំង៣ នោះហើយ ក៏លើកទ័ពមកគ្រាបបង្គំទូលស្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះដែល ខ្លួនយកបានគ្រប់ប្រការ ។ ស្ដេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានមាស ប្រាក់ យសស័ក្ដិដល់សេនាទាហានទាំងនោះឲ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្ដាំនឹងចៅពញាឧទ័យធិរាជឲ្យការពារសឹកសង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឲ្យជាប់នៅនឹងបាឯង ឲ្យបាឯងខំរក្សាអាណាខេត្ដ ព្រមទាំងបញ្ចុះបញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឲ្យបានមកជាចំណែកខាងយើងទាំងអស់ ។ ចៅពញាឧទ័យធិរាជ និងចៅមឿង២១ខេត្ត ក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខេត្តទីទៃៗរៀងខ្លួន ។ ចៅពញាឧទ័យធិរាជទៅដល់ខេត្តហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ចេញទៅនិយាយបញ្ចុះបញ្ចូល ចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើតប៉ែកខាងលិចនោះទាំងអស់ ។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីថ្វីមាត់ទាំងនោះទៅបញ្ចុះបញ្ចូលបាន ចៅហ្វាយស្រុកមហានគរ ចៅមឿងសូត្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិចជាស្រេចដាច់ខាតមក ខាងស្ដេចពញាចន្ទរាជាទាំងអស់ ។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជាជាម្ចាស់តាម ដំណើរ ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ពត្រឡប់មកខេត្ដអម្រិន្ទបូរវិញ ។ ក្នុងឆ្នាំជូតអដ្ឋស័កនោះ ព្រះសង្ឃរាជរាជាគណៈឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជវង្សានុវង្សដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាននោះដឹងថា “សម្ដេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃដែលពួនជ្រកនោះមកជួបជុំនាយកងនាយទ័ព សុំឲ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេសជាអម្ចាស់យើងនេះពេញជាព្រះរាជបុត្រាបង្កើត នៃព្រះបាទសម្ដេចព្រះរាជឱង្ការព្រះធម្មរាជាដែលជាព្រះមហាក្សត្រ ទ្រង់ធម៌ ទ្រង់ប្រាថ្នាជាពុទ្ធភូមិ វិរិយោធិក ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ដ្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ ។ ព្រះអង្គមានបុណ្យបានរបស់ត្រកាលពីរយ៉ាងគឺ ៖
១-ទ្រង់មានពិជ័យគជេន្ទ្រសសុទ្ធមួយ កាលដែលទើបនឹងបានកម្ពស់តែ៦ហត្ថមកដល់ឥឡូវនេះកម្ពស់៧ហត្ថបា្លយ ដំរីនោះមានដំណឹង (ការចេះដឹង) ច្រើនជំពូកណាស់ គឺជំពូកមួយវាចេះកាន់អាវុធចាក់កាប់ដូចមនុស្ស ជើងទាំងពីរចេះធាក់ផង រងអាវុធផង ។ ជំពូកពីរ បើមានជំងឺតម្កាត់នៅទីណា ក្នុងព្រះនគរព្រះករុណាជាអម្ចាស់យើងឲ្យហ្មធ្វើពិធីសុំទឹកយកទៅ ជះបាចសាចនៅទីណាដែលមានជំងឺនោះជំងឺក្នុងទិសនោះសឹងតែស្ងប់ស្ងាត់ បាត់ទៅ ។ ជំពូកបី បើរដូវវស្សា ហើយរាំងភ្លៀង ព្រះអង្គជាម្ចាស់យើងឲ្យហ្មថៅនាំទៅធ្វើពិធីក្នុងទីនោះ៣ឬ៤ ថ្ងៃតែប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូណ៌ ។ ជំពូកបួន បើព្រះអង្គជាអម្ចាស់យើងឡើងគង់ និងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឲ្យឮសំឡេងក្រអៅហើយនោះឲ្យសង្ឃឹមទុកចិត្ដចុះថា មុខជាមានជ័យជំនះឈ្នះបានដំរីជាបរិវារច្រើនជាមិនខាន ។
២-ព្រះ អង្គទ្រង់បានទូកងឈ្មោះសារាយអណ្ដែតមកជាព្រះទីនាំងចក្រពត្ដិនោះ ក៏មានបុញ្ញាធិការច្រើនជំពូក គឺជំពូកមួយ បើទូកធម្មតាទៅនគរវត្ដមិនមានខ្យល់រលកទេ កំណត់បីបួនថ្ងៃទើបមកដល់ បើខ្យល់រលកផងទូកធម្មតាទៅនគរវត្ដត្រូវប្រើពេលអស់១០ឬ១៥ថ្ងៃ ឯព្រះទីនាំងចក្រពត្ដិនោះ ព្រះអង្គទៅបិណ្ឌបាត្រនៅព្រះនគរវត្ដត្រឡប់មកដល់វត្ដយើងវិញ កំណត់តែបាយចង្ហាន់ហុយៗនៅឡើយ ព្រោះលឿនបីដូចជាទូកទិព្វ ។ ជំពូកពីរ បើសេនាទាហាននឹងឡើងជិះធ្វើសង្គ្រាមចំណុះទូក១២៥នាក់នោះ ទោះកាំភ្លើង ធ្នូ ស្នា ច្រើនប៉ុន្មានក្ដីក៏ពុំដែលមកជិតចំណុះទូកនេះឡើយ ។ ជំពូកបី បើនឹងលើកទ័ពចេញទៅហើយ គេលេងភ្លេងពិធីអូសចេញពីបង្គងនោះ លុះលេងរួចហើយឲ្យពិនិត្យមើលពងមាន់១២៥ដែលថ្វាយទូកនោះ បើបិសាចដែលរក្សាទូកនោះឮសូរគាំហ៊ោជាត្រេកត្រអាលនោះ អ្នកស្នែងអាចសែងតែ១៦នាក់រួចយ៉ាងស្រួល ហើយឲ្យសង្ឃឹមថា មុខជាមានជ័យបើពងមាន់នោះមិនបាត់មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះមុខជាពុំប្រទះច្បាំងនឹងសត្រូវសោះឡើយ ។ របស់វិសេសទាំងពីរប្រការនេះអស់អាត្មាភាព និងយើងខ្ញុំទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ មហាចក្រ ទៅធ្វើការឯណាក៏នឹងមានជ័យជំនះ ហើយយើងទាំងអស់គ្នាមកនៅស្ងៀមពុំបានធ្វើព្រះរាជពិធីអភិសេកឲ្យ បានរុងរឿងឥស្សរិយយសខ្ពស់ ជាឯកព្រះមហាក្សត្រ ឲ្យបានថ្កុំថ្កើងជាងរាជសត្រូវនោះពុំខានឡើយ ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលថ្វាយសូមអញ្ជើញព្រះអង្គសោយរាជ្យ សម្បត្ដិតាមសេចក្ដីពិភាក្សា ហើយយល់ព្រមជាឯកច្ឆន្ទ ។ ទើបសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា ព្រះនគរក៏ពុំទាន់បានរាបទាប ទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើរៀបអភិសេកក្រែងពុំគួរទេដឹង ។ ពេលនោះអស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះរាជវង្សានុវង្ស មន្ដ្រីចាស់ទុំ ខ្ញុំរាជការក្រាបបង្គំទូលថា សូមព្រះរាជទាននឹងរៀបព្រះរាជពិធីជាសង្គ្រាមមាភិសេក ថ្វាយជាសុវត្ថិមង្គល គ្រាន់នឹងគ្រប់គ្រងរាស្ដ្រប្រជាជាបណ្ដោះអាសន្នសិនប៉ុណ្ណោះទេ បើទ្រង់ច្បាំងឈ្នះបានព្រះនគរស្រេចកាលណា និងសូមថ្វាយប្រាបា្ដភិសេកក្នុងកាលនោះ ។ ខណៈនោះសម្ដេចបរមបពិត្រទ្រង់ព្រះរាជានុកូលចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នាយល់ថាត្រូវតែឲ្យយើងទទួលអភិសេកហើយ ក៏ឲ្យគិតសម្រេចធ្វើតាមក្បួនសង្គ្រាមមាភិសេកនោះឲ្យបានត្រឹមត្រូវ តាមប្រពៃណីចុះ ។ រំពេចនោះព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញទៅចាត់ចែងកេណ្ឌកងកំណែនឲ្យចាំងដីជម្រះស្មៅជាឯលិច បន្ទាយដែលគង់ឲ្យសង់រោងរាជពិធីតាមពុទ្ធសាសន៍ សេយ្យសាសន៍ ព្រះរាចវ័តីឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌបធ្វើព្រះបុស្បុក មានព្រះស្វេតច្ឆត្រ គ្រឿងរាជអភិសេកសព្វសារពើ ។ ចំណែកឯព្រះស្វេតច្ឆត្រនោះសម្ដេចចៅពញាចន្ទរាជាទ្រង់ពុំឲ្យធ្វើគ្រប់ ៩ជាន់ទេ ទ្រង់ឲ្យធ្វើតែ៥ជាន់ ហើយទ្រង់ឲ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿងព្រះទីនាំងអស្សតរ តែងខ្លួនឲ្យប្រពៃបម្រុងកាន់ទង់ជាតិដើរហែរចូលទៅក្នុងរោងព្រះ ពិធីពរជ័យ ។ ឯបណ្ដារាស្ដ្រជិតឆ្ងាយឮថា ព្រះបរមបពិត្រទ្រង់រៀបសង្គ្រាមមាភិសេកហើយត្រេកអរណាស់ ក៏នាំគ្នាយកគោ ក្របី សេះ ដំរី ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះ មកក្រាបទូលថ្វាយជាច្រើនអនេក ។ លុះមកដល់ថ្ងៃទី៩កើត ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស២០៦០ គ.ស១៥១៦ ម.ស១៤៣៨ ច.ស៨៧៨ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់គ្រឿងមហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុងរោងរាជពិធី ។ ព្រះរាជគ្រូថ្វាយមហាស្វេតច្ឆត្រ ស្ដេចឋិតនៅនាបូព៌ាមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ដ្រីក្រាបថ្វាយព្រះរាជមង្គលព្រះរាជពិធីពរជ័យ ។ សម្ដេចចៅពញាចន្ទរាជាព្រះអង្គគ្រឿងគ្រងរាជ្យសម្បត្ដិ ទ្រង់ព្រះនាមថា “ព្រះបរមរាជាចន្ទរាជាគ្រងក្រុងកម្ពុជាធិបតី” ។ លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និងមន្ដ្រីតាមគុណបំណាច់ និងចំណេះវិជ្ជាដូចតទៅនេះ ៖
- ចៅអធិការសួស ជាទីសម្ដេចព្រះសុគន្ធធាធិបតីសិរីសោធរសង្ឃនាយក ។
- ចៅអធិការស្រី ជាទីសម្ដេចមង្គលទេពពាចារ្យ ។
- ចៅអធិការសោម ជាទីសម្ដេចព្រះធម្មលិខិត ។
- ចៅអធិការលាស់ ជាទីសម្ដេចព្រះពោធិវង្ស ។
- ចៅអធិការទន់ ជាទីសម្ដេចព្រះវនរ័ត ។
- ចៅអធិការសោម ជាទីសម្ដេចព្រះវន័រ ។
- ចៅអធិការជ័យ ជាទីសម្ដេចមហាវិមលធម្ម ។
ចៅអធិការសួសមានបណ្ដាស័ក្ដិស្មើនឹងទីក្រឡាហោម ស្រីស្មើនឹងទីយមរាជ លាស់ស្មើទីវាំង ទន់ស្មើទីចក្រី សោមស្មើនឹងមហាមន្ដ្រី ជ័យស្មើនឹងមហាទេព ។ លំដាប់មកទ្រង់តាំងព្រះរាជាគណៈ សម្រាប់ ទោ ត្រី ចត្វា តទៅទៀត ។ លុះតាំងទាំងទ្រទូងរត្នទាំង៧ គ្រប់ទាំង៤ សម្រាប់នោះហើយ ទ្រង់តាំងមន្ដ្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញាត្តទុកថា តាំងពីថ្ងៃនេះតទៅបើនឹងតាំងសេនាធិបតីក្នុងក្រៅឲ្យតាំងដោយរបៀប ដូច្នោះ ៖
បើខ្ញុំរាជការស័ក្ដិ ៥ហ៊ូពាន់ឲ្យតាំងជាហ្លូង ។ បើ៤ហ៊ូពាន់ឲ្យតាំងជាឃុនម៉ឺន ។ បើ៣ហ៊ូពាន់ឲ្យតាំងជាឱកម៉ឺន ។ បើ២ហ៊ូពាន់ឲ្យតាំងជាចៈម៉ឺន ។ បើមួយម៉ឺនឲ្យតាំងជាម៉ឺន បើខ្ញុំរាជការហើយតែពុំទាន់ប្រោសព្រះរាជទានឲ្យយកស័ក្ដិទេ នោះឲ្យហៅថានាយ ។ មួយទៀតសេនាបតី និងចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្ដពលពាលោនោះ ទ្រង់តាំងឲ្យសុទ្ធធ្វើជាទី “សម្ដេចចៅពញា” ព្រោះចៅហ្វាយស្រុកទាំងនោះសុទ្ធតែសម្ដេចព្រះរាជត្រកូលដែលចេញទៅគ្រង ស្រុកស័ក្ដិ១០ហ៊ូពាន់ក៏មាន៩ហ៊ូពាន់ក៏មាន មកដល់ផែនដីព្រះបាទធនញ្ជ័យកោរព្យារាជនោះ ចៅហ្វាយស្រុកទាំងនោះពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យារាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកត្រឹមតែទី “ចៅពញា” វិញ ។ បើស័ក្ដិ៨ហ៊ូពាន់ចុះមកតាំងជាទី “ពញា” ។ ឯសេនាបតី និងមន្ដ្រីស័ក្ដិ៩ហ៊ូពាន់ក្នុងវង្សមន្ដ្រីរាជការនោះពីមុនមកបាន តែងតាំងជា “សម្ដេចចៅពញា” ដល់មកផែនដីនេះយើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ ។ ដូច្នោះយើងត្រូវគិតរៀបចំជាថ្មីគឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំងបួនសម្រាប់បើតាំងឡើងឲ្យតាំងជា “ឧកញ៉ា” ។ ឯចៅហ្វាយស្រុកស័ក្ដិ៩ ឬ១០ ហ៊ូពាន់នោះឲ្យតាំងជា “ចៅពញា” ។ បើ ៧ ឬ៨ ហ៊ូពាន់ឲ្យតាំងជា “ពញា”។ តមកទ្រង់តាំងភីលៀងខាងព្រះអង្គទាំង៤នាក់គឺ ៖
- ព្រះទិព្វជាញជ័យទេព ឲ្យជាទីសម្ដេចចៅហ៊្វាទឡ្ហៈ (នាយករដ្ឋមន្ដ្រី) ។
- ហ្លួងស្នេហានុរ័ក្សព្រំ ជាទីឧកញ៉ាយមរាជ (រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌) ។
- ហ្លួងវិជិត ព្រះអង្គឲ្យតាំងជាទីឧកញ៉ាក្រឡាហោម (រដ្ឋមន្ដ្រីក្រសួងទ័ពជើងទឹក)។
- ហ្លួងឧត្ដមចិន្ដាស្រី ជាទីឧកញ៉ាវាំង (រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង) ។
- ហ្លួងភក្ដីនុរ័ក្សកែវ ជាទីឧកញ៉ាចក្រី (រដ្ឋមន្ដ្រីខាងទាហានជើងគោក) ។
ទ្រង់តាំងខ្ញុំរាជការដែលជាទីកំសត់ជំនិតនឹងព្រះអង្គទាំង៥០នាក់នោះ ជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់ៗគ្នា ។ ទ្រង់តាំងចៅពញាយសរាជជាទីសម្ដេចព្រះភាគិនេយ្យាយសរាជា ។ ទ្រង់តាំងព្រះភីលៀងសម្ដេចព្រះភាគិនេយ្យា ៖
- ឃុនស្នេហានុរ័ក្សកែ ជាទីឧកញ៉ាវង្សាអគ្គរាជ ។
- ម៉ឺនវិជិតសិទ្ធិរសសម ជាទីឧកញ៉ាវិបុលរាជ ។
- ម៉ឺនភក្ដីនុរ័ក្សទេព ជាទីឧកញ៉ាធម្មាធិរាជ ។
- ម៉ឺនវិសេសហឫទ័យកៅ ជាទីឧកញ៉ារាជតេជៈ ។
ឯមន្ដ្រីក្នុងសេនាទាហានក្រៅពីនេះទ្រង់ តាំង ៖
- ចៅពញាសេនារឿងឫទ្ធិទ័យ ជាទីសម្ដេចជេដ្ឋាមន្ដ្រី
- ចៅពញាជំរង់ស្នេហាស៊ុន ជាទីឧកញ៉ាឯករាជ
- ចៅពញាសេនាវុធស៊ុន ជាទីឧកញ៉ាបរទេសរាជ
- ចៅពញាសេនាសមសក្ដិនូរ ជាទីឧកញ៉ាស្រីសូរទិព្វវាំង
- ចៅពញាសំដែងអាវុធមោ ជាទីឧកញ៉ានរិន្ទ្រាធិបតី ។
ចំពោះមន្ដ្រីក្នុងសេនាទាហានក្រៅពីនេះតទៅទៀត ព្រះបាទសម្ដេចព្រះចន្ទរាជា ទ្រង់តាំងឲ្យធ្វើជាចៅហ្វាយស្រុកខ្លះជាក្រុមព្រះតម្រួត ខ្លះជាក្រុមវាំង ខ្លះជានាយទាហាន គ្រប់មន្ដ្រីដែលមានគុណបំណាច់ក្នុងការធ្វើចម្បាំងគ្មានខ្វះចន្លោះ អ្នកណាម្នាក់ឡើយ ។ ទ្រង់កោតសរសើរពីគុណបំណាច់នៃចៅពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយកូន៤នាក់ក្នុងគ្រាដែលព្រះអង្គទ័លព្រះសម្បត្ដិ ទាំងគ្មានពលសោះ ហើយរត់ទៅក្រុងទេព និងកាលទ័ពសត្រូវចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង (នូវ) ប្ដូរជីវិតស្លាប់នៅកេណ្ឌបិសាចយកមកជួយឲ្យឈ្នះសង្គ្រាមច្រើន គ្រានោះថា ទ្រង់តាំងកូនទាំងពីរនាក់ឲ្យធ្វើជាសួគ៌ាលោកមួយ សេនាសង្គ្រាមមួយ នោះឃើញថា ពុំទាន់ធួនល្មមនឹងកម្លាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព កូនទី៣ ជាសម្ដេចចៅពញាយោធារិន្ទ តាំងចៅពញាសេនាសង្គ្រាមសុខកូនទី៤ ជាឧកញ៉ាសួគ៌ាលោក ឲ្យមានអាណាខេត្ដឡើង (ខេត្តឡើងគឺជាខេត្តចំណុះ) គឺខេត្តក្រគរ ក្រងមួយ ខ្លុងមួយ ។ តមក ទ្រង់គិតដល់គុណបំណាច់នៃពញាមនោមន្ដ្រីគល់ ជាចៅមឿងស្រុកបាត់ដំបង ដែលកាលសម្ដេចត្រឡប់ពីស្រុកសៀមមកដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី៥ និងសេះ១៥ ព្រមទាំងថ្វាយស្បៀងអាហារ១.០០០រទេះ ។ ទ្រង់មានបន្ទូលថា ចៅមឿងនេះមានសក្ដិស្មើនឹងស័ក្ដិ៦ហ៊ូពាន់ តែពញាមឿងមានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះទ្រង់លើកឡើងជាចៅហ្វាយស្រុកធំ មានស័ក្ដិ៩ហ៊ូពាន់ ហើយឲ្យមានចៅមឿងឡើងស្ដាប់បង្គាប់៥ស្រុក គឺស្រុកមង្គលបុរី១ ទឹកជោរបរត្បូង១ ពាមសីមា១ មោងឫស្សី១ ស្រុកខាងលើទាំង៥នេះឲ្យឡើងស្ដាប់នៃចៅពញាមនោមេត្រីទាំងអស់ ។ សេចក្ដីសារសព្ទអំពីព្រះកិត្ដិយសពីរោះខ្ពស់ប្រសើរផ្សាយចេញទៅដល់ ខេត្ដនានាថា ទ្រង់ពុំដែលបកស័ក្ដិខ្ញុំរាជការនេះមួយថាទ្រង់ពុំអួតអាងមាន ថ្វីដៃនេះមួយ ថាបើមានប្រាជ្ញាស្មារតី មានវោហារចេះអធិប្បាយធម៌អាថ៌នេះមួយ អ្នកប្រាជ្ញារាជបណ្ឌិតដែលចេះដឹងគម្ពីរបាលីក្បួនតម្រានេះមួយ ទ្រង់ឲ្យស៊ើបសួររក យកខ្លួនមកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញាស្មារតីរបស់ខ្លួន ទាំងអស់ ។ ម្លោះហើយអ្នកប្រាជ្ញរាជបណ្ឌិតអ្នក ចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យបារមីនៃព្រះអង្គច្រើន ក្រៃពេក ។ ក្នុងថ្ងៃមួយនោះ ព្រះបាទសម្ដេចចន្ទរាជា ទ្រង់ព្រះតម្រិះថា “តាំងពីយើងបានមកនៅក្នុងខេត្តអម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗក៏ពុំទាន់សម្រេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ដ្រក៏មិត្ដមូលចូលមកយកយើងជាទីពំនាក់ សម្បូរទាំងមនុស្ស ទាំងសម្បត្ដិ ជាទីឋាននាំឲ្យបានរបស់ចម្លែកអស្ចារ្យ ទាំងសេនាទាហានក៏មានបរិបូណ៌” ។ លុះទ្រង់ព្រះតម្រិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះអមរគិរិន្ទបូរ ឬអម្រិន្ទបូរនោះឲ្យឈ្មោះជា “ខេត្តបរិបូណ៌”វិញតាំងពីថ្ងៃនោះតរៀងមក ។ ក្នុងពេលដែលទ្រង់កំពុងតែតែងតាំងនាម៉ឺនមុខមន្ដ្រីនោះ ថ្ងៃរះច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមានឥន្ទធនូ៧ពណ៌ចុះពាសពេញទាំងអាកាស ទាល់តែព្រះអង្គទ្រង់តាំងមន្ដ្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់ទៅវិញ ។ ខណៈនោះព្រះបរមបពិត្រ និងសេនាបតីមន្ដ្រីធំតូច ខ្ញុំព្រះរាជការសង្ស័យណាស់ ក៏ទ្រង់ត្រាស់សួរហោរាសុំឲ្យទំនាយថ្វាយ ។ សូមទ្រង់ព្រះមេត្ដាប្រោស ! អព្ភូតហេតុដ៏អស្ចារ្យនេះប្រាប់ឲ្យដឹងថា ព្រះអង្គនឹងមានបុណ្យបារមី ជាឱកាសព្រះនគរ ទាំងព្រះខ័នជ័យ និងទេវរូបក៏បានមកជារបស់សម្រាប់ផែនដីវិញមិនខាន ។ ព្រះបរមបពិត្រទ្រង់ត្រាស់សួរបញ្ជាក់ហោរាថែមទៀតថា ៖ ហេតុអ្វីបានជាហោរាទាយដូច្នេះ ? តើឃើញហេតុដូចម្ដេចខ្លះ ? ហោរាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្ដាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេតក្នុងហោរាសាស្ដ្រទៅឃើញមានហេតុ៧ ប្រការគឺ ៖ ប្រការ១: កាលព្រះអង្គចាប់បដិសន្ធិនោះ សម្ដេចព្រះកន្លោង (សម្ដេចព្រះមាតា) ទ្រង់ព្រះសុបិនឃើញចន្ទគ្រាសក្នុងផ្ទៃពេញបូណ៌មី ។ ប្រការ២: ពេលព្រះអង្គប្រសូតមកទៀតនោះ ក៏ប្រសូតក្នុងថ្ងៃពេញបូណ៌មី ថ្ងៃនោះក៏មានចន្ទគ្រាសទៀត ។ ប្រការ៣: ទ្រង់មានព្រះនាមទៀតក៏ហៅថា ព្រះចន្ទ ។ ប្រការ៤: កាលសម្ដេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិននិម្មិតឃើញថា ព្រះវររាជបិតានៃទ្រង់មកហៅព្រះអង្គទៅកុំឲ្យព្រះអង្គនៅតស៊ូនឹង នាគ ថានាគនេះលុះត្រាតែព្រះចន្ទពីទិសខាងលិចមកក្នុងថ្ងៃណា ទើបវានោះរលាយបាត់បង់ទៅវិញ ។ ឥឡូវនេះព្រះអង្គក៏ស្ដេចមកពីប្រទេសសៀមជានគរនៅទិសខាងលិចនៃព្រះ នគរកម្ពុជានេះ គឺត្រូវនឹងសុបិននិម្មិតនេះមែន ។ ប្រការ៥: ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទ នេះជានិម្មិតរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ដ្រ ។ ប្រការ៦: ឥឡូវនេះឃើញថា តាំងពីព្រះអង្គស្ដេចចូលមកជាន់ដីក្រុងកម្ពុជាថ្ងៃណា អាណាប្រជានុរាស្ដ្រក៏ក្សេមក្សាន្ដក្នុងចិត្ដណាស់ ។ ប្រការ៧: ព្រះនគរនេះ សម្ដេចអម្រិន្ទ្រាធិរាជទ្រង់បានឧបត្ថម្ភជួយទំនុកបម្រុងឲ្យកើតជា មហានគរ ។ ដល់ទ្រង់ព្រះករុណាវិសេសបានគ្រប់គ្រងនគរ ទំនុកបម្រុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទ្ធិ ទាំងតែងតាំងមន្ដ្រីរាជការក៏ត្រឹមត្រូវតាមដំណើរនៃអ្នកមានគុណ បំណាច់ ។ ហេតុនេះហើយទើបសម្ដេចអម្រិន្ទ្រាធិរាជទ្រង់បណ្ដាលជាឥន្ទធនូ៧ពណ៌ ពាសពេញទាំងអាកាសក្នុងវេលាដែលទ្រង់តាំងមន្ដ្រីនោះ ។ បានសេចក្ដីថា ព្រះឥន្ទ្រាធិរាជទ្រង់ប្រទានសព្ទសាធុការពរថ្វាយព្រះអង្គឲ្យបានជា កំពូលភពជាម្លប់កម្ពុជានេះ ហើយកុំឲ្យរាស្ដ្រស្ដាប់មនុស្សក្រៅពីព្រះរាជត្រកូលឡើយ ។ ព្រះបាទសម្ដេចព្រះចន្ទរាជាទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះមានលក្ខណៈ មានគោលចារឹកគ្រប់គ្រាន់ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់ ។ ទ្រង់បានចំណាយព្រះរាជទ្រព្យប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជទ្រព្យដល់កងទ័ពដែលកាប់ឈើធ្វើព្រះវិហារនៅ ជំរំដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងនោះ ។ លុះថ្ងៃក្រោយមក សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា “ទឹកស្ទឹងនេះរីងស្ងួតអស់” ទ្រង់សង្ស័យក្នុងព្រះរាជហឫទ័យណាស់ ទើបស្ដេចឡើងគង់លើព្រះទីនាំងអស្សតរ ព្រមទាំងពួកនិករចេញទៅទតដល់ក្បាលស្ទឹង ។ ទ្រង់ឃើញទឹកស្ទឹងនោះហូរច្រោះជារូងហូរទៅទិសខាងជើងមានឈើ មានថ្មរលីងរលំត្រង់មាត់ស្ទឹងខាងត្បូង ។ ទើបត្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសមក្រុមព្រះសុរិយោដីឲ្យ ប្រមូលរាស្ដ្រឲ្យបួងសួងអ្នកតាធ្វើពិធីលើកដីបិទផ្ទៃស្ទឹងនោះមិន ឲ្យហូរទៅទិសខាងជើង ។ ទឹកនោះក៏ហូរតាមប្រឡាយដែលជីកថ្មី ហើយហូរចុះទៅស្ទឹងធំដូចដើមវិញ ហើយក៏ស្ដេចព្រះរាជដំណើរមកបន្ទាយវិញ ។ ក្រោយពីនេះមក មានស្រីពីរនាក់មួយឈ្មោះឯក មួយទៀតឈ្មោះអាំ មានប្ដីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្ដី ។ នាងឯកសហាយនឹងចៅកៅ ហើយចាក់ចៅសួសជាប្ដីស្លាប់ ។ នាងអាំសហាយ និងចៅគាំកាប់ចៅសោមជាប្ដីស្លាប់ ។ ពេលនោះទីទំនប់ស្ទឹងក៏ហូរធ្លាយចេញចុះទិសខាងជើងដូចជាមុន ទៀត ។ ចៅហ្វាយស្រុកក្រមការនៃខេត្តបរិបូណ៌ចាប់បានអាចោរមេចោរទាំងប្រុស ស្រីនាំខ្លួនយកទៅក្រាបបង្គំទូលថ្វាយ ។ ព្រះបរមបពិត្រត្រង់ជ្រាបសេចក្ដីគ្រប់ប្រការ ហើយទ្រង់ត្រាស់ថា អញបិទទំនប់នេះ ព្រោះត្រូវការឲ្យទឹកហូរចេញចុះមកក្នុងស្ទឹងដើម្បីឲ្យអ្នកស្រុក ធ្វើរហាត់ទឹក យកទឹកដាក់ស្រែ យកស្រូវឲ្យបរិបូណ៌ ពុំគួរឡើយអាចោរមេចោរពីរ៤នាក់ទៅបំផ្លាញពិធីទំនប់ទឹកនេះ ឡើយ ។ បើដូច្នោះត្រូវមានទោស៣ស្ថានគឺ ៖
- ត្រូវថាវាទាំងពីរនាក់លួចប្រពន្ធគេ ។
- ត្រូវវាទាំង៤នាក់មានទោស ព្រោះបានសម្លាប់មនុស្សពីរនាក់ ។
- វាទាំង៤នាក់ត្រូវមានទោសថាបង្អត់បាយគេទូទាំងខេត្ត ។
ទើបទ្រង់បង្គាប់មន្ដ្រីក្រុមព្រះនគរបាល និងក្រុមព្រះសុរិយោដីឲ្យយកអាចោរមេចោរទាំង៤នាក់ទៅដាក់ក្នុង ទំនប់នោះ ។ មន្ដ្រីក្រុមទាំងពីរក៏ថ្វាយបង្គំលានាំចោរទាំង៤នាក់នោះទៅ សម្លាប់ ដោយបួងសួងអាកាស ទេវតា អារក្ខទេវតា ហើយសម្រេចទោសអាមេទាំង៤នាក់រួចលើកដីលប់ទៅ ។ បិសាច ខ្មោចអាមេទាំង៤នាក់ និងកូនក្នុងពោះ២នាក់ទៀត ត្រូវជា៦នាក់ក៏នៅឃុំរក្សាទំនប់នោះជាប់រៀងមកទល់ឥឡូវនេះ ។ អស់បណ្ដាអ្នកស្រុកធ្វើស្រែដោយហេតុទំនប់នេះ ចម្រើនផលស្រូវជាងសព្វឆ្នាំ ។ ទឹកស្ទឹងនេះហូរខ្លាំងមក ប្រេះដីនោះជ្រៅធំទូលាយអាចឲ្យចេញចូលទូកបានអ្នកឈ្មួញជួញលក់ ចេញចូល ទៅនៅរកស៊ីតាំងជាផ្ទះ ផ្សារជាច្រើន ។ ហេតុនេះហើយបានជាគេហៅថា “ផ្សារបរិបូណ៌” តមកដល់សព្វថ្ងៃនេះ ។ ឯដីចុងស្ទឹងនោះទ្រង់ត្រាស់ឲ្យកងទ័ព និងអ្នកស្រុកធ្វើស្រែសឹងតែបានចម្រើនផលជាច្រើនសមប្រកបនឹងនាម ខេត្ដបរិបូណ៌ដែលទ្រង់ប្រែឈ្មោះនោះ ។
លុះមកដល់ឆ្នាំឆ្លូវ នព្វស័ក ព.ស២០៦១ គ.ស១៥១៧ ម.ស១៤៣៩ ច.ស៨៧៩ នោះ ព្រះបរមបពិត្រទ្រង់ត្រាស់ឲ្យរំលាយរេហ៍ពលទៅធ្វើស្រែគ្រប់ខេត្ត ហើយត្រាស់ឲ្យធ្វើព្រះរាជបន្ទូលដែលជាព្រះរាជត្រកូល ពុំចូលនឹងពួកអាព្រះស្ដេចកនជាអ្នកងារពលព្រះទេ ក៏ចូលសារភាពតាំងពីឥឡូវនេះឲ្យហើយទៅ ។ តែទុកឲ្យយូរទៅដរាបដល់បានរាបទាបក្នុងព្រះនគរនោះ ព្រះអង្គនឹងយកទោសចាត់ទុកជាក្បត់ផែនដីដូចពួកអាស្ដេចកនជាប្រាកដ ពុំលែងឡើយ ។
កាលនោះហេតុតែបុណ្យបារមីរបស់សម្ដេចចៅពញាចន្ទរាជា អស់បណ្ដារាស្ដ្រទាសកម្មករ គ្រប់ភាសា ក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញាស្នេហាមេត្រីនឹងព្រះបរមបពិត្ររាប់រូបកាយ ពុំមានខាន ។ បណ្ដារាស្ដ្រទាសកម្មករទាំងនោះក៏នាំគ្នាចូលមកថ្វាយបង្គំសុំសារភាព ច្រើនស្រុកច្រើនខេត្ដ ។
នេះនឹង និយាយអំពីព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ ។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខេត្តថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខេត្តអម្រិន្ទបូរពោធិ៍សាត់វិញឲ្យ បាន ។
សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបាន ឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់ ។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន១២០.០០០នាក់ ។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព២០.០០០នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទង ឲ្យសម្ដេចចៅហ៊្វាកៅឃុំពល៣០.០០០នាក់ទៅតាំងបន្ទាយនៅ ភ្នំពេញ ។
ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបម្រើសេះពីខេត្ដលង្វែកចូលទៅក្រាប បង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់ ។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែ ឲ្យឃុំពល២០.០០០នាក់លើកចេញទៅ ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យាយសរាជានៅចាំ រក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល៣០.០០០នាក់ លើកចេញទៅតាំងនៅភូមិជ័យសួគ៌ នៅខេត្ដលង្វែក រង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់ ។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ លើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល ។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំង ជាសេនាបតីមេទ័ពត្រើយខាងកើត ។ ខណៈនោះសេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល ។
ពួកពលស្លុតស្លាប់ទាំងសងខាង កងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុង ព្រៃនោះចំនួនដំរីសឹក១៤០នាក់ វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាប ពីក្រោយកងទ័ព ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ ។
មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្ដបាទី ខេត្តទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយ នាំមកក្រាបទូលថ្វាយ ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខេត្តដូចដើមវិញ ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្ដទ្រាំង ក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្ដនោះ ។ ដល់រដូវទ្វាទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រកស្បូវ នៅកំពង់ខេត្តលង្វែក ។ លុះដល់សម្រេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូកប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតម្កល់នៅពិភពនាគ និងអុជកាំជ្រួចរន្ធថ្វាយទៅចូឡាមណីចេតិយដែលតម្កល់ព្រះចង្កូមកែវ នៅឋានត្រៃត្រិង្ស៣ថ្ងៃ ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យ ហៅថា “ភូមិសូរវង្ស” ។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្សកំពង់ប្រាសាទរៀងមក ។
លុះការបុណ្យទ្វាទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍៣០.០០០នាក់លើកទៅចោមបន្ទាយខេត្ដ ភ្នំពេញ ។ ឧកញ៉ាទាំង៣នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាម ត្រាស់បង្គាប់ ។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយ ខាងលិច ជួនឈ្នះ ជួនចាញ់ម្ដងម្នាក់ជាច្រើនដង ។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែ ហើយ ។
លុះមកដល់ឆ្នាំខាល ទោស័ក ព.ស២០៧៤ គ.ស១៥១៨ ម.ស១៤៥២ ច.ស៨៩២ តាំងពីខែមិគសិរ បុស្សរៀងទៅ មន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នា ដណ្ដើមយកខេត្តត្រើយខាងលិចទៀត ។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង ។
“សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង៣យកជ័យជំនះពុំបានសោះ ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់ រត់មក ឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង៣កងតាមព្រះរាជបន្ទូល ពិសេស ។ ក្រោយព្រះរាជបម្រើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំ ជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខ ជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំ ទៅឃុំពល២០.០០០នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង៣កងទៅហើយនោះឲ្យដេញ កងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យ បាន ។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរ ឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចម្បាំងរបស់ខ្លួនទៅបោះនឹងជ្រោយ ពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី៣ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែន ដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមក ឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន ។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ ។ លុះមកដល់ថ្ងៃ១២កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន២.០០០នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កម្រើកចិត្ដពន់ប្រមាណ ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះក៏សម្គាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត ។ លុះទៅដល់ដំបូកមានលក្ខណ៍ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក ។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សម្លាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង២៣នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង ។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួច ស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសម្រេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសម្រេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថា មិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចម្បាំងប្រមាណ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែក ព្នៅ ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម ។ សម្ដេចចៅពញាទេព កូនចៅពញាមឿងមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចម្បាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះក៏រាបែរមកច្បាំងតាំងតជា ឱឡារិក ។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវ ទ័លកម្លាំងណាស់ ក៏តទៅទៀតពុំបាន ។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន ។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុង បាសាន ។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើង លីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត ។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សម្លាប់ទាំងពីរនាក់នោះ ទៅ ។ កងទ័ពជើងគោក ជើងទឹក របស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយ ទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់៣៥នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ ឃើញថា មនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង៥០នាក់ ។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខេត្តភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម ។ ចៅមឿងដែលឡើងខេត្តទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់ នៅសល់តែខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះ ព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យ តាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន ។ សម្ដេចព្រះស្រីជេដ្ឋាម្ចាស់ផែនដីដែលឡើងខេត្តត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ ឧបាយកលគេ ខូចរេហ៍ពលច្រើនដង មិនគិតសងសឹកវិញឲ្យបានសោះ ។ ទើបទ្រង់គិតឧបាយកលរើសសេនាទាហានដែលមានទំនុកចិត្ដ ទុកព្រះទ័យបាន១០០នាក់ ហើយត្រាស់បង្គាប់ថា “ឲ្យក្លែងរត់ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយឲ្យទាហានទាំងនោះនាំគ្នាលុក សម្លាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបានយើងនឹងឲ្យអ្នកឡើងយសស័ក្ដិឲ្យ ទ្រព្យសម្បត្ដិឲ្យពេញចិត្ដ”។ សេនាទាំង១០០នាក់នោះថ្វាយបង្គំសុំទទួលអាសាថា “ទូលព្រះបង្គំទាំងឡាយនឹងធ្វើឲ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ឮថាសេនាទាហានព្រមព្រៀងហើយទ្រង់ ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យធ្វើហ្លួងជ័យជាក្មួយមេបាន (ម្ដាយព្រះស្ដេចកន) ឲ្យធ្វើជាចៅពញាមន្ដ្រីតេជៈ (មេទ័ព) ឃុំពលទាហានទាំង១០០នាក់នោះឲ្យទៅចាត់ការឲ្យបានសម្រេច ។
លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង១០១នាក់នោះក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការទ្រង់ព្រះករុណាពិសេស ។ លុះដល់ខ្នើត ខែពិសាខ ព.ស២០៦៣ គ.ស១៥១៩ ម.ស១៤៤១ ច.ស៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខេត្តបរិបូណ៌នោះ ព្រមទាំងសេនាទាហានស្និទ្ធព្រះអង្គជាច្រើនសុទ្ធតែដៃទទេគ្មាន សាស្ត្រាវុធសោះ ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះផ្លាស់សម្លៀកបំពាក់ឲ្យចុះងូតទឹកគ្រប់ គ្នា ។ មន្ដ្រីសេនាទាហានស្និទ្ធព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ ។ ឯពញាមន្ដ្រីតេជៈ និងទាហាន១០០នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅ នោះ ។ សម្ដេចបរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឲ្យផ្លាស់សម្លៀកបំពាក់ឲ្យអស់គ្រប់គ្នា ។ ពួកក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថោះទឹកមុខគ្រប់ៗគ្នា ។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ ។ ទ្រង់ចាប់បានព្រះស្ដែងដាវទាំងស្រោម ឯពួកក្បត់ទាំងនោះគិតថា ការណ៍ម្ដងនេះបើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសម្ងាត់នឹងត្រូវ ក្រាបទូល ។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានៅគុណអាវុធផង ។ លុះពួកក្បត់ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ដ្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់១០០នាក់ទៀត ។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន ។ ខ្ញុំរាជការខ្លះទៀតស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់ យ៉ាងអង់អាច ។ ពួកអាក្បត់ស្លាប់ និងចាប់បាន៣៥នាក់ ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឲ្យកាត់ក្បាលដោតជាបម្រាម ហើយស្ដេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព ។ ក្រោយពីនោះមកទ្រង់ព្រះតម្រិះយល់ថា ការធ្វើសឹកសង្គ្រាមនៅវែងឆ្ងាយណាស់ទៅទៀត ឯមុខដំរីសឹកក៏នៅតិច ទូកចម្បាំង គ្រឿងសាស្ដ្រាវុធក៏នៅមិនទាន់គ្រប់គ្រាន់ ទើបទ្រង់ត្រាស់បង្គាប់ក្រុមហ្មថៅ ហ្មទាំងពួងឲ្យចេញទៅទាក់ដំរី ទ្រង់បង្គាប់ជាងទូក ឲ្យរកមកធ្វើទូកចម្បាំងឲ្យច្រើន ទ្រង់បង្គាប់ជាងដែកឲ្យសិតកាំភ្លើង និងលំពែងដាវ ផ្គាក់ឲ្យបានច្រើន ទ្រង់បង្គាប់ក្រុមសេះឲ្យទិញសេះមកបន្ថែមទៀត ។ ទ្រង់បង្គាប់ភ្នាក់ងារដំរីថា ការដែលរង់ចាំឲ្យហ្មទៅទាក់ដំរីនោះឃើញថា យឺតយូរពុំទាន់ការណ៍ទេ យើងត្រូវតែឲ្យទិញដំរីពីស្រុកលាវយកមកបង្ហាត់ឲ្យបានជាដំរីសឹក ឲ្យស្ទាត់ ទាំងព្រេច ទាំងជាន់ ទាំងជល់ឲ្យបានជាច្រើន ។ លុះចូលដល់រដូវភ្លៀង ទ្រង់បើកកងទ័ពឲ្យទៅធ្វើស្រែចម្ការដាក់ឲ្យមាននាយត្រួតត្រាធ្វើ ឲ្យបានច្រើន ។ ស្រូវក្នុងឆ្នាំនោះបង្កើតផលចម្រើនឡើងបាន១ជា៥ជា៦ភាគ កាត់យកជាពន្ធដាក់ឃ្លាំងសម្រាប់សេនា ទាហាន មិនឲ្យអត់ឃ្លាន ។ លុះចេញវស្សារដូវរួចដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះអង្គយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្ដេចព្រះភគវតីសិរីចក្រពត្ដិ ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វា ឲ្យមានយសស័ក្ដិធំតូចតាមលំដាប់ ។ ឯសម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខេត្តខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាលក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី ៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង៤នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក គ្រប់ខេត្តដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មាន កេណ្ឌកងទ័ពឲ្យបានច្រើន ។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន៨០.០០០នាក់ មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅ ជាមា ឲ្យនៅចាំរក្សាព្រះនគរជាមួយនឹងចៅពញាវាំង ចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល១៥.០០០នាក់ ជាទ័ពមុខ ចាត់ចៅពញាលំពាំងឲ្យឃុំពល១០.០០០នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតី (នួន) ឃុំរេហ៍ពល១០.០០០នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនា “ទន់” ឃុំរេហ៍ពល១០.០០០នាក់ ជាទ័ពក្រោយ ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល២០.០០០នាក់ លើកចេញជាទ័ពហ្លួង ។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជ ឃុំរេហ៍ពល២០.០០០នាក់ចុះទូកចម្បាំង៣០០លើកចេញទៅទាំងជើងគោក ជើងទឹក ។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍ ។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខេត្ត ត្បូងឃ្មុំ ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើត ក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំង ឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម ។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខេត្តកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ ។ ព្រះបរមបពិត្រចៅពញាចន្ទរាជា ជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជ ឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោ ឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខេត្ត ពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួង ចម្លងរេហ៍ពល៥០.០០០នាក់ ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី ។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ ៖
- ឧកញ៉ាវិបុលរាជ ជាទ័ពមុខ ឃុំទូកចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។
- ឧកញ៉ាបរទេសរាជ ជាប៉ែកឆ្វេង ឃុំទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ ។
- ឧកញ៉ារាជាបវេររាជ ឃុំទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ ជាប៉ែកស្ដាំ ។
- ឧកញ៉ាត្រាច ឃុំទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ ជាទ័ពក្រោយ ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួង ឃុំទូកចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង ។ ទើបទ្រង់ចាត់ទ័ពជើងគោក តទៅទៀត ៖
- ឧកញ៉ាចក្រី ឃុំរេហ៍ពល១០.០០០នាក់ លើកទៅជាទ័ពមុខ ។
- ឧកញ៉ាវង្សាអគ្គរាជ ឃុំរេហ៍ពល៦.០០០នាក់ ជាប៉ែកស្ដាំ ។
- ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល៦.០០០នាក់ ជាប៉ែកឆ្វេង ។
- ឧកញ៉ានរិន្ទ្រាធិបតី ឃុំពល៦.០០០នាក់ ជាទ័ពក្រោយ ។
- ព្រះ អង្គឯង ទ្រង់ជាទ័ពហ្លួង នាំរេហ៍ពល២.០០០នាក់ ព្រមដោយសេនាទាហាន រេហ៍ពលដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា ។
- ឲ្យឧកញ៉ាយមរាជ ជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល១០.០០០នាក់ លើកទៅព័ទ្ធដីព្រៃចម្ការលើចុះមក ។
- សម្ដេចចៅពញា យោធានរិន្ទ ឃុំពល១០.០០០នាក់ លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខេត្តកំពង់សៀម ។
- ឯ ទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រ ព្រមដោយសេនាទាហាន នាយកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ ។
តែដោយហេតុថា ផ្លូវនោះមានទឹកច្រើនពេក រេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខេត្តកំពង់សៀមនោះវាយបែកបន្ទាយ នោះមួយថ្ងៃមុន ។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន ។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រ នោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខេត្ដកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព៤០.០០០នាក់ មកចោមវាយបន្ទាយនោះ១៦ថ្ងៃយ៉ាងសាហាវក្រៃពេក កងទ័ពក្នុងបន្ទាយតែ១០.០០០នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ ។ ព្រះបាទបរមនាថបរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា ។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្ដធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញ ចូលកុំបារម្ភឡើយ ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរ ណាស់ ។ លុះព្រឹកឡើងព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបម្រើសេះចេញទៅជាពីរផ្លូវ ទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវ ឲ្យលើកទ័ពវាយប្រសព្វចូលមក ។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់ បង្គាប់ ។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ ។ ឧកញ៉ាវង្សាអគ្គរាជឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរាមកតវិញ ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួង ខាងលិច ។ លុះឃើញថា ទ័ពនេះច្រើនលើសកម្លាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ៣៥សិន ។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់ ។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី ។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថា ព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ ។ មិនយូរប៉ុន្មានពួកពលទាំងនោះក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស ។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំង ពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះ បរមបពិត្រ ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជា បម្រាម ។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបម្រើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម ។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយ នោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថា នឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង ។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ ។ នៅទីនោះព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដី ស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំ រាជការទាំងអស់គ្នា ។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបម្រើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត ។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជ ជាសេនាបតីសម្រាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់ រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខេត្តកំពង់សៀម ។ ខណៈនោះកងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយ កាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី ។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម ។ លុះឃើញទូកចម្បាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល៥ឬ៦នាក់នៅរក្សា ។ ក្នុង១៥០ទូកនោះមានរេហ៍ពលតែ១.៥០០នាក់ ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់ ។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចម្បាំងទាំងអស់មកក្រាបបង្គំទូល ថ្វាយយកថ្វីដៃ ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចម្បាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជ ចាប់បានសត្រូវចំនួន៨០០នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជ រាយការណ៍តាមដំណើរ ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង ។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់ ។
ឯកងទ័ពសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយ មកចាប់បានខ្លួនសត្រូវប្រមាណ៥០០នាក់ ។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចម្បាំង១៥០នោះ ហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជា អម្ចាស់ជីវិតលើត្បូង ។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់ បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចម្បាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ ជាទ័ពអម្ចាស់ត្រើយខាងលិច ។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយ ឲ្យឃុំពល២០.០០០នាក់ ទៅចោមបន្ទាយខេត្តកំពង់សៀមទៀត ។ មេកងធំទាំង៣នាក់ទទួលព្រះរាជតម្រាស់ហើយក៏ថ្វាយបង្គំលាលើកទ័ព ឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង និងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់ ។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រា ម្ដងចាញ់ម្ដងឈ្នះ ពុំបានសម្រេចជ័យជំនះទៅខាងណាៗឡើយ ។ លុះដល់ខែជេស្ឋ ជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋាស្ដេចពិជ័យនគរទ្រង់ឲ្យបន្ថយមេទ័ពទាំង៣នោះចូល ទៅសម្រាកខ្លួនវិញ ទើបទ្រង់ព្រះតម្រិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតម្កល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវ ជារាជទូតពញារក្សាសម្បត្ដិឯម ជាឧបទូត ព្រះជំនាញអាវុធគាម ជាត្រីទូត ឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន៣លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា ។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀម ប៉ងនឹងឡើងគោកដើម្បីយកព្រះរាជសារទៅថ្វាយព្រះបរមខត្តិយាមហា ចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរជាព្រះញាតិដែលនាំរេហ៍ពល៣០០នាក់ដើរ ល្បាតដូចសព្វដង កាលឃើញរាជទូតទាំង៣ដែលយកព្រះរាជសារមកហើយក៏ស្រែកឲ្យពល ចូលចាប់ ។ រាជទូតទាំង៣នាក់ក៏ប្រយុទ្ធគ្នានឹងទ័ពល្បាត ធ្វើឲ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក ។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល១០០នាក់ ចំណុះទូកទាំង៣នោះ នាំទៅក្រាបទូលថ្វាយរាយសេចក្ដីគ្រប់ប្រការ ។ សម្ដេចព្រះបរមក្សត្រមហាចន្ទរាជាទ្រង់ព្រះវិនិច្ឆ័យទោសឧកញ៉ាម៉ឺន ជំនិតស ទ្រង់សួរថា “ដែលឧកញ៉ាម៉ឺនចាប់បម្រើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សម្រាប់ស្រុកអំពីបុរាណរាជប្រវេណីហើយត្រូវតែ មានទោស ទើបទ្រង់ប្រោសឲ្យចុះព្រះរាជអាជ្ញា (ឲ្យវាយខ្នង) ២៤ខ្វាត់ម្នាក់,ឲ្យដាក់ឃ្នាងបណ្ដើរអាក្រោសឧកញ៉ាម៉ឺនជំនិត “ស” ទ្រង់ “សួ” ៣ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយស្ដេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង ៣ថា ឯងមកនេះតើដោយប្រការម្ដេច ? រាជទូតយកសេចក្ដីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបម្រើព្រះករុណាត្រើយខាងកើតស្ដេចឲ្យនាំព្រះរាជសារ មកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្ដែឥឡូវនេះព្រះរាជសារនោះធ្លាក់ទឹកបាត់ក្នុងគ្រាដែលចោមចាប់នោះ អស់ទៅហើយ តែនៅចាំសេចក្ដីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្ដីនោះពុំសព្វគ្រប់ ។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស ។ សម្ដេចព្រះចន្ទរាជាស្ដេចទ្រង់ប្រោសឲ្យទូតទាំងនោះទូលព្រះអង្គតាម ចាំរៀងខ្លួនចុះ ។ រាជទូតត្រើយខាងកើតក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណី រាស្ដ្រដែលវិនាស ស្លាប់ បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំ នោះ ។ ឥឡូវនេះហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះ ហឫទ័យចង់បញ្ឈប់សង្គ្រាម សុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ត្រើយខាងលិចឲ្យស្មើគ្នា ។ បើទ្រង់ព្រះករុណាវិសេសជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រមល្មម ផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ដ្រនឹងបានសុខក្សេមក្សាន្ដតទៅ ដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គបម្រុងរាស្ដ្រឲ្យសុខជាព្រះ កិត្ដិយសប្រសើរ ។ សម្ដេចព្រះបរមរាជបរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្ដិអំពីព្រះបរមរាជអយ្យកោ អយ្យិកាយើងរៀងមក ។ ឯព្រះស្ដេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរ មកលួចផែនដីយើង ហើយមកសុំចែកសម្បត្ដិនឹងម្ចាស់ទ្រព្យនេះតើឯងឃើញថាគប្បីហើយ ឬ ? ប៉ុន្ដែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាមក៏ឈប់តាមចិត្ដចុះ ។ តែថាឲ្យម្ចាស់ឯងថយទៅជាមុនចុះ ចាំអញថយទៅជាក្រោយ ។ មានព្រះបន្ទូលចប់ហើយ ស្ដេចព្រះរាជទានពានមួយជាជំនួសព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូត ទាំង៣នាក់វិញ ។ រាជទូតត្រើយខាងកើតទាំង៣នាក់ក្រាបបង្គំលាចេញទៅចុះទូកង ឲ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វ សេចក្ដី ។ សម្ដេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្ដេចកន) ទ្រង់ជ្រាបហើយឃើញថា ពុំសមប្រកបតាមព្រះហឫទ័យដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់ តែក្លែងធ្វើជាទ្រង់ព្រះសម្រួលហើយត្រាស់ថា ចៅពញាចន្ទរាជាដែលលួចមកវាយស្រុកខេត្តខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ ? ព្រះរាជទូតទាំង៣ក្រាបបង្គំទូលថា ទូលព្រះបង្គំទាំងឡាយនឹកឃើញថា នឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្ដីទៅវិញ ដូច្នេះ ពុំហ៊ានដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមីសម្ដេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួច មកនេះ ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុងបន្ទាយស្រីសឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ ។ សម្ដេចព្រះបរមបពិត្រជាម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុន ហើយទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្ដេចលើកទ័ពត្រឡប់មកបន្ទាយខេត្តបរិបូណ៌វិញ ។ ព្រះអង្គលើកហួសទៅខេត្តពោធិ៍សាត់ទៀត ហើយត្រាស់ឲ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹក មានសន្ធិយាចុងរោងទីក្រៅក្នុង ។ រួចស្រេចស្ដេចចូលគង់ ទ្រង់មានព្រះរាជបន្ទូលនឹងអស់សព្វមុខមន្ដ្រីថា ទំនៀមទម្លាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្ដចូលឆ្នាំថ្មី ហើយព្រះមហាក្សត្រធិរាជ ស្ដេចតែងចេញទតព្រះនេត្រអស់សេនាទាហាន និង អាណាប្រជានុរាស្ដ្រក្នុងខេត្តដែលបានហាត់ក្បួនគុនដាវអាវុធមក ប្រជុំថ្វាយថ្វីដៃ ។ បើគូណាដៃជាទ្រង់តែងប្រោសព្រះរាជទានរង្វាន់ និងចិញ្ចឹមឲ្យជារេហ៍ពលតទៅទៀត ។ ៣ឆ្នាំមកហើយយើងបានឃើញថា មនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់ យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ ពុំធួននឹងរាជការដែលត្រូវការ ។
ឥឡូវនេះជិតចូលឆ្នាំថ្មីហើយ គប្បីឲ្យអស់សេនាបតីប្រកាសឲ្យគ្រប់ខេត្តបានដឹងថា បើឈ្មោះណាបាញ់កាំភ្លើង ធ្នូ ស្នាត្រង់ ច្បាំងលើខ្នងដំរីឈ្នះគេ៣ថ្ងៃ យើងនឹងទុកជាលេខ១ ហើយនឹងប្រោសព្រះរាជទានឲ្យមានយសស័ក្ដិ៥ហ៊ូពាន់ ព្រមទាំងព្រះរាជរង្វាន់មាស ប្រាក់ ដីស្រែចម្ការច្បារដំណាំ ភូមិឋាន ឲ្យមានសមគួរ ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាលើខ្នងសេះឈ្នះគេ៣ថ្ងៃ យើងទុកជាលេខ២ ហើយនឹងព្រះរាជទានយសស័ក្ដិជា៤ហ៊ូពាន់ និងរង្វាន់មាសប្រាក់ ភូមិឋានឲ្យតាមសមគួរ ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាឈ្នះគេនៅលើដី៣ថ្ងៃ ទុកជាលេខ៣ ហើយនឹងប្រោសព្រះរាជទានយសស័ក្ដិ៣ហ៊ូពាន់ និងរង្វាន់មាសប្រាក់តាមសមគួរ ។ បើគូណាមានថ្វីដៃចុះជារណ្ដាប់ក្រៅពីនោះយើងនឹងព្រះរាជទានជា ឧកញ៉ាម៉ឺន ជាម៉ឺន ជានាយរាល់រូប ។ អស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃវិសេសហើយក៏ថ្វាយបង្គំ លាចេញទៅធ្វើសំបុត្រប្រកាសប្រាប់ទៅចៅហ្វាយស្រុកឲ្យប្រាប់អស់ អ្នកមុខអ្នកការ បណ្ដារាស្ដ្រឲ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់ ។ ខណៈនោះអស់មនុស្សដែលមានចំណេះវិជ្ជាការខំហ្វឹកហ្វឺនហាត់រៀន រាល់គ្នា ។ លុះចូលសង្ក្រាន្ដថ្មី ឆ្នាំរោង ទោស័កសេនាទាហាន អាណាប្រជានុរាស្ដ្រចូលមករកនាយចៅហ្វាយទីទៃៗ ដើម្បីរង់ចាំដល់ថ្ងៃចូលប្រឡងចំណេះវិជ្ជាការថ្វាយថ្វីដៃគ្រប់ៗ គ្នា ។ ការប្រឡងជាន់នោះរើសបានសេនាទាហានច្រើនលើសឆ្នាំមុនៗ១០សួន ។ ព.ស២០៦៤ គ.ស១៥២០ ម.ស១៤៤២ ច.ស៨៨២ ឆ្នាំរោងទោស័ក សិរីរាជសម្បត្ដិស្ដេចគ្រប់គ្រងនគរនៅខេត្តខាងលិចបាន៥ព្រះវស្សា សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាមព្រះរាមាធិបតីនោះ សម្ដេចព្រះបិតុរង្គាធិរាជ ជាអម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្ដេចព្រះឱរសាធិរាជឯកតាមទំនៀម ។ លុះបានមួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធី ចម្រើនព្រះកេសាព្រៃ ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ដ្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូក ចេញហែសុវណ្ណមាលាថ្វាយភួងព្រះហស្តរាល់ៗគ្នា ។ ឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ព្រះរាជទានសួយសារអាករក្នុងខេត្ត បាត់ដំបងជាចំណងព្រះហស្តនៃសម្ដេចព្រះប្រិយបុត្របរិសុទ្ធ រាមាធិបតី ។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស២០៦៥ គ.ស១៥២១ ម.ស១៤៥៣ ច.ស៨៨៣ នោះ អ្នកម្នាងបទុមបុប្ផា ជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទ រាជា ។ សម្ដេចព្រះវររាជបិតាទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូច គ្នា ។
នេះនឹងនិយាយអំពីឧកញ៉ាមន្ដ្រីកែវ សេនាបតីភូសម្រេចរាជការផ្នែកកងទ័ពជើងគោក ខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ាក៏គិតថា ពីមុនព្រះស្ដេចកនបានឲ្យពល១០០នាក់មកក្លែងកលប៉ងនឹងធ្វើអន្ដរាយ អម្ចាស់យើង យើងពុំទាន់បានសងកលវាម្ដងនៅឡើយទេ ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្ដេចកនមុខជានឹងប្រមូលសេនាទាហានឲ្យល្បងថ្វីដៃជាមិន ខាន ។ ដូច្នោះ នរណាហ្ន៎ ! បណ្ដាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសម្លាប់ចេញបានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀតថា បើឯងរាល់គ្នាសម្រេចការនេះឲ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឲ្យឡើងយសស័ក្ដិឲ្យបានជាធំ ។ ខណៈនោះសេនា៤នាក់ដែលមានថ្វីដៃត្រង់ខាងបាញ់កាំភ្លើងគឺឈ្មោះ ប្រាច នៅខេត្តទ្រាំង ឈ្មោះ ក្ដាន់ នៅខេត្តកំពត ឈ្មោះ តោ នៅខេត្តបន្ទាយមាស ឈ្មោះ ជ័យ នៅខេត្តសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសម្លាញ់នឹងគ្នាគិតគ្នាថា យើងចូលមកនៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី ។ លុះយល់ព្រមគ្នាហើយសេនាទាំង៤នាក់ក៏ឆ្លើយថា យើងខ្ញុំប្របាទទាំង៤នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះ បរមបពិត្រថា ហើយសេនាទាំង៤នាក់នោះក៏សំពះជម្រាបលាចេញទៅ ។ លុះមកដល់កំពង់ហ្លួងក្នុងខេត្តសំរោងទងទាំង៤នាក់ ក៏សុំដោយសារទូកគេឆ្លងកាត់ទៅដល់ខេត្តបាសាន ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសម្គាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធចូលទៅទីរាំងព្រ័ត្រនៅវាល មុខព្រះពន្លាជាច្រើន ឃើញរាស្ដ្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់ ។ លុះដល់ថ្ងៃរសៀលម៉ោង២ សេនាទាំង៤នាក់ក៏ចូលទៅបន្លំអែបនឹងអ្នកស្រុកដែលឈរមើលនោះ ។ ក្នុងវេលានោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យនគរស្ដេចតើនចាក ក្រឡាព្រះបន្ទំ ហើយចូលស្រង់ទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រ រួចទ្រង់នាំអស់ស្នំធំតូចចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខ សេនាទាហានធំតូចដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា ។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម ។ ការប្រឡងយកថ្វីដៃលុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះចូលទៅ ថ្វាយបង្គំ ទើបសម្ដេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឲ្យជានាយពលរេហ៍ រួចទ្រង់ឲ្យលើកវង់ចងឲ្យខ្ពស់ស្មើក្បាល ។ វង់នោះគូសខ្សែក្រៅពណ៌ខ្មៅ ខ្សែបន្ទាត់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌ស រួចឲ្យមនុស្សបាញ់ម្នាក់ម្ដងគ្រប់ៗគ្នា ។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ២៣នាក់ តែបាញ់ពុំត្រូវក្នុងវង់៣ជាន់នោះឡើយ ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់ ។ អ្នកកាន់ស្នាបាញ់ពុំដល់សោះ ។ អ្នកកាន់កាំភ្លើងបាញ់ដល់តែមិនត្រូវ ។ ទើបព្រះអង្គបែរព្រះភ័ក្ដ្រទៅត្រាស់នឹងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត ។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង ។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ ? ទើបព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឲ្យអញធ្វើម្ដេច ? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប៥ ។ ខ្លះថា ឲ្យដករោមភ្នែក ។ ខ្លះថា បើទ្រង់បាញ់ត្រូវខ្ញុំម្ចាស់ទទួលកោត ។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្ដចប់ហើយ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ត្រាក់យកព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្ដស្ដាំចាប់ព្រួញទាំង៥គងឡើងហើយទ្រង់ត្រាស់ប្រាប់នាម៉ឺន មុខមន្ដ្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថា ឲ្យចាំមើលយើងៗនឹងបាញ់ឲ្យត្រូវវង់ស ។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន ។ លុះទ្រង់ថ្លែងព្រួញមួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅ ទីនោះ ។ លុះបាញ់ព្រួញជាប់គម្រប់៣ទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅ ទីនោះ ។ លុះបាញ់ព្រួញជាប់គម្រប់៣ទៀត ព្រួញគម្រប់៣នេះទៅត្រូវព្រួញគម្រប់២រហូតទៅត្រូវជាប់នឹងព្រួញ គម្រប់មួយ ។ កាលនោះ អស់ព្រះស្នំ ក្រុមការ និងសេនាបតីមន្ដ្រីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង ។ ភ្នាក់ងារតូរ្យតន្ដ្រីក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរខ្ទរខ្ទារនៅ ទីនោះ ។ ឯបម្រើទាំង៤នាក់ដែលឧកញ៉ាចក្រីកែវប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើងតម្រង់ចំទៅឆ្អឹងជំនីរ ព្រះស្ដេចកនខាងឆ្វេង ។ តែដោយតេជៈព្រះស្ដេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់ ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរស្ដេចកំពុង ឈរមាននៅជាប់ព្រួញពីរនៅព្រះហស្តនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ដ្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គស្លាប់នៅទីនោះមួយ រំពេច ។
ទង់ទតទៅឃើញម្នាក់ លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែលលូកដៃទៅគ្រាហ៍នោះ ស្លាប់មួយរំពេចទៀត ។ អស់សេនាបតី មន្ដ្រី នាយកងទ័ព និងប្រជានុរាស្ដ្រ ក៏ភ្ញាក់ផ្អើលវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច ។ ព្រះស្ដេចកនក៏បញ្ជាឲ្យកាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះ ដោតជាបម្រាម រួចស្ដេចត្រឡប់ចូលព្រះរាជវាំងវិញ ។ ក្រោយមកសម្ដេចព្រះស្រីជេដ្ឋាក្រុងស្រឡប់ពិជ័យនគរទ្រង់ព្រះចិន្ដា ថា ពញាចន្ទរាជាបានទទួលជោគជ័យជាច្រើន ដោយហេតុឲ្យរង្វាន់សេនាទាហាន ហើយឲ្យតែត្រឹមខ្លួនដែលចូលមកធ្វើខ្ញុំរាជការ ដូច្នេះគួរយើងគិតឲ្យរង្វាន់ឲ្យបានច្រើនជាងចៅពញាចន្ទរាជា ។ គិតហើយស្រេចស្ដេចចេញទៅជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់បង្គាប់ឲ្យធ្វើបទប្បញ្ញត្ដិជាច្រើនច្បាប់ប្រាប់ទៅទូ ទាំងព្រះនគរថា ឲ្យបណ្ដារាស្ដ្រចូលមកប្រឡងថ្វីដៃគ្រប់ៗគ្នា បើឈ្មោះណាជាសេនាទាហាននោះ ឈ្មោះនោះត្រូវបានយសស័ក្ដិទ្រព្យសម្បត្ដិដូចបញ្ញត្ដិមុន ហើយត្រូវបានរង្វាន់ដល់ឪពុកម្ដាយ បុត្រ ភរិយា ដែលនៅរក្សាផ្ទះសម្បែងនោះថែមទៀតផង ។ អស់បណ្ដារាស្ដ្របានដឹងក្នុងសេចក្ដីបញ្ញតិដូច្នោះហើយ ក៏ឲ្យកូនចៅនិងប្ដីខំរៀនសិល្ប៍សាស្ដ្រ មន្ដវិជ្ជាការ ចូលមកថ្វាយខ្លួននៅជាខ្ញុំរាជការជាច្រើនចម្រើនឡើងជាងអម្ចាស់ ផែនដីទិសខាងលិចមួយភាគជាបី ។ ឯបម្រើឧកញ៉ាចក្រីដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខេត្តពោធិ៍សាត់ហើយ ក៏ចូលទៅប្រណិប័តន៍ប្ដឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្ដីគ្រប់ ប្រការ ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះឡើងក្រាបបង្គំទូលក្រោមល្អងធូលី ព្រះបាទតាមដំណើរសេចក្ដី ទើបព្រះបរមចក្រមហាចន្ទរាជាធិរាជបរមរាមាជាអម្ចាស់ទ្រង់ត្រាស់ នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះពុំគួរទេ ដ្បិតដើមនោះអាស្ដេចកនវាជាស្ដេចព្រៃ វាឲ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ ខុសទំនៀមទ័ពទៅហើយ ។ កាលដែលឧកញ៉ាចក្រីឲ្យមនុស្សទៅលបលុកវាវិញ នឹងនាំឲ្យខូចព្រះកិត្ដិយសដែរ ។ ប៉ុន្ដែគ្រានោះយើងអភ័យទោសឲ្យម្ដងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹកក្រស័ត្រ បើថានឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា ។ ឥឡូវនេះគេនឹងយើងវិលមកលំនៅរាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឲ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាម ពុំប្រសើរឡើយ ។ ទ្រង់ត្រាស់ហើយ ស្ដេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ ។ តាំងតែពីខែនោះរៀងមក ស្ដេចទាំងពីរព្រះអង្គទ្រង់សម្រាកឈប់ធ្វើសង្គ្រាមនឹងគ្នា រាស្ដ្រប្រជាក៏បានសុខបន្ដិច ។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្ដេចឲ្យមានកងទ័ពនៅត្រួតត្រាមើល ។ បើឃើញរទេះណា ទូកណាមានគ្រឿងសាស្ដ្រាវុធត្រូវដកហូតចេញពុំឲ្យមានឡើយ ។ ពេលនោះឈ្មួញទៅមកជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង ។ កងទ័ពរបស់សម្ដេចត្រើយខាងលិចខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥត ខុសឆ្គងឡើយ ។ ព.ស២០៦៥ គ.ស១៥២១ ម.ស១៤៤៣ ច.ស៨៨៣ ឆ្នាំម្សាញ់ត្រីស័ក ក្នុងវេលាចូលឆ្នាំថ្មី៣ថ្ងៃនោះ អស់អាណាប្រជានុរាស្ដ្រក្នុងបស្ចិមទិសអាណាចក្រចូលមកប្រឡងយកថ្វីដៃ គុនដាវ គុនអាវុធគ្រប់ធុន ច្រើនអស្ចារ្យ អាណាប្រជានុរាស្ដ្រចូលមកក្រាបបង្គំសុំជ្រកក្រោមព្រះបារមីច្រើន លើសឆ្នាំមុន ។ សម្ដេចព្រះបរមបពិត្រចន្ទរាជាធិរាជទ្រង់ក៏ប្រោសប្រទានយសស័ក្ដិតាម ថ្វីដៃរាល់រូបកាយ ។ នាយកង នាយទ័ព ក៏កាន់តែមានចំនួនច្រើននាក់មួយជាពីរ ។ ក្នុងឆ្នាំបញ្ចប់សង្គ្រាមនោះ ទ្រង់ព្រះករុណាជាអម្ចាស់ផែនដីត្រើយខាងលិច ស្ដេចព្រះរាជដំណើរចេញពីបន្ទាយខេត្តពោធិ៍សាត់ទៅប្រពាតព្រៃ ទាក់ដំរី ទ្រង់ឲ្យតាំងបន្ទាយចោមដេញបញ្ចូលចាប់បានដំរីភ្លុកស្ដញីក្នុង ខេត្តពោធិ៍សាត់៤០ ហើយទ្រង់ត្រាស់បង្គាប់ហ្មថែមទៀតថា ឲ្យឡើងទៅទាក់ដំរីនោះតាំងពីខេត្តពោធិ៍សាត់រហូតដល់ខេត្តសំរោងទង និងខេត្តថ្ពង កំពង់សោម បានដំរី៣៥ទៀត រួមទាំងអស់បានដំរី៧៥ ។ ស្រេចហើយស្ដេចនាំត្រឡប់វិញមកបន្ទាយទ័ពហ្លួងនៅខេត្តពោធិ៍សាត់ វិញ ។ លុះចូលឆ្នាំថ្មី ព.ស២០៦៦ គ.ស១៥២២ ម.ស១៤៤៤ ច.ស៨៨៤ ឆ្នាំមមី ចត្វាស័ក ទាហានដែលចូលមកប្រឡងថ្វាយថ្វីដៃហើយរើសសម្រាំងបានជាប់លេខ ១, ២, ៣ ច្រើនជាងមុនមួយភាគទ្រង់ប្រោសព្រះរាជទានយសស័ក្ដិ និងប្រាក់មាសតាមសមគួរ ។ ខណៈនោះសេនាបតី មន្ដ្រីខ្ញុំរាជការ ក្រាបបង្គំទូលថា ក្រុមទាហានក៏មានសមគួរ និងធ្វើការហើយ នៅឡើយជាខ្ញុំរាជការក្នុងស្រុកនោះមានចំនួនតិចពុំដែលដេញប្រយោគ វិជ្ជាការរបស់អ្នករៀនលេខ និងអក្សរសោះ ព្រោះលោកទាំងនោះសម្គាល់ថា កាលនៅបួសជាសាមណេរនោះ មានដេញប្រយោគសាស្ដ្រាបាលី រួចហើយបើលោកធ្វេសប្រហែសពុំបានសិក្សាឲ្យបានស្ទាត់ជំនាញខាងលេខ នោះឡើយ ។ បុរាណរៀងមកឈ្មោះណាដេញបានប៉ុន្មានប្រយោគដល់ស័កមកលោកបញ្ជូន ឈ្មោះនោះជាក្រុមព្រះរាជបណ្ឌិតសម្រាប់តែងតាំងជាមន្ត្រី ក្នុងស្រុក ។ ក្នុងឆ្នាំនោះគួរតែពួកសង្ឃការីនិមន្ដព្រះសង្ឃរាជ ព្រះរាជាគណៈឋានានុក្រម និងគ្រឹហាវាសទៅប្រជុំដេញសាស្ដ្រា ដេញលេខនព្វន្ដគុនហា ក្នុងខេត្តបរិបូណ៌ឲ្យបានច្រើន ។ ខណៈនោះព្រះបរមបពិត្រពិនិត្យតាមពាក្យមន្ដ្រីយកសេចក្ដីក្រាបបង្គំ ទូលនោះទៅឃើញថា ពេញព្រះរាជហឫទ័យណាស់ ទើបស្ដេចព្រះរាជដំណើរនាំព្រះរាជបុរោហិត បណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវកាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខេត្តបរិបូណ៌ ។ ព្រះអង្គចូលគង់ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយព្រះសង្ឃ និងព្រះរាជទានរង្វាន់ឲ្យអស់អ្នកដែលដេញសាស្ដ្រា បាលី ប្រយោគ ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹងតាំងជាបាឡាត់សមុហ៍បៃដីកា ។ បើខាងគ្រឹហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឲ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ដ្រីជាសម្រាប់ព្រះឥស្សរិយយស ។
នេះនឹងនិយាយខាងឯសម្ដេចព្រះស្រីជេដ្ឋា អម្ចាស់ផែនដីនគរខាងកើតនោះឃើញការសង្គ្រាមស្ងាត់ហើយ ក៏ធ្វេសប្រហែសពុំសូវយកព្រះទ័យទុកដាក់នឹងរាជការផែនដី ។ ទ្រង់សម្រាន្ដព្រះរាជហឫទ័យតែនឹងអស់អ្នកស្នំក្រមការ ព្រះចិន្ដាភ្លើតភ្លើនទៅដោយនូវល្ខោន ចម្រៀង តូរ្យតន្ដ្រីជានិច្ចកាលជាអលជ្ជី ។ ក្នុងឆ្នាំមមីនោះក្នុងព្រះរាជនគរខាងកើត អស់រាស្ដ្រប្រជារកស៊ីពុំសូវសុខសាន្ដ ទាំងជំនួញជួញដូរលក់ ក៏ពុំសូវចម្រើនដូចសព្វឆ្នាំ ។ ក្នុងវេលាយប់មួយនោះ ទ្រង់ព្រះតម្រិះយល់ថា អញសោយរាជ្យនេះមកយូរហើយ នៅឡើយតែចិត្ដរាស្ដ្រពុំដឹងស្រឡាញ់អញ ឬប្រែចិត្ដគិតទៅចូលនឹងពញាចន្ទរាជាវិញទេដឹង ។ លុះយប់ស្ងាត់ស្ដេចយាងទៅតែមួយអង្គឯងលបស្ដាប់រាស្ដ្រ ។ ខណៈនោះទ្រង់ឮរាស្ដ្រជុំគ្នានិយាយថា អម្ចាស់ផែនដីយើងសព្វថ្ងៃនេះមានបុណ្យអស្ចារ្យណាស់ ទ្រង់ព្រះរាជហឫទ័យក៏ធូរទូលាយ យើងសុខសប្បាយមករាល់ឆ្នាំ តែក្នុងឆ្នាំនេះហេតុអ្វីក៏ខាតពុំបានចម្រើនផលប្រយោជន៍សោះ ។ ហេតុដូចម្ដេចក៏ព្រះបាទអស់ជុំនុំពុំឃើញជុំនុំដោះទុក្ខសុខរាស្ដ្រ ឲ្យបានរកស៊ីធូរទូលាយឡើងវិញ ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់បានជ្រាបគ្រប់ប្រការ ហើយ ទ្រង់ត្រឡប់ទៅដំណាក់វិញ ។ លុះព្រឹកឡើងទ្រង់បង្គាប់ព្រះអាល័ក្ស និងក្រុមព្រះសុភាធិបតី ឲ្យត្រាទុកថា ព្រះរាជបញ្ញតិឲ្យតុលាការធ្វើទោសអ្នកទោសដែលចាញ់ក្ដីគេឲ្យបែងជា ភាគ៣ ឲ្យប្រណីចោលភាគ១ ឲ្យយកតែភាគ២ ជាទីសម្រាលជាងពីបុរាណច្បាប់មុន ។
សេចក្ដីដែលព្រះស្រីជេដ្ឋាបន្ធូរបន្ថយច្បាប់ឲ្យស្រាលមកនោះ ក៏ជ្រាបដល់សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា អគ្គមហាបុរសរដ្ឋនគរខាងលិច ទើបទ្រង់មានព្រះរាជបរិយាយត្រាស់សួរអស់មន្ដ្រីកវីរាជបុរោហិតថា តើនគរខាងកើតធ្វើច្បាប់បង្គាប់ឲ្យយកទោសស្រាលនេះត្រូវឬខុស ? អស់សេវកាមហាមាត្យយកសេចក្ដីក្រាបទូលព្រះករុណាក្រោមល្អងធូលីព្រះបាទ ថា រាស្ដ្រសព្វថ្ងៃក្រីក្រណាស់ ព្រះករុណាគេគិតប្រណីនេះត្រឹមត្រូវហើយ ។ ទើបព្រះបរមបពិត្រត្រាស់តបថា អាព្រះស្ដេចកននេះវាជាមនុស្សខូច បានជាវាប្រណីទោសអាពួកដែលធ្វើខុសនោះ ។ បើដូច្នេះយើងឲ្យតាំងច្បាប់បង្គាប់ឲ្យលក់អាមនុស្សខូចកាចនោះ ក្នុងរឿងនីមួយៗឲ្យតាំងក្រយាពិន័យជា៤ភាគ ចោល១ភាគ យកភាគ៣ ដើម្បីឲ្យអាមនុស្សនោះរាងចាលលែងខូចកាចតទៅទៀត ។ សេចក្ដីប្រណីរាស្ដ្រដែលព្រះស្ដេចកនវាបន្ធូរច្បាប់ដូច្នេះនេះ គឺធ្វើដើម្បីឲ្យញាតិត្រកូលវាដែលខូចកាចនោះកម្រើកចិត្ដលួចប្លន់ តាមជាតិត្រកូលឲ្យបានច្រើនឡើង ហើយយើងនឹងយកតាមវាមិនបានទេ ។ ឧកញ៉ាសុភាធិបតី និងឧកញ៉ាមន្ដ្រីធិរាជ ក៏ក្រាបបង្គំទទួលព្រះរាជតម្រាស់តម្កល់លើត្បូង ហើយកត់ត្រាទុកជាព្រះរាជបញ្ញតិប្រតិបត្ដិតាមតរៀងមក ។ នេះនឹងនិយាយថា មានរាស្ដ្រម្នាក់ឈ្មោះ ចៅហ្លួង ប្រពន្ធឈ្មោះឥន្ទ មានក្មួយស្រីម្នាក់ឈ្មោះនាងខ្មា បាវស្រីនាងខ្មាឈ្មោះនាងគាំ ។ នៅភូមិជិតនោះមានប្រុសម្នាក់ទៀតឈ្មោះ ចៅពេជ បានជាមានពាក្យ រាស្ដ្រទាំងផ្ដាស ហៅរួមសេចក្ដីថា ចៅហ្លួងឥន្ធខ្មាគាំពេជ ។ ខណៈនោះចៅពេជទៅដណ្ដឹងនាងខ្មាយកមកធ្វើប្រពន្ធ លុះនៅយូរបន្ដិចចៅពេជទៅសហាយ និងនាងគាំជាខ្ញុំនាងខ្មា ។ ដោយខ្លាចចិត្ដចៅហ្លួង នាងឥន្ធ ជាមាជាមីង នាងខ្មាជាប្រពន្ធចៅពេជ ក៏គិតនឹងចៅទន់ នាងទាន ជាខ្ញុំរបស់ខ្លួនឲ្យជួយធុរៈ ។ ចៅទន់ នាងទាន ក៏យល់ព្រមនាំពង្រត់នាងគាំចុះទូករត់ពីខេត្តស្រីសឈរទៅនគរខាងលិច ដើម្បីមិនឲ្យចៅក្រមនគរខាងកើតជំនុំជម្រះយកទោសបាន ។ ឯចៅហ្លួង នាងឥន្ធ លុះព្រឹកឡើងដឹងហេតុហើយក៏នាំបក្សពួក៦នាក់ចុះទូកចេញពីខេត្ដ ស្រីសឈរតាមទៅទាន់ចៅពេជនាងគាំនៅកំពង់លង្វែក ។ ទទួលជាពេលនោះ មេគយកំពង់លង្វែកដឹងហេតុការណ៍ទាន់ក៏ចាប់បញ្ជូនចៅពេជនាងគាំទៅ ឲ្យមេគយធំនៅកំពង់ឆ្នាំង ។ មេគយនៅកំពង់ឆ្នាំងក៏ជូនខ្លួនទៅឲ្យចៅហ្វាយស្រុកដែលរក្សាបន្ទាយ ខេត្តរលាប្អៀរ ។ ចៅហ្វាយស្រុកសួរកត់យកចម្លើយចៅពេជ ហើយចៅពេជឆ្លើយដោះសាខ្លួនថា ខ្លួនប្រាថ្នានឹងមកថ្វាយខ្លួនជាអម្ចាស់ត្រើយខាងលិច តែចៅហ្លួងជាមាមិនព្រមឲ្យមកទើបបានជាខ្ញុំនាំប្ដីប្រពន្ធរត់ មកនេះ ។ តែដោយដំណើររបស់ខ្ញុំមិនបានស្ងប់ស្ងាត់ទើបបានជាចៅហ្លួងជាមាតាម មកទាន់ចាប់ខ្លួនខ្ញុំយ៉ាងនេះ ។ ចម្លើយចៅហ្លួងឆ្លើយថា ចៅពេជជាប្ដីនាងខ្មាដែលត្រូវជាក្មួយប្រសាខ្ញុំបាទ ។ វាផិតនាងខ្មា ទៅសហាយនាងគាំជាបាវនាងខ្មា ហើយនាំពង្រត់នាងគាំ ព្រមទាំងយកទ្រព្យរបស់មកជាមួយផង ។ ចៅក្រមបាឡាត់ខេត្តវិនិច្ឆ័យសេចក្ដីថា បើលួចពង្រត់ខ្ញុំគេមកមានក្នុងមាត្រា១ ច្បាប់ក្រមទាសកម្មករ ត្រូវមានទោស ។ តែក្នុងរឿងនេះលួចខ្ញុំប្រពន្ធឯងនេះ គ្មានមាត្រាច្បាប់ឲ្យចៅពេជមានទោសឡើយ ។ ចៅក្រមកាត់សេចក្ដីដូច្នេះ ចៅហ្លួងមិនសុខចិត្ដ ក៏សុំឲ្យសាលាខេត្តបញ្ជូនទៅតុលាការក្នុងខេត្តបរិបូណ៌ ។ ឧកញ៉ាសុភាធិបតី មន្ដ្រីកុត្ដរាជកាត់សេចក្ដីតាមច្បាប់ត្រូវនឹងសាលាខេត្ត ។ គូក្ដីមិនសុខចិត្ដនាំក្រាបបង្គំទូលព្រះករុណាមហាចន្ទរាជាធិរាជ ព្រះករុណាទ្រង់កាត់សេចក្ដីថា ប្រពន្ធជាអ្នកទំនុកបម្រុង ហើយខ្លួនលួចនាំពង្រត់ខ្ញុំប្រពន្ធឯងនេះ ត្រូវមានទោសធ្ងន់ជាងលួចខ្ញុំអ្នកដទៃ ដូច្នោះអ្នកប្រព្រឹត្ដខុសនេះ ត្រូវឲ្យបណ្ដើរអាក្រោស៣ថ្ងៃ ហើយវាយខ្នង១០០ខ្វាប់ និងព្រ័ត្រលួស ហើយហូតនាងគាំជាខ្ញុំនាងខ្មា និងចៅទន់ ចៅទាន ជាខ្ញុំចៅពេជនាំទៅប្រគល់ឲ្យនាងខ្មាវិញ ឲ្យនាងខ្មាដាក់មេត្រីក៏បានជាប់មេត្រីវិញក៏បាន ។ ក្រោយនោះព្រះបរមបពិត្រត្រាស់ឲ្យតែងច្បាប់គ្រប់ក្រម ។ ឧកញ៉ាសុភាធិបតី មន្ដ្រីកុត្ដរាជ ក៏ប្រជុំគ្នាតែងច្បាប់តាមព្រះត្រាស់បង្គាប់ ហើយព្រះករុណាក៏ចេញត្រួតត្រារាល់ពេលវេលា ។ លុះរួចជាស្រេចហើយ ទើបទ្រង់ឲ្យកិត្ដិយសដល់លោកជំទាវបែរ៉ា ជាព្រះមាតាចិញ្ចឹមត្រាស់ព្រះរាជបញ្ញត្តថា តាំងពីថ្ងៃនេះទៅនឹងធ្វើហត្ថ ធ្វើព្យាយាមជាអ្វីៗឲ្យយកហត្ថលោកជំទាវបែរ៉ាជាកំណត់ ។ ហេតុនេះហើយបានជារៀងមក មនុស្សទាំងពួងក៏យកតាមហត្ថបែរ៉ានោះ ។ លុះដល់ចេញវស្សា ឆ្នាំមមែ បញ្ចស័ក វស្សានោះ ព្រះបរមរាជមហាចន្ទរាជាទ្រង់មានព្រះរាជឱង្កាថា កាលមុនយើងមានធ្វើព្រះរាជពិធីចេញព្រះវស្សាម្ដងហើយនៅកំពង់ ប្រាសាទខេត្តលង្វែក ។ ក្រោយនោះយើងរវល់តែការសង្គ្រាមមិនទាន់បានធ្វើទេ ។ ដូច្នេះតាំងពីថ្ងៃនេះទៅយើងត្រូវធ្វើព្រះរាជពិធីអុំទូក លយកន្ទោង ផ្ដាច់ព្រះវស្សាម្ដង៣រដូវ អកអំបុក សំពះព្រះខែ ម្ដង៣ថ្ងៃ ជាសណ្ដាប់ព្រះមហាក្សត្រតទៅ តាមព្រះរាជពិធីកុំឲ្យខានឡើយ ។ នោះនាម៉ឺនសព្វមុខមន្ដ្រីក៏បានរៀបព្រះរាជពិធីតាមព្រះរាជបញ្ញត្ដិ តាំងពីពេលនោះរៀងមក ។ ព្រះរាជពិធីអុំទូកលយកន្ទោងនោះរួចមកហើយ ទ្រង់ត្រាស់ឲ្យបើកព្រះរាជទ្រព្យចំណាយជួលសេនាទាហានរេហ៍ពលឲ្យ លើកដីខឿនព្រះវិហារខ្លះ កាប់ឈើធ្វើគ្រឿងព្រះវិហារខ្លះ ធ្វើវត្ដអារាម នៅទីដែលតាំងព្រះពន្លាជ័យឯជើងផ្សារបរិបូណ៌ ។ ព្រះអង្គតែងឡើងទតព្រះនេត្រត្រួតត្រាការនោះរឿយៗ ។ ខណៈនោះមានពួកល្ខោនម្នាក់ជាតួព្រះលក្សណ៍ប្រកបដោយលោមឆោមពណ៌ល្អ ថ្វីដៃរាំនោះក៏ឯកណាស់ទ្រង់ប្រោសឲ្យហៅឈ្មោះនេះថានាយកំលោះ រូបល្អ ។ ស្ដេចតែងអញ្ជើញគ្រឿងជិតព្រះអង្គ ។ លុះដល់ខែបុស្សថ្ងៃចន្ទនោះ កំលោះរូបនោះក៏កាត់សក់ តែងខ្លួនចូលទៅក្នុងវាំង អស់ជនទាំងឡាយសរសើររាល់មាត់ថា នាយកំលោះរូបល្អនេះកាត់សក់ម្ដងនេះសមនឹងរូបកាយណាស់ ទាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏ពេញព្រះរាជហឫទ័យដែរ ទ្រង់នាំខ្លួនទៅបង្ហាញព្រះអគ្គទេពី និងព្រះស្នំក្រមការ ។ ព្រះអគ្គមហេសីក៏ក្រាបទូលសរសើរគ្រប់មាត់ ។ តែនៅពេលនោះទ្រង់ទតព្រះនេត្រទៅឃើញសក់នៅជាប់នឹងកៀនត្រចៀក និងកចៅនោះនៅឡើយ ទើបទ្រង់ត្រាស់ថា ឲ្យចៅនោះទៅលាងកនោះចេញ ។ នាយកំលោះរូបល្អនោះក្រាបថ្វាយបង្គំលាចេញទៅ ។ សម្ដេចព្រះបរមបពិត្រទ្រង់ក្រែងយឺតយូរក៏ក្រឡេកព្រះនេត្រទៅឃើញ ទាហានក្រុមវាំងពីរនាក់ ទ្រង់ត្រាស់ថា ឲ្យទៅជួយលាងកវាឲ្យឆាប់ផង ។ ទាហានក្រុមវាំងពីរនាក់នោះឮពុំច្បាស់ស្មានថា ទ្រង់ត្រាស់បង្គាប់ឲ្យយកទៅកាត់ក ក៏ចេញទៅទាន់ឃើញហើយ ក៏ចាប់ចៅនោះចងចំណងប្រាំប្រការឲ្យអង្គុយភាវនានៅវាលខាងត្បូង បន្ទាយ ហើយប្រហារជីវិត ។ ខណៈនោះមានតួល្ខោនម្នាក់ទៀតជាគូនឹងចៅនេះ ហើយជាមិត្ដផង លុះបានដឹងហេតុអស់ហើយក៏ចូលទៅក្រាបបង្គំទូលអម្ចាស់ផែនដីត្រើយ ខាងលិចឲ្យជ្រាប ។ ក្រោយមកទ្រង់យល់ថា បម្រើដែលទៅឃាត់នោះ មិនទាន់ក៏ឲ្យយួរក្បាលទៅចោលឲ្យដាក់នឹងតោក ឬតុតម្កល់ក្បាលនោះកុំឲ្យខូច ហើយឲ្យចូលមកនឹងបានមើលសក់ មើលមុខផ្លាស់ប្ដូរដូចម្ដេច ឬនៅល្អដូចដើម ។ ព្រះរាជបម្រើចេញទៅឃើញទាហានក្រុមនោះយួរក្បាលចូលមក ក៏ស្រែកហៅថា ស្ដាប់មិនជាក់ទៅកាប់ក្បាលកំលោះ ទ្រង់ប្រោសគេម្ល៉េះហើយទៅកាប់ចោលអាសារឥតការ តែបើបានជាកាប់ហើយកុំឲ្យយួរ ហេតុនេះហើយបានជាជាប់ឈ្មោះហៅស្រែវាលភូមិកំលោះរហូតរៀងមក ។ ឯទាហានក្រុមវាំងទាំងពីរនាក់នោះឮហើយភិតភ័យណាស់ គិតថាខ្លួនមុខជាអស់ជីវិតហើយ រួចក៏ប្រគល់ក្បាលនោះឲ្យទៅព្រះរាជបម្រើនាំទៅថ្វាយ ឯខ្លួនក៏រត់គេចពួនព្រៃទៅ ។
ទាហានទាំងនោះគិតថា បើខ្លួនខំតែនៅនគរខាងលិចនេះមុខជាហ្លួងឲ្យគេយកទៅសម្លាប់មិន ខាន ដូច្នោះមានតែរត់ទៅពឹងបារមីហ្លួងខាងកើតវិញទើបជា ។ គិតព្រមគ្នាហើយ ទាហាននោះក៏នាំគ្នារត់ទៅ លុះរត់ទៅដល់វាលស្រាបអង្កាម ទាហានទាំងនោះគិតថា ទៅទាំងខ្លួនប្រឡាក់ឈាម ប្រឡាក់ដាវយ៉ាងនេះ តែជួបនឹងកងល្បាតមុខជាគេចាប់យកទៅថ្វាយវិញជាមិនខាន ។ គិតដូច្នោះហើយក៏នាំគ្នាចូលទៅងូតទឹក លាងដាវ ក្នុងត្រពាំងវាលស្រាបអង្កាមនោះ “បានជាជាប់ឈ្មោះហៅត្រពាំងលាងដាវរៀងមក” ។ ឯព្រះរាជបម្រើ នាំក្បាលនាយកំលោះរូបល្អនោះទៅថ្វាយព្រះបរមបពិត្រ ទ្រង់ត្រាស់សួររកទាហានក្រុមវាំងទាំងពីរនាក់នោះ ។ ព្រះរាជបម្រើក្រាបទូលថា ទាហានទាំងពីរនាក់នោះ មុខជារត់ទៅពឹងអាព្រះស្ដេចកនពុំខានឡើយ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាដ៏រុងសេនាចាងហ្វាងទាហាននោះ ឲ្យចាត់ទាហានសេះ២០នាក់ឲ្យទៅតាមចាប់យកខ្លួនទាហានក្រុមវាំងទាំង ពីរនាក់នោះឲ្យបាន ។ ទាំង២០នាក់ក៏ស្រូតតាមទៅបានឃើញទាហានក្រុមវាំងទាំងពីរនាក់កំពុង ងូតទឹកលាងដាវក៏ចាប់នាំខ្លួនមកក្រាបបង្គំថ្វាយ ។ ព្រះបរមបពិត្រទ្រង់ឲ្យតុលាការពិចារណាសួរកត់ចម្លើយតាម ច្បាប់ ។ ទាហានទាំងពីរនាក់នោះឆ្លើយថា ខ្លួនស្ដាប់ឮថាទ្រង់ត្រាស់ឲ្យកាត់ក ទើបបានជាកាប់ លុះកាប់ហើយទើបភិតភ័យទើបបានជានាំគ្នារត់ចូលហ្លួងខាងកើតប្រាថ្នា ឲ្យរួចជីវិត ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងជ្រាបហើយ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ឲ្យសេនាបតីចេញសំបុត្របញ្ញត្ដិឲ្យលើកលែងហៅហ្លួងខាងកើត ឲ្យហៅតែព្រះស្ដេចកនថា បើនរណាមិនស្ដាប់ និងយកទោសដល់ជីវិត ។ បន្ទាប់មកព្រះបាទអ្នកម្ចាស់ទ្រង់ត្រាស់បង្គាប់ឲ្យយកក្បាលនាយ កំលោះរូបល្អនោះ ទៅធ្វើបុណ្យតាមសមគួរ ។ ក្នុងខណៈនោះទ្រង់ត្រាស់ឲ្យយកទាហានក្រុមវាំងទាំងពីរនាក់ទៅ ប្រហារជីវិតទុកជាបម្រាម ។ ក្រោយមកក្នុងឆ្នាំដដែល ព្រះបរមខត្តិយាចន្ទរាជា ព្រះអង្គឲ្យតែងសំពៅពីរផ្ទុកទំនិញទៅស្រុកជ្វាម៉ាឡាយូ ហើយទិញបានកាំភ្លើងធំ១០០ កាំភ្លើងតូច១.០០០ដើម ថែមលើកាំភ្លើងចាស់ទុករក្សាព្រះនគរ ។ ឯសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើតកាលជ្រាបថា សម្ដេចចៅពញាចន្ទរាជាទិញកាំភ្លើងបានជាច្រើនមកទុកសម្រាប់ព្រះនគរ ហើយ ព្រះអង្គក៏ឲ្យធ្វើសំពៅពីរផ្ទុកទំនិញទៅលក់ឯស្រុកម៉ាឡាយូដែរ ហើយទិញបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដើម។ លុះសំពៅនោះវិលមកវិញ ខ្យល់ផាត់សំពៅមួយទៅជាប់ពាម “ប្រហែលជាពាមមាត់ជ្រូក” សំពៅមួយទៀតជាប់នៅស្រុកកំពត ។ ពេលនោះនាយកងស្រុកពាម ស្រុកកំពត ចាប់បានសំពៅមួយយកបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដាក់ទុកក្នុងរទេះឲ្យមេឃុំនាំទៅថ្វាយព្រះបាទ អ្នកអម្ចាស់នៅខេត្តបរិបូណ៌ ។ ព្រះបាទជាអម្ចាស់ត្រើយខាងលិច កាលទ្រង់ទតឃើញបម្រើនាំគ្រប់សព្វសាស្ត្រាវុធមកក្រាបបង្គំទូល ថ្វាយហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើន ។ សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព១៤០.០០០នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោង នៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល៣០.០០០នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល២០.០០០នាក់ ជាទ័ពស្ដាំ ចៅពញាវៀង ឃុំពល២០.០០០នាក់ ជាទ័ពឆ្វេង ចៅពញាវាំង ឃុំពល២០.០០០នាក់ ជាទ័ពក្រោយ ចៅពញាស្រាល ឃុំពល១០.០០០នាក់ ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំង ឃុំពល១០.០០០នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរ ឃុំពល១០.០០០នាក់ ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯង ឃុំពល៣០.០០០នាក់ ជាទ័ពហ្លួង ឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ ឡើងគង់ព្រះទីនាំងស័ង្ខរស្មី លើកទ័ពតម្រង់ទៅខេត្តបរិបូណ៌ ។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភាគិនេយ្យាយសរាជឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូក គង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចម្បាំង៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត ។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿង ឃុំពល២.០០០នាក់ ជាមេទ័ពមុខ ឲ្យចៅពញាសួគ៌ាលោក“សុខ” កូនពញាមឿង ឃុំពល១០.០០០នាក់ ជាទ័ពស្ដាំ ឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល១០.០០០នាក់ ជាទ័ពឆ្វេង ឲ្យឧកញ៉ារាជតេជៈ ឃុំពល១០.០០០នាក់ ជាទ័ពក្រោយ ឲ្យឧកញ៉ាវង្សាអគ្គរាជ ឃុំពល១០.០០០នាក់ ជាកងជន្ល ឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនា ឃុំពលម្នាក់ៗ៣.០០០នាក់ ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុខត្ដ ឃុំពលដំរី៣.០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាម ឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ៥០០ ជាកងជន្លទី២ ។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសម្រាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខេត្តលង្វែក ។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ៤០នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសម្រុកគ្រលុកតាមដល់ស្ទឹងជ្រៃ ។ ឧកញ៉ាចក្រីទេព ជាកងជន្លទី៣ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត ។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាប អង្កាមនោះ ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង៣០០នោះ បានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំ ទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរ ចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមក បណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ២០.០០០នាក់ ។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សម្លាប់ ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន ។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែក រលាប្អៀរខាងស្ដាំ ចោលទ័ពអស់ ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ១០០នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយ ទៅទៀត ។ ស្ដេចកននៅសល់តែទាហាន១០០នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខេត្តលង្វែក កងទ័ពទាំង១០០នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេ ចេះតែ២០នាក់ប៉ុណ្ណោះ ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូច នាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃ ជាត្រើយខាងកើត ។
លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់ ។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែក ហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបម្រុងអក្ខរាទាំង៣នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ ស្ពាយត្រាជាសម្រាប់រាជរបស់សម្ដេចកននោះ រត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខេត្តរលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំង ទូកលិចលង់ទាំងត្រាសម្រាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ ។ នាយអាល័ក្សទាំង៣យកផ្ដៅពីរបន្ទះមកតតែមួយ សំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់ នឹងរកមនុស្សឲ្យមុជទៅតាម មនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម ។ នាយទាំង៣នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាម ត្រានោះ លុះដល់ស្លាប់ទាំង៣នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យ យារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀន តាធឹង ។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតម្រង់ទៅតំបន់ដូនម៉ៅត្រើយ ខាងកើត ព្រមទាំងទាហានរួមចិត្ដ២០នាក់ ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ ។
នេះនឹងនិយាយអំពីសម្ដេចចៅហ៊្វាកៅដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យ ព្រៃនគរនោះ មុននេះ៣ថ្ងៃយល់សប្តឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្ដេចព្រះ ស្រីជេដ្ឋាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាស ហើយធ្លាក់នៅកំពង់ចាម ។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្ដនោះឲ្យសម្ដេចពញាហែង ជាបិតាក្មេកសម្ដេចព្រះស្រីជេដ្ឋាស្ដាប់ ហើយហៅហោរាមកប្រាប់ហេតុឲ្យទាយ ។ ហោរាពិនិត្យទៅឃើញថា យល់សប្ដិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថា ទ័ពហ្លួងបរាជ័យហើយ ត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្ដាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឲ្យរួចពីចំណោមត្រង់ដែលភ្លើង ធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនឹងរត់ទៅដល់ទីនោះ ។ សម្ដេចចៅហ៊្វាកៅឮហើយភ័យណាស់ ក៏ឲ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយ រួចផ្ដាំថា ឲ្យខិតខំកេណ្ឌរេហ៍ពលទុកបម្រុងឲ្យបានច្រើន ។ ឯខ្លួនសម្ដេចចៅហ៊្វាកៅនាំខ្នាន់ធ្នូ និងទាហានកាំភ្លើង១.០០០នាក់ និងព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយ ខាងកើត ។ លុះឃើញសម្ដេចព្រះស្រីជេដ្ឋាគង់លើសេះនាំទាហានហែលឆ្លងមកដល់ ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ដ២០នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំង ចក្រពត្ដិនោះត្រឡប់មកដល់ សម្ដេចចៅហ៊្វាកៅឲ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឲ្យព្រះភគិនេយ្យោយសរាជាឡើងតាមមកទាន់ ។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូកដែលតាមមកពីក្រោយនោះ វិញ លុះជួបហើយស្ដេចឲ្យឈប់នៅទីមួយអន្លើ ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្ដេចត្រាស់ឲ្យយកអាវុធសឹកទុកសិន ហើយចូលទូកចម្បាំងទៅឈប់ក្នុងបឹងមួយអន្លើ ។ ទ្រង់ឲ្យសាងវត្ដមួយនៅទីនោះទុកជាព្រះកេរ្ដិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្ដព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ ។ ឯសម្ដេចចៅហ៊្វាកៅកាលបានទទួលសម្ដេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ក៏យាងស្ដេចផ្ទុំសម្រាកកម្លាំងនៅក្នុងព្រៃដូនម៉ៅ នោះទៅ តែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្ដេចព្រះស្រីជេដ្ឋាទ្រង់ផ្សងមិនឲ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក ។ លុះព្រឹកឡើងសម្ដេចចៅហ៊្វាកៅយាងសម្ដេចព្រះស្រីជេដ្ឋាឡើងគង់ព្រះ ទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង១.០២០នាក់ស្រូតរូតទៅដល់ភូមិ ដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅ ព្រះស្ដេចកនទ្រង់ធ្វើបុណ្យហើយឲ្យកប់ដំរីនៅទីនោះ បានជាជាប់ហៅទួលកប់ព្រះដំរីរៀងមក ។ សម្ដេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យនឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យ ត្រូវបានព្រះទីនាំងពិជ័យគជយុទ្ធនោះ គឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរដែលកាលនោះមានហ្ម ម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយមានកម្ពស់១០ហត្ថ ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់ មិនដឹងជានៅស្រុកណា ភូមិណាទេ រកតែខ្លួននឹងឲ្យរង្វាន់ពេញចិត្ដក៏រកពុំឃើញ ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញលើកទ័ពដេញព្រះស្រីសុគន្ធបទដល់ទៅក្បាលកោះសូទិនទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះនោះមកថ្វាយមានកម្ពស់១០ហត្ថ៤ធ្នាប់ មានកម្លាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឲ្យរង្វាន់ក៏រកពុំឃើញ ដែរ ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយ ដូច្នេះឃើញថា បុណ្យបារមីអញមិនយឺនយូរប៉ុន្មានឡើយ ។ គិតហើយព្រះស្ដេចកនក៏ទ្រង់ព្រះកន្សែងសោកជារ៉ាំរ៉ៃក្រៃពេក ណាស់ ។ សម្ដេចព្រះចៅហ៊្វាកៅយល់សម្ដេចព្រះស្រីជេដ្ឋាជាក្មួយយំសោកស្ដាយ ព្រះទីនាំងខ្លាំងពេកដូច្នោះ ក៏គិតថា បើអញមិនក្លែងនិយាយឲ្យមានតម្រេកទេ ឃើញថាសម្ដេចព្រះស្រីជេដ្ឋានឹងដល់អស់ព្រះជន្មក្នុងគ្រានេះមិន ខាន ។ គិតហើយ ចៅហ៊្វាកៅក៏ក្រាបទូលថា សូមទ្រង់កំសាន្ដព្រះរាជហឫទ័យខ្លះទៅ កុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេក ព្រះទីនាំងនោះវាស្រុតស្នងព្រះអង្គដែលទ្រង់មានព្រះគ្រោះជា ទម្ងន់នោះ ។ ឯបុណ្យបារមីព្រះអង្គនៅមានទៅមុខជាច្រើន ពីព្រោះថា ក្រោយព្រះអង្គលើកទ័ពទៅធ្វើសង្គ្រាមនឹងព្រះចន្ទរាជានោះ ចៅហ្វាយស្រុកជើងបាក់ដែងនាំដំរី២ សេះ២ មកចាំក្រាបទូលថ្វាយ ទំហំ និងកម្ពស់ប្រហែលៗគ្នា និងព្រះទីនាំងមុននេះ ហេតុនេះសូមទ្រង់កុំព្រួយព្រះទ័យស្ដាយអ្វីសេះ១ដំរី១នោះ ។ វាបាត់ទៅទាំងពីរ យើងបានដល់ទៅ៤ឡើងវិញហើយ ។ ព្រះស្រីជេដ្ឋាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រឺព្រួចក្នុងព្រះរាជហឫទ័យណាស់ ទ្រង់តម្រង់ព្រះស្មារតីបាន ទ្រង់ក៏ត្រាស់នឹងសម្ដេចចៅហ៊្វាកៅថា យើងនឹងទៅក្រុងស្រឡប់ពិជ័យ ឬនៅក្រុងស្រីសឈរ ។ ដ្បិតក្នុងស្រុកស្រីសឈរនោះយើងមានគ្រប់គ្រួនៅទីនោះច្រើន ។ ទើបសម្ដេចចៅហ៊្វាកៅទូលថា យើងធ្វើសង្គ្រាមមានជ័យជាច្រើនដង យើងបានជាស្ដេចជាចៅហ្វាយនេះតាំងពីនៅតតាំងច្បាំងគ្នានៅស្រីសឈរ ដូច្នោះគួរយើងយកក្រុងស្រីសឈរនោះជាទីចម្បាំង ។ បើពុំឈ្នះនៅទីនោះទេ ចាំយើងទៅតាំងតនៅក្រុងស្រឡប់ពិជ័យព្រៃនគរ ហើយត្រាស់ផ្ដាំនឹងសម្ដេចចៅហ៊្វាកៅថា ឲ្យកេណ្ឌរេហ៍ពលឲ្យបានច្រើននៅរក្សាបន្ទាយនោះ ។ សម្ដេចចៅហ៊្វាកៅក៏ទទួលធ្វើតាមព្រះរាជបញ្ជាការ ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាកែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ថយទ័ពទូកមកភ្នំពេញវិញ ដើម្បីនឹងស្ដាប់ព្រះរាជាសម្ដេចព្រះបិតុលារាជាធិរាជ ។ សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង ៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ជាមេទ័ពមុខ កាន់ពល២០.០០០នាក់ ជាទ័ពស្រួច ។
- ឲ្យឧកញ៉ាមនោមេត្រី កាន់ពល១០.០០០នាក់ ជាមេទ័ពស្ដាំ ។
- ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេង កាន់ពល១០.០០០នាក់ ។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” កូនចៅពញាមឿង កាន់ពល៣០.០០០នាក់ជាទ័ពមុខ ។
ឲ្យ សម្ដេចចៅពញាយសរាជា ជាព្រះរាជភគិនេយ្យោ ជាមេទ័ពហ្លួង ឃុំពល៥០.០០០នាក់ ឆ្លងទៅព័ទ្ធពីខេត្តព្រៃវែង ស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន ។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត ៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក ជាមេទ័ពមុខ ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង ។
- ចៅពញាស្រែន្យខាំងហ្វា ជាមេកងទ័ពស្ដាំ ។
- ចៅពញាមន្ដ្រីភក្ដី ជាកងទ័ពក្រោយ ។
ទាំង ៤កងឃុំពល៥០.០០០នាក់លើកជាទ័ពជើងគោកទៅខេត្តកំពង់សៀម ឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំង ស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែង ជាឪពុកក្មេកព្រះស្ដេចកន លើកទៅជួយព្រះស្ដេចកនបាន ។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត ៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ពញាមឿង ឃុំពល២០.០០០នាក់ ជាមេកងទ័ពមុខ ។
- ឧកញ៉ាយមរាជ ឃុំពល១០.០០០នាក់ជាទ័ពឆ្វេង ។
- ឧកញ៉ាក្រឡាហោម ឃុំពល១០.០០០នាក់ ជាទ័ពស្ដាំ ។
- ព្រះអង្គឯងទ្រង់ពល៤០.០០០នាក់ ជាទ័ពហ្លួង ។
- ឧកញ៉ាមហាមន្ដ្រី ឃុំពល៥.០០០នាក់ ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ ។
ព.ស ២០៦៨ គ.ស១៥២៥ ម.ស១៤៤៦ ច.ស៨៨៦ ឆ្នាំវកឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿង កកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយាន ព្រមដោយនូវស្វេតច្ឆត្រស៩ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ ស ព្រាត ឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត ។ ឯអស់មន្ដ្រីសេនា រេហ៍ពលសឹងជិះទូកហ៊ោទូកង មួង យោងពីមុខ នៅពីក្រោយ តាមអណ្ដាប់អណ្ដោយ លើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ ។
សេចក្ដីនេះឈប់ស្លេះតែប៉ុណ្ណោះ និងតាំងនិយាយអំពីព្រះស្ដេចកន កាលតាំងខ្លួនសោយរាជ្យជាសម្ដេចព្រះស្រីជេដ្ឋាក្នុងក្រុងស្រីសឈររួច ហើយ ទ្រង់ព្រះតម្រិះថា ៖ គួរគិតរកជ័យភូមិ សាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី ។ ទ្រង់ព្រះតម្រិះតែម្ល៉ោះហើយ ក៏លើកពួករាជសេវកាមហាយោធា តាមមាគ៌ារង្គាត់គន់រកទីជ័យភូមិ ពុំត្រូវព្រះរាជហឫទ័យក្នុងខេត្តស្រីសឈរសោះ ។ ស្ដេចទៅឯខេត្ដព្រៃវែង ក៏ពុំត្រូវព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្ដបាភ្នំ ទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឲ្យតាំងបន្ទាយវាំងនៅទីនោះ បានជាជាប់ឈ្មោះនៅទីកន្លែងបឹងកំពង់ចៅហ៊្វា១ កំពង់យមរាជ១ កំពង់ក្រឡាហោម១ កំពង់ចក្រី១ នៅទីនោះ ឯអ្នកស្រុកអំពីស្រុកកណ្ដាលជ្រុំ១ ជើងបាក់ដែង១ រោងដំរី១ ព្រៃនគរ១ គ្រប់ទិសតែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្ដាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិនោះថា មេត្រេកវិញ ។ ទ្រង់សាងព្រះនគរបាន៨ខែពុំទាន់សម្រេច ស្ដេចទ្រង់ព្រះតម្រិះយល់ជាថ្មីថា ៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនឹងពិបាកកេណ្ឌពលតច្បាំងឲ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ដ្រី ព្រះស្នំ ក្រមការសេនាយោធាទៅរកទីទៃភូមិក្នុងខេត្តត្បូងឃ្មុំ ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះ កបន្ទាយតែ៥សិនបួនជ្រុង ។ កន្លែងនោះមានខ្លះមិនពេញចិត្ដថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេ តែវាយគងហៅប្រជុំគ្នាកាលណាស្ដីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជាជម្លោះឈ្លោះចេញដោល គ្នាវឹកវរ ។ លុះមានរាស្ដ្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរតាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក ។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថា ត្រូវទៅរកទីកន្លែងមួយទៀត ឲ្យជីកដីធ្វើបន្ទាយ៤សិនបួនជ្រុង តែមិនទាន់ហើយទេ ទ្រង់ឲ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះ ទៅយល់ថា តូចទាបណាស់ មិនសមជាក្រុងធំ មិនល្មមនឹងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៌ ឃើញមានទីខាងត្បូងទីនោះមានចម្ងាយប្រមាណប្រាំមួយប្រាំពីរសិន មានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះ ទៅតាំងបន្ទាយនៅទីនោះបណ្ដោយ២៥សិន ទទឹង១៥សិន កម្ពស់១៥ហត្ថ ជាបន្ទាយស្ដេចគង់ ។ ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្ដេចគង់នោះចម្ងាយពីរ សិន បន្ទាយសម្រាប់ចម្បាំងទទឹងបួនសិន បណ្ដោយប្រាំមួយសិន បន្ទាយទាំងពីរនោះកម្ពស់ខាងលើបីព្យាម កម្រាស់ជើងទេប្រាំមួយព្យាមកម្ពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្ដេចគង់នោះទទឹងពីរសិនជុំវិញ ។ ស្នាមភ្លោះបន្ទាយចម្បាំងនោះទទឹងមួយសិន បីជ្រុងគិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្ដេចគង់ទិសខាងលិច ទិសខាងកើតបន្ទាយចម្បាំងនេះ ដាក់រោងដំរីរោងសេះ រោងព្រះរាជយានក្នុងបន្ទាយចម្បាំងនោះមានរោងទាហាន២២ខ្នង ព័ទ្ធជុំវិញក្នុងបន្ទាយដែលស្ដេចគង់នោះ មានកំផែងកែវបីព័ទ្ធជុំវិញ ហើយឲ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា១ ដំណាក់ព្រះស្នំ២២ ក្នុងព្រះរាជមន្ទីរធំនោះ មានក្រឡាព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច៧សម្រាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង ៧ ។ ប្រាសាទដំណាក់ទាំងប៉ុន្មានសឹងតែឲ្យលាបម្រ័ក្សណ៍ជាតិហិង្គល បិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ ។ ទ្រង់ឲ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុងសម្រាប់ស្រង់ និងសម្រាប់ព្រះស្នំក្រមការងូតទឹកខាងមុខកំផែងកែវនោះ ។ ទ្រង់ឲ្យជីកស្រះធំមួយឲ្យចៅពញាវៀងជីកខាងត្បូង ចៅពញាវាំងជីកខាងជើង ចៅពញាស្រាលជីកខាងកើត ចៅពញាលំពាំងជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាមបួនជ្រុង ហើយទ្រង់ត្រាស់បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោមឲ្យចាប់ត្រីព្រួល រ៉ស់ ឆ្ដោរ ទៅលែងក្នុងស្រះខាងក្នុងខាងក្រៅតាមស្នាមភ្លោះបន្ទាយនោះ ។ ស្រុកនោះ សម្បូណ៌ត្រី មិនឲ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឲ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេ ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឲ្យធ្វើបន្ទាយទាំង៨ទិសសម្រាប់ចម្បាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ១៥ខ្នងសម្រាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសម្រាប់ចែកចាយសេនាទាហាន រេហ៍ពលមិនឲ្យអត់ឃ្លាន ។ សម្ដេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងជាលែង ជាកូនសម្ដេចពញាហែង លើកឡើងជាស្នំឯក ។ ទ្រង់សព្វព្រះទ័យនឹងព្រះស្នំឯកណាស់ ហើយតាំងប្អូនព្រះស្នំឯកជាស្នងធ្នឹមព្រះនគរ ។ ឯបន្ទាយនោះមានទ្វារធំ៤ ទ្វារតូចតាមជ្រុងបន្ទាយ៤ ។ ទ្វារធំខាងកើតឲ្យឈ្មោះ ហៅថា ទ្វាចក្រ ឲ្យពញាឆ្លូករាជការនៅរក្សាជាទ្វារសម្រាប់ស្ដេចឡើងគង់ព្រះបញ្ជា ទតទិសនានា ។ ទ្វារធំខាងត្បូងឲ្យឈ្មោះហៅ ថាទ្វារស្នងទ្រង់ ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃនៅរក្សាត្រួតត្រា ហើយជាសម្រាប់ស្ដេចចេញទតសេនាទាហានសមថ្វីដៃ ។ ទ្វារធំខាងលិចឲ្យឈ្មោះហៅថា ទ្វាររោង ស្ដេចឲ្យពញារោងរាជភក្ដីនៅត្រួតត្រាសម្រាប់ស្ដេចចេញទតដំរីសេះ ព្រះរាជយាន ។ ទ្វារធំខាងជើងឲ្យឈ្មោះហៅថា ទ្វារត្រាច់ ឲ្យពញាត្រាច់សារវន្ដនៅត្រួតត្រាសម្រាប់ស្ដេចនាំព្រះស្នំ ក្រុមការ ចេញទៅប្រពាតព្រឹក្សាទាំងឡាយជាទីកំសាន្ដព្រះរាជហឫទ័យ ។ ក្នុងកំផែងព្រះវិហារ ស្ដេចសាងវត្ដ សាងប្រាសាទមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយព្រះអង្គមានព្រះភ្នែន១២ធ្នាប់ កម្ពស់២០ធ្នាប់ តម្កល់ក្នុងប្រាសាទនោះ ។ ទ្រង់តាំងនាមហៅព្រះអង្គខ្មៅ ទ្រង់តាំងនាមចៅអធិការវត្ដនោះថា ព្រះអរិយញាណសាគរអាប៉ោ រួចប្រគេនរេហ៍ពល៥០០នាក់ជាសម្រាប់វត្ដ ។ ទ្រង់តាំងនាមវត្ដនោះហៅថា វត្ដប្រាសាទ ខ្លះហៅថាវត្ដខ្មៅ ។ ឯអ្នកព្រះម្នាងជាលែងនោះសាងវត្ដអារាមមួយខាងជើងបន្ទាយពិជ័យ ព្រៃនគរ ។ លុះសាងរួចហើយ នាងឲ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរថ្វាយព្រះរតនត្រ័យនៅទីនោះ បានជាប់ឈ្មោះមកហៅវត្ដគរសព្វថ្ងៃនេះ ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ឲ្យសាងថ្នល់មួយតម្រង់ទៅខេត្ដរោង ដំរី ដើម្បីជាសម្រាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយ ទៅវត្ដព្រះធាតុដើម្បីជាសម្រាប់ស្ដេចព្រះរាជដំណើរថ្វាយបង្គំគោរព ព្រះបរមធាតុព្រះអរហន្ដថេរ ។
សេចក្ដីនេះស្លេះទុកត្រឹមនេះសិននឹងអធិប្បាយអំពីព្រះធាតុនេះតទៅ កាលផែនដីព្រះបាទអរត្ដពលពាសានោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្ដេចចៅពញាអរជូន ឲ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្ដរាជធំ ។ សន្ដតិវង្សពញាអរ គ្រងស្រុកនេះបាន៨ត លុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្ដេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សនោះក្នុងផែនដី ព្រះបាទធម្មាសោករាជ ព្រះអង្គចាត់ព្រះរាជនត្ដាមួយព្រះអង្គ ទ្រង់ព្រះនាមព្រះអង្គកែមឲ្យមកគ្រងស្រុកត្បូងឃ្មុំតាំងព្រះនាម ជាសម្ដេចពញាអរជូន ព្រះអង្គកែមមានទ្វារ៤ ចៅមឿង៥គឺ មឿងទួលអង្គុញងារជាឧកញ៉ារិទ្ធីជោ១ ចៅមឿងព្រៃជីកតួងារជាឧកញ៉ាក្រៃសរសេនាចាប់ជូន១ ចៅមឿងជុំចែ ងារជាឧកញ៉ាមន្ដ្រីស្នេហា១ ចៅមឿងជ្រៃហោ ងារជាឧកញ៉ាចន្ទអន្សា១ ចៅមឿងជុំគ្រៃងារជាឧកញ៉ាគីរីពុទ្ធបាទ១ ។ មានទ្វារ៤រូងងារជាឧកញ៉ាក្រៃសរសង្គ្រាមរូង១ ទ្វាររៀល ងារជាឧកញ៉ាក្រៃយោធារៀល១ ទ្វារលោងារជាឧកញ៉ាក្រៃអនុជិត ទ្វារលោ១ ទ្វារកត់១ ងារជាឧកញ៉ារឿងរង្គទ្វារកត់ ។ សម័យថ្ងៃមួយនោះ បណ្ដាអ្នកស្រុកទាំងប៉ុន្មានក្រឡេកទៅឃើញព្រះអរហន្ដហោះធ្យានលើអាកាស ធ្លាក់មកលិចទៅក្នុងដីបាត់ ចែករស្មី៧ពណ៌ ក៏នាំគ្នាឆោឡោជីកដីនៅទីនោះ ជ្រាបដល់សម្ដេចចៅពញាអរជូនអង្គកែម ព្រះអង្គក៏ទ្រង់សាទរចេញមកឃោសនាក្រមការឲ្យជួយជីកដីនៅទីនោះទៅ ឃើញព្រះបរមសារីរិកធាតុ ហើយក៏ឆោឡោធ្វើទីសក្ការបូជា ធ្វើព្រះអារាម ធ្វើព្រះវិហារ សីមា ព្រះចេតិយ សុទ្ធសឹងតែថ្មល្អថ្លៃថ្លាបញ្ចុះព្រះបរមសារីរិកធាតុ រួមតាំងនាមព្រះចៅអធិការវត្ដនោះជាសម្ដេចព្រះសិរីធម្មធាតុ តាំងនាមវត្ដនោះហៅវត្ដព្រះធាតុ បានជាជាប់ហៅវត្ដព្រះស្រីព្រះធាតុរៀងមក ។ ព្រះអង្គធ្វើបុណ្យឆ្លង៣ខែ និមន្ដព្រះសង្ឃទេសនាតាំងពី៥០ជាតិមកទសជាតិ ហើយសម្ដេចចៅពញាអរជូនអង្គកែមសព្វព្រះទ័យនឹងរឿងព្រះមហោសថណាស់ ទ្រង់ត្រាស់ឲ្យជីកជាអុងម៉ុង១ តែអុងម៉ុងនោះតូច ទ្រង់សព្វព្រះទ័យ ទ្រង់ឲ្យជីកមួយទៀតទំហំទទឹង១៤ហត្ថ កម្ពស់១៥ហត្ថ ជម្រៅទទឹងចម្ងាយវែងឆ្ងាយទៅដល់មាត់សមុទ្រ ដែលនៅស្រុកយួន ជាតំណាងអុងម៉ុងព្រះមហោសថ បានជាអ្នកស្រុកហៅអុងម៉ុងព្រះមហោសថរៀងមក ។
នេះនឹងនិយាយអំពីសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើត ដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ១០.០០០នាក់ នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខេត្តព្រៃវែង១ នាយគយខាងពាមរ១ ទាំង៣មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យ ឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះ ស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ ! ពញាចន្ទរាជា អញស្មានថា បានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត ។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង៤ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ១០.០០០នាក់ ទ្រង់យល់ថា នឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន ។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង ។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់ ។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា ។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន ។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទម្លាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន ។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកន ឃុំពល៥០០នាក់នៅក្រៅបន្ទាយ លុះឃើញព្រះស្ដេចកនជាប់ចំណងហើយ នាំពល៥០០នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជម្រាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរ តាមហេតុគ្រប់ប្រការ ។ សម្ដេចចៅហ៊្វាកៅ លុះបានដឹងហើយ ក៏និយាយនឹងសម្ដេចពញាហែង ជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រី ជាមាព្រះស្ដេចកន ពញាស្នងស្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថា ឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស ។ កាលមន្ដ្រីទាំង៣នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល៥០.០០០នាក់លើកស្រូតទៅជួយ ព្រះស្ដេចកន ។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយ ចូលមក អរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច ។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាសប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទខេត្ត ត្បូងឃ្មុំ ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល១០.០០០នាក់ឲ្យលើកទ័ព ចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមក ឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវា ចាប់វាឲ្យបាន កុំឲ្យអាខ្មាំងរត់រួច ។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច២៥០នាក់ឲ្យទៅ បង្កប់ចាំ មើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថា ឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល៤០០នាក់ទៅពួនចាំ មើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទម្លាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំង ឲ្យបាន ។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់ ។
ចៅពញាតេជោមេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិន បាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ ។ ឯព្រះស្ដេចកន យល់ឃើញដូច្នោះហើយក៏នាំរេហ៍ពលចេញពីបន្ទាយទៅទម្លាយទ័ពដែលព័ទ្ធ ចេញទៅបាន ។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សម្លាប់ពលខ្មាំងសត្រូវអស់ ជាង១០.០០០នាក់ ។ ស្ដេចកន និងចៅហ៊្វាកៅ ខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តម្រង់ទៅ ក្រុងពិជ័យព្រៃនគរ ។ ពេលនោះសម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយ រំពេច ។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង ។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កម្លាំងក៏បរសេះរត់ទៅតាម ព្រះស្ដេចកន កំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម ។ ទ័ពខ្មាំងនឹងវាយទម្លាយទៅក៏ពុំរួច នឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន ។ និយាយរួចហើយហើយស្ដេចកនក៏ក្រាបយំលើខ្នងសេះ ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់ សុំក្មួយស្លាប់តាម ។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទម្លាយចេញទៅ ។ ឯព្រះសុទ្ដយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង២៥០នាក់ទៅ ឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់ ។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិន ខាន ។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នា ចូលវាយទម្លាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស៥.០០០នាក់ ក្រៅពីនោះស្លាប់អស់ ។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កម្លាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី ។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នា ត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត ។ ព្រះស្ដេចកន និងចៅហ៊្វាកៅ ព្រមទាំងពលទាហាន៥.០០០នាក់ នាំគ្នារត់ទៅទៀត ។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវ ក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង៥កងវិញហើយនាំគ្នាទៅ ក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ ប្រការ ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា ៖ សម្ដេចចៅពញាបែនស្លាប់ ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជសួស ឃុំពល២០.០០០នាក់ ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំង ឃុំពល២០.០០០នាក់ ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភាគិយ្យោយសរាជា ជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់ ។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំ មានធ្វេសប្រហែសឡើយ ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ព ឃើញតែបីកង)។
សម្ដេចចៅហ៊្វាកៅដែលនាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរផាលន នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង តាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវ អត់មានបង្អែបង្អង់ឡើយ ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទម្លាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិច បណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន ។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបាន ត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់ ។ ក្នុងខណៈនោះ ចូលក្នុងឆ្នាំមមី ចត្វាស័ក ព.ស២០៦៦ គ.ស១៥២២, ម.ស១៤៤៤ ច.ស៨៨៤ ខែជេស្ឋ ដែលគួរទុកឱកាសឲ្យរាស្ដ្រធ្វើស្រែចម្ការច្បារដំណាំ ទើបសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីគ្រប់គ្រងពិជ័យនគរ មានព្រះរាជសារចាត់ឲ្យចៅពញាមន្ដ្រីជារាជទូតនាំទៅថ្វាយព្រះបរម ខត្តិយាមហាបពិត្រជាអម្ចាស់ជីវិតលើត្បូងផែនដីត្រើយខាងលិច ដែលមានសេចក្ដីថា ៖ ព្រះរាជសារមហាទ័ពវិសេសព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការព្រះស្រីជេដ្ឋា បរមខត្តិយាមហាធិបតីសិរីយសោធរ គ្រង់ពិជ័យនគរបវររាជធានីជាអម្ចាស់លើត្បូង ។ ចម្រើនផ្លូវព្រះរាជមេត្រីមកព្រះបាទសម្ដេចព្រះរាជឱង្ការព្រះមហា ចន្ទរាជារាមាធិបតីទិសខាងលិចបានទ្រង់ជ្រាប ។ យើងធ្វើមហាពិជ័យសង្គ្រាមនឹងគ្នាជាអង្វែងឆ្នាំមកហើយ អស់អាណាប្រជានុរាស្ដ្រ ទាសកម្មករ បវររាជធានី ក៏នឿយព្រួយព្រាត់ប្រាស់បុត្រភរិយាជាច្រើន ។ ឥឡូវនេះរដូវដែលត្រូវឲ្យរាស្ដ្រធ្វើស្រែក៏មកដល់ហើយ ។ យើងជាម្ចាស់ផែនដីទិសខាងកើតយល់ថា គួរឈប់ធ្វើសង្គ្រាមមួយវេលា បង្អង់ឲ្យរាស្ដ្រធ្វើស្រែចម្ការសិន លុះរាស្ដ្រធ្វើរួចកាលណាសុំយើងធ្វើសង្គ្រាមល្បងព្រះបារមីតទៅ ទៀត ។ ព្រះអង្គជាអម្ចាស់ទិសខាងលិចយល់ដូចម្ដេច ? ថាបើយល់ព្រមហើយ ឲ្យរំសាយកងទ័ពទៅធ្វើស្រែចម្ការយកប្រយោជន៍ចិញ្ចឹមបុត្រភរិយាតាម ប្រវេណីចុះ ។ ព្រះបាទសម្ដេចព្រះបរមខត្តិយាមហាចន្ទរាជាធិរាជ ជាអម្ចាស់លើត្បូង ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ និងព្រះរាជទូតថា ម្ចាស់ឯងគិតនេះក៏ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ។ សេចក្ដីនេះអញយល់ព្រមតាមហើយ តែឲ្យម្ចាស់ឯងរំលាយកងទ័ពទៅជាមុនចុះ ចាំអញរំសាយកងទ័ពទៅតាមក្រោយ ។ វេលានោះ ចៅពញាមន្ដ្រីរាជទូតក៏ថ្វាយបង្គំត្រឡប់ទៅក្រាបទូលសម្ដេចព្រះ ស្រីជេដ្ឋាវិញ ។ សម្ដេចព្រះស្រីជេដ្ឋា គឺព្រះស្ដេចកន បានទ្រង់ជ្រាបហើយក៏ឲ្យរំសាយកងទ័ពទៅធ្វើស្រែចម្ការ តាមភូមិលំនៅទីទៃៗ ។ ឯសម្ដេចព្រះបរមឧត្ដមខត្តិយាចន្ទរាជាទ្រង់ជ្រាបដោយកងល្បាតថា ព្រះស្ដេចកនរំសាយកងទ័ពហើយ ព្រះអង្គក៏រំសាយកងទ័ពដែរ ទ្រង់ទុកនៅសម្រាប់តែបន្ទាយប្រមាណ១.០០០នាក់ ។
ក្នុងថ្ងៃមួយនោះ សម្ដេចព្រះស្រីជេដ្ឋា ព្រះហត្ថាម្ខាងកៅទណ្ឌ ព្រះហត្ថាម្ខាងទ្រង់នូវធ្នូ២៥ ស្ដេចនាំអ្នកព្រះម្នាងជាលែង និងព្រះស្នំក្រមការ យាងព្រះបាទាតាមផ្លូវថ្នល់ទៅថ្វាយបង្គំព្រះអរហន្ដធាតុនៅវត្ដព្រះ ធាតុតាមសព្វដង ។ ព្រះរាជកិច្ចនោះដឹងដល់ឧកញ៉ាយមរាជសួស ជាមេទ័ពហ្លួងខាងលិច ទើបមេទ័ពនេះក៏ចាត់កងទ័ពកាំភ្លើងតូច១០០នាក់ឲ្យទៅបង្កប់ចាំក្នុង ព្រៃដើម្បីលបលុកព្រះស្ដេចកន ។ លុះព្រះស្រីជេដ្ឋាទៅដល់ទាហានកាំភ្លើងដែលឧកញ៉ាយមរាជសួសចាត់ទៅ នោះ ក៏បាញ់ត្រូវដាច់ព្រះពស្ដ្រសម្ដេចព្រះស្រីជេដ្ឋា៥គ្រាប់ ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះពិរោធណាស់ ទ្រង់ទាញកៅទណ្ឌបាញ់ទៅវិញ បាញ់ម្ដងចេញទៅ៥ព្រួញ បាញ់៥ដងត្រូវជា២៥ព្រួញ បណ្ដាលឲ្យស្លាប់ពលឧកញ៉ាយមរាជសួស២៥នាក់ ទ័ពសល់ពីនោះមិនហ៊ានតទៅទៀត ក៏បែករត់ទៅប្ដឹងឧកញ៉ាសួសវិញ តាមដំណើរគ្រប់ប្រការ ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាក៏នាំព្រះស្នំក្រមការត្រឡប់ទៅបន្ទាយ ពិជ័យព្រៃនគរវិញ ហើយទ្រង់ឲ្យតែងព្រះរាជសារ ហើយចាត់ឧកញ៉ាមហាមន្ដ្រីទេពឲ្យអញ្ជើញព្រះរាជសារនោះទៅថ្វាយព្រះ បរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាប ។ រាជទូតក៏ក្រាបថ្វាយបង្គំលាអញ្ជើញព្រះរាជសារទៅដល់សេនាបតី សេនាបតីនាំចូលទៅថ្វាយព្រះបរមបពិត្រ ។ ព្រះបរមបពិត្រស្ដេចទ្រង់អាល័ក្សថ្លែងសេចក្ដីតាមព្រះរាជសារថា យើងជាម្ចាស់ផែនដីទិសខាងកើតមានព្រះរាជសារសុំឲ្យបញ្ឈប់សង្គ្រាម ដើម្បីរាស្ដ្រធ្វើស្រែ ម្ចាស់ផែនដីខាងលិចក៏ព្រមហើយ ។ ឥឡូវនេះហេតុអ្វីម្ចាស់ផែនដីទិសខាងលិចដែលធ្វើជាព្រះមហាក្សត្រធំ ហើយស្ដេចមកស្រដីគ្មានពាក្យសត្យសោះ គឺថាឲ្យពលទាហានទៅលបបាញ់យើង ធ្វើដូចទ័ពចោរប្លន់ដូច្នេះ ? ព្រះបាទព្រះបរមបពិត្រខត្តិយាមហាចន្ទរាជា ទ្រង់ពិរោធនឹងកងទ័ពដែលទៅលួចបាញ់នោះពន់ប្រមាណ ។ ទ្រង់ត្រាស់ឲ្យសួររកមុខទៅឃើញថា ឧកញ៉ាយមរាជសួសឲ្យកងទ័ពទៅលបបាញ់ ទើបសេនាទាហានក្រុមរក្សាព្រះអង្គចាប់យកឧកញ៉ាយមរាជសួសទៅសម្លាប់ ភ្លាម ។ ឧកញ៉ាយមរាជស្លាប់ ហើយគ្មាននរណាហ៊ានកប់សោះ លុះខ្មោចយមរាជហើមស្អុយ ទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ប្រោសអនុញ្ញាតឲ្យញាតិសន្ដានយកខ្មោច នោះទៅធ្វើបុណ្យ រួចត្រាស់បង្គាប់ឲ្យបញ្ជូនកងទ័ពដែលនៅសេសសល់៧៥នាក់នោះជាពល រក្សាផ្នូរខ្មោចឧកញ៉ាយមរាជ ហេតុនេះហើយបានជាជាប់មានពលសម្រាប់ងារយមរាជនោះរៀងមក ។ ឯទីដែលឧកញ៉ាយមរាជស្លាប់ហើមនោះ អ្នកស្រុកហៅថា ភូមិយមរាជហើម តែយូរៗមកក៏ហៅភូមិហើមរៀងមកទល់សព្វថ្ងៃនេះ ។ ឯព្រះបាទសម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា គ្រាដែលឈប់សង្គ្រាមនោះ ព្រះអង្គតាំងបន្ទាយនៅភូមិក្ដុល មានរេហ៍ពលសម្រាប់ការពារបន្ទាយ១០.០០០នាក់ ហើយព្រះអង្គទុកតែសម្ដេចព្រះភាគិនេយ្យាយសរាជាកែវនាយក និងសេនាទាហាន៤.០០០នាក់ឲ្យនៅរក្សាបន្ទាយ ។ ឯព្រះអង្គ និងរេហ៍ពល៦.០០០នាក់ យាងត្រឡប់ទៅខេត្តពោធិ៍សាត់វិញ ហើយព្រះអង្គឲ្យឈ្មោះបន្ទាយដែលព្រះអង្គគង់នោះហៅថា បន្ទាយជ័យវិញ ។
និយាយអំពីសម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះ ឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន១៥.០០០នាក់មកសមហាត់ ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ សម្រេចផែនដីក្នុងឆ្នាំនេះឲ្យបាន ។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះ បន្ទូលពិសេស ។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះ ភាគិនេយ្យោយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹឧកញ៉ាចក្រី ទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ១៥០.០០០នាក់ពលយើងមានតែ៤.០០០នាក់ ដូច្នោះនឹងគិតដូចម្ដេចកើត ។ វេលានោះឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យ ជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចាន់ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថា ឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសម្រេច ។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភាគិនេយ្យោយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចាន់ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំ ទូល ។ ខណៈនោះ ពញាចាន់មេស្មឹង ទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថា សុំឲ្យពញាជួយឲ្យបានសម្រេចដូចជួយការណ៍ក្នុងខេត្ត ពោធិ៍សាត់ ។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថា ឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោ បាញ់កាំភ្លើងពីចម្ងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យ សម្រេច ។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយ ឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្ស រួចចងប្រឆេះនៅរូបចំបើងនោះ យកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន ។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នា ចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី ។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ១៥រាត្រី ។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា និងជិតអស់ទាំងគ្រាប់រំសេវ លុះដល់យប់គម្រប់១៥នោះ ស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក ។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខេត្តរោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យ ជួយ ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញ កងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខេត្តរោងដំរីនោះ ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរផាលន់ នាំអ្នកម្នាងជាលែង រត់ចេញតាមទ្វារប៉មទិសឦសាន ដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ ។ លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង ។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែង ឲ្យបាំងស្រមោលវាស់លមើល ឃើញ២៤ព្យាម សំណុំ៩ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ១៨ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ១៨ព្យាម ។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ ។ បើហ៊ានអុំភ្នាល់ ទូកយើងវែងជាងដល់ទៅ៧ព្យាមនោះ គង់មានជ័យជំនះដោយងាយបាន ។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូកងមួយវែង២៥ ព្យាម ទទឹង១២ហត្ថ ទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក ។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជា មហានគរ ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ និងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះ ទាំងផែនប្រឹថពី ។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញ ច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត ។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនី រត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះ ជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង ។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀត ចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នា ឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វ ថ្ងៃនេះ ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចម្កាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង ។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក ។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់ សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅ ក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក ។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួច អស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ ។ លុះដើរទៅទៀត នាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនី ឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់ ។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង ។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ ។ អុងម៉ុងតូចនោះមានទំហំ៧ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ១៣ហត្ថបួនជ្រុង ។ ទឹកដែលហូរលើអុងម៉ុងនោះ ធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន ។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសម្រាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង ។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងក៏សួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន ។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង ។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក ។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលារៀងមក ។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយស្វានោះ ក៏បេះផល្លានុផលទម្លាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះ ជាប់ជាភូមិស្វាស ។ រត់ទៅឯកើតទៅទៀត ដល់ចម្ការពោតមួយអន្លើ ម្ចាស់ចម្ការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថា ឲ្យរកស៊ីកើតកាលវាលគុម្ព ។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែរៀងមក ។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កម្លាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ៦ហត្ថ កម្ពស់១ហត្ថ ទទឹង៣ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅភូមិថ្មគ្រែ ។ ឯសម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង៤នាយនេះកាលភ័យពេកក៏រត់បែកគ្នា ចូលទៅខេត្តបាភ្នំមឿង រមាសហែកមានស្ម័គ្របក្សពួក២០០នាក់ ។ វេលានោះកងទ័ពនាយទាំង៤បានប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត ។ ឯស្ដេចកនឃ្លានបាយណាស់ ក៏ឈប់ឲ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង ។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅភូមិបាយឆៅរៀងមក ។ ឯនាយកងទ័ពខ្មាំងទាំង៤នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នា បេះ ។ កំពុងតែបេះនោះទ័ពគេទៅដល់ចាក់កាប់សម្លាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ក៏បែករត់ទៅទៀត ។ ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថាភូមិត្រឡាចរៀង មក ។ ឯសម្ដេចចៅហ៊្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើមានទឹកត្រពាំងល្មមពេលដាំ បាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប ។ លុះកងទ័ពគេទៅដល់សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិតចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក ។ ឯចៅហ៊្វាកៅ ចក្រីនីនាំស្ម័គ្របក្សពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្ដិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូលប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្ដេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការកាន់អាវុធចិត្ដមុតដូចគ្នា ។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្ដាលឲ្យចៅហ៊្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឲ្យធ្លាក់អាវុធពីដៃ ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញាតេជោសម្លាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្ដេចព្រះភាគិនេយ្យាយសរាជជាកែវនាយក ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រោសរង្វាន់តាមសមគួរ ។ ឯសម្ដេចចៅពញាហែង នាងជាលែង ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនឹងព្រះស្ដេចកនធ្វើបន្ទាយរាយល្បាតយាម ក្នុងព្រៃនោះ តែជិតកើតជាបន្ទាយកាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅ ចោម ។ ដូច្នោះហើយស្ដេចកនក៏នាំគ្នាជិះដំរីទៅជ្រកក្នុងព្រៃមួយក្រោយមក មានគេទៅនៅគេហៅភូមិដំរីជ្រាប ។ រត់ពីនោះទៅទៀតស្ដេចកនជួបមេមត់ម្នាក់ល្បីថាឆុតណាស់ ស្ដេចកនឲ្យបញ្ជាន់សួរពីសុខឬមិនសុខ ។ មេមត់នោះឆ្លើយថា ពុំសុខទេ បើចង់សុខឲ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់រៀងមក ។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយមានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូច ត្រដោក ។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិត្រដោក ។ រត់ទៅទៀតស្ដេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងជាលែង កំពង់ហ្លួង កំពង់សម្ដេចចៅពញាហែងរៀងមក ។
លុះនៅទីនោះយូរទៅសម្ដេចចៅពញាហែង ជំទាវសួស ក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ដ្រីសេនាទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋាជំនុំនឹងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន ។ យើងយល់ថា ព្រះចន្ទរាជាទៅខេត្តពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុកជាម្ដេចម្ដា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឲ្យអញធ្វើជាសម្ដេច ជាសម្ដេចចៅហ៊្វាដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្ដីសុខដែរ ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនប់បម្រុងបានដោយងាយ ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឲ្យអស់ ហើយសុំចុះចូលវិញឃើញថា បានសេចក្ដីសុខប្រសើរជាង ។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំរៀងមក ។ ព.ស២០៦៩ គ.ស១៥២៥. ម.ស១៤៤៧. ច.ស៨៨៧ ឆ្នាំរកាសប្ដស័ក សម្ដេចព្រះស្រីជេដ្ឋា គឺព្រះស្ដេចកន បានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្ដគរដែលព្រះនាងជាលែងសាងនោះ ។ នៅទីនោះស្ដេចកនឲ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុក ជាទីសម្រាប់វត្ដ ។ ក្រោយមកស្ដេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្ដមួយដែលសម្ដេចចៅពញាហែង បិតាព្រះម្នាងជាលែងសាងនោះឲ្យឈ្មោះជាប់នឹងវត្ដដែលសាងនោះហៅថា វត្ដគរការទួលតាហែង តាមនាមសម្ដេចហែង ។ រួចចេញទៅខាងលិចភូមិព្រះអង្គឲ្យជីកស្រះមួយបណ្ដោយប្រវែង៥០ព្យាម ទទឹង២៥ព្យាម ហើយសាងវត្ដមួយសាងព្រះពុទ្ធរូប និងដើមរកា៥ព្រះអង្គបានដាក់ឈ្មោះហៅថា វត្ដភូមិរកាព្រះប្រាំរៀងមក ។ ឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន ។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ» ។ ឯពញាមន្ដ្រីអរជូនកែ ជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភាគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសម្លាប់ស្ដេចកនត្រូវជាឪពុកមា ។ បើអញពុំហ៊ានសម្លាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន ។ លុះគិតយល់ព្រមគ្នាវិញហើយ អរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្រពួក២៥នាក់ទៀត ។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍ យារៗមកគេហៅថាព្រៃរោទិ៍ ។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅ ថាព្រៃមិនគួរយារៗមកគេហៅថា ព្រៃជើងគួរ ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជា ជាកែវ នាយកព្រះអង្គមានកងទ័ព៤.០០០នាក់ ឯខាងស្ដេចកនមានកងទ័ពដល់ទៅ៧ស្បែក គឺ១៤០.០០០នាក់ ។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត ។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់ ។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថា ក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេ គឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែល ដាច់ ។ ខណៈនោះ សម្ដេចចៅពញាយសរាជាភាគិនេយ្យា ជាកែវនាយកទ្រង់ជ្រាបហើយ មានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធ យើង ។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរ អាប៉ៅចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន ។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០នាក់ និងភិក្ខុសាមណេរ១៦០អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរ អាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តម្រង់ទៅបន្ទាយក្ដុល ។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក ។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរ អាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយ រត់ចោលបន្ទាយទៅ៣ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍ ។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប ។ សម្ដេចព្រះយសរាជា ជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថា ពិតណាស់ ។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កាដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បម្រើឲ្យនាំទៅ ក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខេត្តពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជា ជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ឲ្យរួចទោសឲ្យគង់ទីគ្រងពលសម្រាប់វត្ដដូចដើម ។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន២៥នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភាគិនេយ្យា កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដ ប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី ។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រោបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យ បារមីជាអនេក ។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខេត្ដត្បូងឃ្មុំថែមជាថ្មីទៀត ជាចៅពញាអរជូនចាប់បាន ៕











0 Comments